29.3 C
Phnom Penh

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋនិង​ឯកជន​ព្រងើយ​ចំពោះ​​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ធ្វើ​ចរាចរណ៍​យ៉ាង​​កក​កុញ​​រយៈ​ពេល​រាប់​ម៉ោង​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ការ​ធ្វើ​មាតុភូមិ​និវត្ត​របស់​លោក សម រង្ស៊ី ក្រោយ​ការ​និរទេស​ខ្លួន​អស់​រយៈ​ពេល​បួន​ឆ្នាំ​​ និង​ចំនួន​មនុស្ស​ប្រហែល​១០​ម៉ឺន​នាក់​​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​​នៅ​ក្នុង​រា​ជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​ មិន​ត្រូវ​បា​ន​ចាក់​​ផ្សាយ​តាម​​ទូរទស្សន៍​ក្នុង​ប្រទេស​នេះទេ។

​​​​ខណៈ​ប្រជា​ជន​វ័យ​ក្មេង​រាប់​ម៉ឺន​នាក់​​បាន​ហ៊ោកញ្ជ្រៀវ​ដោយ​ទឹក​ចិត្ត​រំភើប​រីក​រាយ​នៅ​ពេល​អម​ដំណើរ​លោក សម រង្ស៊ី ពី​អាកាស​យាន​ដ្ឋាន​ឆ្ពោះ​ទៅសួន​សេរី​ភាព ដែល​ជា​​កន្លែង​លោក សម រង្ស៊ី គ្រោង​ថ្លែង​សុន្ទរក​ថា​​ជា​លើក​ដំបូង​នោះ ទូរទស្សន៍​ជាតិ​កម្ពុជា​ រួម​ជាមួយ​នឹង​ទូរទស្សន៍​ឯក​ជន​ដែល​គាំ​ទ្រ​រដ្ឋា​ភិបាល​ ដូច​ជា ស៊ីធីអិន ស៊ីអិនស៊ី ប៉ុស្តិ៍​លេខ​៣ ប៉ុស្តិ៍​លេខ៩ ប៉ុស្តិ៍បាយ័ន និង​អប្សរា​ មិន​បាន​ចាក់​ផ្សាយ​ព័ត៌មាន​ដែល​ជា​ព្រឹត្តការណ៍​ធំ​បំផុត​​ប្រចាំ​សប្ដាហ៍​នេះ​ទេ។

ផ្ទុយទៅ​វិញ​ ស្ថានីយ​ទូរទស្សន៍​នានា​នៅ​ក្នុង​ប្រទេស​នេះ​បាន​ចាក់​ផ្សាយ​តែ​ចម្រៀង​ខារ៉ាអូខេ ភាព​យន្ត​ភាគ​ចិន កីឡា និង​យុទ្ធ​នា​ការ​ឃោសនា​របស់​គណបក្ស​ប្រជា​ជន​នៅ​ទូទាំង​ប្រទេសប៉ុណ្ណោះ។ ប៉ុស្តិ៍​អប្សរា ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក់​ផ្សាយនូវ​​ព្រឹត្តិ​ការណ៍​​បច្ចុប្បន្ន​ដែល​មាន​រូប​ភាព​មនុស្ស​ប្រហែលជា​​១២នាក់​ប្រមូល​ផ្ដុំ​គ្នា​​ដោះ​អាវ​គណបក្ស​សង្គ្រោះ​ជាតិ រួច​ពាក់​អាវ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជំនួស​វិញ​។

គេហទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​​​ដែល​​​ជំនាញ​ខាង​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ព្រឹត្តិកា​រណ៍​ពុំ​​មាន​សារៈ​សំខាន់​​សោះ​​ ដូចជា​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ការ​ឆក់​កាបូប​​នៅ​តាម​បណ្ដា​ខេត្ត​ដាច់​ស្រយាល​​ជាដើម ក៏មិន​បាន​បង្ហោះ​ព័ត៌មាន​អំពី​ការ​ធ្វើ​មាតុភូមិនិវត្ត​នេះ​ដែរ​។ កាសែត​​រស្មី​កម្ពុជា និង​កម្ពុជា​ថ្មី​ បាន​ព្រងើយ​នឹង​ព្រឹត្តិការណ៍​នេះ​ទាំង​ស្រុង​តែ​ម្ដង​ ខណៈកាសែត​កោះ​សន្តិ​ភាព​​បង្ហោះ​ព័ត៌មាន​សង្ខេប​អំពី​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នេះ។

ចំណែក​គេ​ហទំព័រ​ព័ត៌មាន​ដើម​អំពិល​វិញ​បាន​បង្ហោះ​​អត្ថបទ​បញ្ចេញ​មតិ​​ពាក់​ព័ន្ធ​នឹង​ទំនាក់​ទំនង​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ដោយ​មាន​ការ​គូស​បញ្ជាក់​ថា លោក កឹម សុខា បាន​បញ្ចេញ​ស្នាម​ញញឹមបង្កប់​ទុក្ខ​ព្រួយ​​លើ​ផ្ទៃ​មុខ​​ក្រោយ​ការ​វិ​ល​ត្រឡប់​របស់​លោក សម រង្ស៊ី។

CEN គឺ​ជា​គេហទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​តែ​មួយ​គត់​ដែល​បាន​បង្ហោះ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ ក្នុង​នោះរួម​មាន​ទាំង​ការវិភាគ​ដែល​ព្យាករណ៍​ថាតើ​លោក សម រង្ស៊ី នឹង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឬអត់​ផង​ដែរ។ ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ឯក​រាជ្យ​អះអាង​ជាយូ​រ​មក​ហើយ​ថា ​ការ​បោះឆ្នោត​នេះ​នឹង​ក្លាយ​ជា​ការ​បោះ​ឆ្នោត​មាន​យុត្តិ​ធម៌​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​២០​ឆ្នាំនេះ​៕

ប្រែសម្រួល​ដោយ ភួន ច័ន្ទសេរីវុធ​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស