ក្រសួងការពារជាតិ នៃប្រទេសកម្ពុជា បានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនបានទទួលឧទ្ធម្ភាគចក្រយោធាប្រភេទ Z-9 ចំនួនពីរគ្រឿង ពីប្រទេសចិន ហើយ១០គ្រឿងទៀតនឹងត្រូវបានបញ្ជូនមកដល់នៅខែក្រោយ ដើម្បីបំពេញកិច្ចព្រមព្រៀងប្រាក់កម្ចីជាច្រើនលានដុល្លារ ដែលប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីខែសីហាឆ្នាំ២០១១។

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានឲ្យដឹងកាលពីម្សិលមិញថា កងយុទ្ធពលខេរភូមិន្ទ បានសាកល្បងហោះហើរឧទ្ធម្ភាគចក្រថ្មីទាំងពីរនេះហើយ។ សកម្មភាពហោះហើរត្រូវបានគេឃើញនៅក្នុងបរិវេណមូលដ្ឋានទ័ព្ទអាកាស ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន នៅមុនការមកវិលមកដល់របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បន្ទាប់ពីលោកបានរស់នៅក្រៅប្រទេស អស់រយៈពេលបួនឆ្នាំ។
លោកបានមានប្រសាសន៍ថា “ យើងត្រូវតែសាកល្បងហោះហើរឧទ្ធម្ភាគចក្រទាំងនេះ ទោះបីជាពួកវាថ្មីក៏ដោយ។យើងបានសាកល្បងហោះហើរ កាលពីថ្ងៃសុក្រ ដើម្បីឲ្យដឹងពីដំណើរការម៉ាស៊ីនរបស់វា និងដើម្បីធ្វើឲ្យប្រាកដថា ផ្នែកបច្ចេកទេសនៅក្នុងឧទ្ធម្ភាគចក្រទាំងនេះ មិនមានបញ្ហា ហើយដំណើរការល្អ”។លោកបានឲ្យដឹងបន្ថែមទៀតថា ឧទ្ធម្ភាគចក្រផលិតនៅប្រទេសចិន ទាំងនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ដែលអាចមើលឃើញពេលយប់បាន ជាហេតុនាំឲ្យអាកាសយានិកអាចធ្វើប្រតិបត្តិការនៅពេលយប់បាន។
ឧទ្ធម្ភាគចក្រប្រភទ Z-9 អាចត្រូវបានប្រើប្រាស់ក្នុងគោលបំណងជាច្រើន និងត្រូវបានផលិតក្រោមអាជ្ញាប័ណ្ណចេញដោយសាជីវកម្មផលិតយន្តហោះ ហាប៊ីន (Harbin Aircraft Manufacturing Corporation) នៅប្រទេសចិន ដោយយកម៉ូដតាមឧត្ថម្ភភាគចក្រ ដូហ្វំាង (Dauphin) ផលិតដោយជនជាតិបារាំង។ យន្តហោះទាំងនេះអាចត្រូវបានបំពាក់ដោយគ្រឿងសព្វាវុធសម្រាប់បាញ់ប្រហារ ក៏ប៉ុន្តែ កងយុទ្ធពលខេមរភូមិន្ទ បានឲ្យដឹងថា ខ្លួនចង់ប្រើប្រាស់ឧទ្ធម្ភាគចក្រទាំងនេះ ក្នុងគោលបំណងមនុស្សធម៌។ លោកនាយឧត្តសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា “ ពួកវាអាចនឹងត្រូវបានប្រើប្រាស់ សម្រាប់គោលគោលបំណងជាច្រើនដូចជា ប្រតិបត្តិការជួយសង្គ្រោះ ដឹកសម្ភារផ្សេងៗ។ល។”។
ឧទ្ធម្ភាគចក្រថ្មីប្រភេទ Z-9 ទាំងនេះត្រូវបានទិញ តាមរយៈកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន១៩៥,៥លានដុល្លារ ជាមួយសមភាគីចិន ដែលត្រូវបានចុះហត្ថលេខាដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោ ក ជូ យ៉ុងកាង (Zhou Yongkang) អតីតសមាជិកគណៈកម្មាធិការប្រចាំការចិន កាលពីឆ្នាំ២០១១។ ថវិកាចំណាយលើការទិញឧទ្ធម្ភាគចក្រទាំងនេះ ស្ថិតក្នុងចំណោមគម្រោងឥណទាន កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំនួយឥតសំណងកាន់តែច្រើនឡើងៗ ដែលប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយសមភាគីចិន អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ និន្នាការនេះបានជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ក្លាយជាអ្នកផ្តល់ជំនួយធំបំផុត សម្រាប់ប្រទេសកម្ពុជា ហើយវិសាលភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន នៅប្រទេសកម្ពុជា ក៏រីកធំឡើងៗផងដែរ៕
ប្រែសម្រួលដោយ កង សុធា