32 C
Phnom Penh

លោក សម រង្ស៊ី ប្រឈម​នឹង​ការ​​រិះ​គន់​ពី​​​ប្រជាជន​​​​​នៅ​ពេល​​​ឃោសនា​​​បោះឆ្នោត​​​​​​តាមខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​ព្រះសីហនុ-ការ​ធ្វើ​ដំណើរ​ឃោសនា​​​បោះ​​​ឆ្នោត​​​លឿនៗ​របស់​លោក​  សម  រង្ស៊ី  មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​​នៅ​មុន​ការ​បោះឆ្នោត​​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ បាន​ទទួល​ការ​ស្វាគមន៍​តិច​តួច​កាលពី​ម្សិល​មិញ​ ជាមួយ​​អ្នក​គាំទ្រ​ ដែល​មាន​ទឹក​ចិត្ត​រីក​រាយ​យ៉ាង​ហោច​ណាស់​៥.០០០​នាក់​ ដែល​បាន​ជួប​ជុំ​គ្នា​នៅ​តាម​ផ្លូវ​នៅ​​​​មុខ​សួន​​​​ឯករាជ្យ​​​​​​​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ម្សិលមិញ​។

ប៉ុន្តែ​​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​ដែល​បាន​ចាក​ចេញ​កាលពី​ថ្ងៃសៅរ៍ ពី​ក្រុង​កំពង់​ស្ពឺ ជា​មួយ​អ្នក​គាំទ្រ​គណបក្ស​​ប្រហែល​១.៥០០​នាក់​​ជិះ​រថយន្ត​ និង​ម៉ូតូ​​កាត់​ក្រុង​នានា​ នោះ​​​មាន​តែ​មនុស្ស​ដែល​មក​ជាមួយ​លោក​ប៉ុណ្ណោះ បាន​ស្រែក​អបអរ​សាទរ​។ ប្រជាជន​មូលដ្ឋាន​ដែល​ឈរ​មើល​ ដោយ​​​​ស្ងៀមស្ងាត់​ទាំង​នេះ​ គឺ​ជា​ការ​បង្ហាញ​ពី​ការ​​​ងារ​ជាច្រើន​ដែល​លោក​មិន​បាន​ធ្វើ​នៅ​តាម​តំបន់​ជន​បទ​​ ដែល​មាន​​ប្រជាជន​ខ្មែរភាគ​ច្រើន​​​​រស់​នៅ​​និង​មាន​សំឡេង​ឆ្នោត​​ច្រើន។

ប៉ុន្តែ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​​​​​​​ម្សិលមិញ​ គណបក្ស​ប្រឆាំង​នេះ​យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​​​ពី​មនុស្ស​ជា​ច្រើន​ ដែល​បាន​ស្វាគមន៍​នៅ​តាម​​​​ផ្លូវ​ពេល​ធ្វើ​ដំណើរ​​​ឃោសនា​កាត់​ភ្លៀង​រលឹម​ ដោយ​លើក​ឡើង​ថា  ការ​អំពាវនាវ​របស់​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​តែ​អាច​ឮ​ដល់​ក្រៅ​​រាជធានី​ភ្នំពេញ​ ហើយ​​នៅ​ក្នុង​រាជ​​​ធានី​នេះ​មាន​អ្នក​គាំទ្រ​​ជាង​១០០.០០០​​​​​​​នាក់​បាន​ចេញមក​គាំទ្រ​លោក​ សម រង្ស៊ី ពេល​លោក​ត្រឡប់​ចូល​ប្រទេស​វិញ​កាលពី​ថ្ងៃ​សុក្រ​។

លោក​ សម រង្ស៊ី ដែល​បាន​ទទួល​ព្រះ​រាជ​​​ទាន​​លើក​លែង​ទោស​កាលពីដើម​ខែ​នេះ​ បន្ទាប់​ពី​បាន​រស់​នៅ​បែប​និរទេស​ខ្លួន​ឯងនៅ​ក្នុង​ប្រទេស​បារាំង​ ដើម្បី​គេច​វេះ​ពី​ការ​​ផ្ដន្ទា​​​ទោស​ដាក់ពន្ធនាគារ​រយៈ​ពេល​១១​ឆ្នាំ​ ដែល​​​​លោក​​អះអាង​ថា ជា​រឿង​​នយោបាយ​នោះ​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ត្រឡប់​មក​កម្ពុជា​​​​វិញ​ ដើម្បី​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ​”។

លោក​បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​​​ថា “ភាពផ្ដាច់​ការ​បាន​កើត​មាន​ជាង​៣០ឆ្នាំ​មក​ហើយ​។ ឥឡូវ​នេះ​ដល់​ពេល​​ងាក​មក​​រក​ប្រជាធិបតេយ្យ​វិញ​ម្ដង​។ យើង​កំពុង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរ​ថ្មី​មួយ​។ យើង​ត្រូវ​សង្គ្រោះ​ប្រទេស​កម្ពុជា​”។ ពេល​លើក​ឡើង​​ពី​សារ​ឃោសនា​ដដែល​ៗ​​​​​នៅ​កន្លែង​ឈប់​ម្ដង​ៗ​ លោក សម រង្ស៊ី បាន​រិះគន់​ជន​អន្តោប្រវេសន៍ និង​​ការ​វិនិយោគ​របស់​វៀត​ណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​វា​គ្រោះ​ថ្នាក់​ណាស់​ពី​ព្រោះ​ខ្មែរ​​ចាក​ចេញ​ពី​​ប្រទេស​ ហើយ​យួន​​ចេះ​តែ​ចូល​មក​ច្រើន​ឡើង​ៗ​។ យួន​កាន់​តែ​ច្រើន​ចូល​មក​យក​ដី​របស់​យើង​និង​នេសាទ​ត្រី​របស់​យើង​នៅ​ក្នុង​បឹង​ទន្លេ​សាប​ និង​នៅ​ក្នុង​សមុទ្រ​។​ យួន​កាប់​ឈើ​របស់​យើង​ និង​ដណ្ដើ​ម​ការងារ​របស់​​​​យើង​។ យួន​​កេង​យក​ចំណេញ​ពី​ខ្មែរ​ ពីព្រោះ​អាជ្ញាធរ​បច្ចុប្បន្ន​ការពារ​យួន​”។ ពេលឈរ​នៅ​ក្បែរ​លោក​ សម រង្ស៊ី លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ប្រើ​ពាក្យ​សម្ដី​រិះគន់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​ប្រវត្តិ​ពាក់​ព័ន្ធ​នឹង​ខ្មែរ​ក្រហម​របស់​លោក​។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នកគាំទ្រ​ថា “នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា នាយក​​​​​​​រដ្ឋ​មន្ត្រី​រូប​នេះ​ត្រូវ​ចប់​អាណត្តិ​​ហើយ​។ ប្រសិន​​​​បើ​បង​ប្អូន​បោះឆ្នោត​ឲ្យ​មនុស្ស​មាន​ដៃ​ប្រឡាក​់​​​​ឈាម​ កម្ពុជា​នឹង​នៅ​តែ​បង្ហូរ​ឈាម​។ ប្រសិន​បើ​បង​ប្អូន​បោះឆ្នោត​ឲ្យ​អតីត​ខ្មែរ​ក្រហម​​​​​ ភាព​ផ្ដាច់​ការ​នឹង​ត្រឡប់​មក​វិញ​”។​

ពេល​លើក​ឡើង​ពី​សារឃោសនា​បោះ​​​ឆ្នោត​​ដដែល​ៗ​នេះ​ លោក  កឹម​  សុខា   បាន​សន្យា​​​អភិវឌ្ឍប្រទេស​ជាតិ​ វិនិយោគ​ច្រើន​​ទៅ​លើ​វិស័យ​អប់​រំ​ និងការ​​​​គាំពារ​សុខភាព​​ ព្រម​ទាំង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​​​រាល​ដាល​​នៅ​ទូទាំង​ប្រទេស​នេះ​។ លោក​បាន​សួរ​ថា “តើ​មាន​អំពើ​ពុក​រលួយ​​​​ទេ​? តើ​បង​ប្អូន​ដឹង​ថា មាន​អំពើ​ពុក​រលួយ​ទេ​? ប្រសិន​បើ​បង​ប្អូន​ដឹង​ថា មាន​អំពើ​ពុក​រលួយ​ សូម​កំុប្រើ​មនុស្ស​ពុក​រលួយ​ទៀត​”។

លោក សម​​ រង្សុី​ និង​លោក កឹម សុខា​​ ក៏​មាន​ការ​ចូល​រួម​នៅ​ក្នុង​ការ​ឃោសនា​​នេះ​ពី​សំណាក់​ព្រះ​អង្គម្ចាស់​សីុសុវត្ថិ​ ធម្មិកោ ដែល​​​កំពុង​ឈរ​ឈ្មោះ​​ជា​បេក្ខជន​គណបក្ស​សង្គ្រោះ​​​​ជាតិ​ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​មាន​តែ​មួយ​អាសនៈ​នេះ​ផង​ដែរ​។ មើលពី​សួន​ច្បារ​នោះ​ លោក គឹម ធឿន​ អាយុ​៣៣​ឆ្នាំ​ ជា​អ្នក​រត់​រឺុម៉កម៉ូតូ​​ដែល​បាន​គ្រវី​ទង់​ជាតិ​ខ្មែរ​ និង​ពាក់​មួក​ និង​អាវ​យឺត​គណ​​​បក្ស​សង្គ្រោះ​ជាតិមាន​ចិត្ត​សប្បាយ​រីករាយ​ដោយ​ឃើញ​លោក​​ សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​វិញ។

គាត់​បាន​និយាយ​បន្ទាប់ពី​ការ​ជួប​ជុំ​គ្នា​នេះ​ថា  “ខ្ញុំ​សប្បាយ​រីករាយ​ណាស់​  ដែល​គាត់​ត្រឡប់​មក​វិញ​។ ខ្ញុំ​សប្បាយ​រីករាយ​ ពីព្រោះ​គាត់​នឹង​លុប​បំបាត់​អំពើ​ពុក​រលួយ​។ ដោយ​សារ​ឥឡូវ​នេះ​ គាត់​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​ ខ្ញុំ​ត្រូវ​ជឿជាក់​លើ​គាត់​”។

លោក​ ធឿន ដែល​ជា​អ្នក​គាំទ្រ​​លោក​ សម រង្ស៊ី ជា​យូរ​មក​ហើយ​នោះ​បាន​និយាយ​ថា សូម្បី​តែ​មិត្ត​ភក្ភិ​ ដែល​ធ្លាប់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពីមុន​នោះ​ កំពុង​ប្ដូរ​មក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ “ពីព្រោះ​មាន​អំពើ​ពុក​រលួយ​ច្រើន​ណាស់”។ ប៉ុន្តែ​ក្រុង​ដូចជា​ ក្រុង​ព្រះសីហនុ​នេះ​ជាធម្មតា​ គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​​​​គាំទ្រ​ច្រើន​។ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ច្រើន​​​​​​​នៅ​តាម​ខេត្ត​ គណបក្ស​ប្រឆាំង​​ត្រូវ​​បញ្ចុះ​បញ្ចូល​អ្នក​បោះឆ្នោត​​ដូច​ជា​អ្នក​ស្រី​​ ឆាយ ចាន់ធូ​​។

ពាក្យ​សម្ដី​ឃោសនា​របស់​លោក​ សម រង្ស៊ី នៅ​ខាង​ក្រៅ​ផ្សារ​មួយ​នៅ​ក្នុងខេត្ត​តាកែវ​ ដែល​នៅ​ជិត​ព្រំប្រទល់​ខេត្ត​កំពង់​ស្ពឺ កាលពី​ថ្ងៃសៅរ៍ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​តិច​តួច​ពី​អាជីវករ​លក់​គ្រឿង​កំប៉ុង​ដែល​មាន​គម្រោង​​​​បោះឆ្នោត​​ឲ្យ​លោក​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​​​បន្ត​ទៀត​។

អ្នក​ស្រី​ ចាន់​​​ធូ បាន​និយាយ​ថា “ខ្ញុំ​ស្រលាញ់​ [ហ៊ុន សែន​] ពីព្រោះ​​គាត់​​សាង​សង់​សាលា​រៀន ផ្លូវ​ថ្នល់​ និង​វត្ត​អារាម។ នេះ​ជា​ការ​អភិវឌ្ឍ​។ នៅ​ពេល​ប្រជាជន​ស្នើ​សុំ​អ្វី​មួយ​គាត់​សាង​សង់​ឲ្យ​ភ្លាម​”។ អ្នក​ស្រី ចាន់ធូ មាន​សង្ឃឹម​តិច​តួច​លើ​ជ័យ​ជម្នះ​របស់​លោក​ សម រង្ស៊ី ។ អ្នក​ស្រី​បាន​​​​និយាយ​ថា “វា​មិន​អាច​ទៅ​រួច​ទេ​។ ប្រជាជន​មាន​ជំនឿ​លើ​ ហ៊ុន សែន​”។

បច្ចុប្បន្ន​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​​មាន​អាសនៈ​៩០​ក្នុង​ចំណោម​​អាសនៈ​សភា​ទាំង​១២៣​ ហើយ​គេ​សង្ឃឹម​ថា​ គណបក្ស​នេះ​នឹង​ទទួល​បាន​អាសនៈ​ច្រើន​​។ ការ​ធ្វើ​ដំណើរ​ចុះ​តាម​ខេត្ត​របស់​លោក​ សម រង្ស៊ី​ បន្ត​ទៀត​នៅ​ថ្ងៃ​នេះ​​​​ ដោយ​មាន​ការ​​​​ឈប់​សំចត​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ពោធិ៍​​​សាត់ និង​បាត់ដំបង់​ មុន​ពេល​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​៕

ប្រែសម្រួល​ដោយ មូល​ គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស