លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានឲ្យដឹងកាលពីម្សិលមិញថា គ.ជ.ប.បានទទួលពាក្យបណ្តឹងជិត៤០០ករណីទាក់ទងនឹងយុទ្ធនាការឃោសនាបោះឆ្នោតមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យនេះ។ នេះជាការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០០៨។
លោក នីថា បានបន្តថា ចំនួនពាក្យបណ្តឹងដែលបានដាក់ទៅគ.ជ.ប. និងគណៈកម្មការថ្នាក់ខេត្តនិងថ្នាក់ឃុំសង្កាត់របស់ខ្លួនគិតមកទល់នឹងពេលនេះមានចំនួន៣៨៨ករណីហើយ ដោយពាក្យបណ្តឹងទាំងអស់ត្រូវបានដោះស្រាយរួច លើកលែងតែប្រហែល៥០ករណីប៉ុណ្ណោះ ។
លោកបានមានប្រសាសន៍ថា“ ចំនួនពាក្យបណ្តឹងដែលគ.ជ.ប.បានទទួល គឺមានចំនួនច្រើនជាងឆ្នាំ២០០៨ ព្រោះក្នុងឆ្នាំ២០០៨ មានពាក្យបណ្តឹងតែ២៤៤ករណីប៉ុណ្ណោះពេញមួយយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣០ថ្ងៃ”។
លោក នីថា បានលើកឡើងថា យុទ្ធនាការឃោសនាអាណត្តិនេះមានការប្រើហិង្សាតិចបំផុត ទោះបីជាមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រជាយុវជនរបស់គណបក្សសង្គ្រោះជាតិនៅជិតវត្តភ្នំ កាលពីថ្ងៃសុក្រ ដែលពេលនោះមានការបញ្ជូនអ្នកគាំទ្រគណបក្សប្រជាជនចំនួនប្រាំនាក់ទៅមន្ទីរពេទ្យក៏ដោយ។
លោក ទេព នីថា បានមានប្រសាសន៍បន្តទៀតថា“ យុទ្ធនាការឃោសនាបោះឆ្នោតក្នុងអាណត្តិនេះដំណើរការបានល្អជាងអាណត្តិមុន។ មានករណីប្រើអំពើហិង្សាតិចតួច ប៉ុន្តែវាអាចគ្រប់គ្រងបាន ហើយជានិច្ចកាលវាកើតមានឡើង នៅពេលមានការប្រមូលផ្តុំគ្នាច្រើន។យុវជនដែលចូលរួម ឆាប់ខឹងណាស់…។ ពួកគេស្រែកដាក់គ្នាទៅវិញទៅមក និងយករបស់របរគប់គ្នា”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា បានលើកឡើងកាលពីម្សិលមិញថា ការកើនឡើងនូវពាក្យបណ្តឹង និងការថយចុះនូវការប្រើអំពើហិង្សា គឺមានទំនាក់ទំនងនឹងគ្នា។
លោកមានប្រសាសន៍ថា “ ពាក្យបណ្តឹងមានការកើនឡើងដោយសារពេលនេះប្រជាពលរដ្ឋបានដឹងពីវិធីសាស្ត្រក្នុងការប្រើពាក្យបណ្តឹងជំនួសឲ្យការប្រើអំពើហិង្សា។ ពេលពួកគេមានបញ្ហា ពួកគេប្រើពាក្យបណ្តឹងដើម្បីរកដំណោះស្រាយ។ ខ្ញុំគិតថា នេះជាការតាំងចិត្តបែបថ្មីរបស់គណបក្សនយោបាយទាំងនោះ”។
លោក បញ្ញា បានបន្ថែមថា ពាក្យបណ្តឹងក៏កំពុងត្រូវបានប្រើសម្រាប់ហេតុផលផ្សេងៗទៀតដែលមានការគិតទុកជាមុនផងដែរ ដោយគណបក្សកាន់អំណាចនិងអាជ្ញាធរបានដឹងកាន់តែច្បាស់អំពីតម្លៃរបស់ពាក្យបណ្តឹងទាំងនោះសម្រាប់ប្រើប្រាស់ជាឧបករណ៍នយោបាយ។ លោកបានមានប្រសាសន៍ថា “ វាក៏បានក្លាយជាវិធីសាស្ត្រមួយក្នុងការធ្វើឲ្យពាក្យបណ្តឹងប្តឹងគណបក្សប្រឆាំងកើនឡើងផងដែរ។ បណ្តឹងជាច្រើនពុំមានអ្វីធំដំុទេ។ វាគ្រាន់តែពាក់ព័ន្ធនឹងការប្រើទីកន្លែងសាធារណៈ ដើម្បីឃោសនាប៉ុណ្ណោះ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីម្សិលមិញថា គណបក្សរបស់លោកភាគច្រើនបញ្ជូនពាក្យបណ្តឹងទៅ គ.ជ.ប.អំពីការជ្រៀតជ្រែកក្នុងសកម្មភាពឃោសនារបស់ខ្លួន។ លោកបានមានប្រសាសន៍ថា “ គណបក្សរបស់ខ្ញុំបានបញ្ជូនពាក្យបណ្តឹងជាង១០០ករណីទៅ គ.ជ.ប. ភាគច្រើន គឺពាក់ព័ន្ធនឹងការរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់យើង”៕
(រាយការណ៍បន្ថែមដោយ Alex Willemyns)
ប្រែសម្រួលដោយ ចេវ ប៊ុននី