អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានរារាំងអ្នកគាំទ្រគណបក្សប្រឆាំងមិនឲ្យបើកបរឆ្លងកាត់កន្លែងជួបជុំគ្នារបស់ខ្លួននៅសួនមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ ដោយបានវាយយានយន្តរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬរារាំងមិនឲ្យពួកគេធ្វើដំណើរឆ្លងកាត់ឡើយ ដែលជាការរំលោភច្បាប់បោះឆ្នោតយ៉ាងច្បាស់ក្រឡែត។

កាលពីល្ងាចថ្ងៃសៅរ៍ ក្រុមយុវជនដែលស្លៀកឯកសណ្ឋានរបស់គណបក្សប្រជាជនកម្ពុជាបានជួបជុំគ្នានៅត្រង់ចំណុចប្រសព្វនៃមហាវិថីព្រះសុធារស និងមហាវិថីព្រះសុរាម្រឹត ដោយរារាំងមិនឲ្យយានយន្តណាដែលមានរូបសញ្ញាគណបក្សប្រឆាំងបើកកាត់ឡើយ ជាទង្វើដែលលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍កាលពីដើមខែនេះថា ត្រូវបានហាមឃាត់នោះ។
នៅក្នុងហេតុការណ៍មួយ យុវជនគណបក្សប្រជាជនកម្ពុជាមួយក្រុមមានគ្នាប្រាំមួយនាក់បានឡោមព័ទ្ធម៉ូតូមួយគ្រឿង ហើយបានទាញដៃអ្នកជិះម៉ូតូនោះចេញពីម៉ូតូ ហើយបានទាញបង្វិលម៉ូតូនោះទាំងបង្ខំឲ្យគាត់ជិះទៅក្រោយវិញ។
នៅក្នុងឧបទ្ទវហេតុមួយទៀត អ្នកបើកបររថយន្តទំនើបមួយគ្រឿង ដែលបដិសេធមិនព្រមឈប់នៅត្រង់ចំណុចត្រួតពិនិត្យក្រៅផ្លូវការនោះ ត្រូវបានយុវជនគណបក្សប្រជាជនកម្ពុជាមួយក្រុមដេញតាមបណ្ដោយមហាវិថីព្រះសុរាម្រឹត ដែលបានវាយរថយន្តរបស់គាត់ពីចំហៀង។គេឮយុវជនម្នាក់ស្រែកថា៖ “ នេះគឺជាផ្លូវរបស់យើង។ នេះគឺជាច្បាប់របស់យើង”។
កាលពីថ្ងៃអាទិត្យ លោក ហ៊ី សុខុម អាយុ៤៧ឆ្នាំ អ្នករត់រ៉ឺម៉កកង់បី បាននិយាយថា គាត់បានក្លាយជាគោលដៅនៅពេលយុវជនគណបក្សប្រជាជនកម្ពុជាបានឃើញរូបសញ្ញាគណបក្សសង្គ្រោះជាតិបិទនៅលើរ៉ឺម៉កកង់បីរបស់គាត់ ខណៈដែលគាត់បានព្យាយាមបត់ចូលមហាវិថីព្រះសុរាម្រឹត។
គាត់បាននិយាយថា “ ខ្ញុំមិនទាំងដឹងថា មានរូបសញ្ញាគណបក្សប្រឆាំងបិទនៅលើរ៉ឺម៉កកង់បីរបស់ខ្ញុំផង ដូច្នេះខ្ញុំភ័យខ្លាចណាស់ នៅពេលដែលក្រុមយុវជនទាំងនេះរត់កាត់មុខរ៉ឺម៉កកង់បីរបស់ខ្ញុំ”។
គាត់បាននិយាយបន្ថែមទៀតថា “ [អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា] បាននិយាយថា ផ្លូវនេះជាផ្លូវរបស់ពួកគេ ហើយថា អាចនឹងមានអំពើហិង្សាប្រសិនបើខ្ញុំចូលទៅក្នុងប្លុករបស់គេ។ ខ្ញុំមិនចង់ឲ្យមានរឿងទេ ដូច្នេះខ្ញុំក៏បានបត់ម៉ូតូចេញវិញ”។
លោក កែប ជុតិមា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលភ្នំពេញ និងជាប្រធានគណៈកម្មាធិការដឹកនាំយុទ្ធនាការរបស់គណបក្សនេះនៅក្នុងរាជធានីបានមានប្រសាសន៍ថា គណបក្សរបស់លោកបានទទួលការអនុញ្ញាតឲ្យធ្វើការជួបជុំគ្នានៅសួនមុខវត្តបទុម ប៉ុន្តែបានបន្ថែមថា គេមិនបានផ្ដល់សិទ្ធិដល់ពួកគេ ឲ្យរារាំងអ្នកណាម្នាក់មិនឲ្យចូលក្នុងមហាវិថីព្រះសុរាម្រឹត ដែលនៅជាប់គ្នានេះឡើយ។ លោកបានមានប្រសាសន៍ថា “ មិនមានការរារាំងនរណាម្នាក់មិនឲ្យធ្វើដំណើរតាម [មហាវិថីព្រះសុរាម្រឹត] ឡើយ…។ យើងមិនបានរារាំងនរណាម្នាក់មិនឲ្យចូលទេ”។
លោក កែប ជុតិមា ដែលកាលពីពេលថ្មីៗនេះ បានលាលែងពីតំណែងជាអភិបាលរាជធានីភ្នំពេញ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនោះបានអះអាងថា តាមពិតអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានរំលោភច្បាប់នេះមែន ប៉ុន្តែគ្រាន់តែជាការប្រឹងប្រែងដើម្បីអនុវត្តច្បាប់ផ្សេងទៀតតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ មិនមានការអនុញ្ញាតឲ្យធ្វើយុទ្ធនាការនៅតាមមហាវិថីព្រះសុរាម្រឹតដល់គណបក្សណាមួយឡើយ។ នោះជាមូលហេតុ ដែលយើងត្រូវតែរារាំងគណបក្សប្រឆាំងមិនឲ្យមកជួបជុំគ្នានៅទីនោះ។ នេះគឺជាបទបញ្ជារបស់សាលារាជធានី”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានបញ្ជាក់អះអាងពីបទហាមឃាត់ការធ្វើយុទ្ធនាការនៅតាមមហាវិថីព្រះសុរាម្រឹតនេះ ហើយបានមានប្រសាសន៍ថា អ្នកដែលមិនសុខចិត្ត “ អាចដាក់ពាក្យបណ្ដឹងបាន”៕
ប្រែសម្រួលដោយ សោម សារុន