ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនអំឡុងការជួបជុំគ្នាធំបំផុតនៅប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍នេះ លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកវិលត្រឡប់មកប្រទេសនេះវិញដើម្បីរួបរួមគ្នាជាមួយប្រជាពលរដ្ឋក្នុងបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។

ឈរអមជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញបងប្អូនជនរួមជាតិទាំងអស់នៅទីនេះ។ យើងនឹងធ្វើដំណើរជាមួយគ្នា ហើយខ្ញុំនៅទីនេះជាមួយបងប្អូនដើម្បីសង្គ្រោះជាតិយើង” ។
ឈរនៅលើរថយន្តមួយគ្រឿង លោក សម រង្ស៊ី និងលោកកឹមសុខា ដែលបានលើកដៃឡើងលើជាសញ្ញាបង្ហាញពីការសាមគ្គីគ្នាបានចាប់ផ្តើមធ្វើដំណើរកាត់ក្រុមអ្នកគាំទ្រដែលមានចំនួនច្រើនឆ្ងាយជាង ចំនួន២០.០០០ នាក់ដែលត្រូវបានរំពឹងថា នឹងបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បី ស្វាគមន៍ការធ្វើមាតុភូមិនិវត្តរបស់លោក។
ក្រុមអ្នកគាំទ្ររាប់មុឺននាក់បានឈរជាជួរ តាមបណ្តោយមហាវិថីសហពន្ធរុស្ស៊ី ខណៈរថយន្តដែលមានបិទរូបសញ្ញាគណបក្សសង្គ្រោះជាតិបានធ្វើដំណើរយឺតៗឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ដែលជាកន្លែងលោក សម រង្ស៊ី គ្រោងថ្លែងសុន្ទរកថាជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាងបួនឆ្នាំនេះ។
លោក សម រង្ស៊ី បានភៀសខ្លួនទៅកាន់ប្រទេសបារាំងកាលពីឆ្នាំ២០០៩ ដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេល១១ឆ្នាំក្រោមបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។ លោកត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសកាលពីសប្តាហ៍មុន។