33 C
Phnom Penh

អង្គការ​នានា​និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​អះអាង​ថា មាន​កម្មករជា​កុមារ​​ធ្វើ​ការ​នៅ​ចម្ការ​អំពៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពី​ម្សិល​មិញ​គាំ​ទ្រ​អត្ថបទ​មួយ​ដែល​បាន​ចេញ​ផ្សាយ​តាម​ទំព័រ​កាសែត​ឌឹ ហ្គា​ឌាន (Guardian) របស់​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​​ការ​ដាក់​កុមារ​ឲ្យ​ធ្វើ​ការ​នៅ​ឯ​ចម្ការ​អំពៅ​ដែល​ផ្គត់​ផ្គង់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អង់គ្លេស​ឈ្មោះ​​​​​​​​​​​​ Tate & Tyles​។

ក្រុម​ហ៊ុន​ Tate & Tyles​ បាន​គំរាម​ថា​នឹង​ប្ដឹង​កាសែត ​ឌឹ ហ្គាឌាន​ ពាក់​ព័ន្ធ​នឹង​អត្ថបទ​របស់​កាសែត​នេះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា​ដែល​អះអាង​ថា មាន​កម្មករជា​កុមារ​​កំពុង​ធ្វើ​ការ​នៅ​ឯ​ចម្ការ​អំពៅរបស​់​ក្រុម​ហ៊ុនថៃ​ ​ខេ អេស អិល (KSL)​ នៅ​ក្នុង​ខេត្ត​កោះ​កុង ដែល​ក្រុម​ហ៊ុន​នេះ​បញ្ជា​ទិញ​ ប៉ុន្តែ​មិន​ទាន់​បាន​ចាត់​វិធាន​​ការ​នៅ​ឡើយ​​ទេ​ ក្រុមហ៊ុន​នេះ​បាន​​ជំទាស់​យ៉ាង​ខ្លាំង​នឹង​​ការ​ថត​វីដេអូ​​ខ្លី​មួយ​ជា​មួយ​នឹង​អត្ថបទ​ដែល​បង្ហាញ​អំពី​កម្មករ​ជា​កុមារ​​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​អំពៅ​ទាំង​នោះ​។

លោក អ៊ាង វុទ្ធី នាយក​ប្រតិបត្តិ​របស់​អង្គការ​សមធម៌​កម្ពុជា​ បាន​លើក​ឡើង​​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​​នេះ​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “កាសែត​ឌឹហ្គាឌាន ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​ហើយ។ រូប​ថត​របស់​​យើង​ដែល​បង្ហាញ​ពី​កម្មករ​ជា​កុមារ​នៅ​ក្នុង​ចម្ការ​អំពៅ​របស់​ក្រុម​ហ៊ុន ខេ អេស អិល​ គឺ​មិន​អាច​បដិសេធ​បាន​ទេ ហើយ​យើង​រីក​រាយ​នឹង​បង្ហាញ​រូប​ថត​ទាំង​នោះ​ជា​ភ័ស្តុតាង​នៅ​ក្នុង​តុលាការ​ប្រសិន​បើ​ក្រុម​ហ៊ុន​ Tate & Tyles ​ពិត​​ជា​ហ៊ាន​ប្ដឹង​កាសែត​ឌឹហ្គាឌាន​ មែន​នោះ”។

​អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​​​សហគមន៍​ និង​អង្គការ​ Inclusive Development International ក៏​បាន​ចុះ​ហត្ថលេខា​​លើ​សេចក្ដី​ថ្លែង​ការណ៍​នេះ​ដែរ។ អ្នក​នាំ​ពាក្យ​​​​កាសែត​ ឌឹ ហ្គាឌាន បាន​បញ្ជាក់​​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​ Tate & Tyles បាន​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​​កាសែត​នេះ​​ហើយ​ ប៉ុន្តែ​ មិន​ទាន់​​​​បាន​ដាក់​ពាក្យ​​បណ្តឹង​ជា​ផ្លូវ​ការ​​ទេ។​ប៉ុន្តែ​ ​ភាគី​ខាង​កាសែត​វិញ​​ក៏​មិន​ទាន់​ឆ្លើយ​​តម​នឹង​សំណួរ​ជំុវិញ​ការ​ពិត​អំពី​វីដេអូ​​​ឃ្លីប​នេះ​ដែរ​។​

​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ Tate & Tyles​ ក៏​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​អំពី​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ដែរ។​ ប៉ុន្តែ​បន្ទាប់​ពី​​សមាជិក​ភាព​របស់​ខ្លួន​​ត្រូវ​បាន​ព្យួរ​ពី​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍​​ដែល​ផ្សព្វ​ផ្សាយ​ពី​​ប្រភព​ត្រឹម​ត្រូវ​នៃ​ស្ករស​នៅ​ក្នុង​​ឧស្សាហកម្ម​​​ម្ហូប​អាហារ ​និង​ថាម​ពល​កាល​ពី​ដើម​ខែ​នេះ​ ក្រុម​ហ៊ុន​ Tate & Tyles ​​បាន​និយាយ​​​ការ​ពារ​ការ​ប្រតិ​បត្តិការ​របស់​ខ្លួន។  “យើង​មិន​ខ្វល់​ចំពោះ​វិធី​សាស្ត្រ​​​ថ្មីៗ​នៅ​ក្នុង​យុទ្ធនាការ​របស់​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ប្រឆាំង​យើង​ទេ ព្រោះ​យើង​មាន​​ទំនុក​ចិត្ត​យ៉ាង​ច្បាស់​ថា យើង​បាន​ប្រតិបត្តិ​ត្រឹម​​ត្រូវ​ ទាំង​​តាម​​​ក្រម​សីលធម៌ និង​តាម​ផ្លូវ​ច្បាប់​”។

ក្រុម​ហ៊ុន​​នេះ​ក៏​កំពុង​ការ​ពារ​ខ្លួន​ឯង​ផង​ដែរ​ចំពោះ​ប្រជា​ពលរដ្ឋ​ចំនួន​២០០​គ្រួសារ​ដែល​ប្ដឹង​ខ្លួន​នៅ​ឯ​តុលាការ​យុត្តិ​ធម៌​ជាន់​ខ្ពស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​​​​​​​ពី​បទ​ទាញ​យក​ផល​ប្រយោជន៍​ពី​​​ដី​ដែល​ពួកគេ​អះអាង​ថា ​ត្រូវ​បាន​​​គេ​ដណ្ដើម​​យក​ដោយ​ខុស​ច្បាប់​ពី​ពួកគាត់។​

លោក អាន ហាយ៉ា (An Haya) ​ដើម​បណ្ដឹង​​ម្នាក់​ក្នុង​ចំណោម​ដើម​បណ្ដឹង​ទាំង​នោះ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ​ថ្មីៗ​នេះ​ លោក​បាន​ចាប់​ផ្ដើម​ប្រមូល​តួលេខ​អំពី​​កុមារ​ដែល​កំពុង​ធ្វើការ​នៅ​ចម្ការ​ទាំង​នោះ​ឲ្យ​ការិយា​​​ល័យ​​​​មេធាវី​ចាត់​ការ​ករណី​នេះ គឺ​ក្រុម​ហ៊ុន ចូន ឌេ (Jones Day)។

លោក ហាយ៉ា បាន​មានប្រសាសន៍​ថា រហូត​​មក​ដល់​ពេល​នេះ​លោក​ឃើញ​មាន កុមារ​​ចំនួន​​៨៥​នាក់​ជា​កូន​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​នោះ​ដែល​​មាន​អាយុ​ចន្លោះ​ពី១១ឆ្នាំ​ទៅ​១៧​ឆ្នាំ​​កំពុង​ធ្វើការ​​​​នៅ​ចម្ការ​ទាំង​នោះ។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​​ផ្នែក​ច្បាប់​ទេ ប៉ុន្តែ​វា​ជា​ការ​រំលោភ​​ច្បាប់​ធ្ងន់​ណាស់ក្នុង​ការ​ប្រើ​កម្មករ​កុមារ​បែប​នេះ​ឲ្យ​ធ្វើការ។ ក្រុម​ហ៊ុន​ចម្ការ​អំពៅ​​នេះ​មិន​ត្រឹម​តែ​រឹបអូស​យក​ស្រែ និង​ផ្ទះ​របស់​យើង​​​ប៉ុណ្ណោះ​ទេ ពេល​នេះ​ពួកគេ​ថែម​ទាំង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ទៀត​​”៕​

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស