29 C
Phnom Penh

ស្ត្រី​​​​ឥណ្ឌូណេស៊ី​ត្រូវចាប់​ខ្លួន​នៅ​អាកាស​យានដ្ឋាន​សៀម​រាប​ជាមួយគ្រឿង​ញៀន​​កូកា​អុីន​ជាង​ពីរគីឡូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​ ស្រ្តី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ត្រូវបាន​ចាប់​​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ឯ​អាកាស​យាន​​ដ្ឋាន​​អន្តរ​ជាតិ​សៀមរាប ​ជាមួយ​នឹង​ថ្នាំ​ញៀន​​ប្រភេទ​កូកាអីុនជិត​២,៥​គីឡូ​ក្រាម​ ខណៈ​នាង​​កំពុងតែ​ប៉ុនប៉ង​​ឡើង​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​ថៃ​។

លោក អ៊ុំ​ អមរា ស្នងការ​រង​នគរ​បាល​ខេត្ត​​សៀម​រាប​បាន​មាន​ប្រសាសន៍​ថា ភ្នាក់​ងារ​គយ​​បាន​សហ​ការ​ជាមួយ​នគរ​បាល ​ដើម្បី​ចាប់ខ្លួន​ស្ត្រី​ជន​ជាតិ​ឥណ្ឌូណេស៊ី​រូប​​នេះ ​​នៅ​ម៉ោង​​ប្រហែល​​​១០​​យប់ ​បន្ទាប់​ពី​ជើង​ ​​ហោះ​ហើរ​​របស់​នាង​ពីប្រទេស​ហ្វីលីពីន​​បាន​ចុះចត​។ លោក​​បានមាន​ប្រសាសន៍បន្ថែម​ថា​ ស្រ្តី​ឈ្មោះ​ អីុតា​ អាម៉ាការា​ វ៉ាតា (Ita Amacara Wata)​ អាយុ​២៧ឆ្នាំ រូប​នេះ​​​មាន​​ថ្នាំញៀន​ប្រ​ភេទ​​កូកាអីុនចំនួន​២.៤៩​​គីឡូ​ក្រាម​ ក្នុង​វ៉ាលិស​របស់នាង ហើយ​​នាង​បាន​មកដល់​តាម​​ជើង​យន្តហោះ​​ HJ២៥៧។

លោក អមរា​ បានមាន​ប្រសាសន៍ថា “ នាង​​បាន​​លាក់​ថ្នាំញៀន​នៅ​ក្នុ​ង​ឧបករណ៍​បំពង​សំឡេង​”។ លោក​​មាន​ប្រសាសន៍​បន្ត​ថា​ ថ្នាំ​កូកាអីុន​នេះ​ត្រូវ​បាន​ច្រក​ក្នុង​ថង់​ប្លាស្ទិក​ចំនួន​បី​។​
លោកបាន​ថ្លែងថា “ យើងបាន​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​គ្រឿង​ញៀនម្នាក់​​រួច​ហើយ មុន​ពេលចាប់ខ្លួននាង​ ប៉ុន្តែ​ជន​សង្ស័យ​ទី២នៅ​មិនទាន់ចាប់​ខ្លួន​បាន​នៅ​ឡើយទេ​។ លោក​បាន​បន្តថា នាង​ វ៉ាតា​ ឥឡូវ​​នេះ​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ស្នាក់​ការ​នគរ​បាល​សៀមរាបដើម្បីរង់ចាំ​ការសាកសួរ។​

លោក អុិន សុង​ នាយរង​ការិយាល័យ​រដ្ឋ​បាល​ នៅ​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​នៃក្រសួង​​​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ ស្ត្រី​រូប​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពី​បទ​​​ជួញ​ដូរ​​គ្រឿង​ញៀន​អន្តរជាតិ៕

ប្រែសម្រួលដោយ​ ស៊ា ស៊ុយឈាង​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស