លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាបានបង្កើតមូលនិធិមនុស្សធម៌មួយដែលមានទឹកប្រាក់រាប់សែនដុល្លារសម្រាប់ជួយអ្នកក្រនៅក្នុងខេត្តព្រៃវែង ជាទង្វើមួយដែលកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោត ហើយមូលនិធិនេះត្រូវបានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បានចាត់ទុកថា ជាការទិញសន្លឹកឆ្នោត។
សេចក្តីជូនដំណឹងមួយចេញដោយខុទ្ទកាល័យរបស់លោក ស ខេង និងចុះកាលបរិច្ឆេទថ្ងៃសៅរ៍ ប៉ុន្តែ ទទួលបានកាលពីម្សិលមិញ មានខ្លឹមសារថា “មូលនិធិផ្ទាល់ខ្លួន” របស់លោក ស ខេង នឹងផ្តល់លុយឲ្យអ្នកជំងឺ សាច់ញាតិរបស់អ្នកស្លាប់ និងស្ត្រីដែលទើបសម្រាលកូននៅក្នុងខេត្តព្រៃវែង បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអាទិត្យ ។
សេចក្តីជូនដំណឹងដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងស្នើសុំឲ្យប្រជាជនបោះឆ្នោតឲ្យលេខ៤ដែលជាលេខរៀងរបស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹក ឆ្នោតនេះលើកឡើងថា ដើម្បីទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិនេះ ប្រជាជនត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរតាមរយៈមេឃុំឬអភិបាលស្រុករបស់ខ្លួន។
យោងតាមសេចក្តីប្រកាសនេះបានឲ្យដឹងថា មូលនិធិនេះនឹងផ្តល់លុយឲ្យអ្នកជំងឺម្នាក់ចន្លោះពី២០០.០០០ទៅ៥០០.០០០ រៀល និងផ្តល់ឲ្យស្ត្រីទើបឆ្លងទន្លេ១០០.០០០រៀល និងសាច់ញាតិរបស់អ្នកទើបស្លាប់ថ្មីចំនួន២០០.០០០រៀលសម្រាប់ធ្វើបុណ្យសព។ ខេត្តព្រៃវែងមានប្រជាជនជិត១,១៨លាននាក់ និងអ្នកបោះឆ្នោតចំនួន៨០៩.០០០នាក់ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងបានបញ្ជាក់ថា ការចែកលុយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានេះ គឺជាការពិត។ លោក ជាម ហ៊ីម បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា តើការចែកលុយនេះអាចទាក់ទាញអ្នកបោះឆ្នោតឬអត់នោះទេ ប៉ុន្តែ តាមការយល់ឃើញរបស់ខ្ញុំ វាគឺជាសកម្មភាពមនុស្សធម៌”។
លោក ពុធ សុផាត សមាជិកមូលនិធិនេះដែលលេខទូរស័ព្ទរបស់គាត់ជាលេខសម្រាប់ទំនាក់ទំនងនៅក្នុងសេចក្តីជូនដំណឹងនេះបាននិយាយថា មូលនិធិនេះមានលុយចំនួន២០០.០០០ដុល្លារសម្រាប់បរិច្ចាគដំបូងទៅឲ្យអ្នកក្រនៅក្នុងខេត្តនេះ។ លោក សុផាត បាននិយាយថា “ឥឡូវនេះ យើងមានលុយចំនួន២០០.០០០ដុល្លារ ហើយសប្បុរសជន នឹងជួយផ្តល់លុយមកឲ្យយើងបន្ថែមទៀត។ យើងនឹងពិនិត្យមើលតុល្យភាពនៃការចំណាយរបស់យើងនៅខែដំបូង ដើម្បីចង់ដឹងថា តើយើងនឹងចំណាយអស់លុយប៉ុន្មាន បន្ទាប់ពីការបោះឆ្នោតនេះ”។
លោក សុផាត បាននិយាយបន្ថែមថា ការផ្តួចផ្តើមគំនិតនេះគឺជាទង្វើមនុស្សធម៌ ហើយលុយទាំងនេះត្រូវបានបរិច្ចាគដោយផ្ទាល់ពីលោក ស ខេង អ្នកនយោបាយដែលបម្រើការងារជាយូរមកហើយនៅក្នុងគណបក្សប្រជាជនកម្ពុជា។ គាត់បាននិយាយថា “នេះមិនមែនជាមូលនិធិរបស់រដ្ឋាភិបាលទេ ប៉ុន្តែវាគឺជាមូលនិធិផ្ទាល់ខ្លួន”។
ដោយកើតមានឡើងតែប៉ុន្មានថ្ងៃ មុនការបោះឆ្នោតនោះ ទង្វើនេះបានធ្វើឲ្យមានចម្ងល់ថា តើការបរិច្ចាគលុយរបស់លោក ស ខេង គឺជាការទិញសន្លឹកឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា ឬយ៉ាងណា។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ការសន្យាផ្តល់លុយនេះមិនមែនជាការទិញសន្លឹកឆ្នោតនោះទេ គឺគ្រាន់តែជាការសន្យាពេលឃោសនាបោះឆ្នោតតែប៉ុណ្ណោះ ស្រដៀងគ្នាទៅនឹងការសន្យារបស់គណបក្សសង្គ្រោះជាតិក្នុងការផ្តល់ប្រាក់ចូលនិវត្ត ប្រសិនបើពួកគេឈ្នះឆ្នោតនៅថ្ងៃអាទិត្យ។
លោក ទេព នីថា បានមានប្រសាសន៍ថា “នេះគ្រាន់តែជាការសន្យាប៉ុណ្ណោះ ហើយវាមិនមែនជាការទិញទឹកចិត្តនោះទេ។ គណបក្សនយោបាយផ្សេងៗទៀតអាចធ្វើដូចគ្នានេះបាន”។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថា ជនណាដែលរកឃើញថា ទិញសន្លឹកឆ្នោតដោយការផ្តល់សម្ភារ ឬលុយកាក់ ត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ដកបេក្ខភាពឈរឈ្មោះបោះឆ្នោត និងពិន័យជាប្រាក់ចន្លោះពី៥លានរៀល ទៅ២៥លានរៀល។
គណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ជាការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដោយគណបក្សទាំងពីរនេះបានទទួលការគាំទ្រច្រើន អំឡុងការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំមុននៅក្នុងខេត្តព្រៃវែង ជាខេត្តដែលធ្លាប់មានការគាំទ្រច្រើនចំពោះគណបក្សប្រជាជនកម្ពុជា។
ខេត្តព្រៃវែងមាន១១អាសនៈនៅក្នុងរដ្ឋសភា និងជាគោលដៅនៃការធ្វើយុទ្ធនាការឃោសនារបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រោះពួកគេទំនងជាខ្លាចបាត់បង់សំឡេងច្រើនទៅលើគណបក្សប្រឆាំង។
លោក យ៉ែម បុញ្ញប្ញទ្ធិ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលព្រៃវែងបានមានប្រសាសន៍ថា លោកមិនបារម្ភចំពោះមូលនិធិរបស់លោក ស ខេង នោះទេ។ លោកថ្លែងថា “ខ្ញុំគិតថា ពួកគេខ្លាចបាត់បង់សន្លឹកឆ្នោតនៅទីនេះ។ប្រជាជនដែលរស់នៅក្នុងខេត្តព្រៃវែងកំពុងគាំទ្រយើងជាច្រើន និងចូលរួមជាមួយយើងយ៉ាងសកម្ម។ ទឹកចិត្តរបស់ពួកគេខ្លាំងជាងអំណាចទឹកលុយ សារុង និងគ្រឿងឧបភោគបរិភោគ”។
គណបក្សសង្គ្រោះជាតិកំពុងផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួននៅទូទាំងប្រទេស រួមមានគោលនយោបាយផ្តល់សំណាញ់សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ បង្កើនការចំណាយថវិកាជាតិលើការគាំពារសុខភាព និងផ្តល់ប្រាក់ប្រចាំខែ១០ដុល្លារដល់មនុស្សចាស់។
លោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា គ.ជ.ប. ដែលមានឯករាជ្យពេញលេញនឹងចាត់ទុកការសន្យារបស់មូលនិធិនេះជាការទិញសន្លឹកឆ្នោត។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា តាមគោលការណ៍អន្តរជាតិ នេះគឺជាការទិញសន្លឹកឆ្នោត ប៉ុន្តែ តាមច្បាប់របស់យើង និងតាមការបកស្រាយរបស់ គ.ជ.ប.នេះមិនមែនជាការទិញសន្លឹកឆ្នោតទេ”។ លោកបានមានប្រសាសន៍ថា ខុមហ្វ្រែលបានស្នើសំុជាច្រើនដងឲ្យគ.ជ.ប. បញ្ជាក់ឲ្យបានច្បាស់បន្ថែមទៀតថា តើការទិញសន្លឹកឆ្នោតមានន័យដូចម្តេច។ លោកបានថ្លែងថា “ការចែកអំណោយរបស់អ្នកនយោបាយ និងការសន្យាផ្តល់លុយគួរតែចាត់ទុកជាការទិញសន្លឹកឆ្នោត”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជាបានមានថ្លែងថា វាច្បាស់ហើយថា មូលនិធិនេះមានបំណងជួយឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតនៅក្នុងខេត្តនេះនៅថ្ងៃបោះឆ្នោត។ លោកបានមានប្រសាសន៍ថា មូលហេតុចំពោះការធ្វើបែបនេះគឺដើម្បីធ្វើឲ្យច្បាស់ថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនៅក្នុងខេត្តនេះ”។ លោកបានបន្ថែមថា លោកគិតថា នេះជាវិធីសាស្ត្រចម្លែកមួយ ពីព្រោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្រៅខេត្តព្រៃវែងនឹងសួរថា “ចុះចំណែកយើងវិញ?”។
លោក ព្រាប កុល បានមានប្រសាសន៍ថា “យើងដឹងថា ប្រសិនបើពួកគេចង់ប្រមូលលុយសម្រាប់មូលនិធិបែបនេះ មានអ្នកមានទ្រព្យសម្បត្តិច្រើនណាស់នៅក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីបរិច្ចាគលុយទៅឲ្យមូលនិធិនេះ។ យើងមិនដឹងថា លុយនេះបានមកពីណា និងជាលុយកខ្វក់ ឬជាលុយស្អាតស្អំនោះទេ”៕
ប្រែសម្រួលដោយ មូល គឹមហឿន