29 C
Phnom Penh

ប្រជា​ពល​រដ្ឋ​ចំនួន​បី​នាក់​រង​របួស​​ដោយ​សារ​តែយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុងខេត្ត​កំពង់​ចាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​មនុស្ស​បី​នាក់​បាន​រង​របួស​ដោយសារ​លេង​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​​មួយ​គ្រាប់ ដែល​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ ម្នាក់​រង​របួស​ធ្ងន់ ​បន្ទាប់​ពី​​គ្រាប់​បែក​នេះ​​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​កំពង់​ចាម​ ហើយ​​​​ចំនួន​សរុប​នៃ​អ្នក​រង​គ្រោះ​ដោយ​សារ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​បាន​កើន​ឡើង​ដល់​ចំនួន​៦៥​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ​។

លោក អ៊ុំ ជា មេឃុំ​រកា​​ប្រាំ​បានមាន​ប្រសា​​សន៍​ថា​ ជន​រង​គ្រោះ​កំពុង​ដាំ​​ដើម​កៅ​ស៊ូ​ ស្រាប់​តែ​ពួក​គេ​បាន​​ប្រ​ទះ​ឃើញ​​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​លើ​​ដី​ក្បែរ​នោះ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា​ “ ពួកគេ​បាន​​រើស​គ្រាប់​បែក​នោះ ហើយ​​ចាប់​ផ្តើម​បោះ​​ដាក់​គ្នា​លេង​។​ដូច្នេះ​ហើយ​បណ្តាល​ឲ្យ​គ្រាប់​​បែក​នោះ​ផ្ទុះ​ឡើង​តែ​ម្តង​”។

ជន​រង​គ្រោះ​ទាំង​បី​នាក់​មាន​ឈ្មោះ​ ប៉ុន សុផាត អាយុ​៣០​ឆ្នាំ ប៉ុន ជ្រាយ អាយុ ២០​ឆ្នាំ និង ទ្រី​ ធី​ដួង អាយុ ២៧​ឆ្នាំ អ្នក​ទាំង​អស់​ ជា​កសិករ​​មក​ពី​ភូមិ​ ត្រពាំង​​ឫស្សី​។ លោក ងួន ម៉ូណូ​កិត្យា ​អនុ​ប្រធាន​​គម្រោង​​សេដ្ឋ​កិច្ច​សង្គម និងគ្រប់​គ្រង​ទិន្ន​ន័យ​នៅ​មជ្ឈ​មណ្ឌល​សកម្មភាព​មីន​កម្ពុជា និង​អាជ្ញាធរ​ជួយ​​ជន​រង​គ្រោះ​​បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​ជា​គ្រោះ​ថ្នាក់​ដោយ​សារ​​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​នៅ​តែ​បន្ត​កើត​មាន​ឡើង​ក៏ដោយ  ប៉ុន្តែ​​ក៏​មាន​ការ​​ធ្លាក់​ចុះ​ដែរ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា “ ​​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ មាន​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​៦៥​នាក់ ក្នុង​នោះ​មាន​ប្រាំ​បី​នាក់​បាន​ស្លាប់​”។ លោក​មាន​​ប្រសាសន៍​បន្ត​ទៀត​ថា​ “ ទោះ​​ជា​យ៉ាង​ណា ចំនួន​នេះ​បាន​ធ្លាក់​ចុះ​​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ជន​រង​គ្រោះ​​ដោយ​សារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​​ចំនួន​១០៤​នាក់​និង​ ស្លាប់​២២​នាក់​​​។ការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​​ដឹង​​​ពី​ភាព​គ្រោះ​ថ្នាក់​ដោយសារ​​​គ្រាប់​មីន​និង​​យុទ្ធភណ្ឌ​មិន​​ទាន់​ផ្ទុះ​កាន់តែ​ច្រើន​ឡើង”៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស