របាយការណ៍ថ្មីមួយបានបង្ហាញថា រដ្ឋសភានៃប្រទេសកម្ពុជា កំពុងមានចំណុចខ្វះខាត ក្នុងសកម្មភាពត្រួតពិនិត្យរបស់ខ្លួន លើប្រាក់កម្ចីថ្មីៗដែលរដ្ឋាភិបាលបានទទួល ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បើធៀបនឹងសភានៃប្រទេសផ្សេងៗទៀត។
របាយការណ៍សិក្សាដែលសហភាពអន្តរសភា មានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ និងធនាគារពិភពលោក បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុង៤១ភាគរយនៃចំនួនប្រទេសទាំងឡាយដែលមានសភាមិនត្រូវបានតម្រូវតាមផ្លូវច្បាប់ឲ្យបញ្ជាក់ប្រាក់កម្ចី ដែលទទួលបានពីធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
លទ្ធផលទាំងនេះផ្អែក លើការចុះសិក្សារយៈពេលប្រាំបីខែ នៅប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១០០ក្នុងគោលបំណងសិក្សាពីទំហំជាក់ស្តែង ផ្នែកគណនេយ្យភាព ដែលសភាជ្រើសតាំងតាមលទ្ធិប្រជាធិបតេយ្យ សម្រេចបាន។ ទាក់ទងនឹងប្រទេសកម្ពុជា លទ្ធផលសិក្សានេះបានបង្ហាញថា រដ្ឋសភាមានតួនាទីចូលរួមក្នុងដំណើរការអនុម័តប្រាក់កម្ចី អំឡុងកិច្ចចរចានានា ប៉ុន្តែបែរជារដ្ឋសភាមិនមានតួនាទីក្នុងការត្រួតពិនិត្យគោលនយោបាយអភិវឌ្ឍន៍របស់ធនាគារពិភពលោកក្នុងប្រទេសនេះ មិនប្រើប្រាស់គណៈកម្មាធិការ ក្នុងការពិនិត្យប្រាក់កម្ចី និងមិនពាក់ព័ន្ធនឹងប្រាក់កម្ចី ដែលរដ្ឋាភិបាលសុំខ្ចីគេទៅវិញ។
នៅក្នុងសេចក្តីការណ៍ចេញផ្សាយ កាលពីម្សិលមិញ សហភាព IPU បានលើកឡើងថា ទោះបីជាសភាភាគច្រើន មានសិទ្ធិស្របច្បាប់ ក្នុងការធ្វើការសម្រេចចិត្តលើប្រាក់កម្ចីក៏ដោយ ការចូលរួមរបស់សភាទាំងនោះមានទំហំមិនប៉ុនគ្នាទេ។ លោក អេឌ័រ ចនសុន (Anders Johnson) អគ្គលេខាធិការ IPU បានលើកឡើងថា “ការត្រួតពិនិត្យរបស់សភាលើប្រាក់កម្ចីសម្រាប់ប្រទេសរបស់ខ្លួន មានសារៈសំខាន់ ពីព្រោះប្រាក់កម្ចីជារឿយៗតែងតែមានលក្ខខណ្ឌ ដែលតម្រូវឲ្យមានការកែប្រែគោលនយោបាយឬក៏ប្រព័ន្ធច្បាប់ ដែលអាចប៉ះពាល់ខ្លាំង លើអាយុជីវិតរបស់ប្រជាជនសាមញ្ញ ដូចដែលយើងបានឃើញនៅក្នុងករណីរឹតត្បិតថវិកា ដកបញ្ញត្តិពីទីផ្សារ ជាដើម”។
លោកបានបន្តថា “សមាជិកសភាគួរតែអាចសម្រេចបាន ប្រសិនបើប្រាក់កម្ចីណាមួយពិតជាមានភាពចាំបាច់ ហើយពិចារណាថា តើវាជាបន្ទុកក្នុងថវិកាជាតិដែរឬទេ។ នៅពេលសម្រេចបានកិច្ចព្រមព្រៀងហិរញ្ញប្បទានជាមួយរដ្ឋាភិបាលនៃប្រទេសណាមួយ ការទូទាត់សងតែងតែប្រើពេលយូរ បន្ទាប់ពីមានការផ្លាស់ប្ដូររដ្ឋាភិបាល”។
រដ្ឋសភានៃប្រទេសកម្ពុជា ដែលមានសមាជិកភាគច្រើន មកពីគណបក្សប្រជាជនកម្ពុជា បានរងការរិះគន់ជារឿយៗ អំឡុងនីតិកាល រយៈពេលប្រាំឆ្នាំកន្លងមកនេះ ដោយសារតែច្បាប់ប្រថាប់ត្រាយ៉ាងសាមញ្ញៗ ត្រូវបានស្នើឡើងដោយរដ្ឋាភិបាលនិងបានផ្តល់ឱកាសតិចតួច សម្រាប់កិច្ចពិភាក្សាដេញដោល ឬក៏សម្រាប់ការចូលរួមពីគណបក្សប្រឆាំង។
អំឡុងនីតិកាលមុន ធនាគារពិភពលោក បានបង្កកឥណទានថ្មីៗ សម្រាប់ប្រទេសកម្ពុជា ដោយសារតែមានរឿងរ៉ាវទាក់ទងនឹងការបណ្តេញចេញពីតំបន់បឹងកក់។ ក្នុងឆ្នាំនេះ ក្រុមហ៊ុនសំណង់កាណាដាឈ្មោះ SNC-Lavalin ត្រូវបានហាមឃាត់មិនឲ្យទទួលបានកិច្ចសន្យាថ្មីជាមួយធនាគារពិភពលោក បន្ទាប់ពីប្រតិបត្តិការសុើបអង្កេតមួយបានរកឃើញថា ក្រុមហ៊ុននេះបានសូកប៉ាន់មន្ត្រីនានា ហើយថែមទាំងជាប់ពាក់ព័ន្ធនឹងគម្រោងថាមពល ដែលធនាគារពិភពលោកបានផ្តល់មូលនិធិចំនួន៥លានដុល្លារនៅប្រទេសកម្ពុជាផង៕
ប្រែសម្រួលដោយ កង សុធា