30.7 C
Phnom Penh

ការស្ទាបស្ទង់​​​រក​​​ឃើញ​​​ថា អ្នក​បោះ​ឆ្នោត​ត្រូវ​ការ​ព័ត៌​​​​​​មាន​​​​​​បន្ថែម​​​ជា​​​ចាំ​​​បាច់​​​ មុន​ពេល​​​បោះ​​​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លទ្ធ​​​ផល​​​​​​នៃ​​​ការ​​​ស្ទាប​​​​​​ស្ទង់​​​មួយ​​​ធ្វើ​​​ឡើង​​​ដោយ​​​មូល​​​និធិ​​​អន្តរជាតិ​​​​​សម្រាប់​​​ប្រព័ន្ធ​​​បោះ​​ឆ្នោត ហៅ​​​កាត់​​​ថា IFES ដែល​​​​​​មាន​​​​​​មូលដ្ឋាននៅ​​​ក្រុង​​​វ៉ាស៊ីន​​​តោន បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​កម្ពុជា តែ​​​១៥​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​ដែល​​​ស្គាល់​​​គណៈ​​​កម្មាធិការជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ហៅ​​​កាត់​​​ថា គ.ជ.ប. និង​​​៨៥ភាគ​​​រយ​​​ជឿ​​​ថា គណ​​​បក្ស​​​ន​​​យោ​​​បាយ​​​​​​គួរតែ​​​លាត​​​ត្រដាង​​​​ហិរញ្ញ​​​វត្ថុ​​​សម្រាប់​​​ការ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោស​​​នា​​​របស់​​​ខ្លួន។

ការស្ទង់​​​មតិ​​​ដែល​​​បាន​​​ធ្វើ​​​ឡើង​​​​​​កាលពី​​​ខែ​​​មេសា​​​និង​​​ខែ​​​ឧសភា​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាុយ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​នេះ​​​ ផ្អែក​​​លើ​​​បទ​​​សម្ភាស​​​​​​ជា​​​មួយ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​គ្រប់​​​អាយុ​​​បោះ​​​ឆ្នោត​​​ចំនួន​​​១.៧៥២​​​​​នាក់​​​និង​​​ក្រុម​​​គោល​​​ដៅ​​​​ចំនួន​​​១០​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​​​​ប្រាំ។

IFES បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ លទ្ធ​​​ផល​​​នៃ​​​ការ​​​ស្ទាប​​​ស្ទង់​​​​​បង្ហាញ​​​ថា ប្រ​​​ជា​​​ពល​​​រដ្ឋ​​​កម្ពុជា ​​​ចាប់​​​អារម្មណ៍​​លើ​​​ដំណើរ​​​ការ​​​បោះឆ្នោត​​​​​​ ប៉ុន្តែ​​​ បាន​​​រាយ​​​ការ​​​ណ៍​​ថា ទទួល​​​បាន​​​ព័ត៌មានតិច​​​តួច​​​​​​ស្ដី​​​ពី​​​ដំណើរ​​​ការ​​​នេះ​​​។ទិន្នន័យ​​​ក៏​​​បង្ហាញ​​​ដែរថា​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​ មាន​​​ការ​​​យល់​​​ដឹង​​​ខ្លះៗ​​​​​​អំពី​​​ការ​​​បោះ​​​ឆ្នោត ​​​​​​ប៉ុន្តែ​​​មួយ​​ចំនួន​​​​​​ធំ​​​បង្ហាញ​​​ថា ត្រូវ​​​ការ​​​ព័ត៌​​​មាន​​​បន្ថែម​​​”។ ការ​​​ស្ទាប​​​ស្ទង់​​​នេះបង្ហាញ​​​ថា មួយ​​​ផ្នែក​​​ដោយ​​​សារ​​​តែ​​​​​​មាន​​​ប្រជាជន​​​ពល​​​រដ្ឋ​​​មួយ​​​ចំនួន​​​តូច​​​ប៉ុណ្ណោះ​​​ ដែល​​​យល់​​​ដឹង​​​ថា គណៈ​​​កម្មាធិការ​​ជាតិ​​​រៀប​​​ចំ​​​ការ​​​​​បោះ​​​ឆ្នោត​​​​​ជា​​​អ្វី​​​ ​និង​​​ធ្វើ​​​កិច្ច​​​ការ​​​អ្វី​​​ខ្លះ​​​ឲ្យ​​​ប្រាកដ។

“ ប្រជាពល​​​រដ្ឋ​​​កម្ពុជាត្រឹម​​​តែ​​​១៥ភាគ​​​រយ​​​​​​ប៉ុណ្ណោះ​​​ ដែល​​​​​ស្គាល់​​​ឈ្មោះ​​​​​​អង្គការ​​​ទទួល​​​​​​បន្ទុក​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​។លទ្ធ​​​ផល​​​​​​​​​នៃ​​​ការ​​​ស្ទាប​​​ស្ទង់​​​លើ​​​ក្រុមគោល​​​ដៅ​​​​​​បាន​​​បញ្ជាក់​​​ជា​​​ថ្មី​​​ថា នេះ​​​ដោយ​​​សារ​​​តែ​​​មាន​​​ការ​​​យល់​​​ដឹង​​​តិច​​​តួច​​​ពី​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត”​​​។ ការ​​​ស្ទាបស្ទង់​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​ថា ​​​ក្នុង​​​ឆ្នាំ​​​កន្លង​​​ទៅ ចំនួន​​​ប្រជាពល​​​រដ្ឋ​ដែល​​​ចង់​​​ឲ្យ​​​គណបក្ស​​​នយោបាយ​​​បង្ហាញ​​​ព័ត៌មាន​​​ស្ដីពី​​​ហិរញ្ញវត្ថុ មាន​​​ការ​​​កើន​​​ឡើង។

ការ​​​ស្ទាប​​​ស្ទង់​​​នេះ​​​បាន​​​លើក​​​ឡើង​​​ “ ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា ​​​ក៏​​​សម្ដែង​​​ការ​​​គាំទ្រ​​​ខ្លាំង​​​ដែរ​​ចំពោះ​​​ការ​​​លាតត្រដាង​​​ជា​​​សាធា​​​រណៈ​​​អំពី​​​​​​ការ​​​បរិច្ចាគ​​​សម្រាប់​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោសនា​​​បោះឆ្នោត​​​ ពោល​​​គឺ​​​​​មាន​​​ភាគ​​​រយ​​​ខ្ពស់​​​ជាង​​​​​​ការ​​​​​​ស្ទាប​​​ស្ទង់​​​មតិ​​​របស់​​ IFES ក្នុង​​​ឆ្នាំ​​​២០១២​​​”។​​​ការ​​​ស្ទាប​​​ស្ទង់​​​នេះ​​​បាន​​​គូស​​​​​​បញ្ជាក់​​​ថា ចំនួន​​​បាន​​​កើន​​​ឡើង​​​ពី៧៣​​​ភាគ​​​រយ​​កាលពី​​​ឆ្នាំ​​​មុន​​​ដល់​​​៨៥​​​ភាគ​​​រយ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​។

កាលពី​​​ខែ​​​មុន​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ជា​​​គណបក្ស​​​មួយ​​​ក្នុង​​​ចំណោម​​​គណបក្ស​​​នយោ​​​បាយ​​​ចំនួន​​​បី​​​ ដែល​​​បាន​​​អវត្តមាន​​​ក្នុង​​​ពិធី​​​ចុះ​​​ហត្ថលេខា​​​ ដែល​​​ក្នុង​​​នោះ​​​អ្នក​​​តំណាង​​​បាន​​​សន្យា​​​ថា គណបក្ស​​​របស់​​​ខ្លួន​​​នឹង​​​ស្ម័គ្រ​​​ចិត្ត​​​លាត​​​ត្រដាង​​​ប្រភព​​​ និង​​​ចំនួន​​​មូលនិធិ​​​រៃ​​​អង្គាស​​​​​​សម្រាប់​​​ការ​​​បោះឆ្នោត​​​។

លោក​​​ ទេព នីថា អគ្គលេខាធិការ​​​​​នៃ​​​គណៈ​​​​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោកបាន​ឮ​​​អំពី​​​របាយការណ៍​​​នេះ​​​ ប៉ុន្តែ​​​ មិន​​​បាន​​​ឃើញ​​​វា​​​ទេ។ លោក​​​បន្ថែម​​​ថា “ ដើម្បី​​​ការ​​​យល់​​​ដឹង​​​ យើង​​​​​​​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ធំៗ​​​ពីរ​​​រៀង​​​រាល់​​​ប្រាំឆ្នាំ​​​ម្ដង​​​។កាលពីឆ្នាំ​​​មុន​​​យើង​​​មាន​​​មន្ត្រី​​​បោះ​​​ឆ្នោត​​​​​​​​​ជាង​​​១១០.០០០​​​នាក់​​​ដែល​​​ជា​​​ប្រជា​​​ពល​​​​​​​​​រដ្ឋ​​​នៅ​​​ក្នុង​​​ស្រុក​​​។ហើយ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ឆ្នាំ​​​នេះ​​​ យើង​​​បាន​​​ជ្រើស​​​រើស​​​មន្ត្រី​​​បោះឆ្នោត​​​ជាង​​​១២០.០០០​​​នាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​។ ដូច្នេះ​​​មន្ត្រី​​​ទាំង​​​នេះ​​​​​​ត្រូវ​​​​​​ផ្សព្វ​​​ផ្សាយ​​​ការ​​​យល់​​​ដឹង​​​អំពី​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​បាន​​​ច្រើន​​​ទៅ​​​ដល់​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជា”៕

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ គុច ណារ៉េន)
ប្រែ​​​សម្រួល​​​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស