29 C
Phnom Penh

គ.ជ.ប.មាន​ខ្សែ​​​ទូរស័ព្ទ​​​ឲ្យ​អ្នក​​​បោះ​​​ឆ្នោត​​​ទាក់​​​ទង​​​ពេល​​​បាត់​​​ឈ្មោះ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​​​ពី​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ថា ប្រជាពលរដ្ឋ​​​យ៉ាង​​​ហោច​​​ណាស់​​​មួយ​​​​លាន​​នាក់​​​ នឹង​​​បាត់​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នោះ​​​ គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​​ចំ​​​ការ​​​បោះឆ្នោត​​​ ហៅ​​​កាត់​​​ថា គ.ជ.ប. បាន​​​​​ប្រកាសកាលពី​​​ម្សិល​​​មិញ​​​ថា អ្នក​​​បោះឆ្នោត​​​ដែល​​​បាត់សិទ្ធិ​​​បោះ​​​ឆ្នោត​​​ អាច​​​ព្យាយាម​​​ទូរ​ស័ព្ទ​​​ទៅ​​លេខមួយខ្សែ​​​ក្នុង​​​ចំណោម​​​លេខ​​​ទូរស័ព្ទ​​​ចំនួន​​​ប្រាំ​​​ខ្សែ​​​​​​បាន​​​ ប្រសិន​​​បើ​​​ឈ្មោះ​​​របស់​​​ខ្លួន​​​​បាត់​​​ពី​​​បញ្ជី​​​ឈ្មោះ​បោះឆ្នោត​​​។

គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ​​​បាន​​​និយាយ​​​ថា ខ្លួន​​​ក៏​​​នឹង​​​បញ្ជូន​​​មន្ត្រី​​​ប្រាំមួយ​​​រូប​​​ទៅ​​​កាន់​​​ការិយាល័យ​​​​​​បោះ​​​ឆ្នោតនីមួយៗ ផង​​​ដែរក្នុង​​​ចំណោម​​​ការិយា​​​ល័យ​​​បោះឆ្នោត​​​ចំនួន​​​១៩.០០៩​​​ការិយា​​​ល័យ​​​ទូទាំង​​​ប្រទេស​​​ដែល​​​នឹង​​​បើក​​​ដំណើរ​​​ការ​​​​​​ពី​​​ម៉ោង​​​៧ព្រឹក​​​រហូត​​​​ដល់​​​ម៉ោង​​​៣​រសៀល​​​​​​នៅ​​​​​​ថ្ងៃ​​​អាទិត្យ​​​។

អ្នក​​​បោះឆ្នោត​​​ដែល​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​បញ្ជី​​​អ្នក​​​បោះឆ្នោត​​​មិន​​​ឃើញ​​​អាច​​​ទៅ​​​សុំ​​​ជំនួយ​​​ពី​​​មន្ត្រី​​​ ឬ​​​ពួក​​​គាត់​​​អាច​​​ទូរស័ព្ទ​​​ទៅ​​​ខ្សែ​​​ណាមួយ​​​ក្នុង​​​ចំណោម​​ខ្សែ​​​​ទូរស័ព្ទ​​​ចំនួន​​​ប្រាំ ដែល​​​នឹង​​​​​ដាក់​​​ឲ្យ​​​ដំណើរការ​​​​នៅ​​​តែ​​​ថ្ងៃ​​​អាទិត្យ​​​​ប៉ុណ្ណោះ​​​។

គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​បោះ​​​ឆ្នោត​​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​​​​មួយ​​​កាលពី​​​ម្សិលមិញ​​​ថា “ជំនួយ​​​ការ​​​ទី​​​២​​​នេះ​នឹង​​​ជួយ​​​អ្នក​​​បោះឆ្នោត​​​រក​​​ឈ្មោះ​​​​​និង​​​​​​លេខ​​​រៀង​​​​របស់​​​ពួកគាត់​​​នៅ​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​បោះឆ្នោត​​​”។

ប៉ុន្តែ​​​លោក គល់​ បញ្ញា នាយក​​​ប្រតិ​​​បត្តិ​​​អង្គការ​​គណៈ​​​កម្មាធិការ​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ ហៅកាត់​​​ថា ខុម​​ហ្វ្រែល​​​ បាន​​​ថ្លែង​​​​កាលពី​​​ម្សិលមិញ​​​ថា ការ​​​ដំឡើង​​​ខ្សែ​​​ទូរស័ព្ទ​​​ពិសេស​​​បែប​​​នេះ​​​ទំនង​​​​ជា​​​មិន​​​អាច​​​ជួយ​​​អ្វី​​​បាន​​​ទេ​​​​​​នៅ​​​​ដំណាក់​​​កាល​​​នេះ នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​បោះ​ឆ្នោត​​​ ហើយ​​​លោក​​​​បាន​​​សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា អ្នក​​​បោះ​ឆ្នោត​​​​​​ដែល​​​គេ​​​មិន​​​អនុ​ញ្ញាត​​​ឲ្យ​​​បោះឆ្នោត ​​​ប្រហែល​​​​ជា​​​មាន​​​ប្រតិ​កម្ម​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​ដក​​​សិទ្ធិ​​​​បោះ​​​ឆ្នោត​​​របស់​​​ពួក​​​គាត់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  “ខ្ញុំ​​​បារម្ភ​​​ខ្លាំង​​​​ណាស់​​​​​​អំពី​​​ជម្លោះ​​​ ពីព្រោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​ជា​ច្រើន​​​​​ត្រូវ​​​​​​​​​បាន​​​ជំរុញ​​​ទឹក​​​ចិត្ត​​ដោយ​​​​គណ​បក្ស​​​​របស់​​​ខ្លួន​​​ ជា​​​ពិសេស​​​គណបក្ស​​​កាន់​​​អំណាច​​​និង​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​ពួក​​គាត់​​​​​​មាន​​​ការ​​​ប្ដេជ្ញា​​​ខ្ពស់ណាស់​​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​។ដូច្នេះ​​​នៅ​​​ឯការិយាល័យ​​​បោះឆ្នោត ប្រសិន​​​បើ​​​ពួក​​​គាត់​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​​​​មិន​​​ឃើញ ​​​ពួក​​​គាត់​​​នឹង​​​ខឹង​​​ ហើយ​​​ខ្ញុំ​​​ពិត​​​ជា​​​ព្រួយ​​​បារម្ភ​​​​​​ណាស់”។

លោក​ គល់​​​ បញ្ញា ថ្លែង​​​​ទៀត​​​​ថា អង្គការ​​​ខុម​ហ្វ្រែល​​​ បាន​​​បង្ហាញ​​​គណៈ​​​កម្មា​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​រួច​​​ហើយ​​​កាល​ពី​​ពីរបី​​​សប្ដាហ៍​​​មុន នូវ​​​​​​គំរូ​​​​​នៃ​​​បញ្ជី​​​​ឈ្មោះ​បោះឆ្នោត​​​​​​​​ ដែល​​​​​ឈ្មោះ​​​​​​​​​​​​អ្នក​បោះ​​​ឆ្នោត​​​កំពុង​​​បាត់​​​ពី​​​បញ្ជី​​​​​នៅ​​​ឡើយ​​​ “ប៉ុន្តែ​​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ខ្ញុំ​​​មិន​​​ទាន់​​​ទទួល​​​បាន​ចម្លើយ​​​​​​​​វិជ្ជ​​​មានទេ​​​”។​​​

លោក​​​​​​បាន​បន្ថែម​ថា  “ពួក​​​គាត់​​​​មាន​​​ភ័ស្ដុ​តាង​​​ទាំង​​​អស់​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​ការ​​​ជា​​​ចាំ​​​បាច់​ដូចជា​​​ អត្តសញ្ញាណប័ណ្ណ និង​​​ប័ណ្ណ​​​ព័ត៌មាន​​​ជា​​​ដើម​​​ ពី​​​ព្រោះ​​​បញ្ជី​​​ឈ្មោះ​បោះ​ឆ្នោត​​​​បាន​​​ធ្វើ​​​ឡើង​​​ក្នុង​​​​​​ឆ្នាំ​​​២០១២ ប៉ុន្តែ​​​ពួក​​​គាត់​​​ស្វែង​​​​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​មិន​​​ឃើញ​​​ឡើយ​។ ​ពួកគេ​​​ [គ.ជ.ប.] មិន​​​បាន​​​ឆ្លើយ​​​តប​​​ទេ​​​។​​​ តើ​​​ពួក​​​គេ​​​​​​នឹងដោះ​​​ស្រាយ​​​​​​បញ្ហា​​​នេះ​​​ក្នុងថ្ងៃ​​​នោះ​​​ដោយ​​​​របៀប​​​​​ណា​​​? ពួក​​​គេ​​​គ្មាន​​​ដំណោះ​ស្រាយ​​សម្រាប់​​​ [ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ​​​] ទេ”។

សវនកម្ម​​​ឯករាជ្យ​​​ពីរ​​​លើ​​​បញ្ជី​​​អ្នក​​​បោះ​ឆ្នោត​​​បាន​​​រក​​​ឃើញ​​​កំហុស​​​ឆ្គង​​​ជា​​​ច្រើន​​​ដែល​​​បណ្ដាល​​​ឲ្យ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​​​​យ៉ាង​​​ច្រើន​​​មិន​​​អាច​​​​បោះឆ្នោត​​​នៅ​​​ចុង​​​សប្ដាហ៍​​​នេះ​​​បាន​​​​​​។ ​​​វិទ្យាស្ថាន​​​ជាតិ​​​ប្រជាធិបតេយ្យ​​​ ហៅ​​​កាត់​​​ថា NDI ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ក្រុង​​​វ៉ាសីុនតោន​​​ បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​សវនកម្ម​​​របស់​​​ខ្លួន​​​លើ​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​ថា ក្នុង​​​ចំណោម​​​អ្នក​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​១០​​​នាក់ មាន​​​លើស​​​ពី​​​ម្នាក់​​​ដែល​​​គ្មាន​​​ឈ្មោះ​​ក្នុង​​​បញ្ជី​​​​​​ឈ្មោះ​បោះឆ្នោត ហើយ​​៩ភាគរយ​​​នៃ​​​អ្នក​​​បោះ​ឆ្នោត​​​មុនៗ​​​ត្រូវ​​​បាន​​​លុប​​​ចេញពី​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​​​​​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​។ ​​​

ការស្ទាប​​​ស្ទង់​​​​​​មួយ​​​របស់​​​អង្គការ​​​ខុម​​​ហ្វ្រែល​ បាន​​​ប៉ាន់​​​ប្រមាណ​​​ថា  អ្នក​​​បោះ​​​ឆ្នោត​​​១,២៥​​​លាន​​​នាក់​​​អាច​​​នឹង​​​បាត់​​​បង់​​​សិទ្ធិ​​​បោះឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​​​​នេះ។ ដោយ​​​រង​​​សម្ពាធ​​​កាន់​​​តែខ្លាំង​​​ឡើង​​​ទាំង​​​ក្នុង​​​ប្រទេស​​​និង​​​នៅ​​​លើ​​​ឆាក​​​អន្តរជាតិ​​​ គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​កាល​ពី​ដើម​​​ខែ​​​នេះ​​​ បាន​​​បញ្ចេញ​​​លទ្ធផល​​​នៃ​​​សវន​កម្ម​​​ផ្ទាល់​​​ខ្លួន​​​លើ​​​បញ្ជី​​​ឈ្មោះ​​​​បោះ​​​ឆ្នោត​​​ ដែល​​​​បាន​​​រក​​​ឃើញ​​​ថា ឈ្មោះ​​​អ្នក​​ចុះ​​​ឈ្មោះ​​​បោះ​ឆ្នោត​​​ចំនួន​​​៩​​​ភាគ​​​រយ​​​អាច​​​រក​​​​​​មិន​​​ឃើញ​​​។

បន្ថែម​​​ពី​​​លើ​​​នោះ​​​ គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​ បាន​​​លើកឡើង​​​ថា ឈ្មោះ​​​អ្នក​​​បោះឆ្នោត​​​ចំនួន​​​១៣​​​ភាគ​​​រយ​​​ត្រូវ​​​បាន​​​បញ្ចូល​​​​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​។

លោក​​​  ទេព​​​  នីថា  អគ្គលេខាធិការ​គ.ជ.ប. ​​​បាន​​​បន្ត​​​អះអាង​​​កាលពី​​​​​ម្សិលមិញ​​​ថា​​​​​ ប្រជា​​​ពលរដ្ឋ​​​នឹង​​​នៅ​​​តែ​​​ទទួល​​​បាន​​​សិទ្ធិ​​​បោះឆ្នោត​​​។  “វា​​​ជា​​​លើក​​​ដំបូង​​​ហើយ​​​ ដែល​​​គណៈ​កម្មាធិ​ការ​​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​ឆ្នោត​​​​​​ ដំឡើង​​​​ខ្សែ​ទូរ​ស័ព្ទ​​​​ពិសេស​​​សម្រាប់​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​ទាក់​​​ទង​​​មក​​​យើ​​​ង នៅពេល​​​​ពួក​​​​គាត់​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​នៅ​​​តាម​​​ការិយា​ល័យ​​​បោះឆ្នោត​​​​​​ក្នុង​​​ថ្ងៃ​​​បោះ​ឆ្នោត​​​មិន​​​ឃើញ”។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​បោះ​​​ឆ្នោត​​​​​​លើក​​​មុន​​​ យើង​​​ទទួល​​​បាន​​​ព័ត៌មាន​​​​​​ពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ថា មាន​​​អ្នក​​​បោះ​ឆ្នោត​​​មួយ​​​ចំនួន​​​ ដែល​​​មិន​​​អាច​​​បោះឆ្នោត​​​បាន បន្ទាប់​​​ពី​​​ពួក​​​គាត់​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​មិន​​​ឃើញ​​​ ប៉ុន្តែ​​​យើង​​​មិន​​​ដែល​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​អំពីការ​​​បាត់​​​ឈ្មោះ​​​នៅ​​​ថ្ងៃ​​​បោះឆ្នោត​​​ទេ​​​”៕

ប្រែសម្រួល​​​ដោយ តែម សុខុម

​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស