26 C
Phnom Penh

នគរបាល​បញ្ជាក់​ថា អ្នក​បើក​បរ​ដែល​បាន​បុក​ស្លាប់​​មនុស្ស​បី​នាក់​នោះ​​គឺ​ជា​កូន​ប្រុស​របស់​មន្ត្រី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ នគរបាល​បាន​បញ្ជាក់​ថា អ្នក​បើក​បរ​រថយន្ត​ម៉ាក​ រ៉េង រ៉ូ វើ​ ដែល​បាន​បុក​​ស្លាប់​​មនុស្ស​បី​នាក់​កាល​ពី​​យប់​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​បាត់​បង់​ស្មារតី​មិន​អាច​គ្រប់​គ្រង​រថយន្ត​របស់​ខ្លួន​បាន​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​នោះ​ មាន​ឈ្មោះ​ ប៊ុន រតនៈ​ អាយុ​៣១​ឆ្នាំ​ ជា​កូន​ប្រុស​របស់​លោក ប៊ុន សេរី ​​​ប្រធាន​មន្ទីរ​​ហិរញ្ញ​វត្ថុ​រាជ​ធានី​ភ្នំពេញ​។

ជន​សង្ស័យ​ដែល​នគរបាល​បាន​ឲ្យ​ដឹង​   ថា  ត្រូវ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ពី​ការ​សម្លាប់​​​​មនុស្ស​ដោយ​អចេតនា​នោះ​ ត្រូវ​បាន​គេ​សង្ស័យ​​​​ថា  បាន​ស៊ី​ផឹក​នៅ​ឯ​ពិធី​មួយ​មុន​ពេល​ឧបទ្ទវហេតុ​​នេះ​កើត​ឡើង​។ ទោះ​ជា​យ៉ាង​ណានគរបាល​នៅ​កន្លែង​កើត​ហេតុ​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​កម្រិត​ជាតិ​​​​អាល់កុល​បាន​បង្ហាញ​ថា ប៊ុន រតនៈ​ ដែល​នា​ពេល​នោះ​គេមិន​ស្គាល់​ឈ្មោះ​​​​មាន​កម្រិត​ជាតិ​អាល់កុល​ទាប​ជាង​កម្រិត​​​​កំណត់​ក្នុង​ច្បាប់​បើក​បរ​។

រថយន្ត​ទំនើប​របស់​ ប៊ុន រតនៈ បាន​បុក​​ស្លាប់​​អ្នក​ថ្មើរ​ជើង​ម្នាក់​ដែល​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ស្គាល់​​ឈ្មោះ​នៅ​ឡើយ បន្ទាប់​មក​ក៏​​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​​​​បណ្តាល​ឲ្យ​​អ្នក​ស្រី ម៉ៅ សូនី អាយុ​៤២​ឆ្នាំ​ និង​កូន​ស្រី​របស់​គាត់​ឈ្មោះ​ សែម ពិសិដ្ឋ​ អាយុ​១៨​ឆ្នាំស្លាប់​​។ ហើយ​មនុស្ស​បី​នាក់​​​​ផ្សេង​ទៀត​ក៏​រង​របួស​ដែរ​មុន​ពេល​រថ​​​យន្ត​នេះ​ឈប់​។

លោក ហេង ចាន់​ធារី នាយ​ការិយាល័យ​នគរ​​​បាល​ចរាចរណ៍​ជើង​គោក​​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​បញ្ជូន​ [ប៊ុន រតនៈ] ព្រម​ទាំង​ភ័ស្តុតាង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​រសៀល​នេះ​ ដើម្បី​សាក​សួរ​។ យើង​មិន​ទាន់​ដឹង​នៅ​ឡើយទេ​ថា តើ​គាត់​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​អ្វី​នោះ​ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​របស់​យើង​ យើង​បាន​ចោទ​ប្រកាន់​គាត់​ពី​បទ​សម្លាប់​​​​មនុស្ស​ដោយ​អចេតនា​”។

លោក ទីម វ៉ាន់ស៊ី នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ​មាន​​ប្រសាសន៍​កាល​ពី​យប់​មិញ​ថា តុលាការ​មិន​ទាន់​ចោទ​ប្រកាន់​ជន​សង្ស័យ​នៅ​ឡើយ​ ហើយ​​ពេល​នេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​នៅ​​ការិយាល័យ​​នគរ​បាល​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​​ បន្ទាប់​ពី​​ការ​​​សាក​សួរ​ដោយ​លោក​​​​ព្រះ​រាជ​អាជ្ញា​ ច័ន្ទ ពិសិដ្ឋ ។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​បញ្ជូន​ ប៊ុន រ តនៈ​ ត្រឡប់​ទៅ​តុលាការ​វិញ​នៅ​​​​ថ្ងៃ​ស្អែក ហើយ​​ព្រះ​រាជ​អាជ្ញា​នឹង​ចោទ​ប្រកាន់​​​​គាត់​ បន្ទាប់​មក​នឹង​បញ្ជូន​គាត់​ទៅ​​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​”។ លោក​បាន​បន្ថែម​ថា លោក​រំពឹង​ថា ជន​សង្ស័យ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​​ដល់​បី​ឆ្នាំ​។

លោក កែវ ចន្ធី អាយុ​៤៨​ឆ្នាំ​ ជា​ប្ដី​និង​ជា​ឪពុក​របស់​ជន​រង​គ្រោះ​​ទាំង​ពីរ​នាក់​ដូច​មាន​ឈ្មោះ​ខាង​លើ​​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា គ្រួសារ​របស់​ ប៊ុន រតនៈ​ បាន​មក​ផ្ទះ​របស់​គាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្នុង​បំណង​ចរចា​អំពី​ប្រាក់​សំណង​ចំពោះ​ការ​ស្លាប់​ប្រពន្ធ​ និង​កូន​ស្រី​របស់​គាត់​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ទាម​ទារ​ប្រាក់​ពី​ពួក​គេ​ចំនួន​៦០.០០០​ដុល្លារ ប៉ុន្តែ​គ្រួសារ​របស់​ [ប៊ុន រតនៈ] បាន​សុំ​ឲ្យ​ខ្ញុំ​បន្ទាប​ចំនួន​​នេះ​ ដោយ​ពួក​គេ​និយាយ​ថា ពួក​គេ​ពុំ​មាន​លុយ​ច្រើន​នោះ​ទេ”។

លោក កែវ ចន្ធី បាន​​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​ជន​សង្ស័យ​បាន​ចំណាយ​ប្រាក់​ “ជា​ច្រើន​” រួច​មក​ហើយ​សម្រាប់​​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​សព​ប្រពន្ធ​ និង​កូន​ស្រី​របស់​គាត់​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​បាន​សន្យា​ថា នឹង​ចំណាយ​សម្រាប់​ពិធី​បុណ្យ​នៅ​ថ្ងៃ​ចុង​ក្រោយ​​​​ទៀត​​។លោក​បន្ថែម​ថា “ ខ្ញុំ​ក្រៀម​ក្រំ​ណាស់​ចំពោះ​ការ​បាត់​បង់​ប្រពន្ធ​ និង​កូន​ស្រី ហើយ​ប្រាក់​នេះ​មិន​អាច​ធ្វើ​ឲ្យ​ពួក​គេ​រស់​​​​ឡើង​វិញ​បាន​ទេ​”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស