33 C
Phnom Penh

​បក្ស​តូច​ៗ​ខិត​ខំ​ទាក់​ទាញ​ចំណាប់​អារ​ម្មណ៍​​​​​​​តាមរយៈ​​​ការ​​​​ដេញ​ដោលមតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​យុវជន​មក​ពី​គណបក្ស​ន​យោ​បាយ​​​ចំនួន​​​ប្រាំ​មួយ​​​​​​​ក្នុងចំណោម​គណបក្ស​ន​យោ​បាយ​ទាំង​ប្រាំបី​​ ដែល​​​នឹង​​​​ប្រកួត​ប្រ​ជែង​​​​​ក្នុង​​​ការ​​​បោះ​ឆ្នោតនៅ​​​ថ្ងៃ​អាទិត្យ​​​​នេះ​ ​បាន​​​តទល់​​​គ្នា​​​​​​​​​​​​នៅ​​​ក្នុង​​​ព្រឹតិ​​​្តការណ៍​​​ដេញដោល​​​មតិ​​​តំណាង​​​យុវជន​​​​​​ពហុបក្ស​​​​​​​​​ នៅ​​​​ក្នុង​​​​មជ្ឈ​មណ្ឌល​វប្បធម៌​ភ្នំ​ពេញ​​​​​ កាលពីថ្ងៃ​សៅរ៍​ ​​​។

​វេទិកា​ជជែក​ដេញដោល​​​​​​​​​​​​​ក្រោមការ​​​​រៀប​​​​ចំ​​របស់​​​​​​​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​(IRI) ​​​ដែល​មាន​មូលដ្ឋាន​​​​នៅ​​​ក្រុង​វ៉ាសីុនតោន​ និង​​​​ត្រូវបាន​​​ផ្សព្វផ្សាយ​តាមរយៈ​​​​កញ្ចក់​ទូរទស្សន៍​សីុអិុនសីុ (CNC) កាលពី​យប់​មិញ​​នេះ​​​ ​ផ្ដោត​សំខាន់​​​​​លើ​ប្រធាន​បទ​​​ពាក់ព័ន្ធ​​​នឹង​​​​គុណភាព​នៃ​ការ​អប់​រំ​នៅ​ក្នុង​​​ប្រទេស​កម្ពុជា​ និង​បញ្ហា​យុវជន​​​​​អត់​ការងារ​ធ្វើ​​​​ក្នុង​​​កម្រិត​​​ខ្ពស់​​​។

វេទិកា​នេះ​បាន​ចាប់​ផ្ដើម​​​​​​​​​មិនខុស​​​ពី​​​សព្វ​​​ដង​​​​​​​​​​​​ទេ​​​ ដោយ​​​យុវជន​ ហេង​ ​​​សួរ​​​​ អាយុ​៣៥​ឆ្នាំ​ ជា​​​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​រំឭក​អ្នក​ចូល​រួម​ស្ដាប់​​​​​ ដែល​​​ភាគ​ច្រើន​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅ​សាកល​​​វិទ្យាល័យ​ អំពី​តួនាទី​របស់​គណបក្ស​​​​នេះ​​​ក្នុង​ការ​ផ្ដួលរលំ​របប​ខ្មែរ​ក្រហម​​​​កាលពី​៣៤​ឆ្នាំ​មុន​។

លោក​  ហេង​  សួរ  បាន​​​និយាយ​​​ដោយ​​​មាន​​​ការ​​​ទះដៃ​​​អបអរ​​​សាទរ​​​​​​ថា “ តាំង​​​​ពី​របប ប៉ុល ពត​ ដួល​រលំ​​​មក​​​​ យើង​បាន​កសាង​សាលា​​​រៀន​​​​​​​ចំនួន៨.៥៥៧​ខ្នង​​​​សម្រាប់​ប្រទេស​កម្ពុជា​។​​​ ហើយ​…សម្ដេច​ [លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន] បាន​សង្កត់​ធ្ងន់​ថា​ នៅ​អាណត្តិ​​​ក្រោយ​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធានា​ថា ឃុំ​នីមួយៗ​​​​នឹង​​​មាន​សាលា​បឋម​សិក្សា​យ៉ាង​​​​តិច ​មួយ​​ ស្រុក​នីមួយៗ​​​នឹង​​​​មាន​វិទ្យាល័យ​យ៉ាង​​​​តិច​មួយ​ ហើយ​​​ខេត្ត​នីមួយ​ៗ​​​នឹង​​​​មាន​សាកល​​​វិទ្យា​​​ល​័យ​​​​យ៉ាង​តិច​មួយ”។

កញ្ញា​ យ៉ង ផាណែត​ អាយុ​២៨​ឆ្នាំ តំណាង​​​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​ឲ្យ​អ្នក​ចូល​​​រួម​ស្ដាប់​​​​ពិចារណា​​​នៅ​​​ពេល​​​​​វាយ​តម្លៃ​អំពី​​​លទ្ធផល​​​​ដែល​រដ្ឋាភិបាល​សម្រេច​បាន​ក្នុង​វិស័យ​អប់​រំ​។ កញ្ញា​បាន​លើក​ឡើង​ថា “ ប្រសិន​​​​​​​បើ​យើង​ក្រឡេក​មើល​ទិដ្ឋភាព​​​កាលពី​​​​​៣០​ឆ្នាំ​​​មុន​​​​​ យើង​នឹង​ឃើញ​ថា វិស័យ​អប់​រំ​តាម​​​ពិត​​​​​មាន​ការ​រីក​ចម្រើន​​​​មែន​​​។ ​​​​ប៉ុន្តែ​ ​​​ប្រសិន​​​បើ​​​​​យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ជិត​ខាង​របស់​យើងវិញ​​​​ យើង​នឹង​ឃើញ​ថា វិស័យ​នេះ​​​​នៅ​​​មិន​ទាន់​រីក​ចម្រើន​​​គ្រប់គ្រាន់​​​​នៅ​ឡើយ​ទេ”។

ចម្លើយ​ដែល​តំណាង​​​​​គណបក្ស​តូចៗ​បាន​ផ្តល់​​​កាលពីថ្ងៃ​សៅរ៍​ ស្ដាប់​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ជាង​។ យុវជន​​​​ ប៊ុត សៀក​ណេ អាយុ​​​​២៧​ឆ្នាំ​ ជា​​​តំណាង​គណបក្ស​សម្ព័ន្ធ​​​​​​​​​​ដើម្បី​​​ប្រជា​​​ធិប​​​តេយ្យ​ បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​​ថា តើ​ធ្វើ​ដូច​​​ម្ដេច​ ដើម្បី​ឲ្យ​គុណភាព​អប់​រំ​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​មុន​​​​​ថា​ “ វា​ដូចជា​ប្ដីនិង​ប្រពន្ធ​មួយ​គូ​​​​ដែល​ឈ្លោះ​ប្រកែក​គ្នា​​រឿង​ទិញ​​​​ម៉ូតូ​ ឬ​​​​​​​ឡាន​​​​​​​អ៊ីចឹង​​​​ តាមពិត​​​ពួក​គាត់​មិន​ទាំង​​​មាន​ប្រាក់​​​​ផង​​​ទេ​”។

យុវជន​​​រូបនេះ​​​បាន​​​និយាយ​​​​ថា “អ្នក​ត្រូវ​ជីក​​​រក​ប្ញស​គល់​នៃ​បញ្ហា​​​​នេះ​​​។ ហើយ​យើង​បាន​រក​ឃើញ​ថា​ ប្ញស​គល់​នៃ​បញ្ហា​ គឺ​ការ​ក្ដាប់​អំណាច​ដោយ​បុគ្គល​តែ​ម្នាក់​”។ អ្វី​​​ដែលបាន​​​​​​​ធ្វើ​ឲ្យ​​​​​អ្នក​​​​ចូល​រួម​ស្ដាប់​អស់​សំណើច​ ​​​​​​និង​​​ធ្វើ​​​ឲ្យ​​​​អ្នក​សម្រប​សម្រួល​​​​ខកចិត្ត​​​នោះ​​​គឺ​​​ថា​​​ ​​​​អ្វី​​​ដែល​​​​ សៀកណេ បាន​​​​​​លើក​​​ឡើង​​​​​​គឺ​​​ប្រៀបដូច​​​ជា​​​អ្វី​​​ដែល​​​រូបគេ​​​​​​បាន​​​ទន្ទេញ​​​ចាំ​​​មាត់​​​ដូច្នោះ​​​ដែរ​​​​​​​ ពេល​​​ឆ្លើយ​​សំណួរ​​​ម្តងៗ​​​។

​ប៉ុន្តែ​​ ​​​អ្វី​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ចូលរួម​​​ស្តាប់​​​ហួសចិត្ត​​​បំផុត​​​នោះ​​​ គឺ​​​​​​ការ​​​លើកឡើង​​​របស់​​​​ យុវជន​​​ សុខ ចិន្តា​ អាយុ​២៧​ឆ្នាំ​ ​​​ជា​​​តំណាង​គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​​​​បាន​និយាយ​ថា  គណបក្ស​របស់​ខ្លួន​​​ប្ដេជ្ញា​​​​​ថា នឹង​នាំ​ជំនាញ  ​ការ​ និង​មហាសេដ្ឋី​​​​រាប់មឺុន​​​​នាក់​ ពី​សហរដ្ឋ​អាមេរិក​​​​​​​ឲ្យ​​​មក​ជួយ​ដោះ​​​ស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

យុវជន​​​រូបនេះ​​​បាន​សួរ​​​​អ្នក​​​​ចូល​រួម​ស្ដាប់​ថា  “ ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ តើ​មាន​ប៉ុន្មាន​នាក់​​​ដែល​​​​មាន​ការងារ​ធ្វើ​? លោក ក្រវ៉ាញ ​ ដារ៉ន ​[មេដឹកនាំគណបក្ស​ខ្មែរ​ឈប់​ក្រ]  នឹង​នាំ​ជំនាញ​ការ​១៤០​.០០០​នាក់​ ដែល​មាន​​​​ទាំង​​​ប្រាក់​និងបទ​ពិសោធន៍​មក​ជួយ​ប្រជា​ជន​កម្ពុជា​ក្នុង​វិស័យ​អប់​រំ និង​​​​​បង្កើត​ការងារ​ធ្វើ​” ។​​​ ចិន្តា​ មិន​បាន​​បញ្ជាក់​ច្បាស់​​ថា តើ​ជំនាញ​ការ​ទាំង​នោះ​ជា​នរណា​ ឬ​​​​​ថា តើ​ពួក​គេ​នឹង​ជួយ​ប្រទេស​កម្ពុជា​ដោយ​របៀប​ណា​ទេ​”។
ក្រោយចប់​​​​​ព្រឹត្តិការណ៍​​​​​​នេះ​​​​ ​​​អ្នក​​​​ចូល​រួម​​​​ស្ដាប់​មួយ​ចំនួន​បាន​សម្តែង​​​​​​​​​ការ​​​មិន​ពេញ​ចិត្ត​ចំពោះ​​​ទម្រង់​នៃ​កិច្ច​ពិភាក្សា​ដេញ​ដោល​ នេះ​។​​​ អ្នក​ចូល​រួម​ម្នាក់​បាន​អះអាង​ថា គណ​​​បក្ស​ធំៗ​​បាននាំ​​​​និស្សិត​​​​​​ជាច្រើន​​​ ដែល​មិន ​​​​ចាប់​អារម្មណ៍​​​​នឹង​​​ការ​​​​ជជែក​ដេញ​ដោល​​​​មក​​​ចូលរួម​​​។

លោក​ សុខុន អាយុ២៥​ឆ្នាំ​ ជា​មន្ត្រី​រាជ​​​ការ​ បាន​លើក​ឡើង​ថា“ ​​​​​​​​​អ្នក​​​ចូលរួម​​​​​​ភាគ​ច្រើន​​​​មក​​​​ថ្ងៃ​នេះ​មិន​មែន​ដើម្បី​ស្វែង​យល់​ពី​​​​រឿង​​​នយោ​បាយ​ទេ​​​​ គឺ​​​​មក​​​​ដើម្បី​​​គាំទ្រ​គណ​​​បក្ស​របស់​ខ្លួន​ប៉ុណ្ណោះ”​។លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា  “ ពួក​គេ​​​​បាន​​​ត្រឹម​តែ​អបអរ​សាទរ​​​​​​គណបក្ស​របស់​ពួក​​​​ខ្លួន​​​ ហើយ​សើច​នៅ​ពេលដែល​​​​គណបក្ស​ផ្សេង​ទៀត​​​​​ព្យាយាម​​​​និយាយ​…. មើល​ទៅ​ពិត​ជា​មិន​ល្អ​​​សោះ​​​​។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ​​​វា​​​ទៅជា​​​អ៊ីចឹង​ទេ​”។

អ្នក​ចូល​រួម​ម្នាក់​ទៀត​​បាន​ចោទ​​​សួរ​​​​​​​អំពី​​​ភាព​​​សមហេតុផល​​​នៃ​​​ការ​​សន្យា​មួយ​ចំនួន​​​​។ យុវនិស្សិត​​​​​​ ណេ សេន អាយុ​២១​ឆ្នាំ ​ បាន​និយាយ​​​​ថា“អ្នក​ខ្លះ​​​​នៅ​ទីនេះ​មាន​ឱកាស​និយាយ​​​​ ប៉ុន្តែ​​​​ពួក​គេបានត្រឹម​តែ​និយាយ​ ​​​និយាយ​​​មិន​​​ឈប់​​​ទៅ​កាន់​​​​មនុស្ស​​​​មិន​​​​ដឹង        ​អី​​​​​”។ និស្សិត​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ត​​​ទៀត​​​ថា “ឧទាហរណ៍​ ពួក​គេ​និយាយ​​​​ថា  ប្រសិន​បើ​ពួក​គេ​ឈ្នះ​ឆ្នោត​ មហា​សេដ្ឋី​អាមេរិក​​​១២​នាក់​​នឹង​មក​។​​​​ តើ​​​អាច​​​ទៅរួច​​​​​ដែរ​​​ឬ​​​យា៉ងមេ៉ច​​​​​​​?”​​​។

អ្នក​ស្រី​ ជេសីុកា ឃីហ្គែន (Jessica Keegan) នាយក​ប្រចាំ​ប្រទេស​ស្ដីទី​ នៃ​វិទ្យា​​​ស្ថាន​ IRI បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា វេទិកា​នេះ​មាន​គោល​បំណង​​​​លើកទឹកចិត្ត​​​​​​​ឲ្យ​យុវជន​ពិភាក្សា​គ្នា​ជា​ចំហ​​​ អំពី​បញ្ហា​នយោ​​​បាយ​។លោក​​​​ស្រី​បាន​​​​មាន​ប្រសាសន៍​ថា        “ ​​​ការ​​​ដេញ​ដោល​​​​មតិ​​​ដែល​​​រៀបចំ​​​​​​ដោយ​​​​វិទ្យាស្ថាន​ IRI មាន​គោល​បំណង​ជំរុញ​ឲ្យ​យុវជន​ចូល​រួម​ និង​ចាប់​អារម្មណ៍​​​​ចំពោះ​​​​រឿង​នយោបាយ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​អនា​​​គត​នៃ​​​​ការ​​​អភិវឌ្ឍន៍​​​​របស់​ប្រទេស​នេះ”។ លោក​​​ស្រី​​​បានមាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា​​​ ​ “ វា​​​គឺ​​​ជា​​​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​អ្នក​​​បោះ​​​​ឆ្នោត​វ័យ​ក្មេង​​​​ក្នុងការ​​​ស្ដាប់​​​​តំណាង​​​នីមួយៗ​​​និយាយ​​​អំពី​​​​គោល​នយោ​​​បាយ​សំខាន់ៗ​​​​របស់​​​គណបក្ស​ខ្លួន​​​​”៕

ប្រែ​សម្រួលដោយ ​កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស