កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសតារាកំប្លែងឈ្មោះ ជួន ចាន់រតនា ហៅ ក្អយ ឲ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ ដោយកំបាំងមុខ ពីបទក្លែងបន្លំឯកសារ ហើយក៏បានចេញដីកាចាប់ខ្លួនតារាអាយុ២៦ឆ្នាំរូបនេះ។
អ្នកស្រី ចាន់រតនា ក៏ត្រូវពិន័យជាប្រាក់ចំនួនបីលានរៀល និងបង្គាប់ឲ្យសងប្រាក់ចំនួន៧.២០០ដុល្លារដល់លោក ស៊ុន វ៉ា ដែលជាដើមចោទផងដែរ។
ចុងចោទរូបនេះបានឡើងសវនាការកាលពីដើមខែនេះ បន្ទាប់ពីត្រូវចោទប្រកាន់កាលពីឆ្នាំមុនពីបទក្លែងបន្លំឯកសារសាធារណៈយករថយន្តពីរគ្រឿង គឺម៉ាក Lexus RX300 មួយគ្រឿងនិង Toyota Camry មួយគ្រឿងទៅបញ្ចាំ ដែលរថយន្តទាំងពីរគ្រឿងនេះអ្នកស្រីបានជួលពីដើមចោទរូបនេះ។
បទចោទប្រកាន់នោះក្រោយមកបានប្ដូរទៅជាការប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយដែលជាទូទៅត្រូវមានទោសជាប់ពន្ធនាគារតិចជាងមុន គឺចន្លោះពីពីរឆ្នាំទៅប្រាំឆ្នាំ។
លោក សំ សុគង់ មេធាវីការពារចុងចោទបានមានប្រសាសន៍ថា “ខ្ញុំមិនអាចទទួលយកសាលក្រមនេះបានទេ។ តុលាការត្រូវតែធ្វើការស៊ើបអង្កេតជាថ្មី”។លោក សំ សុគង់ បានបន្ថែមថា លោកមិនទាន់បាននិយាយជាមួយកូនក្ដីរបស់លោកនៅឡើយទេ ហើយក៏មិនប្រាកដថា តើអ្នកស្រីនឹងប្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមផ្ដន្ទាទោសនេះឬអត់ទេ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា