ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានរាយការណ៍ថា កាលពីម្សិលមិញ ហាងកាហ្វេ កាហ្វេ បេណេ (Caffe Bene) ដែលជាហាងកាហ្វេធំបំផុតលំដាប់ទី២នៅប្រទេសកូរ៉េខាងត្បូង បានប្រកាសផែនការបើកដំណើរហាងរបស់ខ្លួន នៅប្រទេសកម្ពុជា។
ក៏ប៉ុន្តែ ខណៈដែលវត្តមានរបស់ហាងកាហ្វេនេះនឹងបន្ថែមគូប្រកួតប្រជែងមួយទៀត សម្រាប់ហាងកាហ្វេជិតដប់ ដែលកំពុងតែធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសនេះ ហាងកាហ្វេក្នុងស្រុកបានលើកឡើងថា ទីផ្សារសម្រាប់អាជីវកម្មនេះមិនទាន់ឈាន ដល់ដំណាក់កាលចង្អៀតទេ ដោយសារតែប្រជាជនដែលមានប្រាក់ចំណូលមធ្យម នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើនឡើង ហើយនិយមទទួលទានកាហ្វេទៀតផង។
ហាងកាហ្វេ កាហ្វេ បេណេ បានលើកឡើងនៅក្នុងសេចក្តីប្រកាស តាមរយៈសារព័ត៌មាន ឌឹ កូរ៉េ ថែមស៍ (The Korea Times) ថា “ ដោយសារតែ… ប្រទេសកម្ពុជា [មាន] សក្តានុពលសម្រាប់អភិវឌ្ឍន៍ទីផ្សារកាហ្វេ សហគ្រាសអាជីវកម្មក្នុងស្រុក នានា បានជ្រើសយកអាជីវកម្មកាហ្វេ បេណេ ដែលមានភាពរីកចម្រើនខ្លាំងនៅប្រទេសកូរ៉េ ធ្វើជាដៃគូអាជីវកម្ម”។
ទោះបីជាសេចក្តីប្រកាសនោះមិនបានបញ្ជាក់ថា តើអ្នកណាជាដៃគូពាណិជ្ជកម្មក្នុងស្រុក និងតើហាងនេះនឹងបើកនៅពេលណានោះក៏ដោយ សេចក្តីប្រកាសនេះបានបង្ហាញថា ហាងកាហ្វេ បេណេ នឹងត្រូវបានបើកឲ្យដំណើរការ នៅសង្កាត់បឹងកេងកង១ ក្នុងរាជធានីភ្នំពេញ។ នៅពេលហាងកាហ្វេ កាហ្វេ បេណេ បង្ហាញវត្តមាន ចំនួនអាជីវកម្មប្រើយីហោមានស្រាប់នៅលើទីផ្សារកាហ្វេ នៃប្រទេសកម្ពុជា នឹងកើនឡើងដល់ប្រាំបី។ ក្នុងចំណោមអាជីវកម្មកាហ្វេទាំងនេះ ភាគច្រើនមានហាងនៅក្នុងសង្កាត់បឹងកេងកង១ ដែលជាតំបន់ស្នាក់នៅរបស់ជនជាតិបរទេស និងអង្គការមិនមែនរដ្ឋាភិបាល។
លោក រ៉ាមី សារ៉ាហ្វ (Rami Sharaf) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន អាអឹមអេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុនវិនិយោគមួយ និងជាប្រតិបត្តិករក្នុងស្រុក សម្រាប់ហាងកាហ្វេ កូស្តា (Costa Coffee) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានមានប្រសាសន៍ថា “ យើងឃើញថា ហាងកាហ្វេមានចំនួនកើនឡើង ក៏ប៉ុន្តែ យើងឃើញមានមនុស្សកាន់តែច្រើនទៅកាន់ហាងកាហ្វេទាំងនោះដោយអារម្មាណ៍ចូលចិត្ត។ ទីផ្សារនេះស្ថិតក្នុងចំណោមសូចនាករច្បាស់លាស់បំផុតពីព្រោះវាបង្ហាញថា ប្រជាជនដែលមានប្រាក់ចំណូលមធ្យមមានការកើនឡើង ហើយចំនួនហាងកាហ្វេ ក៏បង្ហាញខ្លួនកាន់តែច្រើនផងដែរ ក៏ប៉ុន្តែ មិនបង្កផលប៉ះពាល់ដល់ចំនួនអតិថិជនគោលដៅទេ”។
លោកបានឲ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុន អាអឹមអេ មានគម្រោងបើកហាងកាហ្វេ កូស្តា ចំនួនពីរបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោកបាននិយាយថា “ យើងមិនបារម្ភ អំពីវត្តមានរបស់គូប្រកួតប្រជែងថ្មីទៀតទេ”។
លោក កៅ សូវណ្ណី ប្រធានគ្រប់គ្រងស្តីទី ហាងកាហ្វេ ឌឹ ខូហ្វ៊ី ប៊ីន (Coffee Bean) និងធី លីហ្វ (Tea Leaf) ដែលយីហោមកពីសហរដ្ឋអាមេរិក និងមានហាងពីរក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ប្រជាជនកម្ពុជាមានការយល់ដឹង កាន់តែច្រើនអំពីកាហ្វេដែលមានគុណភាពខ្ពស់ ជាហេតុនាំឲ្យការនាំចូលយីហោអាជីវកម្មមកប្រទេសកម្ពុជា មានភាពកាន់តែងាយស្រួល។លោកមានប្រសាសន៍ថា “ទីផ្សារកាហ្វេនៅប្រទេសកម្ពុជាកំពុងរីកចម្រើន ហើយប្រជាជនកម្ពុជាច្រើនណាស់ ដែលចាប់ផ្តើមទទួលយកទស្សនៈគោលនៃសាកលភាវូបនីយកម្ម និងមានការយល់ដឹងកាន់តែច្រើន អំពីយីហោកាហ្វេ”។
លោក ចាង ប៊ុនលាង សហស្ថាបនិក និងជានាយកគ្រប់គ្រងហាងកាហ្វេ ប្រោន (Brown Coffee) បានលើកឡើងថា វត្តមានរបស់ហាងកាហ្វេលំដាប់អន្តរជាតិ ដូចជា ហាងកាហ្វេ កាហ្វេ បេណេ កូស្តា និងហាងកាហ្វេ ខូហ្វី ប៊ីន ជាដើម មានឥទ្ធិពលបន្តិចបន្តួច ទៅលើហាងកាហ្វេយីហោក្នុងស្រុក ដូចជា ហាងកាហ្វេ ប្រោន ជាដើម។ លោកបាននិយាយថា ហាងកាហ្វេ ប្រោន “ មានលំនឹងខ្លាំងណាស់”។លោក បានបន្តថា “ យើងឃើញថា មានការប្រែប្រួលច្រើន ចំពោះអតិថិជនដែលចង់បានអ្វីដែលជារបស់ក្នុងស្រុកធៀបនឹងរបស់មកពីក្រៅស្រុក។ យើងកំពុងរៀបចំផែនការបើកហាង ចំនួនពីរទៀត នៅចុងឆ្នាំនេះ”។ លោកបានបន្ថែមថា “វត្តមានថ្មីៗគឺជារឿងល្អ ព្រោះវាផ្តល់នូវជម្រើសកាហ្វេច្រើនដល់អតិថិជន”៕
ប្រែសម្រួលដោយ កង សុធា