35 C
Phnom Penh

ស្ថានីយ​ទូរទស្សន៍​លើក​ឡើង​ថា ការ​​​ផ្សាយ​​ព័ត៌មាន​​ពី​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​ការ​​បំពាន​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានីយ​ទូរទស្សន៍​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​​ថា មូលហេតុ​ដែល​ពួកគេ​មិន​ធ្វើការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ការ​វិល​ត្រឡប់​​មក​ប្រ​ទេស​កម្ពុជា​វិញ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី កាល​​​ពី​ថ្ងៃសុក្រ​នោះ​ គឺ​ដោយ​សារ​ការ​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នេះ​​ គឺ​ជា​ការ​បំពាន​ច្បាប់​បោះ​ឆ្នោត​។

លោក​ គឹម គុណវឌ្ឍ​ អគ្គនាយករង​ស្ថា​​​នីយ​​​​ទូរទស្សន៍​ជាតិ​បាន​មាន​ប្រ​សាសន៍​ថា​ “ ​យោង​​​​​​​តាម​​ច្បាប់​​បោះ​ឆ្នោត​ យើង​ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​សម្រាប់​គណ​​​បក្ស​​​​ណា​មួយ​ដែល​​បំរើ​ផល​ប្រ​យោជន៍​​របស់​ពួក​គេ​អំឡុង​​ពេល​​​​ឃោសនា​រក​សម្លេង​ឆ្នោត​ទេ”។

លោក យិន សូវៃ ប្រធាន​​ផ្នែក​ព័ត៌មាន​ប្រចាំ​​​​​​​​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បាន​ឲ្យ​ដឹង​ថា នាយក​របស់​លោក​បាន​ហាម​ឃាត់​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​​បែប​នេះ​ទេ​។ លោក សូវៃ មាន​ប្រសាសន៍​ថា “ការ​ផ្សាយ​​​​​​របស់​យើង​ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​យើង​មិន​ចង់​​ឲ្យ​មាន​បញ្ហា​ទេ​។យើង​មិន​អាច​ធ្វើការ​ផ្សព្វ​ផ្សាយ​ដោយ​លើក​ឡើង​អំពី​​គណបក្ស​នយោ​បាយ​តែមួយ​ដោយ​មិន​មាន​​គណបក្ស​នយោបាយ​ដទៃ​ទៀត​បាន​ឡើយ​ ពីព្រោះ​នេះ ​គឺ​ជា​ច្បាប់​របស់​ គ.ជ.ប. ដែល​តម្រូវ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្សព្វផ្សាយ​”។

លោក ហួត ឃាងវេង ប្រធាន​ផ្នែក​ព័ត៌​​​មាន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​មាន​ប្រសាសន៍​ថា​ខណៈ​ដែល​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​បញ្ជូន​អ្នក​យក​ព័ត៌មាន​​ទៅ​យក​ព័ត៌​មាន​​អំ​ពី​ព្រឹត្តិការណ៍​​នេះ​ ​ការ​យក​ព័ត៌​មាន​នេះ​​​​ត្រូវ​បាន​កាត់​ផ្តាច់​​ នៅ​ពេល​ដែល​​ស្ថាន​​​ភាព​​​​​​ចរាចរណ៍​នៅ​អំឡុង​ពេល​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី ​​​“ មាន​ភាព​អនា​ធិប​តេយ្យ”។​ លោក​បន្ថែម​ថា ​រឿង​​បែប​​នេះ​​បាន​​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខមាត់របស់​​នគរបាល​។

លោក​បាន​អះអាង​ថា​​​ “ ប្រជាពលរដ្ឋ​នឹង​ធ្វើការ​រិះ​គន់​នគរបាល​ចរាចរនៅ​ពេល​ពួកគេ​​​ដឹង​ថា  ​ផ្លូវ​ត្រូវ​បាន​បិទ​ដោយ​សារ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី”។ កាសែត​នានា​ដូចជា កាសែត​រស្មី​កម្ពុជា កម្ពុជា​ថ្មី  និង​កោះ​សន្តិភាព ក៏​មិន​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​របស់​លោក សម  រង្ស៊ី ​  ដែរ ហើយ​និពន្ធ​នាយក​​​​កាសែត​ទាំង​បី​នេះ កាលពី​ម្សិលមិញ​បាន​បដិ​​​សេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​អំពី​សេចក្ដី​សម្រេច​​​​​​ក្នុង​ការ​មិន​ផ្សាយ​​ព័ត៌​មាន​នេះទេ។

លោក ទេព នីថា អគ្គ​លេខា​ធិ​ការ​នៃ​គណៈ​​​កម្មាធិការ​ជាតិ​របៀប​ចំ​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​ថា  លោក​គ្មាន​យោបល់​អំពី​ការ​ខក​ខាន​មិន​បាន​ផ្សាយ​ព័ត៌មាន​ទាក់​ទង​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី របស់​ស្ថានីយ​ទូរទស្សន៍​ទាំងនេះ​ទេ​។ លោកបាន​​​​ថ្លែង​បន្ត​ថា “ ខ្ញុំ​មិន​ដឹង​ថា  ត្រូវ​និយាយ​​​​យ៉ាង​ដូច​ម្តេច​ទេ អំពី​បញ្ហា​នេះ ពី​​​ព្រោះ​នេះ​ជា​សិទ្ធិ​របស់​ក្រុម​ហ៊ុន​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​”៕

ប្រែសម្រួលដោយ ឃិន ណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស