34 C
Phnom Penh

មេធាវី ឈូក​​​ បណ្ឌិត​​​ ប្តឹង​​​ឧទ្ធរណ៍​​​​​​សាលក្រម​​​ផ្តន្ទាទោស​​​កូន​​​ក្តី​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​លោក ឈូក​  បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ ដែល​កំពុង​រត់​គេច​ខ្លួន​​ បាន​សុំ​ឲ្យ​មេធាវី​របស់​គាត់​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​ផ្ដន្ទា​ទោស​រូប​លោក​កាល​ពី​ពេល​ថ្មី​ៗ​ ពី​បទ​បាញ់​​​​ប្រហារ​កម្មការិនី​បី​នាក់​​អំឡុង​​ការ​​តវ៉ា​​មួយ​កាល​ពី​ឆ្នាំ​មុន។​

លោក ឈូក​ បណ្ឌិត​ នៅ​​មិន​​ទាន់​​ចាប់​ខ្លួន​​បាន​នៅ​ឡើយ​ទេ​​ ចាប់​តាំង​ពី​ត្រូវ​​តុលាការ​​​ផ្តន្ទាទោស​​កំបាំង​មុខ​ កាលពី​ខែ​មុន​ ពី​បទ​​បង្ក​របួស​ស្នាម​​ពេល​គាត់​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ​កម្មការិនី​ ដែល​កំពុង​តវ៉ា​ នៅ​ក្រុង​បាវិត កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១១​ ​បណ្តាល​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​។

តុលាការ​បាន​ផ្ដន្ទាទោស​​​​​ឲ្យ​ជាប់​​​ពន្ធនា​​​​​​គារ​​​​រយៈ​ពេល​១៨​ខែ​។ ហើយ​បើ​ទោះ​បី​ជា​តុលាការ​បាន​ចេញ​សេចក្តី​បង្គាប់​ឲ្យ​​មាន​ការ​ចាប់​ខ្លួន​គាត់​​ជា​​បន្ទាន់​​ក៏​ដោយ​ ក៏​​គាត់​នៅ​តែ​​មាន​សេរីភាព​ដដែល​ ហើយ​​នគរបាល​ខេត្ត​ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​អះអាង​ថា ខ្លួន​មិន​ដឹង​ពី​​កន្លែង​​លាក់​ខ្លួន​របស់​គាត់​​ទេ​។

លោក​ ស៊ុន​ បុ៊ណ្ណា​រិទ្ធ​ មេធាវី​របស់​ លោក​​​ឈូក​ បណ្ឌិត​ បាន​​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា​ ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​ជំទាស់​​​នឹង​​សាល​​​ក្រម​​​ផ្ដន្ទាទោស​របស់​សាលា​ដំបូង​ កាល  ​​​ពី​ដើម​​​​ខែ​នេះ​។“ យើង​បាន​ប្តឹង​ឧទ្ធរណ៍​​​​​ព្រោះ​​​​សាលក្រម​​ផ្ដន្ទាទោស​នោះ​មិន​យុត្តិធម៌ទេ​”។

សាលា​ដំបូង​ខេត្ត​នឹង​បញ្ជូន​​​​​ពាក្យ​បណ្តឹង​របស់​​​លោក​​ទៅ​សាលា​ឧទ្ធរណ៍​។ លោក​ក៏​​​អះអាង​ផង​ដែរ​ថា លោក មិន​ដឹង​ពី​​កន្លែង​លាក់ខ្លួន​របស់​​កូន​ក្ដី​លោក​​ទេ​ ប៉ុន្តែ​ បាន​បញ្ជាក់​​ថា លោក​ ឈូក​ បណ្ឌិត​ បាន​ដឹង​អំពី​សាលក្រម​ផ្ដន្ទា​​​ទោស​​​​នេះ​​ ហើយ​បាន​ស្នើ​​ឲ្យ​​លោក​ដាក់​ពាក្យ​​បណ្ដឹង​​​ឧទ្ធរណ៍​។​

លោក​ លាង​ សួគ៌ ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​​​​ស្វាយរៀង​ បាន​បញ្ជាក់​ថា ​លោក​បាន​ទទួល​​​​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​​របស់​លោក ស៊ុន​ បុ៊ណ្ណារិទ្ធ​  រួច​ហើយ​ ហើយ​លោក​នឹង​បញ្ជូន​វា​​បន្ត​ទៅ​សាលា​ឧទ្ធរណ៍ “ ​​ឲ្យ​បាន​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​”៕

​ប្រែ​សម្រួល​ដោយ​ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស