កាលពីម្សិលមិញមនុស្សបីនាក់បានរងរបួសដោយសារលេងគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ ដែលក្នុងចំណោមជនរងគ្រោះទាំងនោះ ម្នាក់រងរបួសធ្ងន់ បន្ទាប់ពីគ្រាប់បែកនេះបានផ្ទុះឡើងនៅខេត្តកំពង់ចាម ហើយចំនួនសរុបនៃអ្នករងគ្រោះដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះបានកើនឡើងដល់ចំនួន៦៥នាក់នៅក្នុងឆ្នាំនេះ។
លោក អ៊ុំ ជា មេឃុំរកាប្រាំបានមានប្រសាសន៍ថា ជនរងគ្រោះកំពុងដាំដើមកៅស៊ូ ស្រាប់តែពួកគេបានប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់នៅលើដីក្បែរនោះ។ លោកមានប្រសាសន៍បន្តថា “ ពួកគេបានរើសគ្រាប់បែកនោះ ហើយចាប់ផ្តើមបោះដាក់គ្នាលេង។ដូច្នេះហើយបណ្តាលឲ្យគ្រាប់បែកនោះផ្ទុះឡើងតែម្តង”។
ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ប៉ុន សុផាត អាយុ៣០ឆ្នាំ ប៉ុន ជ្រាយ អាយុ ២០ឆ្នាំ និង ទ្រី ធីដួង អាយុ ២៧ឆ្នាំ អ្នកទាំងអស់ ជាកសិករមកពីភូមិ ត្រពាំងឫស្សី។ លោក ងួន ម៉ូណូកិត្យា អនុប្រធានគម្រោងសេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យនៅមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា និងអាជ្ញាធរជួយជនរងគ្រោះបានមានប្រសាសន៍ថា ទោះបីជាគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែបន្តកើតមានឡើងក៏ដោយ ប៉ុន្តែក៏មានការធ្លាក់ចុះដែរ។
លោកមានប្រសាសន៍បន្តថា “ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ មានជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះចំនួន៦៥នាក់ ក្នុងនោះមានប្រាំបីនាក់បានស្លាប់”។ លោកមានប្រសាសន៍បន្តទៀតថា “ ទោះជាយ៉ាងណា ចំនួននេះបានធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានជនរងគ្រោះដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១០៤នាក់និង ស្លាប់២២នាក់។ការធ្លាក់ចុះនេះដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីភាពគ្រោះថ្នាក់ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះកាន់តែច្រើនឡើង”៕
ប្រែសម្រួលដោយ ឃិន ណៃ