លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកាលពីម្សិលមិញ បានផ្ញើលិខិតមួយច្បាប់ទៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយស្នើសុំឲ្យអនុញ្ញាតរូបគាត់បោះឆ្នោត និងឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ។
លិខិតដែលចុះកាលបរិច្ឆេទថៃ្ងទី២១ ខែកក្កដា ផ្ញើជូនលោក អឹុម សួស្ដី និងដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី នោះ បានស្នើសុំឲ្យបញ្ចូលឈ្មោះរបស់គាត់ក្នុងបញ្ជី និងអនុញ្ញាតឲ្យរូបគាត់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្ដាល។
លិខិតនោះមានសេចក្ដីថា “ ខ្ញុំសូមស្នើឲ្យ ឯកឧត្ដម [អឹុម សួស្ដី ]ពិចារណាក្នុងការបញ្ចូលឈ្មោះរបស់ខ្ញុំក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការ និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា”។ លិខិតនោះក៏បានចម្លងជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ នរោត្តម សីហមុនី ផងដែរ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា លោកមិនទាន់បានឃើញលិខិតនោះនៅឡើយទេ។លោក ទេព នីថា បានមានប្រសាសន៍ដោយមិនលម្អិតថា “ ប្រសិនបើគាត់បានផ្ញើលិខិតផ្លូវការមែន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងអនុវត្តតាមច្បាប់បោះឆ្នោត”។
គួររំឭកថា លោក សម រង្ស៊ី ត្រូវបានហាមមិនឲ្យឈរឈ្មោះបោះឆ្នោតទេ ហើយឈ្មោះរបស់គាត់ត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត ដោយសារតែទោសព្រហ្មទណ្ឌរបស់គាត់ ហើយគាត់ត្រូវបានលើកលែងទោស ប៉ុន្តែ គាត់បានអះអាងថា នេះជាហេតុផលនយោបាយ។ បន្ទាប់ពីទទួលបានព្រះរាជទានលើកលែងទោសកាលពីដើមខែនេះ លោក សម រង្ស៊ី បានត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពេលនិរទេសខ្លួនឯងអស់រយៈពេលបួនឆ្នាំទៅទីក្រុងប៉ារីស៕
ប្រែសម្រួលដោយ ហម សុផាណ្ណា