28 C
Phnom Penh

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​លើក​ឡើង​ថា មានគេ​លួចដុត​ផ្ទះរបស់លោក​​បន្ទាប់​ពី​គំរាម​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ម្នាក់នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា​ ផ្ទះរបស់​លោក​ត្រូវគេ​លួច​ដុត​ ប៉ុន្តែ​នគរ​បាល​បាន​លើក​ឡើង​ថា អគ្គិភ័យនេះ​គឺ​កើត​ឡើង​ដោយ​សារ​ទុស្សេ​ខ្សែ​ភ្លើង​។​

លោក កែវ ប៊ុនយឿន​ អធិការ​នគរបាល​ស្រុក​ព្រះនេត​ព្រះ ​បាន​បដិសេធថា​ អគ្គិភ័យ​​ឆាប​ឆេះ​ផ្ទះរបស់​​លោក​ ឈូ ឈីន​ លេខា​ប្រតិ​បត្តិ​គណបក្ស​សង្គ្រោះ​នៅស្រុក​ព្រះ​នេត​​ព្រះ​ ទាំងស្រុង​កាល​​​ពីថ្ងៃ​ព្រហស្បតិ៍​នោះ​មិន​មែន​មាន​គេ​លួចដុត​នោះ​ទេ។​

លោក ប៊ុនយឿន​ បាន​លើកឡើងថា “ យោង​តាម​ការ​ស៊ើប​អង្កេត​របស់​យើង​ បានរក​ឃើញថា​ ផ្ទះរបស់​លោក​មិនមែន​ត្រូវ​គេ​លួច​ដុតនោះទេ​ ប៉ុន្តែ​ ត្រូវ​ឆេះ​ដោយ​សារការទុស្សេខ្សែភ្លើង​”។​
តែ​ទោះជាយ៉ាង​ណា​ លោក ឈូ ឈីន បាន​​លើក​ឡើងថា​ គេបាន​គំរាម​​សម្លាប់លោក ​និង​ក្រុម​គ្រួសារ​របស់​លោក​តាម​ទូរស័ព្ទ​ចំនួន​ពីរលើក​រួចមក​ហើយ ដោយ​បាន​ធ្វើ​ឲ្យ​លោក​​ចាក​ចេញពី​ផ្ទះ​កាលពីថ្ងៃទី៣ខែកក្កដា​។​

លោកបាន​មាន​ប្រសាសន៍ថា “ ផ្ទះ​របស់​ខ្ញុំត្រូវ​គេ​លួច​ដុត​ ពេល​ដែល​ខ្ញុំ​ចាក​ចេញពីផ្ទះ​​ទៅ​ស្នាក់នៅ​ទីស្នាក់ការ​គណបក្ស​របស់ខ្ញុំ​ បន្ទាប់​ពី​គេបាន​គំរាម​សម្លាប់​ខ្ញុំ​និង​ក្រុម​គ្រួសារ​​របស់ខ្ញុំ​ចំនួនពីរលើក​កាលពី​ដើម​ខែ​នេះ​”។​ លោក​បាន​បន្តថា​ “ បុរស​មិនស្គាល់​អត្ត​សញ្ញាណ​​ម្នាក់​បាន​ប្រាប់​ឲ្យ​ខ្ញុំ​បោះបង់​ការងារ​របស់ខ្ញុំ​ក្នុងគណបក្ស​ប្រឆាំង​ បើពុំ​ដូច្នោះទេ​ក្រុម​គ្រួសារ​របស់ខ្ញុំនឹង​ត្រូវ​គេសម្លាប់ចោល​”។​

លោក​​បាន​មាន​ប្រសាសន៍បន្ថែមថា ការ​និយាយថា​ ផ្ទះ​របស់​លោក​ត្រូវ​ឆេះ​ដោយ​សារ​​ទុស្សេ​ខ្សែ​ភ្លើង​​នោះ​ដូចជាមិន​ទំនង​សោះ​ឡើយ​ ពីព្រោះ​លោក​​បាន​បិទ​ចរន្ត​អគ្គិសនី​អស់​ហើយ​​ ​នៅ​ពេល​ចាក​​ចេញ​ពីផ្ទះ​កាល​ពី​​ពីរ​សប្តាហ៍​មុន៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស