30.7 C
Phnom Penh

កូន​ប្រុស​មន្ត្រី​សាលា​រាជ​ធានី​​​ភ្នំ​ពេញ​ម្នាក់​បង្ក​គ្រោះ​​ថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល និង សាច់​ញាតិ​ម្នាក់​របស់​ជន​រង​គ្រោះ​ពីរ​នាក់​បាន​ឲ្យ​ដឹង​ថា​ អ្នក​បើក​បរ​រថ យន្ត​​​មួយ​គ្រឿង ម៉ាក រ៉េង​ រ៉ូវើ​ (Range Rover ) បាន​បង្ក​ឲ្យ​​​មនុស្ស​បី​នាក់​​ស្លាប់​ និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត​​​រង​របួស​ធ្ងន់​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ​នៅ​ពេល​គាត់​បាន​​បាត់​បង់​ការ​គ្រប់​គ្រង​​រថយន្ត​ទំ​នើប​របស់​ខ្លួន​ភ្លាមៗ ​បន្ទាប់​ពី​​ចាក​ចេញ​ពី​ពិធី​ផឹក​ស៊ី​មួយ​កន្លែង​​នៅ​ក្នុង​​ ខណ្ឌ​មាន​​ជ័យ​ ​រាជ​ធានីភ្នំ​ពេញ​ ។

នគរបាល​​បាន​ឲ្យ​​ដឹង​ថា​ ​អ្នក​បើក​បរ​​​​ដែល​​​នគរ​បាល​មិន​​បញ្ចេញ​​ឈ្មោះ​ឲ្យ​​​ដឹង​ ប៉ុន្តែ​​ ត្រូវ​បាន​គេ​ជឿ​ថា​ជា​​កូន​ប្រុស​​របស់​មន្ត្រី​រដ្ឋា​ភិ បាល​ម្នាក់​នៅ​​​រាជ​ធានី​ភ្នំ​ពេញ  ​​ដែល​បាន​ផឹក​ស៊ី​នៅ​មុន​ពេល​​គាត់​បុក​ស្លាប់​​អ្នក​ដំណើរ​មិន​ស្គាល់​​ឈ្មោះ​ម្នាក់​ជា​លើក​ដំបូង​ ​មុន​ពេល​រេ​ចង្កូត​​ទៅ​បុក​​ម៉ូតូ​មួយ​គ្រឿង​ ដែល​​បាន​ធ្វើ​ឲ្យ​​​ស្រ្តី​អាយុ៤២​ឆ្នាំ និង កូន​ស្រី​អាយុ​១៨​ឆ្នាំ​​របស់​គាត់​​​​ស្លាប់​។

លោក ហេង ចាន់​គិរី  ប្រធាន​ការិយា ល័យនគរ​បាល​ចរាចរណ៍​រាជ​ធានី​​បាន​មាន​ប្រសាសន៍​ថា​  ជន​សង្ស័យ​ម្នាក់​​  ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំ​បូង​រាជ​ធានី​រួច​ហើយ​ ប៉ុន្តែ​ មិន​អាច​និយាយ​ថា​​  តើ​គាត់​​ត្រូវ​បាន​ចោទ​ប្រ​កាន់​ ឬ ចោទ​ប្រ​កាន់​ពី​បទ​អ្វី​នោះ​ទេ​។

លោកបាន​មាន​ប្រ​សាសន៍​បន្ត​ថា “ គាត់​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​​បាន​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​បាន​ស្លាប់​និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​”។ យោង​តាម​លោក ចាន់គិរី ដែល​បដិសេធ​មិន​ព្រម​ប្រាប់​ឈ្មោះ​ជន​សង្ស័យ​នោះ​បាន​ឲ្យ​ដឹង​ថា​​​ ការ​ធ្វើ​តេស្ត​ជាតិ​អាល់កុល​​​​បាន​រក​ឃើញ​ថា​ អ្នក​បើក​បរ​រូប​នេះ​មាន​កម្រិត​​​ជាតិ​​​អាល់​​​កុល​​​ទាប​ជាង​ការ​កំណត់​របស់​ច្បាប់​​ក្នុង​ការ​បើក​បរ​ បន្ទាប់​ពី​ការ​ផឹក​ស្រា​រួច​​​មក​​​។

លោក ចាន់​គីរី បាន​មាន​ប្រសាសន៍​បន្ត​ថា លោក​គិត​ថា​  អ្នក​បើក​បរ​​រូប​នេះ​​ព្យាយាម​​គេច​ពី​អ្នក​ដំណើរ​នៅ​ពេល​គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​។ ប្រ​ធាន​នគរ​បាល​ចរាចរណ៍​រូប​នេះ បាន​សន្និដ្ឋាន​ថា​ “ ប្រហែល​ជា​គាត់​ព្យាយាម​​គេច​ពី​អ្នក​ដំណើរ [​ដែល​គាត់​បាន​បុក​ស្លាប់]​​ ពេល​ដើរ​ឆ្លង​កាត់​ផ្លូវ​នោះ​​ ហើ​យ​បន្ទាប់​មកបាន​វេ​ចង្កូត​​​ទៅ​បុក​​អ្នក​ជិះ​ម៉ូតូ​​ទាំង​ពីរ​នាក់​​នេះ​​”។

លោក កែវ ចន្ធី ដែល​ប្រពន្ធ​និង​កូន​ស្រី​របស់​​​​លោក បាន​ស្លាប់​នៅ​​​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​នេះ​បាន​​​ប្រាប់​ថា អ្នក​បើក​បរ​នេះ​​​ឈ្មោះ ប៊ុន រតនៈ​ ជា​កូន​ប្រុស​របស់​មន្ត្រី​ម្នាក់​​​នៅ​​​សាលា​​​​រាជ​ធានី​ភ្នំ​ពេញ។ លោក ​ចន្ធី​ បាននិយាយ​ថា​ “ ម្ចាស់​រថ​យន្ត​នេះ​ទើប​តែ​ចេញ​ពី​​ពិធី​ផឹក​ស៊ី​​”។​​លោក​បាន​បន្ថែម​ថា ប្រពន្ធ​និង​កូន​ស្រី​របស់​លោក​ទើប​​តែ​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្លួន ឆ្ពោះ​ទៅ​​ផ្ទះ ​​​នៅ​ពេល​ពួក​គេ​ត្រូវ​បុក​ស្លាប់​​តែម្តង​។ គាត់​បាននិយាយ​ថា​ “ ខ្ញុំ​មិន​ដឹង​​​ធ្វើ​ដូច​ម៉្តេច​ទេ…​ពួក​គាត់​​បាន​ស្លាប់​ហើយ​”​៕

ប្រែ​សម្រួល​ដោយ ឃិន​ ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស