កាលពីម្សិលមិញ បណ្ដាអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បានអំពាវនាវឲ្យយោធាចេញសេចក្ដីថ្លែងការណ៍មួយច្រានចោលការអះអាងរបស់ម្ចាស់ស្ថានីយវិទ្យុដ៏ពេញនិយមមួយដែលថា យោធានឹងធ្វើរដ្ឋប្រហារទម្លាក់គណបក្សប្រឆាំងចេញពីអំណាច ប្រសិនបើគណបក្សប្រឆាំងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យនេះ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក សេង ប៊ុនវ៉េង ហៅ អាចារ្យអេ ដែលបានបង្កើតវិទ្យុអេប៊ីស៊ី ឡើងកាលពីឆ្នាំ២០០៨ បានលើកឡើងម្តងទៀតក្នុងកម្មវិធីផ្សាយពេលព្រឹកម្សិលមិញ នូវការព្រមានរបស់លោកកាលពីថ្ងៃអង្គារថា យោធានឹងធ្វើរដ្ឋប្រហារ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។
លោកបាននិយាយអំឡុងកម្មវិធីផ្សាយពេលព្រឹកព្រលឹមកាលពីម្សិលមិញថា“ បីខែបន្ទាប់ពី [គណបក្សសង្គ្រោះជាតិជាប់ឆ្នោត] ឈាមនឹងហូរដាបពេញផ្លូវ។អ្នកដែលតស៊ូដណ្ដើមអំណាចនៅក្នុងជួររដ្ឋាភិបាលរបស់លោក សម រង្ស៊ី [មេដឹកនាំគណបក្សប្រឆាំង] អ្នកដែលមិនទទួលបានតួនាទី នឹងចូលរួមជាទាហានរត់ចោលជួរ ដើម្បីធ្វើរដ្ឋប្រហារ”។ លោកបានលើកឡើងទៀតថា “នៅពេលនោះខ្ញុំនឹងចាកចេញពីប្រទេសនេះ ហើយវិនិយោគិននឹងចាកចេញពីប្រទេសរបស់យើង ហើយប្រទេសរបស់យើងនឹងរងការបំផ្លាញទាំងស្រុង”។
លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល បានមានប្រសាសន៍ថា ដើម្បីធ្វើឲ្យប្រាកដថាការបោះឆ្នោតនៅថ្ងៃអាទិត្យនេះមានភាពស្របច្បាប់ កងយោធពលខេមរភូមិន្ទគួរតែចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីធ្វើឲ្យអ្នកបោះឆ្នោតស្ងប់អារម្មណ៍ថា ការអះអាងរបស់លោក សេង ប៊ុនវ៉េង មិនមែនជាការពិត។
លោកមានប្រសាសន៍ថា “ប្រសិនបើមានការចោទប្រកាន់បែបនេះមែន យោធាគួរតែឆ្លើយតបដើម្បីធ្វើឲ្យអ្នកបោះឆ្នោតស្ងប់អារម្មណ៍ និងធ្វើឲ្យពួកគាត់យល់ថាខ្លួនមានសេរីភាពក្នុងការបញ្ចេញមតិ។ការអត្ថាធិប្បាយទាំងនេះបង្កការភ័យខ្លាចនិងរារាំងអ្នកបោះឆ្នោតមិនឲ្យបញ្ចេញមតិដោយសេរី”។
លោក សុន ឆ័យ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានមានប្រសាសន៍ដែរថា យោធាគួរតែធានាអះអាងចំពោះអ្នកបោះឆ្នោតជាសាធារណៈថា ខ្លួននឹងគោរពតាមលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ហើយបម្រើរដ្ឋាភិបាល មិនថារដ្ឋាភិបាលនោះបង្កើតឡើងដោយគណបក្សណាមួយឡើយ។
លោកបានមានប្រសាសន៍ថា “យោធាមិនគួរសម្ងំនៅស្ងៀម ឬនៅក្រោមឥទ្ធិពលគេតទៅទៀតទេ។ពួកគេជាកងទ័ពរបស់ប្រទេស មិនមែនជាកងទ័ពរបស់គណបក្សកាន់អំណាចឡើយ។ អគ្គមេបញ្ជាការគួរតែនិយាយអ្វីម្យ៉ាង។ ប្រសិនបើក្រសួងការពារជាតិជាផ្នែកមួយរបស់គណបក្សប្រជាជនកម្ពុជា នោះគឺជារឿងមួយ ប៉ុន្តែអគ្គមេបញ្ជាការគួរតែបង្ហាញអព្យាក្រឹតភាពរបស់ខ្លួន”។
ទោះជាយ៉ាងណា លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបង្វែរសំណួរទៅមន្ត្រីក្រសួងការពារជាតិ ប៉ុន្តែលោកបានមានប្រសាសន៍ថា លោកបានឮការចាក់ផ្សាយបង្ករឿងនេះតាមវិទ្យុអេប៊ីស៊ី។
ឧត្តមសេនីយ៍ទោមួយរូបនៅក្រសួងការពារជាតិ ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ការអត្ថាធិប្បាយរបស់លោក សេង ប៊ុនវ៉េង មិនត្រឹមត្រូវទេ ហើយទំនងជាធ្វើឡើងក្នុងបំណងបម្រើឲ្យនយោបាយ។ ឧត្តមសេនីយ៍រូបនេះបានលើកឡើងទៀតថា “នេះគ្រាន់តែជាទស្សនរបស់ អាចារ្យអេ ប៉ុណ្ណោះ។ កងយោធពលខេមរភូមិន្ទមិនអាចធ្វើអ្វីដូចគាត់ព្យាករទុកបាននោះទេ”។
លោក ផៃ សីុផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអះអាងរបស់លោក សេង ប៊ុនវ៉េង គ្មានហេតុផលទាល់តែសោះ ហើយយោធាគ្មានហេតុផលអ្វីត្រូវឆ្លើយតបនោះទេ ហើយបានអះអាងថា ការលើកឡើងបែបនេះគឺគ្រាន់តែជាការឃោសនាប៉ុណ្ណោះ។ លោកថ្លែងថា “យោធានៅកម្ពុជា គ្មានអំណាចដូចយោធានៅក្នុងប្រទេសថៃទេ។ ខ្ញុំគិតថា យោធាមានអារិយធម៌គ្រប់គ្រាន់មិនទៅធ្វើរដ្ឋប្រហារឡើយ ហើយខ្ញុំគិតថា អង្គការក្រៅរដ្ឋាភិបាលទាំងនោះកំពុងធ្វើឲ្យយោធាមានបញ្ហា ពួកគេចង់ឃើញរដូវកាលនេះជួបឧបសគ្គ និងចង់បង្ខូចលទ្ធផលបោះឆ្នោត”។ លោកថ្លែងទៀតថា “អង្គការក្រៅរដ្ឋាភិបាលទាំងនោះនឹងនិយាយថា ប្រជាពលរដ្ឋភ័យខ្លាចដល់ថ្នាក់មិនហ៊ានទៅបោះឆ្នោត ដើម្បីឲ្យរដ្ឋាភិបាលខូចកេរ្តិ៍ឈ្មោះ”។
តែទោះជាយ៉ាងណា លើកចុងក្រោយបង្អស់ដែលរថក្រោះរបស់កងយោធពលខេមរភូមិន្ទ និងកងទ័ពវាយប្រយុទ្ធគ្នាតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ គឺកាលពី១៦ឆ្នាំមុន ដោយនៅពេលនោះកងកម្លាំងដែលមានភក្ដីភាពចំពោះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២នាពេលនោះ បានប្រយុទ្ធនឹងកងកម្លាំងដែលមានភក្ដីភាពចំពោះព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១នាពេលនោះ ឈានទៅដល់ការទម្លាក់ព្រះអង្គម្ចាស់ចេញពីអំណាច ហើយបានធ្វើឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចរបស់លោកមានឥទ្ធិពលកាន់តែខ្លាំងចាប់តាំងពីពេលនោះមក។
នៅមុនពេលនោះ ពោលគឺក្រោយពីគណបក្សប្រជាជនកម្ពុជា ទទួលបរាជ័យក្នុងការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ មនុស្សមួយក្រុមនៅក្នុងគណបក្សនេះបានគំរាមវិលត្រឡប់ទៅកាន់អាវុធវិញ និងបង្កើតតំបន់អបគមន៍មួយនៅភូមិភាគបូព៌ានៃប្រទេសកម្ពុជា។ ការគំរាមនោះបានឈានទៅដល់ការបង្កើតរដ្ឋាភិបាលមួយដែលមាននាយករដ្ឋមន្ត្រីពីររូប គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ក្រៅពីសេចក្ដីថ្លែងការណ៍ចេញពីយោធាបដិសេធការផ្សាយតាមវិទ្យុនេះ រដ្ឋាភិបាលក៏គួរតែចាត់វិធានការបញ្ឈប់ការបំពានច្បាប់បោះឆ្នោតដែរ។ លោកបានមានប្រសាសន៍ថា “គ.ជ.ប. និងក្រសួងព័ត៌មានក៏គួរតែធ្វើអ្វីម្យ៉ាងដែរ។ពួកគេបានហាមប្រាមការចាក់ផ្សាយមួយចំនួនចេញពីកម្មវិធីផ្សាយជាខេមរភាសាបន្តផ្ទាល់ពីវិទ្យុបរទេសរួចទៅហើយ ដូច្នេះហេតុអ្វីបានជាបណ្ដោយឲ្យមានស្ថានភាពនេះបង្កភាពតានតឹងនៅក្នុងប្រទេសនេះទៅវិញ?”។
លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំសុំសួរថា ហេតុអ្វីបានជាគ.ជ.ប. ចាត់វិធានការយឺតយ៉ាវម៉្លេះ។គ.ជ.ប. ត្រូវតែចាត់វិធានការលើការបំពានច្បាប់ មិនថា [ការបំពានច្បាប់ទាំងនោះធ្វើឡើងដោយ] ស្ថាប័នគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ [បើមិនដូច្នោះទេ] វាមិនមែនជារឿងល្អឡើយសម្រាប់គ.ជ.ប.”។
កាលពីខែមិថុនា ក្រសួងព័ត៌មានបានដាក់បម្រាមលើស្ថានីយវិទ្យុផ្សាយបន្តផ្ទាល់ពីវិទ្យុបរទេសទាំងអស់មិនឲ្យចាក់ផ្សាយកម្មវិធីជាខេមរភាសា អំឡុងរដូវធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានាឲ្យបាននូវអព្យាក្រឹតភាព ដោយគំរាមប្ដឹងស្ថានីយណាដែលមិនអនុវត្តតាម មុនពេលដកបម្រាមនេះចេញវិញយ៉ាងរហ័សដោយសារមានសម្ពាធពីអន្តរជាតិ។
បន្ទាប់ពីការចាក់ផ្សាយតាមវិទ្យុអេប៊ីស៊ីកាលពីថ្ងៃអង្គារ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងតាមឃ្លាំមើលសកម្មភាពវិទ្យុអេប៊ីស៊ី ដើម្បី “បញ្ឈប់ការចាក់ផ្សាយបទអត្ថាធិប្បាយបែបនេះ និងដើម្បីបញ្ឈប់ការរំខានដល់ដំណើរការបោះឆ្នោត”។ លោកបានបញ្ជាក់ជាថ្មីម្តងទៀតកាលពីម្សិលមិញថា មន្ត្រីរបស់លោកកំពុងតាមឃ្លាំមើលសកម្មភាពស្ថានីយវិទ្យុអេប៊ីស៊ីនៅឡើយ។ លោកបានមានប្រសាសន៍ថា “ពេលនេះយើងកំពុងដោះស្រាយករណីនេះ។ ខ្ញុំបានបញ្ជាឲ្យមន្ត្រីគ.ជ.ប. ថតសំឡេងអត្ថាធិប្បាយទាំងអស់របស់គាត់ដែលចាក់ផ្សាយនៅថ្ងៃនេះ ហើយនៅថ្ងៃស្អែកយើងនឹងចាត់វិធានការ ឬចេញសេចក្ដីថ្លែងការណ៍”។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ការអះអាងរបស់លោក សេង ប៊ុនវ៉េង មានគោលបំណងស្រដៀងគ្នាទៅនឹងការគំរាមកំហែងរបស់លោក ហ៊ុន សែន ធ្វើឡើងកាលពីដើមឆ្នាំនេះថា សង្គ្រាមស៊ីវិលនឹងផ្ទុះឡើង ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោត។លោកក៏បានព្រមានដែរថា រដ្ឋប្រហារក៏ជាដំណឹងអាក្រក់ដែរសម្រាប់គណបក្សកាន់អំណាច។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលគួរតែប្រុងប្រយ័ត្ន នៅពេលពួកគេព្យាយាមបង្កឲ្យមានពាក្យចចាមអារ៉ាមបែបនេះ ពីព្រោះពួកគេអាចនឹងខាតបង់ ច្រើនដោយសារតែពួកគេមានទ្រព្យសម្បត្តិយ៉ាងច្រើន។តើនឹងមានអ្វីកើតឡើង នៅពេលមានបញ្ហាទាំងអស់នេះ? ប្រសិនបើមានរដ្ឋប្រហារ ពួកគេនឹងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ”៕
ប្រែសម្រួលដោយ តែម សុខុម