28 C
Phnom Penh

​អ្នកគាំទ្រ​​ប្រមូល​ផ្ដុំគ្នា​​កក​កុញ​ខណៈលោក​ សម រង្ស៊ី វិល​វិញ​​​​ដោយ​​ប្ដេជ្ញា​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​សុន្ទរកថា​លើក​ដំបូង​របស់​ខ្លួន​ បន្ទាប់​ពី​​បានធ្វើ​មាតុភូមិ​និវត្ត​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​​ ក្រោយ​ពី​បាន​បញ្ចប់​ការនិរទេស​ខ្លួន​​​អស់​រយៈ​ពេល​បួន​ឆ្នាំ ​​លោក សម រង្ស៊ី ប្រធាន​គណ​​បក្ស​សង្គ្រោះ​ជាតិ បាន​ប្ដេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ថានឹង​ផ្លាស់​ប្ដូរ​ទំព័រ​ប្រវត្តិ​សាស្ត្រ​កម្ពុជា តាម​រយៈ​ការ​បោះ​ឆ្នោត​​នាសប្ដាហ៍​ក្រោយ​នេះ។

មនុស្ស​ប្រហែល​១០​ម៉ឺននាក់ បាន​នាំ​គ្នា​ចេញ​មក​ស្វាគមន៍​លោក សម រង្ស៊ី ដោយ​បាន​ប្រមូ​ល​ផ្ដុំ​គ្នា​នៅ​តាម​បណ្ដោយ​មហាវិថីនានា​ សួនច្បារ​ ​និង​ក្បួនយឺតៗ​យ៉ាង​ធំមួយ​ពី​អា​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​សួន​សេរីភាព នៅ​ជិត​វត្ត​ភ្នំ។ តួលេខ​នេះ​គឺ​ខ្ពស់​ឆ្ងាយ​ជាង​ការ​រំពឹង​ទុក​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ថានឹង​មាន​អ្នក​ចូល​រួម​ប្រហែល​៤ម៉ឺន​នាក់។

ពេល​ឡើង​លើ​វេទិកា​​នៅសួន​សេរីភាព​​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ប្រាំ​ម៉ោង​ក្នុង​ចម្ងាយផ្លូវ​​ប្រហែល​១២​គីឡូម៉ែត្រ ពី​អាកាសយាន​ដ្ឋាន​តាម​បណ្ដោយ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ដែល​មាន​ក្រុម​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើនកក​កុញ​នោះ​ លោក សម រង្ស៊ី ដែល​មើល​ទៅ​មាន​ក្ដី​រំភើប​ឥតឧបមា ​​បាន​សង្រួម​ចិត្ត​នៅ​​ចំពោះ​មុខ​ក្រុម​អ្នក​គាំ​ទ្រ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​កុះករ​។មុន​ពេល​ថ្លែង​ទៅកាន់​ពួកគេ​ លោក​ សម រង្ស៊ី និង​លោក កឹម សុខា អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​ ដែល​សុទ្ធតែ​មាន​ពាក់​កម្រង​ផ្កា​នោះ​ បាន​លុត​ជង្គង់​ទទួលយក​​ពរជ័យ​ពី​ព្រះសង្ឃ​មួយ​ក្រុម​។

បន្ទាប់ពី​មាន​ការ​​ឧទ្ទេសនាមខ្លី​ៗ​​ពី​លោក កឹម សុខា លោក សម រង្ស៊ី បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ថា សុបិន​របស់​លោក​ “ បាន​ក្លាយ​ជាការ​ពិត​ហើយ”។ លោក​បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​មាន​ក្ដី​រំភើប​ខ្លាំង​ណាស់​ ក្ដុក​ក្ដួល​ខ្លាំង​ណាស់​។ ខ្ញុំ​មិន​អាច​រៀប​រាប់​ប្រាប​់ពី​អារម្មណ៍​របស់​ខ្ញុ​ំ​នៅ​ពេល​នេះ​បាន​ទេ។ ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់​ដែល​បាន​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​មួយ​ដែល​ខ្ញុំ​នឹង​ចង​ចាំ​ទុក​អស់​មួយ​ជីវិត​របស់​ខ្ញុំ”។

អំឡុង​សុន្ទរកថា​រយៈ​ពេល​៣០​នាទី ដែល​មាន​ការ​ធានា​ពី​លោក​ សម រង្ស៊ី នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំទ្រ​ថា គណបក្ស​របស់​​លោក គឺ​មិន​អាច​បំបែក​បាន​ និង​ប្ដេជ្ញា​​បន្ត​បេសកកម្ម​​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​កម្ពុជា​គ្រប់ៗរូប​មាន​ភាព​ប្រសើរ​ឡើង​នោះ​ លោក សម រង្ស៊ី បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ស្ដាប់​ទាំង​ក្មេង​ទាំង​ចាស់​ហ៊ោកញ្ជ្រៀវ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​សំដៅ​លើ​ការ​ព្រះ​រាជ​ទាន​​លើក​លែង​ទោស​ដែល​បាន​ជួយ​ឲ្យ​លោក​រួច​ផុត​ពី​ទោស​ជាប់​ពន្ធ​នាគាររយៈ​ពេល​១១​ឆ្នាំ​​​​ក្រោម​បទ​ចោទ​ប្រកាន់​​ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា ជា​រឿង​នយោ​បាយ​ថា “ ខ្ញុំ​សូម​​​អរ​ព្រះ​គុណ​ព្រះ​មហា​ក្សត្រ​ដែល​បាន​ព្រះរាជ​ទាន​លើក​លែង​ទោស​ដល​់​រូប​ខ្ញុំ​ និង​រាជានុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ។ ប៉ុន្តែ​តាម​ពិត​ទៅ ​ខ្ញុំ​មិន​ទាំង​មានកំហុស​ផង​ទេ។ ព្រះ​មហា​ក្សត្រ​ទ្រង់​បាន​ជួយ​លុប​ពណ៌​ដែល​គេបាន​លាប​ឲ្យ​ខ្ញុំ”។

លោក​ សម រង្ស៊ី​ បាន​ថ្លែង​បន្ត​ថា “ សូម​កុំ​ព្រួយ​បារម្ភ​។ សូម​កុំ​ជឿ​អ្នក​ដែល​ញុះ​ញង់​​បង​ប្អូន​ថា លោក កឹម សុខា និង​ខ្ញុំនឹង​បែក​បាក់​គ្នា​។យើង​មាន​​ភាព​រឹង​មាំខ្លាំង​ណាស់។ គ្មាន​នរណា​អាច​ទិញ​ទឹក​ចិត្ត​ពួកយើង​បានទេ។ថ្ងៃ​នេះ យើង​បាន​បើក​ទំព័រ​ប្រវត្ត​ិសាស្ត្រ​ថ្មី​។ ខ្ញុំ​កាន់​ដៃ​លោក​ កឹម សុខា ប៉ុន្តែ​វា​គ្រាន់​តែ​ជា​និមិត្ត​រូប​ប៉ុណ្ណោះ។​ ​តាម​ពិត ​ខ្ញុំ​កំពុងតែ​​កាន់​ដៃ​ប្រជា​ពល​រដ្ឋ​ ហើយ​យើង​នឹង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ជាមួយ​គ្នា​”។

“ ដូរ​ ឬមិន​ដូរ” គឺ​ជា​ពាក្យ​ស្លោក​ដ៏សំខាន់​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​ ហើយ​វាគឺ​ជា​ចំណុច​ដ៏​សំខាន់​សម្រាប់​សុន្ទរកថា​របស់​លោក សម រង្ស៊ី​ កាលពី​ថ្ងៃ​សុក្រ។ យោង​តាម​លោក សម រង្ស៊ី ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង​​នៅ​គ្រប់​ស្រទាប់​វណ្ណៈ​នៃ​សង្គម​ ក្នុង​នោះ​មា​ន​រដ្ឋាភិបាល​ តុលាការ​ សាលា​រៀន និង​មណ្ឌល​សុខភាព​ ដោយ​ផ្ដោត​សំខាន់​លើ​​ការ​បង្កើត​ការងារ​ ប្រាក់​បៀវត្សរ៍ និង​ការ​ប្រមែ​ប្រមូល​ដីធ្លី​ជូនប្រជាជន​វិញ។លោក​បានមាន​ប្រសាសន៍​ថា “ យើង​សូម​​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប និង​គណបក្ស​នយោបាយ​ទាំង​អស់​​ឲ្យ​រួប​រួម​គ្នា​ជា​មួយ​យើង​ដើម្បី​ធ្វើ​រឿង​ល្អ​ជាមួយ​យើង​។ ​រឿង​ល្អ​តម្រូវ​​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​”។

ចំនួន​មនុស្ស​យ៉ា​ងច្រើន​ដែល​បាន​នាំ​គ្នា​ទៅ​ទទួល​លោក សម រង្ស៊ី គឺ​ជា​រឿង​ប្រសើរ​បំផុត​សម្រាប់រូប​លោកដែល​បានផ្លែផ្កា​ឲ្យ​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​មធ្យោបាយ​ដែល​គណបក្សនេះ​ប្រើ​ដើម្បី​ឲ្យ​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ខ្លួន​មា​ន​ភាព​អធិក​អធម​។ លោក សម រង្ស៊ី បាន​ថ្លែង​ថា “ ខ្ញុំ​សូម​សួរ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​មក​ស្វាគមន៍​ខ្ញុំ​ តើ​បង​ប្អូន​ត្រូវ​គេ​បង្ខំ​ ឬ​គំរាម​ឲ្យ​មក​ ឬ​មិន​មែន​? តើ​មាន​អ្នក​ណា​ឲ្យ​ប្រាក់​បង​ប្អូន​មក​ទទួល​ខ្ញុំ​ឬ​​ទេ។ មាន​អ្នក​ខ្លះ​បង្ខំ​ និង​គំរាម​អ្នក​ដទៃ​ទៀត​ឲ្យ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​ ហើយ​នៅ​តែ​ពុំ​មាន​មនុស្ស​ច្រើ​ន​ដូច្នេះ​ទៀត​។ ខ្ញុំ​មិ​ន​ដែល​ធ្វើ​ដំណើរ​ពី​ពោចិន​តុងទៅ​វត្ត​ភ្នំ ដោយ​ប្រើ​ពេល​ដល់​ទៅ​ប្រាំ​ម៉ោង​ដូច្នេះ​ទេ”។

សម្រាប់​អ្នក​ដែល​បាន​រង់​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ដើម្បី​បានឃើញ​រូប​លោក​ ការ​រង់​ចាំ​ដែល​មាន​ការ​ចែក​ជូន​នូវ​ទឹក​សុទ្ធ​ និង​កន្សែង​មាន​លាបប្រេង​ខ្យល់​ដើម្បី​បញ្ចៀស​ការ​សន្លប់​បាត់​ស្មារតី​នេះ​ គឺ​មាន​តម្លៃ​ណាស់​។

សាញ់ ស្រីលក្ខណ៍​ ជាកម្ម​ការិនី​រោងចក្រ​​អាយុ​២៧​ឆ្នាំ​មក​ពី​ខេត្ត​កណ្ដាល​ ​បាន​និយាយ​ថា “ ខ្ញុំ​រីក​រាយ​ណាស់​ រំភើប​ណាស់ និង​ក្ដុក​ក្ដួល​ណាស់​។ លោក សម រង្ស៊ី​ បា​នវិល​​ត្រឡប់​មកកសាង​ប្រទេស​របស់​យើង​វិញ​ហើយ”។

កម្មការ​នី​រោង​ចក្រ​ម្នាក់​ទៀតឈ្មោះ ខេង ស្រីធួន ដែល​មក​ពី​ខេត្ត​កណ្ដាល​ដែរ​នោះ បាន​និយាយ​ថា ក្នុង​វ័យ​២២​ឆ្នាំ ការ​បោះ​ឆ្នោត​ជាតិ​លើក​នេះ​ គឺ​ជាការ​បោះ​ឆ្នោត​លើក​ដំបូង​សម្រាប់​នាង​ ហើយ​សន្លឹក​ឆ្នោត​របស់​នាង​គឺ​ត្រៀម​ទុក​សម្រាប់​មនុស្ស​ម្នាក់​ដែល​នាង​ជឿ​ថា អាច​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ពិត​ប្រាកដ​។ នាង​បាន​និយាយ​ថា “ គាត់​យល់​ច្បាស់​អំ​ពី​​ការ​លំបាក​ដែល​ប្រជា​ជន​កំពុង​ឆ្លង​កាត់​។ គាត់​បាន​សន្យា​ថានឹង​ជួយ​ប្រជា​ជន​ឲ្យរួច​ផុត​ពីអំពើ​ពុក​រលួយ​ និង​ការ​គាប​សង្កត់​…​អ្វី​ដែល​ខ្ញុំ​ចង​ចាំ​ច្បាស់​បំផុត​អំពី​រូប​គាត់​ គឺ​ពេល​គាត់​និយាយ​ប្រាប់​ពួកយើង​ថា គាត់​នឹង​ជួយ​កម្មករ ​កម្មកា​រិនី”។

អ្នកស្រី ចាន់ សាវឿន អាយុ​៥៥​ឆ្នាំ ដែល​ធ្វើ​ដំណើរ​តាំងពីខេត្ត​ព្រៃវែងមក មិន​បាន​សម្រាក​អស់​មួយ​យប់​ ហើយ​បាន​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​តាម​រថយន្ត​ដឹក​មនុស្ស​បួន​គ្រឿង​​ នៅ​វេលា​ម៉ោង​៥ទៀប​ភ្លឺ​ដើម្បី​កុំ​ឲ្យ​ខក​ខាន​ព្រឹត្តិការណ៍​នេះ។ អ្នកស្រី​បាននិយាយ​ថា “ ខ្ញុំ​ចង់​ឲ្យ​មានការ​ផ្លាស់​ប្ដូរ ព្រោះថា​ ជីវិត​រស់នៅ​​សព្វ​ថ្ងៃ​នេះ​​គឺ​លំបាក​ខ្លាំង​ណាស់​​”។

មនុស្ស​ម្នាក់​ដែល​បាន​និយាយ​ថា ខ្លួន​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​គឺ​លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ដ៏​មាន​ប្រជា​ប្រិយ​ ភាពដែល​ត្រូវ​បាន​​សែង​ឡើង​លើ​វេទិកា​​ខណៈ​​​ក្រុម​អ្នក​គាំទ្រ​​ចោមរោម​លោក​​ជិត​។ ក្ដី​រំភើប​នៅ​ពេល​លោកឈរ​ថ្លែង​ទៅកាន់​អ្នក​ដែល​រង់​ចាំ​ទទួល​លោក​ សម រង្ស៊ី គឺ​ជា​ក្ដី​រំភើប​ដែល​ផុស​ចេញ​ពី​ចិត្ត​។

លោក​បាន​និយាយ​ថា “ យើង​ត្រូវ​តែ​តស៊ូ​​ប្រ​ឆាំង​ដើម្បី​អនាគតកូនៗរបស់​យើង។ តើ​បង​ប្អូន​យល់​ស្រប​ទេ?ដូរមិន​ដូរ​?បោះ​ឲ្យ​លេខ​ប៉ុន្មាន?យើង​ផ្លាស់​ប្តូរ​របប​ប្រើ​អំណាច​ផ្តាច់​ការ។​យើង​ការពារ​សិទ្ធិ​របស់​យើង។​យើង​ឈប់​បារម្ភ​ហើយ ពីព្រោះ​គ្មាន​អ្នក​វាយ​ដំ​យើង​ទៀត​ឡើយ។ លោក ម៉ម សូណង់ដូ នឹង​ការពារ​យើង”។

លោក​បាន​ក្រើន​រំឭក​ដល់​អ្នក​ចូល​រួម​ថា ការ​ស្លាប់​នឹង​កើត​មាន​ដល់​មនុស្ស​គ្រប់​រូប​នៅ​ទី​បំផុត ហើយ​លោក​ចង់​បូជា​ខ្លួន​លោក​ដើម្បី​ជោគ​វាសនា​ប្រទេស​ជាតិ។​ លោក​​ជំរុញ​​ឲ្យ​​​ប្រជា​ពល​រដ្ឋ​សួរ​ខ្លួន​ឯង​ថា “ តើខ្ញុំ​បាន​ធ្វើ​អ្វី​​ខ្លះ​បម្រើ​ប្រទេស​ជាតិហើយ​ឬ​នៅ?នោះ​ហើយ​​​ជា​អ្វី​ដែល​យើងចាំ​បាច់​ត្រូវ​គិត​ពិចារណា”។

ទស្សនទាំង​នេះត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ សម រង្ស៊ី ដែល​បាន​ថ្លែងថា រូប​លោក​ក៏​តាំង​ចិត្ត​បូជា​ខ្លួន​លោក​ដើម្បី​ប្រទេស​ជាតិ​ដែរ។ អំឡុង​ពេល​ថ្លែង​សុន្ទរកថា ភ្នែក​របស់​អ្នក​ចូ​លរួម​ទាំង​ ម៉ាស៊ីនថត និង​ទូរស័ព្ទ បាន​តម្រង់​​ទៅ​រក​លោក សម រង្ស៊ី។នៅពេល​សុន្ទរកថា​របស់​លោក​ចប់ភ្លាម ក្រុម​អ្នក​គាំទ្រ​​បាន​រុល​ទៅ​​​មុខឈោង​ដៃ​ចាប់​កាន់​​លោក សម រង្ស៊ី។ អ្នក​គាំទ្រ​នៅ​ខាង​មុខ​​តិច​តួច​ណាស់​ដែល​មាន​​សំណាង​បាន​ចាប់​កាន់​លោក សម រង្ស៊ី មុន​ពេល​អ្នកអម​លោក​ក្រៀក​លោក​ចេញ​ទៅ។

វា​ជាព្រឹត្តិការណ៍​ដ៏​សំខាន់សម្រាប់​លោក សម រង្ស៊ី ដែល​ដំបូង​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរចេញពី​ប្រទេស​បារាំង កន្លែង​ដែល​​លោក​បាន​រស់​នៅ​ដោយ​ការ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​​​ មក​កាន់​ក្រុង​បាងកក។ លោក​ កឹម សុខា បាន​រួម​ដំណើរ​ជាមួយ​លោក ​ពេល​លោក​ធ្វើ​ដំណើរ​​តាម​ជើង​ហោះ​​ហើរ​ចុង​ក្រោយរបស់​លោក។ បន្ទាប់​ពី​មក​ដល់​ចំណត​វីអាយភី​នៃ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញភ្លាម លោក​​បាន​លុត​ជង្គង់​ឱន​ក្បាល​ថើប​ព្រះ​ធរណី​មាតុភូមិ​កម្ពុជា មុនពេល​ឡើង​ជិះ​រថ​យន្ត​ពីរ​បាំង​កន្លះ​ឆ្ពោះ​ដំណើរ​ចូល​មក​កណ្តា​ល​រាជ​ធានី​ភ្នំពេញ។

ឈរ​អែប​​លោក​ កឹម សុខា លោក​ សម រង្ស៊ី បានមាន​ប្រ​សាសន៍​ថា “ ខ្ញុំ​សប្បាយរីក​រាយ​​ណាស់​ដែល​បាន​ជួប​ជា​មួយ​ជន​រួម​ជាតិទាំង​អស់​របស់​យើងនៅ​ទី​នេះ។ យើង​នឹង​ដើរ​ទាំង​​អស់​គ្នា​ ហើយ​ខ្ញុំ​នៅ​ទី​នេះ​ជា​មួយ​បង​ប្អូន​ទាំង​​អស់​គ្នា ដើម្បី​សង្គ្រោះ​ប្រទេស​របស់​យើង”។

ឈរ​លើ​វេទិកា​តុប​តែ​លើ​​រថ​យន្ត​ពីរ​បាំង​កន្លះ​នោះ លោក សម រង្ស៊ី និង​លោក កឹម សុខា ​លើក​ដៃ​គ្នា​បង្ហាញ​ពី​សាមគ្គីភាព ​បាន​ចាប់​ផ្តើម​​ចេញ​ដំណើរ​យឺតៗ​កាត់​​ក្រុម​អ្នក​គាំទ្រ​ដែល​មាន​ចំនួន​លើស​ពីការ​រំពឹង​ឆ្ងាយ​ណាស់ ដែល​ដំបូង​ឡើយ​មាន​ការ​រំពឹង​ថា​អ្នក​គាំទ្រ​ប្រមាណ​២០.០០០​នាក់​នឹង​បង្ហាញ​ខ្លួន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដើម្បី​ស្វាគមន៍​ការធ្វើ​មាតុភូមិ​និវត្ត​របស់​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ។

លោក ទូច នឿន អាយុ​៥៦​ឆ្នាំដែល​បាន​អម​ក្បួន​រថ​យន្ត​ពេល​វា​ធ្វើ​ដំណើរ​យឺតៗ​តាម​បណ្តោយ​មហា​វិថីសហ​ព័ន្ធ​រុស្ស៊ី បាន​និយាយ​ថា “ ខ្ញុំ​សង្ឃឹម​ថា លោក សម​ រង្ស៊ី នឹង​ជួយ​ប្រទេស​របស់​យើង​និង​ប្រ​ជា​ពល​រដ្ឋ​របស់​យើង។ ខ្ញុំចង់​ផ្លាស់​ប្តូរ​មេដឹក​នាំ​រដ្ឋាភិបាល ពីព្រោះ​ពួកគេ​ពុក​រលួយ”។

ទស្សន​​ប្រ​ឆាំង​វៀតណាម បង្ហាញ​ឲ្យ​ឃើញ​​យ៉ាង​ច្បាស់​កាល​ពី​ម្សិល​មិញ ដោយ​អ្នក​ផ្សេងៗ​​ទៀត​នៅ​ក្នុង​ក្រុមអ្នកគាំទ្រ​មក​​ទទួល​ស្វា​គមន៍​​​នេះនិយាយ​ថា ពួក​គាត់​ចង់ឲ្យ​លោក សម រង្ស៊ី ​លៃ​លក​ដោះស្រាយ​ “ បញ្ហា​អន្តោ​ប្រ​វេសន៍​​ខុស​ច្បាប់” និង​ការ​ចាប់​យក​ដីធ្លី។

នៅ​ក្នុង​សុន្ទរ​កថា​របស់​លោក​ផ្ទាល់ លោក ​សម រង្ស៊ី បាន​បញ្ឆឹត​បញ្ឆៀង​ទៅ​រក​វៀត​ណាម ​ដោយ​មាន​ប្រ​សាសន៍​ថា “ ខណៈពេល​ដែល​​យើង​កំពុង​បាត់​បង់​ប្រ​ជាពល​រដ្ឋ​របស់​យើង [ចំណាក​ស្រុកទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស] ន​បរទេស​កំពុង​ហូរ​ចូល​ក្នុង​ប្រទេស​របស់​យើង។ពួកគេ​មាន​គ្នា​ច្រើន​ណាស់”។

លោក សម រង្ស៊ី គ្រោង​នឹង​ចូល​រួម​ក្នុង​ដំណើរ​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​ផ្លេក​​បន្ទោររយៈពេល​ប្រាំពីរ​ថ្ងៃ ដែល​លោក​​នឹងថ្លែង​សុន្ទរកថា​នៅ​ក្នុងខេត្ត​ចំនួន​១៥​ក្នុង​ចំណោម​ខេត្ត​រាជធានី​ទាំង​២៤នៅ​​កម្ពុជា។

ចាប់​តាំង​ពី​គណ​បក្ស​ សម រង្ស៊ី របស់​លោក​​ សម រង្ស៊ី ដែល​ដាក់​ឈ្មោះ​តាម​លោក ​បាន​រួម​បញ្ចូល​គ្នា​ជា​មួយ​គណ​បក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា​ កាល​ពី​មួួយ​ឆ្នាំ​មុនមក ចលនា​ប្រ​ឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​​កម្លាំង​រួប​រួម​គ្នា​ជា​លើក​ដំបូង ​ដើម្បី​​ប្រជែង​ជា​មួយ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ របស់​លោក ហ៊ុន សែន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ។

គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​បាន​រៀប​ចំ​ការ​​ហែក្បួន​ឃោស​នា​របស់​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃសុក្រ ដែល​បាន​ទាក់ទាញ​អ្នក​គាំទ្រ​រាប​់​ពាន់​នាក់​ ពេល​ក្បួន​ឃោសនា​នេះ​ធ្វើ​ដំណើរ​កាត់តាម​រាជ​ធានី​ភ្នំពេញ។

ការ​ហែក្បួន​ឃោស​នា​បោះ​ឆ្នោត​របស់​គណ​ប្ស​សង្គ្រោះ​ជាតិ​និង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា បាន​ចៀស​គ្នា​ផុតភាគ​ច្រើន​ គឺចៀស​មិន​ផុត​ទើបតែ​ពេល​ក្រុម​យុវ​ជនមក​ពី​គណ​បក្ស​ទាំង​ពីរ​បាន​ប៉ះ​ទង្គិច​គ្នា​ប្រ​ហែល​២០​នាទីនៅវត្ត​ភ្នំក្នុង​ខណ្ឌដូន​ពេញ ប៉ុណ្ណោះ។ ដប​ទឹក​ ដុំ​ថ្មនិង​កំណាត់ឈើ​ត្រូវ​បាន​គប់​ដាក់គ្នា​នៅ​ក្នុង​ជម្លោះ​នោះ ដែល​បាន​បង្ក​ឡើង​​នៅពេល​ក្រុម​យុវ​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ចោទ​ប្រ​កាន់​សមាជិក​គណ​បក្ស​ប្រ​ជា​ជន​​កម្ពុជាថា ​កាន់​កាប់​តំបន់​នោះ​តែ​ម្នាក់ឯង។

លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំដឹង​ថា អ្នក​គាំទ្រ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជាប្រហែល​បួន​ប្រាំ​នាក់ត្រូវ​​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ”។

លោក​ស្រី ពេជ្រ សុជាតា មន្ត្រី​ក្រុម​ប្រឹក្សា​ខណ្ឌ​បាន​មាន​ប្រ​សាសន៍​ថា ដប​ទឹក​បាន​ហោះ​ត្រូវ​មុខ​​របស់​លោក​ស្រី​។លោក​ស្រី​ក៏​បាន​លើក​ឡើង​​ដែរ​ថា លោក​ស្រី​មាន​វីដេអូជា​ភ័ស្តុតាង​បង្ហាញ​សកម្ម​ភាព​របស់​​​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​រើស​ដុំ​ថ្ម​គប់​មក​លើ​សមាជិក​របស់គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា។

អ្នកស្រី ស៊ិន ស្រីពៅ អាយុ​៣៤​ឆ្នាំ ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា សហ​សេវិក​មួយចំនួ​ន​របស់​អ្នក​ស្រី​​បាន​ប្រើ​ពាក្យ​រើស​អើងជាតិ​សាសន៍​ថា អ្នក​គាំទ្រ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា ជាជនជាតិដើម​ដំណើត​វៀត​ណាម ទើប​បណ្តាល​ឲ្យ​សមាជិក​​របស់គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា គប់​ដប​ទឹក​ជា​ការ​ឆ្លើយ​តប។

លោក អេង សុភា នាយ​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​រាជ​ធានីភ្នំពេញ​បាន​​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​នឹង​ស៊ើប​អង្កេត​ករណី​នេះ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​មាន​​ប្រ​សាសន៍​ថា ការ​បង្ហាញ​ការ​​គាំទ្រ​កាល​ពី​ថ្ងៃ​សុក្រ​ គ្រាន់​តែ​ជា​ការ​​ដំឡើង​សាច់​ដុំប៉ុណ្ណោះ និង​មិន​ធ្វើ​ឲ្យ​ការ​ប្តេជ្ញាចិត្ត​របស់គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុង​ការ​រក្សា​ការ​ក្តាប់​ដំណាច​នៅ​រដ្ឋ​សភា​រាថយ​ឡើយ។

លោក​បាន​មាន​ប្រ​សាសន៍​ថា “ យើង​យល់​ថា អាសនៈមិនរងផល​ប៉ះពាល់​ដោយ​ការគាំទ្រចំពោះ​ សម រង្ស៊ី នោះទេ ប៉ុន្តែ​វិធី​បែង​ចែក​អាសនៈគឺ​ធ្វើ​ឡើង​តាម​រយៈ​ចំនួន​សំឡេង​​ឆ្នោត។នេះ​គឺជា​ការ​ដំឡើង​សាច់​ដុំ​​ វាគ្រាន់​តែ​ជា​ពិធី​ល្អមើល​ប៉ុណ្ណោះ មិន​មែន​ជា​​យុទ្ធ​សាស្រ្ត​ទេ។​ពួកគេ​កំពុង​តែ​ព្យាយាម​ទាក់​ទាញ​ការ​ជឿ​ទុក​ចិត្ត​ពី​អ្នក​គាំ​ទ្រ​មក​វិញ…។​ប៉ុន្តែ​ចំនួន​នេះ​​មិន​មែន​ជា​​ចំនួន​ប្រ​ជា​ពល​រដ្ឋ​បោះ​ឆ្នោតពិត​ប្រាកដ​ឡើយ”៕

(រាយ​ការណ៍​បន្ថែម​ដោយ Lauren Crothers និង Colin Meyn)
ប្រែសម្រួលដោយ  តែម សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស