ថ្វីបើរូបរបស់គាត់ស្ថិតនៅជាប់នឹងរូប“ សម្តេច” ទាំងពីរនាក់ទៀតរបស់គណបក្សប្រជាជនកម្ពុជានៅលើផ្ទាំងឃោសនាបោះឆ្នោតនៅទូទាំងប្រទេសក៏ពិតមែន ប៉ុន្តែតាមពិតលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សនេះ បានអវត្តមានពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិនេះ តាំងពីក្រោយពេលចាប់ផ្តើមភ្លាមម៉្លេះ។
លោក ជា ស៊ីម ក្នុងវ័យ៨០ឆ្នាំ បានបាត់មុខពីសាធារណជនអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយសារជំងឺ ដោយលោកបានចេញមុខតែនៅពេលមានពាក្យចចាមអារ៉ាមថា លោកបានធ្វើអនិច្ចកម្មហើយប៉ុណ្ណោះ។ លោកបានបង្ហាញមុខជាសាធារណៈលើកចុងក្រោយបំផុតដោយមិនបានថ្លែងមួយម៉ាត់សោះនៅពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា។
លោក យឹម លាង នាយករងខុទ្ទកាល័យរបស់លោក ជា ស៊ីម បានឲ្យដឹងថា ប្រធានគណបក្សកាន់អំណាចរូបនេះពុំមានភាពមាំមួនល្មមនឹងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះទេ។
លោក យឹម លាង បានមានប្រសាសន៍ថា “ វាជារឿងធម្មតាទេ ពេលនេះលោកមានអាយុ៨០ឆ្នាំទៅហើយ តើឲ្យគាត់មាំមួនដូចមុនម៉េចនឹងកើតទៅ?”។ លោកបានបន្ថែមថា ពាក្យចចាមអារ៉ាមថ្មីបំផុតអះពីសុខភាពរបស់លោក ជា ស៊ីម គឺបង្កឡើងដោយសារការផ្តាសាយធម្មតាប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចការរបស់លោក ជា ស៊ីម នៅព្រឹទ្ធសភាត្រូវបានជំនួសដោយលោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែលោក លាង បានបញ្ជាក់ថា ពុំមានផែនការជំនួសតំណែងរបស់លោក ជា ស៊ីម ជាប្រធានគណបក្សកាន់អំណាចជាផ្លូវការឡើយ ទោះបីជាលោកពុំមានសកម្មភាពអ្វីសោះក៏ដោយចុះ។ លោក យឹម លាង បានមានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជាគ្មានគោលការណ៍ផ្លាស់ប្តូររូបលោកទេ”។
លោក គង់ គាំ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងបានឲ្យដឹងថា លោក ជា ស៊ីម លែងកាន់តួនាទីសកម្មនៅព្រឹទ្ធសភាជាយូរមកហើយ។ លោក គង់ គាំ បានបន្តទៀតថា ការផ្លាស់ប្តូរនេះមិនបានធ្វើឲ្យមានភាពខុសប្លែកគ្នាប៉ុន្មានទេ ព្រោះដូចជាលោក ជា ស៊ីម ដែរ លោក សាយ ឈុំ ធ្វើតែតាមគោលការណ៍បក្សកាន់អំណាច ដែលមានអាសនៈភាគច្រើននៅព្រឹទ្ធសភាប៉ុណ្ណោះ។
ទោះជាយ៉ាងណា ប្រវត្តិកន្លងមកបញ្ជាក់ថា ក្រោយចប់ការបោះឆ្នោត ដែលមានលទ្ធផល ប្រកៀកប្រកិតម្តងៗ តួនាទីរបស់លោក ជា ស៊ីម ជាប្រមុខរដ្ឋស្តីទីអាចក្លាយជាតួនាទីស្នូល។ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៣ បក្សប្រជាជនកម្ពុជាទទួលបានអាសនៈសភាភាគច្រើន ប៉ុន្តែមិនគ្រប់ពីរភាគបីសម្រាប់ដឹកនាំប្រទេសតែម្នាក់ឯងទេ។
បន្ទាប់ពីមានការជាប់គាំងអស់រយៈពេលមួយឆ្នាំ គឺពេលប្រទេសនេះគ្មានរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច បានព្រមព្រៀងគ្នា បង្កើតរដ្ឋាភិបាលចម្រុះក្នុងខែកក្កដា ឆ្នាំ២០០៤ ដែលការធ្វើបែបនេះតម្រូវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយ់ាងច្រើន។
ដោយសារព្រះរាជអវត្តមានរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបានយាងចេញពីប្រទេសកម្ពុជាដើម្បីព្យាបាលព្រះរោគនៅក្នុងប្រទេសចិន នៅពេលនោះ ការទទួលខុសត្រូវក្នុងការចុះហត្ថលេខាលើការធ្វើវិសោធនកម្មនេះក៏បានធ្លាក់ទៅលើលោក ជា ស៊ីម ដែលជាប្រមុខរដ្ឋស្តីទី ។
លោក ជា ស៊ីម មិនបានចុះហត្ថលេខាលើវិសោធនកម្មនេះទេ ផ្ទុយទៅវិញគឺបានចាកចេញពីប្រទេសនេះក្រោមវត្តមានរបស់កងកម្លាំងនគរបាលយា៉ងច្រើនដែលត្រូវបានដាក់ពង្រាយដោយ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិដ៏មានអំណាចនិងគួរឲ្យខ្លាចបំផុតរបស់គណបក្សប្រជាជនកម្ពុជា ។
ពេលនោះ លោក ជា ស៊ីម បានអះអាងថា លោកមានបញ្ហាសុខភាពដែលតម្រូវឲ្យទៅព្យាបាលនៅទីក្រុងបាងកក ប៉ុន្តែមជ្ឈដ្ឋានទូទៅសង្ស័យថា លោកបានបដិសេធមិនចុះហត្ថលេខាលើអ្វីដែលត្រូវបានហៅថា “ ការបោះឆ្នោតជាកញ្ចប់នេះ”។ ដោយសារអវត្តមានរបស់លោក ជា ស៊ីម សេចក្តីសម្រេចក្នុងការចុះហត្ថលេខាលើវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសនេះក៏បានធ្លាក់ទៅលើលោក ញឹក ប៊ុនឆៃ អតីតអនុប្រធានព្រឹទ្ធសភា ដែលពេលនោះក៏មានតួនាទីជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចដែរ។ លោក ញឹក ប៊ុនឆៃ ក្រោយមកបានទម្លាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពីតំណែងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ លើសពីនេះទៅទៀត រដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០០៦ ដើម្បីឲ្យមានការតម្រូវត្រឹមអាសនៈសភា៥០បូកមួយសម្រាប់បង្កើតរដ្ឋាភិបាល៕
ប្រែសម្រួលដោយ ចេវ ប៊ុននី