អ្នកធ្វើដំណើរដែលជួបប្រទះនឹងការយឺតយ៉ាវនៅតាមផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយសារការកកស្ទះចរាចរណ៍យ៉ាងខ្លាំង បានលើកឡើងកាលពីថ្ងៃសុក្រថា ទោះបីជាមានការលំបាកខ្លះៗក៏ដោយ ក៏ពួកគេមានការរំភើបចិត្តខ្លាំងណាស់ដោយសារតែបានឃើញអ្នកគាំទ្ររាប់ម៉ឺននាក់ ដែលបានមកប្រមូលផ្តុំគ្នា ដើម្បីស្វាគមន៍លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។
លោក ឌើក ដឺហ្គ្រាហ្វ (Dirk de Graaf) ជនជាតិហូឡង់ ដែលបម្រើការងារក្នុងវិស័យសណ្ឋាគារនៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដើម្បីឡើងយន្តហោះទៅទីក្រុងបាងកកនោះ បានលើកឡើងថា “ អ្នកគាំទ្រគ្រប់ៗរូបមានការរំភើបចិត្តខ្លាំងណាស់ វាគួរឲ្យស្រលាញ់ចូលចិត្តខ្លាំងណាស់”។
លោក ដឺហ្គ្រាហ្វ បាននិយាយថា លោកបានធ្វើដំណើរមកអាកាសយានដ្ឋានរយៈពីរម៉ោងលឿនជាងសព្វដង ប៉ុន្តែលោកនៅតែត្រូវដើរស្ពាយកាបូបនៅឯកន្លែងខ្លះដោយសារការកកស្ទះដដែល។ លោកបាននិយាយទាំងទឹកមុខញញឹមថា “ ខ្ញុំបានហៅតាក់ស៊ីជិះ ប៉ុន្តែដល់ចំណុចមួយរថយន្តតាក់ស៊ីមិនអាចធ្វើដំណើរបន្តទៀតបានឡើយ ហើយនៅសល់ចម្លាយផ្លូវតែមួយគីឡូម៉ែត្រចុងក្រោយក៏នៅតែមិនអាចទៅរួចទៀត ដូច្នេះខ្ញុំត្រូវដើរស្ពាយកាបូបរបស់ខ្ញុំ។ វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ អ្នកគាំទ្រគ្រប់ៗរូបគឺពិតជាសប្បាយរីករាយខ្លាំងមែនទែន”។
លោស្រី អេលែន យី (Ellen Yee) សាស្ត្រាចារ្យច្បាប់មកពីសហរដ្ឋអាមេរិកដែលបានមករាជធានីភ្នំពេញអស់រយៈពេលបីសប្តាហ៍មកហើយ ដើម្បីធ្វើការជាមួយសាលាក្តីខ្មែរក្រហម បានលើកឡើងថា លោកស្រីពិតជាចាប់អារម្មណ៍ខ្លាំងណាស់ចំពោះយុទ្ធនាការឃោសនាបោះឆ្នោតដ៏សកម្មនេះ។
លោកស្រីបានលើកឡើងថា “ អ្នកមិនអាចមកទីនេះហើយមិនចង់ស្វែងយល់ពីរឿងអ្វីផ្សេងទៀតនោះទេ”។ លោកស្រីបានបន្ថែមថា លោកស្រីបាននិយាយជាមួយនឹងប្រជាពលរដ្ឋខ្មែរជាច្រើនអំពីការបោះឆ្នោតដែលជិតមកដល់នេះ ហើយដោយសារមានគេប្រាប់មុនពីរឿងនេះ ក៏បានចាកចេញពីរាជធានីនៅម៉ោង៦កន្លះព្រឹកដើម្បីទៅរង់ចាំជើងហោះហើរម៉ោង១១ព្រឹក”។
លោកស្រីបាននិយាយអំពីអ្នកគាំទ្រជាច្រើននៅមុខអាកាសយានដ្ឋានថា “ នៅសហរដ្ឋអាមេរិក មានការប្រមូលផ្តុំគ្នា ការបិទប័ណ្ណប្រកាស ការធ្វើសន្ទរកថានិងការបង្ហាញរូបថតច្រើន ដូច្នេះគេមិនចាំបាច់ទៅជួបជុំគ្នាដើម្បីទទួលបានព័ត៌មានទេ”។ អារម្មណ៍ពិតរបស់ខ្ញុំគឺថា នៅទីនេះគឺពិតជាមានន័យណាស់។
ភ្ញៀវទេសចរអាមេរិកម្នាក់ដែលប្រាប់ត្រឹមតែនាមខ្លួនថា រ៉ុន(Ron)ដោយសារកូនប្រុសរបស់ខ្លួនធ្វើការជាមួយស្ថាប័នរដ្ឋាភិបាលនៅភ្នំពេញនោះ ថែមទាំងបានជួលផ្ទះសំណាក់នៅទល់មុខអាកាសយានដ្ឋាន ដើម្បីបញ្ចៀសភាពយឺតយ៉ាវដែលអាចកើតមាន ដោយសារមនុស្សច្រើននៅអាកាសយានដ្ឋានទៀតផង។
លោកនិយាយថា “ ខ្ញុំមកដល់ទីនេះនៅម៉ោង៧ព្រឹក ហើយមិនបានជួបបញ្ហាយឺតយា៉វអ្វីទេ។ ពេញមួយព្រឹកនេះខ្ញុំឃើញថា ម្នាក់ៗមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងណាស់”។ អង្គុយក្បែរកន្លែងចុះឈ្មោះមុនការហោះហើរ លោក ដានីញែល ជីឡាដ(Daniel Gillard) អ្នករាំជនជាតិអាមេរិក ដែលធ្វើការនៅក្នុងប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា លោកនិងប្អូនប្រុសរបស់លោកមិនមានសំណាងដូចគេឡើយ ព្រោះគ្មាននណាម្នាក់ប្រាប់ដំណឹងពីការប្រមូលផ្តុំនេះដល់ខ្លួនទេ។
លោកបាននិយាយថា “ យើងមិនបានដឹងមុនទាល់តែសោះ។ ប្អូនប្រុសខ្ញុំនឹងឡើងជិះយន្តហោះមុនខ្ញុំ ហើយវាពិតជាខ្លាចខកជើងយន្តហោះណាស់”។ លោកបានបន្ថែមថា នៅចំណុចមួយ ពេលចររាចរណ៍បានជាប់គាំងទាំងស្រុងនោះ លោកនិងប្អូនប្រុសរបស់លោកបានចុះពីរ៉ឺម៉កម៉ូតូ រួចដើរឆ្លងកាត់ក្រុមមនុស្សកកកុញដោយ”មិនបានគិតពីការរលាកបំពង់ស៊ីមុំាងម៉ូតូឡើយ”។ លោកជីឡាដ បាននិយាយបន្តថា “ ដល់កហើយ ទាំងចររាចរណ៍ ទាំងក្រុមអ្នកគាំទ្រដែលនាំគ្នាស្រែកហោកញ្ជ្រៀវ វាពិតជាគួរឲ្យរំភើបខ្លាំងណាស់”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង