32 C
Phnom Penh

ស្ថាន​ទូត​នានា​ត្រៀម​ខ្លួន​ព្រោះ​ខ្លាច​ក្រែង​មាន​អំពើ​ហិង្សាពាក់​ព័ន្ធ​នឹង​ការបោះ​ឆ្នោត​កើត​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ស្ថានទូតនានា​​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ខ្លួន​បាន​ផ្តល់​ដំណឹង​ដល់​ប្រជា​ពល​​រដ្ឋ​របស់​ខ្លួនរួចរាល់​​ហើយ​អំពី​ភាព​ចលា​ចល​​ដែល​នឹង​អាច​កើត​​មាន​ឡើងពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​​ និង​មាន​​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​​ខ្លាច​ក្រែង​មានការ​តវ៉ា​​​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ឬ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទោះ​បី​ជា​​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​​នេះ​នៅ​មាន​ស្ថិរ​ភាព​នៅ​ឡើយក្ដី​។

មន្ត្រី​មក​ពី​ស្ថាន​ទូត​អូស្ត្រាលី​ អង់គ្លេស និង​សហ​រដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ខ្លួន​បាន​​​ក្រើន​រំឭក​ដល់​ប្រជាពល​រដ្ឋ​រប​ស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​ត្រៀម​ខ្លួនទុក​ជា​មុន​​​​ ខ្លាច​ក្រែង​​​មាន​ភាព​ចលាចល​ផ្ទុះឡើង​។

កម្ម​វិធី​ណែនាំ​អំពីការ​ធ្វើ​ដំណើរ​របស់​ស្ថាន​ទូត​អង់គ្លេស​​ដែល​បង្ហោះ​​តាម​អីុនធើ​ណិត​ បាន​ផ្តល់​ដំណឹង​ឲ្យ​​ប្រជាពល​រដ្ឋ​របស់​ខ្លួន​​ចៀស​វាង​ពី​យុទ្ធនា​ការ​ឃោស​នា​​បោះ​ឆ្នោត​។ កម្ម​វិធី​នេះ​បាន​លើក​ឡើង​ដោយ​សំដៅ​ទៅលើ​ឧបទ្ទវហេតុ​កាល​ពីថ្ងៃ​ទី​៥​ខែកក្កដា​ នៅពេល​មាន​ការ​បាញ់​ឡើង​លើ​ប៉ុន្មាន​គ្រាប់​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​អំឡុង​យុទ្ធ​នាការ​ឃោសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានីភ្នំពេញ​ថា  “ ស្ថាន​ទូត​សូម​ក្រើន​​រំឭក​ដល់​ប្រជាពល​រដ្ឋ​ឲ្យ​​ចៀស​វាង​ពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រប​ស់​​គណ​បក្ស​នយោបាយ​ ការហែ​ក្បួន​ ឬក៏​ការ​ប្រមូល​ផ្តុំ​ផ្សេង​ៗ​ ដែល​អាច​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​”។ ហើយ​វរ​សេនីយ៍ឯក​ម្នាក់់​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ដែល​​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះ​ការបាញ់​បោះ​​នេះ​​​​​​​។

កាល​ពី​ពេល​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​​ថ្ងៃ​សៅរ៍​ ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​ទៅលើ​ទ្វារ​កញ្ចក់​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ​មួយ​គ្រាប់នៅខណ្ឌ​ទួល​គោក​​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ គ្មាន​នរណាម្នាក់​រង​របួស​ឡើយ​។ ​

លោក​ សៀន ម៉ាកខិន​តូស (Sean McIntosh) អ្នក​នាំពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​បាន​លើ​កឡើង​ថា ស្ថាន​ទូត​បាន​ផ្តល់​ដំណឹង​​​ដល់​ប្រជាពល​រដ្ឋ​អាមេរិក​​ដែល​សព្វថ្ងៃ​កំពុង​រស់​នៅ​ ឬធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ អំពី​ការ​បោះ​ឆ្នោត​ដែល​នឹង​ជិត​មក​ដល់​ ហើយ​​បាន​ស្នើ​​ឲ្យ​ពួក​គេ​ចុះ​ឈ្មោះ​នៅ​ក្នុង​កម្ម​វិធី​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​របស់​ខ្លួន​។ លោក​បាន​លើក​ឡើង​ថា “ ស្ថាន​ទូត​បាន​ក្រើន​រំឭក​ប្រជាពល​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​ពី​សន្តិសុខ​ផ្ទាល់​​ខ្លួន និ​ងគម្រោង​​ដែល​បាន​ត្រៀម​ទុក​រួច​ជា​ស្រេច​​ ឲ្យ​តាម​ដាន​​ជាប់​ជា​និច្ច​អំពីការ​វិវឌ្ឍនៃ​សន្តិ​សុខ​​ក្នុង​ប្រទេស​កម្ពុជា​ និង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ ពួក​គេ​ក៏​ត្រូវ​បាន​ជំរុញ​ឲ្យ​តាម​ដាន​​របាយ​ការណ៍​ព័ត៌​មាន និង​ប្រយ័ត្ន​ប្រយែង​ចំពោះ​សកម្ម​របស់​ខ្លួន​ផង​ដែរ រួម​មាន​ការ​ចៀស​វាង​ពី​​បាតុ​កម្ម​ទ្រង់​ទ្រាយ​​ធំ​ និង​ការ​ប្រមូ​ល​ផ្តុំ​ផ្សេងៗ”។

នៅ​ពេល​​សួរ​ថា តើ​ស្ថាន​ទូត​សហ​​រដ្ឋអា​មេ​រិក​ព្រួយ​បារម្ភ​អំពី​ការ​បោះ​ឆ្នោត​ដែល​នឹង​ជិត​មក​ដល់​​ឬ​​យ៉ាង​ណា​នោះ​លោក​ ម៉ាក​ខិន​តូស បាន​ថ្លែង​ថា “យើង​ជំរុញ​ឲ្យមាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សន្តិវិធី​​”។​ យោង​តាម​អ្នកនាំពាក្យ​ស្ថាន​ទូត​អូស្ត្រាលី​​បាន​ឲ្យដឹងថា ស្ថាន​ទូត​អូស្ត្រាលី​ក៏បា​ន​​​​​ប្រុង​ប្រយ័ត្ន​ទុក​ជាមុន​ស្រដៀង​គ្នា​ដែរ ​ ហើយ​​​បាន​ផ្តល់​ដំណឹង​ដល់​ប្រជាពល​រដ្ឋ​រប​ស់​ខ្លួន​ឲ្យ​ចៀស​វាង​​ពី​ទីតាំង​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​មួយ​ចំនួ​ន​ជាពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

អ្នក​នាំពាក្យស្ថានទូត​​រូប​នេះ បាន​លើក​ឡើង​ថា “ ប្រជាពលរដ្ឋ​អូស្ត្រាលី​​គួរ​តែ​ចៀស​វាង​ពីការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​ ឬក៏​បាតុ​កម្ម​នានា​ ជាពិសេស​ក្បែរ​​ទីស្នាក់​ការ​គណ​​បក្ស​នយោ​បាយ​ អគារដ្ឋ​សភា​ ភូមិ​គ្រឹះ​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​(ក្បែរ​វិមានឯក​រាជ្យ) ​​​សាលា​រាជធានី​ភ្នំពេញ និង​អគារ​ ឬ​បរិវេណ​​នានា​របស់​រដ្ឋា​ភិបាល​ និង​របស់​យោធា​”។

យោង​តាម​​លោក​ ផៃ ស៊ីផាន​ អ្ន​ក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ឲ្យដឹង​ថា ប៉ុន្តែ​នៅ​ពេល​ស្ថាន​ទូត​កំពុង​ចាត់​វិធាន​ការ​ដើម្បី​ការពារ​​ប្រជាពល​រដ្ឋ​របស់​ខ្លួន គណប​ក្ស​ប្រជាជន​កម្ពុជា​រំពឹង​ថា នឹង​មាន​តែ​​សន្តិភាពប៉ុណ្ណោះ​សម្រាប់ការ​បោះ​ឆ្នោត​នេះ​​។ លោក​ ផៃ ស៊ីផាន​ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំគិត​ថា នឹងគ្មាន​ភាព​ចលា​ចលកើតឡើង​​​​ឡើ​យ ពីព្រោះ​​​ស្ថានភាព​សព្វថ្ងៃ​មាន​​​ភាព​ស្ងប់ស្ងាត់​ល្អ​ប្រសើរណាស់​”។

លោក​ យឹម​ សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍ថា លោក​សុំ​មិន​អត្ថាធិប្បាយ​ឡើយ​រហូត​ដល់​មាន​ការ​ប្រកាស​លទ្ធ​ផល​នៃការ​បោះឆ្នោត។ លោក​ យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ យើង​ត្រូវ​​តែ​រង​់ចាំ​រហូត​ដល់​ថ្ងៃ​អាទិត្យ​។ យើង​នឹង​អង្កេត​ពីស្ថាន​ភាព​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស