37 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ​ចេញ​បម្រាមលើ​​​ការ​ភ្នាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ​បាន​ចាត់​​ទុក​ការ​ភ្នាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​ខាង​មុខ​នេះ ជា​ការ​ខុស​ច្បាប់​ ដោយ​លើក​ឡើង​ថា ​វិធាន​ការ​នេះ គឺ​ជា​ការ​​ចាំ​បាច់​​ក្នុង​ការ​​ទប់​ស្កាត់​អសន្តិសុខ​សង្គម​។

បំរាម​​​ដែល​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​​គេ​ហ​ទំព័រ​​​របស់​ក្រសួង​មហាផ្ទៃ​​នេះ​ឲ្យ​ដឹង​ថា ​វិធាន​ការ​​នេះ គឺ​ជា​ការ​ចាំបាច់​ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ​​ និង​សន្តិសុខ​ ព្រម​ទាំង​ការ​ពារ​ជីវភាព​​រស់​នៅ​​របស់​ប្រជាពលរដ្ឋ​ ដែល​អាច​រង​ការ​គំរាម​កំហែង​ដោយ​សារ​មនុស្ស​មួយ​ចំនួន​បាន​​ភ្នាល់​គ្នា​​ផ្អែក​លើ​ព័ត៌​​​មាន​មិន​​ត្រឹម​ត្រូវ​​។

ក្រសួង​មហាផ្ទៃ​បាន​លើ​ឡើង​នៅ​ក្នុង​​បំរាម​នេះ​ថា “ ក្រសួង​មហាផ្ទៃ​សូម​អំពាវ​​​នាវ​​​​ទៅ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ អង្គការ​​​​ក្រៅ​រដ្ឋាភិបាល​នានា​ និង​ប្រជាពល​​​រដ្ឋ​ទាំង​អស់​ឲ្យ​អនុវត្ត​បទ​បញ្ជា​នេះ  ​​ដើម្បី​​ទប់​ស្កាត់​​ និង​​​វែក​មុខ​​ទង្វើ​​ខុសច្បាប់​​ទាំង​អស់​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​​នេះ​”។

​យោង​តាម​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រៃវែង បាន​​និង​កំពុង​ភ្នាល់​គ្នា​​ថា  ​តើ​ គណបក្ស​​នី​មួយ​​អាច​ទទួល​បាន​​ជោគជ័យ​​យ៉ាង​ណា​​នៅ​ថ្ងៃ​​ទី​២៨​ខែ​កក្កដា​​​នេះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ក្រសួង​មហាផ្ទៃ​ចេញ​​បំរាម​​បែប​នេះ ខណៈ​ដែល​​ការ​លេង​ល្បែង ​គឺ​ជា​ការ​​​ខុស​ច្បាប់​ទៅ​ហើយ​នៅ​ខាង​ក្រៅ​​កាស៊ីណូ​។ លោក​​បាន​​​​ថ្លែង​បន្ត​ទៀត​​​ថា “ ក្រសួង​មហា​ផ្ទៃ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​អំ​ពី​បញ្ហា​សន្តិសុខ​ជាតិ​​បាន​ហើយ​”។

ទោះ​បី​ជា​មាន​បំរាម​​​​មិន​ឲ្យ​ចូល​លេង​ល្បែង​​​​​​នៅ​កាស៊ី​ណូ​​​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយ​ ក៏​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​​នៅ​តែ​​លេង​​​ល្បែង​ដដែល​​ ហើយ​ជា​រឿយ​ៗ​អាច​ឃើញ​ពួក​គេ​​ភ្នាល់​​គ្នា​នៅ​តាម​ហាង​កាហ្វេ​​លើ​អ្វីៗ​ជា​ច្រើន​​​​ចាប់​ពី​កីឡា​បាត់​ទាត់​រហូត​ដល់​ភ្នាល់​ទឹក​ភ្លៀង។

កាលពី​ឆ្នាំ​២០០៦ ប្រទេស​កម្ពុជា​បាន​​ផ្តល់​អាជ្ញាប័ណ្ណ​​ឲ្យ​ក្រុម​ហ៊ុន​ភ្នាល់​បាល់​​តែ​មួយ​គាត់​ គឺ​ក្រុម​ហ៊ុន​កាំបូស៊ីក​​ដែល​ត្រូវ​​បង្ខំ​ឲ្យ​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​​នៅ​រាជធានី​​​ដោយ​​​​ទុក​តែ​កាស៊ីណូ ណាហ្គាវើល​ ជា​កន្លែង​​ភ្នាល់​ស្រប​ច្បាប់​​តែ​មួយ​គាត់​នៅ​ក្នុង​រាជធានី​។

អ្នក​លេង​ល្បែង​ម្នាក់​ដែល​ស្នើ​សុំ​មិន​ឲ្យ​​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា គាត់​​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​បាន​ឮ​ថា  ​រដ្ឋាភិបាល​បាន​ហាម​​មិន​ឲ្យ​​ភ្នាល់​គ្នា​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បែបនេះ​។ គាត់​​​​បាន​និយាយ​បន្ត​ទៀត​​​ថា “ នេះ​ជា​លើក​ទី១ហើយ​  ដែល​ក្រសួង​មហាផ្ទៃ​បាន​ហាម​មិន​​​​ឲ្យ​ភ្នាល់​គ្នា​ពី​​លទ្ធផល​​របស់​​គណ​​​បក្ស​នីមួយៗ”។

គាត់​​​និយាយ​​ទៀត​​ថា  ការ​ភ្នាល់​គ្នា​រវាង​រូប​គាត់​​ និង​មិត្ត​ភ័គ្រ​របស់​​គាត់​ជា​រឿង​ធម្មតា​ដោយ​គ្រាន់​តែ​​ដាក់​ស្រាបៀរ​​តែ​ពីរ​បី​កំប៉ុង​​​ប៉ុណ្ណោះ​នៅ​ពេល​បោះ​ឆ្នោត​​ ដូច្នេះ​គាត់​យល់​​​​​ថា មិន​ចាំ​បាច់​ធ្វើការ​ហាម​ឃាត់​ពី​​​រឿង​​​នោះ​ឡើយ​។ គាត់​បាន​និយាយ​​ថា​ “ យើង​ភ្នាល់​គ្នា​ដាក់​ស្រាបៀរ​មួយ​កំប៉ុង​ឬ​មួយ​កេះនៅ​​​​ក្នុង​រយៈ​​​ពេល​ប្រាំ​ឆ្នាំ​ម្ដង។ ​ខ្ញុំ​គិត​ថា ​ក្រសួង​មហាផ្ទៃ​​គួរ​តែ​អនុញ្ញាត”​៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស