កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានលើកឡើងថា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យនេះទេ ដោយធ្វើឲ្យប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ឆ្លើយតបថា គណបក្សរបស់លោកទំនងជានឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ហើយបានព្រមានថា នឹងធ្វើការតវ៉ា។
កាលពីថ្ងៃអាទិត្យ លោក សម រង្ស៊ី បានផ្ញើលិខិតមួយច្បាប់ជូន គ.ជ.ប.ស្នើសុំឲ្យលោកបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្តាល។ បន្ទាប់ពីកិច្ចប្រជុំរយៈពេលមួយថ្ងៃកាលពីម្សិលមិញ គ.ជ.ប.បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយជូនទៅលោក សម រង្ស៊ី ថា សមាជិកទាំងប្រាំបួនរូបរបស់គ.ជ.ប.មិនអាចទទួលយកសំណើរបស់លោក សម រង្ស៊ី បានទេ។
គ.ជ.ប.លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ គ.ជ.ប.មិនអាចចុះឈ្មោះ លោក សម រង្ស៊ី នៅក្នុងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតនេះបានទេ ពីព្រោះឯកឧត្តមមិនបានបំពេញតាមលក្ខខណ្ឌរបស់បេក្ខជនឈរឈ្មោះសម្រាប់គណបក្សសង្គ្រោះជាតិឲ្យស្របតាមច្បាប់បោះឆ្នោតឡើយ”។ គ.ជ.ប.បានលុបឈ្មោះ លោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតកាលពីខែវិច្ឆិកា ដោយលើកឡើងពីបទប្បញ្ញតិ្តមួយមិនអនុញ្ញាតឲ្យអ្នកមានទោសព្រហ្មទណ្ឌឈរឈ្មោះបោះឆ្នោត។
មុនពេលទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែកក្កដា នោះ លោក សម រង្ស៊ី មានទោសជាប់ពន្ធនាគារ១១ឆ្នាំពីបទចោទប្រកាន់ជាច្រើន ដែលលោកអះអាងថា ជារឿងនយោបាយ។
ក្រោយពីបានទទួលព្រះរាជទានលើកលែងទោស លោក សម រង្ស៊ី ក៏បានស្នើសុំបោះឆ្នោតផងដែរ ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.បានមានប្រសាសន៍ ថា កាលកំណត់សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការចុះឈ្មោះបេក្ខជនតំណាងរាស្ត្របានកន្លងផុតជាយូរមកហើយ ហើយថា បញ្ជីឈ្មោះបោះឆ្នោតមិនអាចកែប្រែដើម្បីបញ្ចូលឈ្មោះមេដឹកនាំគណបក្សប្រឆាំងរូបនេះបានទេ។
លោក ទេព នីថា បានមានប្រសាសន៍ថា “យើងបានធ្វើបញ្ជីឈ្មោះបោះឆ្នោតរួចហើយ ហើយវាចូលជាធរមានទៅហើយ ដូច្នេះយើងមិនអាចកែប្រែវាបានទេ។ បញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រក៏មិនអាចកែប្រែបានដែរ”។
កាលពីម្សិលមិញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលទេ ដែលបានឮសេចក្តីសម្រេចរបស់គ.ជ.ប. ព្រោះពួកគេសុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទពីខេត្តពោធិ៍សាត់ កន្លែងដែលលោកកំពុងតែធ្វើយុទ្ធនាការឃោសនាថា “ ខ្ញុំរំពឹងថា ទទួលបានសេចក្តីសម្រេចបែបនេះ។ ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាមានការភ័យខ្លាច។ មនុស្សគ្រប់គ្នាអាចមើលឃើញការកើនឡើងដោយនឹងស្មានមិនដល់នៃការគាំទ្រពីប្រជាជនចំពោះគណបក្សប្រឆាំង ដូច្នេះប្រសិនបើ ពួកគេប្រកាសថា ខ្ញុំជាបេក្ខជន និងជាគូប្រកួតផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវចប់អាណត្តិនោះ ពួកគេដឹងថា មានគ្រោះថ្នាក់ ដូច្នេះពួកគេប្រើបច្ចេកទេសជាឧបសគ្គ ដើម្បីរារាំងខ្ញុំមិនឲ្យមានប្រជាប្រិយភាពខ្លាំងពេក”។
ការបង្ហាញពីការគាំទ្ររបស់ប្រជាពលរដ្ឋ ដែលលោកបានលើកឡើងនេះបានបង្ហាញឲ្យឃើញកាលពីថ្ងៃសុក្រ សប្តាហ៍មុនពេលដែលមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេលបួនឆ្នាំ។ មនុស្សជាង១០០.០០០នាក់បានដើរតាមផ្លូវស្វាគមន៍ការវិលត្រឡប់របស់លោក។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការបោះឆ្នោតនេះនឹងមិនត្រូវចាត់ទុកថា សេរី និងយុត្តិធម៌នោះទេ ជាពិសេសដោយសារតែសេចក្តីសម្រេចរបស់ គ.ជ.ប.ប្រឆាំងនឹងសំណើរបស់លោក សុរិយា ស៊ូបេឌី អ្នកធ្វើរបាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្នើសុំឲ្យគេអនុញ្ញាតឲ្យលោក សម រង្ស៊ី បានឈរឈ្មោះនៅក្នុងការបោះឆ្នោតនេះ។
លោក សម រង្ស៊ី បានមានប្រសាសន៍បន្ថែមទៀតថា “ ឥឡូវនេះមិនមានភាពស្របច្បាប់ទេ។ដូច្នេះយើងមានមូលដ្ឋានរឹងមាំក្នុងការច្រានចោលលទ្ធផលនៃការបោះឆ្នោតបែបនេះ។ ការបោះឆ្នោតដែលគ្មានគូប្រកួតប្រជែងជាមួយនាយករដ្ឋមន្ត្រី គឺគ្មានន័យ និងគ្មានតម្លៃ។ គ្មាននរណាម្នាក់នឹងទទួលស្គាល់ការបោះឆ្នោតបែបនេះទេ”។ លោកបានបន្ថែមថា លោករំពឹងថា សហគមន៍អន្តរជាតិនឹងគាំទ្រការច្រានចោលរបស់គណបក្សប្រឆាំងចំពោះលទ្ធផលបោះឆ្នោតនេះ។ លោកបានមានប្រសាសន៍ថា “ យើងនឹងច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះ។ ប្រសិនបើ ខ្ញុំមិនអាចឈរឈ្មោះបានទេ វាគឺជារឿងមួយទៀត”។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ ថា លោកនឹងប៉ុនប៉ងជាលើកចុងក្រោយ ដើម្បីឲ្យគេបញ្ចូលឈ្មោះរបស់លោកទៅក្នុងបញ្ជីឈ្មោះបេក្ខជនបោះឆ្នោតតាមរយៈការធ្វើលិខិតជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសំុឲ្យបញ្ចូលឈ្មោះលោកភ្លាមៗជាសមាជិកសភាវិញ ជាតួនាទីមួយដែលលោកអះអាងថា លោកបានទទួលតាមរយៈព្រះរាជទានលើកលែងទោសរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងជាតួនាទីមួយដែលនឹងអនុញ្ញាតឲ្យលោកឈរឈ្មោះនៅក្នុងការបោះឆ្នោតនេះ។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា ការរារាំងលោក សម រង្ស៊ី មិនឲ្យឈរឈ្មោះជាបេក្ខជននឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ។ លោកស្រីបានមានប្រសាសន៍ថា “ បើគ្មានការចូលរួមពីលោក សម រង្ស៊ី ទេ យើងនឹងមិនអាចនិយាយថា ជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ”។
ដោយពិចារណាពីការតវ៉ាដែលទំនងជានឹងកើតមានឡើងព្រមទាំងការរិះគន់ទាំងក្នុងស្រុក និងក្រៅស្រុកនោះ លោកស្រី ជា វណ្ណាត បានមានប្រសាសន៍ថា ការច្រានចោលបេក្ខភាពរបស់លោក សម រង្ស៊ី គឺជាទង្វើមិនល្អរបស់រដ្ឋាភិបាល។
លោក ឈាង វុន ដែលកំពុងឈរឈ្មោះជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលបាត់ដំបងបានអះអាងថា សេចក្តីសម្រេចរបស់គ.ជ.ប.មិនសំខាន់ទេ។ លោក ឈាង វុន បានមានប្រសាសន៍ថា លោក សម រង្ស៊ី នៅតែអាចចូលរួមនៅក្នុងជីវិតនយោបាយនៅកម្ពុជាបាន ប្រសិនបើគាត់អាចបញ្ចុះបញ្ចូលសមាជិកសភានៃគណបក្សសង្គ្រោះជាតិដែលនឹងជាប់ឆ្នោតថ្មីឲ្យលាឈប់ និងប្រគល់តួនាទីនោះមកឲ្យគាត់។ លោកបានមានប្រសាសន៍បន្តទៀតថា “វាមិនសំខាន់ទេសម្រាប់ការបោះឆ្នោតនេះ ប្រសិនបើ លោក សម រង្ស៊ី ឈរឈ្មោះជាបេក្ខជននោះ”៕
ប្រែសម្រួលដោយ មូល គឹមហឿន