នៅពេលក្រុមអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការឃោសនាចល័តតាមដងផ្លូវនានាមុនការបោះឆ្នោតនៅថ្ងៃអាទិត្យនោះ ការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរអាចនិយាយបានថា មិនខុសពីនាដកថា ក្នុងនាដកម្មរឿង វ៉េសសាយ ស្តូរី (West Side Story) ដែលពណ៌នាពីការប្រឈមមុខដាក់គ្នារវាងក្រុម ជែតស៍ (Jets) និងក្រុមសាក (Sharks) នោះទេ។
ដូចជាក្រុម ជែតស៍ និងក្រុម សាក ដែរ ក្រុមអ្នកគាំទ្រជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនិងគណបក្សសង្គ្រោះជាតិបានសើចចំអកឡកឡាយដាក់គ្នា និងប្រមាថគ្នាទៅវិញទៅមក ពេលពួកគេជិះទោចក្រយានយន្តកាន់ទង់គណបក្សនិងបដាឃោសនា។
អ្នកចូលរួមធ្វើយុទ្ធនាការឃោសនា និងអ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងកាលពីម្សិលមិញថា ការប្រមាថគ្នានេះអាចមានភាពជូរចត់ក៏ពិតមែន ប៉ុន្តែវាមិនបានឈានដល់ការប្រើអំពើហិង្សាទេ ដែលទិដ្ឋភាពបែបនេះគឺផ្ទុយគ្នាស្រឡះពីវប្បធម៌នយោបាយរបស់អ្នកធ្វើយុទ្ធនាការឃោសនាជំនាន់មុន។
យុវជន ទី ម៉េង អាយុ១៩ឆ្នាំ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រចាំនៅវត្តភ្នំ បាននិយាយអំពីការធ្វើយុទ្ធនាការឃោសនាឲ្យគណបក្សប្រជាជនកម្ពុជាថា “ វាសប្បាយ តែក៏ពិបាកដែរ”។
ទី ម៉េង និយាយថា ខ្លួនសប្បាយនឹងការជិះម៉ូតូជុំវិញក្រុង ហើយថា ការឌឺដងគ្នាជាមួយក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិតាមរយៈការស្រែកដាក់គ្នាថា “ ដូរ មិនដូរ?” “ អត់ដូរ!” “ លេខ៤!” និង “ លេខ៧” ជាដើម គឺជារឿង “ សប្បាយ”។
ទីម៉េងបាននិយាយថា “ ប៉ុន្តែ ពេលខ្លះពូកគេក៏ឈ្លើយណាស់ដែរ ដូចជាពេលពួកគេហៅយើងថា អាយួន ទោះបីជាពួកគេដឹងថា យើងជាខ្មែរក៏ដោយ។ ខ្ញុំអន់ចិត្តបន្តិចដែរ ពេលគេប្រើពាក្យបែបនេះ”។ យុវជនរូបនេះបានបន្តថា ទោះជាយ៉ាងណា ខ្លួនមិនដែលមានអារម្មណ៍ថា វាអាចបង្កគ្រោះថ្នាក់ដល់រាងកាយឡើយពេលមានការប្រឈមមុខដាក់គ្នាម្តងៗនោះ។
យុវជន ផាត ឌីណា អាយុ២១ឆ្នាំ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាននិយាយពីបទពិសោធរបស់ខ្លួនក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះថា ការប៉ះទង្គិចគ្នាតែម្យា៉ងគត់ដែលក្រុមអ្នកគាំទ្ររបស់គណបក្សទាំងពីរធ្លាប់បានជួបប្រទះដោយផ្ទាល់ គឺការគប់ដបទឹកដាក់គ្នាទៅវិញទៅមក។
ឌីណា បានសារភាពថា “ ពេលខ្លះ ខ្ញុំមានការភ័យខ្លាចបន្តិចបន្តួចដែរ” ដោយបន្ថែមថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានចាប់ផ្ដើមគ្រវីក្រដាសប្រាក់ដាក់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីចំអកឲ្យពួកគេថា ជាជនពុករលួយ។ “ ហើយពួកគេ[ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា] បានស្រែកដាក់យើងវិញថា យើងជាមនុស្សគ្មានខួរក្បាល”។
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសួនក្បែរវត្តបទុមបានគ្រវីក្រដាសប្រាក់រៀល និងក្រដាសប្រាក់ដុល្លារដាក់ក្រុមដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា នៅពេលពួកគេឆ្លងកាត់ទីនោះ ដោយនេះជាការសំដៅលើពាក្យលេចឮដែលថា គណបក្សប្រជាជនកម្ពុជា បានជួលអ្នកគាំទ្ររបស់ខ្លួនឲ្យចេញធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមើលទៅគឺមានកំហឹងខ្លាំងណាស់ ប៉ុន្តែ បានបន្តដំណើរទៅមុខទៀត ដោយគ្រាន់តែបានបោះពាក្យសម្តីឆ្លើយតបចំពោះការឌឺដងរបស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិវិញប៉ុណ្ណោះ។
គឺសកម្មភាពបែបនេះហើយដែលបានធ្វើឲ្យលោក ជុំ សម្បត្តិ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងវ័យ៦២ឆ្នាំកោតសរសើរយ៉ាងខ្លាំង ហើយបាននិយាយកាលពីម្សិលមិញថា ការឃោសនារកសំឡេងឆ្នោតក្នុងអាណត្តិនេះគឺ “ ល្អជាងឆ្ងាយណាស់” បើធៀបនឹងយុទ្ធនាការឃោសនាកន្លងមក។
លោកបាននិយាយថា “ ពីមុនមានអំពើហិង្សាច្រើន។ឥឡូវគឺខុសគ្នា ដោយសារតែយុវជនសម័យនេះមានការយល់ដឹងច្រើន។ អំពើហិង្សាគឺកើតឡើងដោយសារប្រជាពលរដ្ឋគ្មានការអប់រំហ្នឹងឯង”៕
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានលើកឡើងថា ការមិនភ័យខ្លាច ឬការមិនប្រើអំពើហិង្សាក្នុងចំណោមក្រុមអ្នកធ្វើយុទ្ធនាការវ័យក្មេងគឺមិនមែនដោយសារការអប់រំ ឬសូម្បីដោយសារភាពក្លាហានរបស់ពួកគេទេ ផ្ទុយទៅវិញគឺដោយសារពួកគេបានធំដឹងក្ដីក្នុងសម័យដែលគ្មានអំពើហិង្សានយោបាយដូចសម័យអតីតកាល។
លោកបានមានប្រសាសន៍ថា “ ពួកគេមិនដឹងអំពីការវិវឌ្ឍនៃនយោបាយក្នុងប្រទេសកម្ពុជាទេ…ពួកគេបានឮអំពី[របបវាលពិឃាដ និងរបបខ្មែរក្រហម] ពួកគេបានសិក្សាពីវា ប៉ុន្តែ ពួកគេមិនបានឆ្លងកាត់ស្ថានភាពទាំងនេះដោយផ្ទាល់ឡើយ។ នេះហើយជាមូលហេតុដែលធ្វើឲ្យពួកគេគ្មានការភ័យខ្លាច ហើយគ្មានអារម្មណ៍ថា នឹងមានអំពើហិង្សាកើតឡើង”៕
ប្រែសម្រួលដោយ ឃិន ណៃ