ម្ចាស់ស្ថានីយវិទ្យុ អេប៊ីស៊ី (ABC) ដ៏មានប្រជាប្រិយភាពដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់ការផ្សាយពេលព្រឹកកាលពីម្សិលមិញ ដើម្បីព្យាករថា កងយោធពលខេមរភូមិន្ទនឹងធ្វើរដ្ឋប្រហារទម្លាក់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោក កឹម សុខា ចេញពីអំណាចប្រសិនបើពួកគាត់ឈ្នះការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ។
លោក សេង ប៊ុនវ៉េង ដែលបានបង្កើតវិទ្យុ អេប៊ីស៊ី កាលពីឆ្នាំ២០០៨ ហើយដែលមានរហស្សនាមថា អាចារ្យអេ បាននិយាយតាមវិទ្យុថា យោធានឹងធ្វើរដ្ឋប្រហារ ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតពីព្រោះទាហានភាគច្រើនសុទ្ធតែស្មោះស្ម័គ្របំផុតនឹងរដ្ឋាភិបាលលោក ហ៊ុន សែន។
លោក ប៊ុនវ៉េង បាននិយាយសំដៅដល់លោក សម រង្ស៊ី ថា “ លោកមិនអាចធ្វើជានាយករដ្ឋមន្ត្រីបានឡើយនៅពេលនេះ ពីព្រោះទាហានជាច្រើនបានបូជាជីវិតរបស់ខ្លួន ដើម្បីបញ្ចប់របបដឹកនាំរបស់ ប៉ុល ពត”។ លោកបន្ថែមថា “ លោកត្រូវតែរង់ចាំ១៥ឆ្នាំទៀតរហូតដល់ទាហានទាំងនោះស្លាប់ទៅតាមវ័យ”។លោកបន្តថា រូបលោកក៏នឹងបោះឆ្នោតឲ្យ លោក សម រង្ស៊ី ដែរនៅពេលនោះប្រសិនបើលោកនៅមានជីវិត។
នៅពេលលោក ប៊ុនវ៉េង បានលើកឡើងថា ការលើកឡើងរបស់លោកមិនមានបំណងកាន់ជើងគណបក្សណាមួយនៅក្នុងចំណោមគណបក្សសំខាន់ៗទាំងពីរនោះ ការលើកឡើងរបស់លោកនេះបានធ្វើឲ្យមានប្រិយមិត្តទូរស័ព្ទចូលទៅស្ថានីយវិទ្យុរបស់លោកទាំងកំហឹង។
អ្នកទូរស័ព្ទចូលម្នាក់បានសួរថា “ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយសង្គ្រាមផ្ទុះឡើង ហេតុអ្វីបានជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំការបោះឆ្នោតនេះឡើង?”។
លោក ប៊ុនវ៉េង បានឆ្លើយតបថា មិនមែនជាលោក ហ៊ុន សែន នោះទេដែលនឹងដឹកនាំការធ្វើរដ្ឋប្រហារយោធាបែបនេះ ប៉ុន្តែ យោធាខ្លួនឯងទេនឹងធ្វើដូច្នេះ ដោយសារតែភាពស្មោះស្ម័គ្ររបស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជា។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានថ្លែងកាលពីម្សិលមិញថា ការលើកឡើងរបស់លោក ប៊ុនវ៉េង គឺមានបំណងចង់បន្ទុចបង្អាក់ប្រជាពលរដ្ឋមិនឲ្យបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ខ្ញុំគិតថា ទាហាននឹងមិនធ្វើអ្វីឡើយ ពីព្រោះ[ លទ្ធផលនៃការបោះឆ្នោត] បង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋ”។ លោកបានបន្ថែមថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែដោះស្រាយបញ្ហានេះ ហើយគួរតែអញ្ជើញម្ចាស់ស្ថានីយវិទ្យុរូបនេះឲ្យមកបញ្ជាក់ពីការលើកឡើងរបស់គាត់ដល់សាធារណជន”។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងកាលពីម្សិលមិញនេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាត់វិធានការ ប្រសិនបើម្ចាស់ស្ថានីយវិទ្យុរូបនេះ ធ្វើអត្ថាធិបាយបែបនេះទៀត។
លោកបានមានប្រសាសន៍ថា “ ការលើកឡើងបែបនេះរបស់ អាចារ្យអេ មិនត្រឹមត្រូវឡើយ។ ប្រព័ន្ធផ្សព្វផ្សាយមិនអាចលើកឡើងថា តើនឹងមានការធ្វើរដ្ឋប្រហារយោធា ឬក៏អត់នោះទេ ប្រសិនបើគណបក្សមួយ ឬគណបក្សមួយផ្សេងទៀតឈ្នះឆ្នោតនោះ”។លោកបានបន្ថែមទៀតថា “ ខ្ញុំនឹងចេញបទបញ្ជាឲ្យសហការីរបស់ខ្ញុំឃ្លាំមើលស្ថានីយ៍វិទ្យុមួយនេះ ដើម្បីបញ្ឈប់ការផ្សាយអំពីការលើកឡើងបែបនេះ និងការរំខានដល់ដំណើរការបោះឆ្នោត”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថា ការលើកឡើងរបស់លោក ប៊ុនវ៉េង គឺមានបំណងបំភិតបំភ័យប្រិយមិត្តអ្នកស្តាប់របស់លោក។ លោកមានប្រសាសន៍ថា “ ករណីនេះគឺមានបំណងចង់ធ្វើឲ្យមានភាពចលាចលមុនពេលការបោះឆ្នោតជាតិឈានមកដល់។ បុរសរូបនេះស្រឡាញ់ចូលចិត្តសង្គ្រាម ហើយកំពុងតែញុះញង់ឲ្យកើតសង្គ្រាម ហើយព្យាយាមញុះញង់ប្រិយមិត្តអ្នកស្តាប់របស់ខ្លួន”។
លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិជាគណបក្ស តំណាងឲ្យប្រជាធិបតេយ្យ និងសេរីភាព ហេតុដូច្នេះហើយទាហាននឹងមិនធ្វើរដ្ឋប្រហារឡើយ”។ លោកបានមានប្រសាសន៍បន្តទៀតថា “យោធានឹងសប្បាយរីករាយ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ពីព្រោះពួកគាត់នឹងទទួលបានប្រាក់ខែខ្ពស់”៕
(រាយការណ៍បន្ថែមដោយ Alex Willemyns)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង