នគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនជាតិចិនបីនាក់ដែលរកឃើញថា មានគ្រឿងញៀនមេតំហ្វេតាមីនជិត៩០០ក្រាមនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ នៅក្នុងរាជធានីភ្នំពេញ ដោយសង្ស័យថា កំពុងរត់ពន្ធគ្រឿងញៀន។
លោក អិុន សុង អនុប្រធានអង្គភាពប្រឆាំង គ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ ក្រុមនេះកំពុងរត់ពន្ធគ្រឿងញៀនមេតំហ្វេតាមីនពីប្រទេសឡាវចូលមកក្នុងរាជធានីភ្នំពេញជិតមួយឆ្នាំហើយ រហូតមកទល់ពេលនេះ”។ ជនសង្ស័យទាំងនេះត្រូវបានចាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។
នគរបាលបានរកឃើញគ្រឿងញៀនមេតំហ្វេតាមីនពីរកញ្ចប់ប្លាស្ទីកធំៗមានទម្ងន់ប្រហែល៦៨០ក្រាមនៅពេលចាប់ខ្លួន ប៉ុន្តែ ការរុករកនៅក្នុងបន្ទប់បន្តទៀតបាននាំឲ្យនគរបាលរកឃើញថ្នាំញៀនប្រភេទនេះចំនួន២០០ក្រាមបន្ថែមទៀត។
លោក អុិន សុង ដែលបដិសេធមិនបញ្ជាក់អត្តសញ្ញាណជនសង្ស័យពីរនាក់ផ្សេងទៀតនោះបានមានប្រសាសន៍ថា “ ចេង វិនជុង ដែលសង្ស័យថា ជាមេខ្លោងនោះ មានអាយុ៣៥ឆ្នាំ ហើយមានសញ្ជាតិពីរគឺ ចិនដីគោកផង និងចិនតៃវ៉ាន់ផង”។ លោកបានមានប្រសាសន៍ថា “ ជនសង្ស័យទាំងបីនាក់កំពុងត្រូវបានឃុំខ្លួនដោយនគរបាលប្រឆាំងគ្រឿងញៀន ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃស្អែក៕
ប្រែសម្រួលដោយ ហម សុផាណ្ណា