29 C
Phnom Penh

លទ្ធ​ផល​ឌី​​អិន​​​អេ​ពាក់​ព័ន្ធករណី​ធ្វើឃាត​ស្ត្រី​ទេស​ចរ​ជន​ជាតិ​បារាំង​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​របស់​នគរបាល​បារំាំង​​ពី​ករណី​ធ្វើ​ឃាត​ទេសចរ​ជន​ជាតិ​បារាំង​​អាយុ​២៥​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពត​កាលពី​ខែ​កុម្ភៈ​ នោះ មិន​បាន​បង្ហាញលទ្ធផល​​ឌីអិន​អេ ​ដែល​អាច​កំណត់​សញ្ញាណ​អ្នក​​សម្លាប់​​​ស្ត្រី​រូប​នេះ​បាន​ឡើយ​។

លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់ ជីតូ ដែល​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​របាយ​ការណ៍​ឌី​អិន​អេ​ ពី​មន្ត្រី​ស្ថានទូត​បារាំង​កាល​ពី​ពីរ​សប្ដាហ៍​មុន​ ប៉ុន្តែ​របាយ​ការ​ណ៍​នេះ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។

សាកសព​អាក្រាត​កាយ​របស់​ស្ត្រី​ឈ្មោះ អូហ្វីលី បេកនីស (Ophelie Begnis) ត្រូវ​បាន​គេ​​​​​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ក្បែរ​មាត់​ស្ទឹង​ក្នុង​ក្រុង​​​កំពត​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​មាន​​​​ស្នាម​​​របួស​​ត្រង់​ដៃ​និង​ក្បាល​។គេ​ឃើញ​ស្ត្រី​រូប​នេះ​លើក​ចុង​ក្រោយ​ជិះ​កង់​ចេញ​ពី​ផ្ទះ​សំណាក់​ដែល​នាង​ស្នាក់​នៅ​មួយ​ថ្ងៃ​មុន​ពេល​សាក​សព​របស់​នាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​។

កាល​ពី​ខែ​មីនា នគរបាល​បារំាង​មួយ​ក្រុម​រួម​ទាំង​ក្រុម​កោសល្យវិច័យ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពត​ ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ និង​ប្រមូល​សំណាក​ឌី​អិន​អេ បន្ទាប់​ពី​ក្រុម​គ្រួសារ​ស្ត្រី​ឈ្មោះ​ អូហ្វីលី បេក​នីស ​បាន​ប្តឹង​ទៅ​រដ្ឋាភិបាល​បារាំង​។ មក​ទល់​ពេល​នេះ​ នគរបាល​មូល​ដ្ឋាន​​បាន​រក​ឃើញ​​ជន​សង្ស័យ​តែ​ម្នាក់​​ប៉ុណ្ណោះ គឺ​ឈ្មោះ អូលីវីយេ វ៉ាន  ដែន បូហ្គាអឺត (Olivier van den Bogaert) ដែល​មា​ន​អាយុ​៤០​ឆ្នាំ​ជា​ជន​ជាតិ​បែល​ហ្ស៊ិក​។

ឈ្មោះ វ៉ាន ដែន បូហ្គាអឺត ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មេសា និង​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ បន្ទាប់​ពី​សាក្សី​បាន​ឃើញ​ជន​នេះ​ទុក​កង់​ចោល​នៅ​ចម្ការ​ទុរេន​មួយ​ ចម្ងាយ​​ពីរបី​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​គេ​ប្រទះ​ឃើញ​សាកសព​​នោះ។ លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់ ជីតូ បាន​មាន​ប្រសាសន៍​ថា “ មិន​មាន​របាយ​ការណ៍​ឌីអិន​អេ ដែល​ត្រូវ​គ្នា​នឹង​ជន​សង្ស័យ​រូប​នេះ​ឡើយ​។ [ភ័ស្ដុ​តាង​ឌី​អិន​អេ]​​នេះ​ ប្រហែល​ជា​បាត់​​ក្នុង​ទឹក​ទៅ​ហើយ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា របាយការណ៍​ឌី​អិន​អេ​នេះ​មិន​ត្រឹម​ត្រូវ​និង​មិន​ច្បាស់​លាស់​ឡើយ​​ ហេតុដូច្នេះ​ហើយ​  “ មិន​អាច​ប្រើ​ការ​បាន​ទេ​”។ ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ ​លោក​បាន​មាន​ប្រសាសន៍​ថា“ឥឡូវ​នេះ​ភ័ស្ដុ​តាង​​ឌី​អិន​អេ​មិន​មែន​ជា​រឿង​​​សំខាន់​ឡើយ។ ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ភ័ស្ដុ​តាង​និង​សាក្សី”។

លោក​ ឃុន សុផល​ មេធាវី​ការពារ​ឈ្មោះ ​វ៉ាន ដែន បូហ្គាអឺត ​បាន​ថ្លែង​ថា លោក​​មិន​បាន​ទទួល​របាយ​ការណ៍​ឌី​អិន​អេ​ទេ ហើយ​កំពុង​រត់​ការ​ដើម្បី​ឲ្យ​កូន​ក្ដី​របស់​លោក​បាន​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ដែល​​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពត​។

ចៅក្រម​ស៊ើប​សួរ​​ ហុង សុគន្ធ​វឌ្ឍនា បាន​បញ្ជាក់​អះអាង​ថា តុលា​ការ​បាន​ទទួល​​​របាយ​ការណ៍​ឌីអិន​អេ​ ហើយ​ ហើយ​បាន​បញ្ជូន​​​​របាយ​ការ​ណ៍​នេះ​ឲ្យ​គេ​បក​ប្រែ​ហើយ​។ លោក​ចៅ​ក្រម​ សុគន្ធវឌ្ឍនា ​បាន​មាន​ប្រសាសន៍​​ថា “ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​របាយការណ៍​ជា​ភាសា​ខ្មែរ​នៅ​ឡើយ​​ទេ​”។​  លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លោក​កំពុង​សាកសួរ​សាក្សី​នៅ​ឡើយ​។

លោក​ នីកូ​ឡាស ​បូ​ឌូអ៊ីន​ (Nicolas Baudouin) ​លេខាទី១នៅ​ស្ថានទូត​បារាំង​បាន​បដិសេធ​មិន​​​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ឡើយ​៕

ប្រែ​សម្រួល​ដោយ​ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស