40.6 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ស៊ើប​អង្កេតរបស់នគរបាល​​​ពីការ​ស្ទង់​មតិ​​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ចំនួន​បួន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​នគរបាលរក​អ្នក​ប្រឌិត​ឯកសារ​ស្ទង់​មតិ​ការ​បោះ​ឆ្នោត​ ដែល​បាន​លើក​ឡើង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។

កាលពី​សប្ដាហ៍​មុន​ រដ្ឋាភិបាល​បាន​អំពាវ​​​នាវ​​​​ឲ្យ​ចាប់​ខ្លួន​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រឌិត​ឯកសារ​នេះ​ ដែល​ខ្លួន​បាន​អះអាង​ថា ជា​ព័ត៌មាន​មិន​ពិត​ និង​ជា​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​វឹកវរ​។ ឯកសារ​នេះ​​ត្រូវ​បាន​ចងក្រង​ព័ត៌​មាន​ ដែល​​​​ដក​ស្រង់​ចេញ​ពី​ការ​ស្ទង់​មតិ​ ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សា​ធា​រ​ណ​រដ្ឋ​អន្តរ​​​ជាតិ​ ​​​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​​​ ​​​​។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ត្រូវ​នគរបាល​ហៅ​មក​សាកសួរ​ពាក់​ព័ន្ធ​ឯកសារ​នេះ​ កាលពី​សប្ដាហ៍​មុន​។ អង្គការ​ច្បាប់​ និង​សិទ្ធិ​មនុស្ស​ចំនួន​បួន​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​​​​ចេញ​ផ្សាយ​រួម​គ្នា​ដោយ​​គណៈ​កម្មា​ធិ​​​ការ​​​​ខុម​​ហ្វ្រែល​ អង្គការ​លីកាដូ ក្រុម​អ្នក​ច្បាប់​​​​ការពារ​សិទ្ធិ​កម្ពុជា​ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ថា “ មាន​តែ​ក្នុង​ករណី​​​​ដែល​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរ​ជាតិ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការប៉ុណ្ណោះ ទើប​ ​​​តុលា​ការ​​ស៊ើប​អង្កេត​ករណី​នេះ​បាន”។

អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា ទោះ​ជា​យ៉ាង​ណា  តំណាង​វិទ្យាស្ថាន​សា​ធារ​ណរដ្ឋ​អន្តរ​​​ជាតិ​​​​​​​​មា្នក់​បាន​បញ្ជាក់​អះអាង​ថា វិទ្យា​ស្ថាន​នេះ​​​មិន​​​​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​នរណា​ម្នាក់​ទេ​”។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា  ការ​អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​នេះ​ ដោយ​យកលេស​ថា  ឯកសារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ ការ​បោះ​ឆ្នោត​ ដែល​បាន​រឹត​ត្បិត​សេរីភាព ​នៃ​ការ​​​​បញ្ចេញ​មតិ​។

អង្គការ​នេះ​បាន​លើក​ឡើង​ទៀត​ថា “ការ​​​​​​​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន​នេះ​ធ្វើ​ឲ្យ​ប្រជា​ពល​​​រដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​  ហើយ​​បាន​ធ្វើ​ឲ្យ​បរិយា​​​កាស​នៃ​ការ​បោះ​ឆ្នោត​មាន​ភាព​ជូរចត់​។ ប្រជា​​​​ពល​រដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ​អំពី​លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​ការ​បោះឆ្នោត​…។ ការ​បក​​​​ស្រាយ​របស់​ពួក​គាត់​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​​ឡើយ​”៕

ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស