34 C
Phnom Penh

និស្សិត​ក្មេង​វត្ត​ដែល​ចូល​រួម​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​​បក្ស​ប្រជាជន​មាន​និន្នាការ​​នយោបាយ​ចម្រុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តើ​ពេល​នេះ​ “ក្រុម​និស្សិត​ក្មេងវត្ត​” ទៅ​ណា​បាត់​ហើយ​? ក្នុង​រយៈ​ពេល​មួយ​ទស​វត្សរ៍​​មក​នេះ ​​ចលនា​យុវជន​នេះ​ល្បីថា​ជា​កម្លាំង​ពង្រឹងរបស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដោយ​ប្រើប្រាស់​វត្ត​អារាម​ជា​មូលដ្ឋាន​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​។

ដោយ​កន្លង​មកល្បីខាង​​បំបែក​បាតុកម្ម​​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​ និង​ធ្វើ​បាតុកម្ម​​តប​ត​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​​នោះ​ ក្រុម​និស្សិត​ក្មេង​វត្ត​មិន​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះ​ផ្សាយ​ញឹកញាប់​ទេ​​ក្នុង​ពេល   ​ថ្មីៗ​នេះ ហើយ​ពួកគេ​ក៏​មិន​សូវ​ធ្វើ​សកម្ម​ភាព​សកម្ម​ដែរ​​នៅ​មុន​ការ​បោះឆ្នោត​។

ស្ថិត​ក្នុង​សម្លៀក​បំពាក់ឃោសនា​បោះ​ឆ្នោត​នៅ​ឯ​សួន​មុខ​វត្ត​បទុម​កាលពី​ថ្ងៃ​ពុធ​ យុវជន​ជា​ច្រើន​ក្នុង​ចំណោម​យុវជន​ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ មក​ពី​តាម​វត្ត​អារាមនានាដើម្បី​គ្រវី​ទង់​គណបក្ស​​កាន់​អំណាច ពី​ព្រោះ​ប្រធាន​និស្សិត​នៅ​ក្នុង​វត្ត​ បាន​បញ្ជា​​ឲ្យ​ពួកគេធ្វើ​ដូច្នេះ​។

និស្សិត​ អន ពិសិដ្ឋ​ អាយុ​២២​ឆ្នាំ​មក​ពី​ខេត្ត​​ស្វាយ​រៀង​ ដែល​ពេល​នេះ​កំពុង​ស្នាក់នៅ​ក្នុង​វត្ត​ថាន់ បាន​និយាយ​ថា រូប​គេ​និង​មិត្តភក្ភិ​របស់​ខ្លួន​​ ត្រូវ​គេជួល​ក្នុង​​​ម្នាក់​ៗ​១០.០០០​រៀល​ឲ្យ​ចូល​រួម​ក្នុង​យុទ្ធនាការ​​ឃោសនា​របស់​​គណបក្ស​កាន់​អំណាច​។ ដូច​អ្នក​ធ្វើ​យុទ្ធ​នា​​ការ​ឃោសនា​បោះ​ឆ្នោត​ក្មេង​ៗ​ជា​ច្រើន​ទៀត​ដែរ គឺ​យុវជន​ អន ពិសិដ្ឋ​ មិន​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ។

យុវជន​រូប​នេះ​និយាយ​ថា “ប្រធាន​និស្សិត​​ក្មេង​វត្ត​ចង់​ឲ្យពួក​​យើង​ទាំង​អស់គ្នា​​បោះ​ឆ្នោត​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​វា​ជា​សិទ្ធិ​​បោះ​ឆ្នោត​របស់​យើង​ ខ្ញុំ​ចូល​ចិត្ត​គណបក្ស​សង្គ្រោះ​ជាតិជាង”។ យុវជន​រូប​នេះ​បន្ត​ថា រូប​គេ​ត្រូវ​គេ​ជួល​ឲ្យ​ចូល​រួម​ក្នុង​ការ​តវ៉ា​ផ្សេងៗ​ទៀត​ រួម​ទាំង​បាតុកម្ម​ក្នុង​ពេល​ថ្មីៗ​នេះ​ប្រឆាំង​​នឹង​លោក​  កឹម​  សុខា  អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ជុំ​វិញ​ការ​អះអាង​របស់​លោក​ដែល​ថា មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ កន្លែង​​ដែល​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​ត្រូវ​បាន​កាប់​សម្លាប់​អំឡុង​របប​ខ្មែរ​ក្រហម​ ជា​ការ​ប្រឌិត​របស់​វៀតណាម​។

អន ពិសិដ្ឋ​ និយាយ​ថា “យើង​មិន​បាន​ដឹង​អីទេ​ទាក់​ទិន​នឹងការ​​តវ៉ា​ [ប្រឆាំង​លោក​ កឹម​ សុខា] ប៉ុន្តែ​យើង​ទៅ​ ដោយ​សារ​តែ​យើង​ជា​ក្មេង​វត្ត ហើយ​យើង​ទទួល​បញ្ជា​ពី​ប្រធាន​និស្សិត​នៅ​ក្នុង​វត្ត​របស់​ខ្ញុំ​”។ និស្សិត​ប្រមាណ​ជាង​១០​នាក់ ដែល​ត្រូវ​បាន​សម្ភាស​នៅ​ក្នុង​វត្ត​ចំនួន​បួន​ ក្នុង​ចំណោម​វត្ត​ចំនួន​២៧​​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​​សប្ដាហ៍​នេះ​​ សុទ្ធ​តែ​យល់​​ឃើញ​ដូច​យុវជន​ អន ពិសិដ្ឋ​។ ពួក​គេ​សុទ្ធ​តែ​និយាយ​ថា ខ្លួន​ត្រូវ​គេ​ជួល​ឲ្យ​ចូល​រួម​​ការ​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ ឬ​ធ្វើ​បាតុកម្ម​តាម​បញ្ជា​របស់​ប្រធាន​និស្សិត​ ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​វត្ត​​ តំណាង​ឲ្យ​សមា​គម​និស្សិត​ក្មេង​វត្ត​។​

និស្សិត​សាកលវិទ្យាល័យ​វ័យ​២៣​ឆ្នាំ​ម្នាក់​ទៀត​មក​ពី​ខេត្ត​បាត់​ដំបង​​ ស្នាក់​នៅ​វត្ត​បទុម​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​សារ​តែ​ខ្លួន​ធ្វើ​ការ​ជា​មន្ត្រី​រដ្ឋបាល​ក្រៅ​ម៉ោង​នៅ​ក្រសួង​មួយ​នោះ ​បាន​និយាយ​ថា “និស្សិត​ទៅ​​ចូល​រួម​ហែក្បួន​​ដើម្បី​បង្ហាញ​មុខ​ឲ្យ​បក្ស​ឃើញ​​ថា ពួក​គេ​បាន​ចូល​រួម​ហែក្បួន​ ប្រសិន​បើ​មិន​ដូច្នោះ​ទេ​ ពួក​គេ​នឹង​ប្រឈម​ស្ថាន​ភាព​លំបាក​ក្នុង​ជីវភាព​រស់​នៅ​​”។ យុវជន​រូប​នេះ​និយាយ​ថា “និស្សិត​មាន​ជីវភាព​​ក្រីក្រ ​ដូច្នេះ​ពួក​គេ​ក៏​ទៅ​ចូល​រួម​ហែ​ក្បួន​ដើម្បី​ប្រាក់​ ប៉ុន្តែ​ចិត្ត​របស់​ពួក​គេ​ស្រឡាញ់​​គណបក្ស​ផ្សេង”។ យុវជន​រូប​នេះ​បន្ត​ថា ថ្វី​បើ​​​ខ្លួន​កំពុង​បម្រើ​ការងារ​ឲ្យ​រដ្ឋាភិបាល​ក៏​ដោយ ក៏​រូប​គេ​នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ  ពីព្រោះ​រូប​គេ​យល់ស្រប​តាម​គោល​នយោ​បាយ​របស់​គណបក្ស​នេះ​។

និស្សិត​វ័យ​២៣​ឆ្នាំ​ម្នាក់​ទៀត​ឈ្មោះ​ ក្រូច គុយ មក​ពី​ខេត្ត​សៀមរាប​ ស្នាក់​នៅ​ក្នុង​វត្ត​ឧណ្ណាលោម បាន​និយាយ​ថា នៅ​ថ្ងៃ​ធ្វើ​យុទ្ធ​នា​ការ​ឃោសនា​បោះឆ្នោតដំបូង​​ សមាគម​និស្សិត​ក្មេង​វត្ត​បាន​ស្នើ​ឲ្យ​យុវជន​ជាង​១៥០​នាក់​មក​ពី​វត្ត​តែ​មួយ​ដែល​ខ្លួន​ស្នាក់​នៅ​ ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​​បើក​ឆាក​ដំបូង​នៃ​ការ​ធ្វើ​យុទ្ធ​នាការ​ឃោសនាបោះ​ឆ្នោត​​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​លើ​កោះ​ពេជ្រ​។

​យុវជន​រូប​នេះ​​និយាយ​ថា “ខ្ញុំ​ទៅ​ដោយ​សារ​តែ​ខ្ញុំ​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សមាគម​ ហើយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម​បញ្ជា​របស់​សមាគម​​ ជួយ​ដល់​សង្គម​ ពីព្រោះ​សមាគម​នេះ​បាន​ជួយពួក​យើង និង​បាន​ជួយ​កសាង​វត្ត​នេះ” ប៉ុន្តែ​និយាយ​ថា ខ្លួន​មិន​ដឹង​ថាត្រូវ​បោះឆ្នោត​គំាទ្រ​គណបក្ស​ណាមួយ​ទេ។

យោងតាម​យុវជន​ ហម វណ្ណៈ​​ ប្រធាន​និស្សិត​នៅ​វត្ត​ឧណ្ណាលោម បាន​ឲ្យ​ដឹង​ថា យុវ​ជន​ប្រមាណ​៤.០០០​នាក់​កំពុង​រស់​នៅ​តាម​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ ​​ដែលផ្ដល់​កន្លែង​ស្នាក់នៅ​ ​និង​អាហារ​ឥត​គិត​ថ្លៃ​​ដល់​យុវជន​ក្រីក្រ​មក​ពី​ជនបទជា​យូរ​មក​ហើយ​ ខណៈ​ពេល​ពួក​គេ​កំពុង​សិក្សា​ ឬ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យា​ក្នុង​រាជធានី​ភ្នំពេញ​។

ប៉ុន្តែ “​ក្មេង​វត្ត​” សំដៅ​ដល់​សមាគម​ ដែល​គ្រប់គ្រង​និស្សិត​ មិន​មែន​និស្សិត​ខ្លួន​ឯង​នោះ​ទេ​។វា​សម្រាប់​សមាគមបញ្ញវន្ត​ក្មេង​វត្ត ដែល​​ត្រូវ​បាន​ចុះ​បញ្ជី​ផ្លូវ​ការជា​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​។ លោក សេង សុវណ្ណារា ប្រធាន​សមា​គម​បញ្ញវន្ត​ក្មេង​វត្ត គឺជាសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ក្នុង​ឆ្នាំ​២០១១។ លោក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​សមាគមរបស់​លោក​ទេ​។

លោក ជិន ចាន់នី អតីត​ព្រះសង្ឃ​គង់នៅ​វត្ត​ឧណ្ណាលោម បាន​និយាយថា “ក្មេង​វត្ត​ភាគ​ច្រើន​ជា​អ្នក​ចំណូលថ្មី​ ពួកគេ​មាន​ភាព​ស្មោះ​ត្រង់ ​ហើយ​មិន​ដឹងពី​​សកម្មភាព​របស់​សមា​គម​នេះ​ទេ​។ ប៉ុន្តែ​សមាគម​នេះ​មាន​ក្រុម​ស្នូល​និងក្រុម​សកម្មជន​ដែល​ធ្វើ​អន្តរាគមន៍ ​រាល់​ពេល​ដែល​អាជ្ញាធរ​ចង់​ ឬ​ត្រូវ​ការ​ឲ្យ​ពួក​គេ​ធ្វើ​”។

លោក​បាន​និយាយថា  តែ​ទោះ​ជា​យ៉ាង​ណា​ តួនាទី​ដ៏​សំខាន់​នៃ​សមាគម​នេះ​​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ទេ។ លោក​បាន​បន្ត​ថា “ពួក​គេ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ប៉ុន្តែ​ពួក​គេ​ទទួល​បាន​មូលនិធិ​ទាំង​ស្រុង​​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ពួក​គេ​មាន​តួនាទី​​ឃ្លាំ​មើល​សកម្មភាព​នៅ​ក្នុង​វត្ត​ មិនមែន​បម្រើ​រដ្ឋាភិ​បាល​នោះទេ គឺ​បម្រើ​តែ​គណបក្ស​ប្រជា​​ជន​កម្ពុជា​ប៉ុណ្ណោះ​។ ពួក​គេ​ជា​ឧបករណ៍​​របស់​គណបក្ស​កាន់​អំណាច​ ដែលចាំ​​ឃ្លាំ​មើល​យ៉ាង​ស្អិត​​ចំពោះ​អ្នក​ណា​ ដែល​បញ្ចេញ​​ទស្សន​​ប្រឆាំង​ មិន​ថាជា​ព្រះសង្ឃ ឬ​ជា​ក្មេង​វត្ត​ឡើយ​”។

ប្រធាន​និស្សិត​ និង​ជា​តំណាង​ម្នាក់​របស់​សមាគមក្មេង​វត្ត​នៅ​ក្នុង​វត្ត​បទុម ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ព្រោះ​​ខ្លាច​មាន​បញ្ហា​នោះ​ បាន​និយាយ​ថា  ដោយ​សារ​តែ​ទាំង​ប្រធាន​ និង​សមាជិក​អភិបាល​ផ្សេងៗ​ទៀត​នៃ​សមា​គមរបស់​ខ្លួន​ ជា​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ​រូប​គេ​យល់​ថា រដ្ឋាភិ​បាល​​នឹងទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។

លោក​ ខិញ ហង្សហួន​ អតីត​ប្រធាន​ក្មេង​វត្ត​នៅ​ក្នុង​វត្ត​ឧណ្ណាលោម ពី​​​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០៨ បាន​អះអាង​ថា សមាគមនេះ​ធ្វើ​កិច្ច​ការ​មនុស្ស​ធម៌ ប៉ុន្តែ​លោក​បាន​យល់​ស្រប​ថា រដ្ឋាភិបាល​ពិត​ជា​ស្នើ​ឲ្យ​និស្សិត​របស់​សមា​គម​នេះ​ “ស្ម័គ្រ​ចិត្ត​” នៅ​ពេល​ត្រូវ​ការ​ចាំបាច់​។ លោក​និយាយថា “រដ្ឋាភិបាល​ជួយ​ពួក​គេ​ ដូច្នេះ​​ពួក​គេ​ត្រូវ​ជួយ​រដ្ឋាភិបាល​វិញ​”។

លោក ហង្សហួន​ កំពុង​ស្នាក់នៅក្នុង​​វត្ត​ឧណ្ណាលោមនៅ​ឡើយ​ នៅ​ពេល​លោក​ ជិន ចាន់នី អតីត​​ព្រះសង្ឃ​ បាន​សម្រេច​ចិត្ត​លា​ចាក​សិក្ខាបទ​។ លោក​ ជិន ចាន់នី​ និយាយ​ថា  លោក​មើល​ឃើញ​​សមាគម​នេះផ្តល់​សេវា​សង្គមតិច​តួច​ណាស់​។​ លោក​បាន​និយាយថា “ប្រធាន​សមាគម​ក្មេង​វត្តនៅ​ពេល​នោះ គឺ​លោក ខិញ ហង្ស​ហួន​។ គាត់​តាម​ឃ្លាំ​មើល​រាល់​សកម្មភាព​ទាំង​អស់​របស់​ព្រះសង្ឃ​ ដែល​ជាប់​​សង្ស័យ​ថា គាំទ្រ​គណបក្ស​ប្រឆាំង”។ លោក​និយាយថា មិន​ថាលោក​ទៅ​ទី​ណា​ ឬ​និយាយអ្វី​​នៅពេល​ណា​នោះទេ​ លោក​មាន​អារម្មណ៍​ថាហាក់​ដូច​ជា​ត្រូវ​គេ​តាម​ឃ្លាំ​មើល​។

លោក​និយាយ​ថា “មិត្តភក្ភិ​មួយ​ចំនួន​​​ ដែល​នៅ​ជា​ព្រះសង្ឃ​នៅ​ឡើយ​ បាន​បង្ហាញ​កាត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​របស់​ពួក​គាត់​ដល់​ខ្ញុំ​ក្នុង​ឆ្នាំ​២០០៤ ឬឆ្នាំ​២០០៥។ពួក​គាត់និយាយ​ថា ពួក​គាត់​គ្មាន​ជម្រើស​ទេ​ក្រៅ​ពី​ទទួល​យក​កាត​ទាំង​នេះដើម្បី​ការ​រស់រាន បើ​មិន​ដូច្នោះ​ទេ​ នឹង​ប្រ​ឈម​ការ​បាត់​បង់​កន្លែង​ស្នាក់​អាស្រ័យ​ជា​មិន​ខាន”។ លោក​បាន​និយាយ​ទៀត​ថា “ដោយ​សារ​តែ​មាន​ក្មេង​វត្ត​​ទាំង​នេះ គ្មាន​អ្នក​ប្រឆាំង​ ឬ​អ្នក​គាំទ្រ​គណបក្ស​ណា​ផ្សេង​ ក្រៅ​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ឡើយ គឺ​ស្ទើរ​គ្រប់​វត្ត​អារាម​ទាំង​អស់”។

ខណៈ​ពេល​ព្រះសង្ឃ​​ដែល​ហា៊ន​បញ្ចេញ​ទស្សន​​អំពី​បញ្ហា​សង្គម ​បាន​ប្រឈម​នឹង​ការ​រិះគន់​ចំពោះ​ការ​ប្រឆាំង​នឹង​គោល​ការណ៍​មិន​ចូល​បក្ស​សម្ព័ន្ធ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ឥទ្ធិពល​នយោបាយ​ជា​យូរ​មក​ហើយ​​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​​សូម្បី​តែ​សម្ដេច​អគ្គ​មហា​សង្ឃ​រាជា​ធិប​តី ទេព្យ វង្ស នៃ​គណៈ​មហានិកាយ​ ក៏​បាន​ប្រកាស​​​គាំទ្រ​គណបក្ស​កាន់​អំណាច​ដែរ​កាលពី​ឆ្នាំ​២០០៣។បណ្ដា​អ្នក​រិះគន់​និយាយ​ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ប្រើ​ប្រាស់​សមា​គម​ក្មេង​វត្តដើម្បី​រក្សា​ស្ថាន​ភាព​បែប​នេះ។​

ព្រះសង្ឃ​មួយ​អង្គ​ព្រះជន្ម​៣០​វស្សា ដែល​គង់​នៅ​វត្ត​បទុម​អស់​រយៈ​ពេល​១០​ឆ្នាំ​ ប៉ុន្តែ​សុំ​មិន​បញ្ចេញ​ព្រះនាម ដោយ​សារ​តែ​ព្រះ​អង្គ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ដល់​វត្តនេះ​​ បាន​មាន​សង្ឃ​ដីកា​ថា ទោះ​បី​ជា​ព្រះសង្ឃ​ និង​និស្សិត​ក្មេង​វត្ត​ជា​ច្រើន​គាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ​ក៏​ដោយ ក៏​ពួក​គេត្រូវ​តែ​លាក់បាំង​សកម្ម​ភាព​របស់​ខ្លួន​ដែរ​។

ព្រះតេជគុណ​​មាន​សង្ឃ​ដីកា​ថា “នៅ​គ្រប់​វត្ត​អារាម​ទាំង​អស់​ មិន​ថាតែព្រះ​សង្ឃ​ទេ​ សូម្បី​និស្សិត​ក៏​រស់​នៅ​ក្រោម​សម្ពាធ​ពី​អាជ្ញា​ធរ​​ដែរ​។ ពួក​គេ​និយាយ​ថា  គណបក្សប្រជាជន​កម្ពុជា ​ជា​អ្នក​កសាង​វត្ត​អារាម​ ដូច្នេះ​​យើង​ត្រូវ​តែ​សងគុណ​ពួក​គេ​វិញ ប៉ុន្តែ​វា​ជា​កាតព្វ​កិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាងសមិទ្ធ​ផល​នានា​”។ ព្រះ​តេជ​គុណ​មាន​សង្ឃដីកា​បន្ដ​ថា ថ្វី​បើ​មាន​ការ​បំភិត​បំភ័យ​យ៉ាង​ណា​ក្តី ក៏​ព្រះ​អង្គជឿ​ជាក់​ថា ព្រះសង្ឃ​និង​និស្សិតបាន​​យល់​ដឹង​ពី​សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន​រួច​ទៅ​ហើយ។

ព្រះ​តេជគុណ​បាន​មាន​សង្ឃ​ដីកា​បន្ថែម​ទៀត​ថា “ថ្ងៃ​​បោះឆ្នោត​ យើង​មាន​សិទ្ធិ​បោះ​ឆ្នោត​គាំទ្រ​​អ្នក​ណា​ក៏​បានតាម​ដែល​យើង​ចង់ ហើយ​​ភាគ​ច្រើន​នឹង​បោះឆ្នោត​គាំទ្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ”៕

ប្រែសម្រួល​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស