ក្រុងសៀមរាប/ក្រុងកំពង់ធំ-កាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ បានដឹកនាំការដង្ហែក្បួនឃោសនាបោះឆ្នោតដែលមានការចូលរួមពីអ្នកគាំទ្រជាងពីរម៉ឺននាក់តាមដងផ្លូវនានាក្នុងក្រុងសៀមរាប។ នេះជាការដង្ហែក្បួនធំបំផុតទី២របស់គណបក្សនេះ ចាប់តាំងពីលោក សម រង្ស៊ី បានវិលមកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃសុក្រ។

ថ្លែងនៅផ្សារលើធំថ្មី ដែលជាផ្សារស្ថិតនៅ ចំកណ្ដាលក្រុងសៀមរាប លោក សម រង្ស៊ី បានប្រាប់អ្នកចូលរួមស្ដាប់ថា ប្រជាជនខ្មែរចាំបាច់ត្រូវយកអង្គរវត្តពីវៀតណាមវិញ។ លោក សម រង្ស៊ី បានថ្លែងថា“ យើងចាំ បាច់ត្រូវតែលើកតម្កើង និងការពារនិមិត្តរូបជាតិយើង នោះគឺប្រាសាទអង្គរវត្ត។ យើងចាំបាច់ត្រូវយកប្រាសាទអង្គរវត្តពីវៀតណាមវិញ”។
ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា ការលក់សំបុត្រនៅបរិវេណប្រាសាទអង្គរវត្ត គឺស្ថិតនៅក្រោមការគ្រប់គ្រង់របស់ក្រុមហ៊ុនសូគីម៉ិចរបស់ធុរជនមានខ្នងក្រាស់ម្នាក់ គឺលោក សុខ គង់។ សារទូរលេខការទូតសម្ងាត់មួយក្នុងឆ្នាំ២០០៧ដែលត្រូវបានទម្លាយដោយអង្គការប្រឆាំងការណ៍សម្ងាត់ វីគីលីគ (Wikileaks) កាលពីឆ្នាំ២០១១ បានឲ្យដឹងថា លោក សុខ គង់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញភ្លាមៗ បន្ទាប់ពីខ្មែរក្រហមបានដួលរលំ ហើយលោកបានក្លាយជាមហាសេដ្ឋីដោយសារការមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយវៀតណាម។
កាលពីថ្ងៃអង្គារ លោក សម រង្ស៊ី បានទាក់ទាញអ្នកគាំទ្រជាងមួយម៉ឺននាក់ក្នុងការប្រមូលផ្ដុំគ្នានៅក្រុងបាត់ដំបង។ ប៉ុន្តែ មន្ត្រីគណបក្សសង្គ្រោះជាតិបានប៉ាន់ប្រមាណថា អ្នកគាំទ្របួនម៉ឺននាក់បានចេញមកចូលរួមនៅក្នុងខេត្តបាត់ដំបង និងប្រាំពីរម៉ឺននាក់នៅក្នុងខេត្តសៀមរាប កាលពីម្សិលមិញ។ លោក សម រង្ស៊ីក៏បានប្រាប់អ្នកចូលរួមស្ដាប់ថា មនុស្សមួយលាននាក់បានចូលរួមនៅក្នុងការប្រមូលផ្ដុំគ្នាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ខណៈអ្នកសង្កេតការណ៍ភាគច្រើនប៉ាន់ប្រមាណថា មានចំនួនប្រហែល១០ម៉ឺននាក់។
ប៉ុន្តែ មិនថាយ៉ាងណាទេ លោក សម រង្ស៊ី ដែលបានរស់នៅដោយការនិរទេសខ្លួនអស់រយៈពេលជិតបួនឆ្នាំដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ដែលរូបលោកអះអាងថា មានហេតុផលនយោបាយនោះ បានទទួលការគាំទ្រយ៉ាងខ្លាំង ចាប់តាំងពីរូបលោកបានវិលមកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានទទួលការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។
ពេលនេះ លោក សម រង្ស៊ី គឺជាអ្នកដឹកនាំការអំពាវនាវឲ្យមានការផ្លាស់ប្ដូររដ្ឋាភិបាល។ លោកបានថ្លែងទៅកាន់ប្រជាជននៅក្នុងក្រុងសៀមរាបថា “ យើងឆ្អែតហើយ។ យើងហូបសម្លម្ជូរយួនអស់រយៈពេល៣០ឆ្នាំមកហើយ។ ពេលនេះយើងចាំបាច់ត្រូវហូបសម្លកកូរម្ដង”។ ការថ្លែងបែបលេងសើចនេះ បានធ្វើឲ្យអ្នកចូលរួមស្ដាប់ផ្ទុះសំណើច។
ក្រៅពីឈ្មោះ និងរូបសញ្ញាគណបក្សថ្មីអ្នកចូលរួមស្ដាប់ដែលមានចំនួនកាន់តែច្រើន និងការបង្ហាញជាប្រចាំនូវសាមគ្គីភាពជាមួយលោក កឹម សុខា នោះ លោក សម រង្ស៊ី បានគាស់រំលើងនូវអ្វីដែលរូបលោកនិយាយមិនទាន់ចប់ក្រោយយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០០៨ ពេលគណបក្ស សម រង្ស៊ី ទទួលបានអាសនៈសភាចំនួន២៦។
រាល់ការថ្លែងរបស់លោកនៅក្នុងសប្ដាហ៍នេះ គឺចាប់ផ្ដើមជាមួយនឹងការប្រកាសថា“ ខ្ញុំ គឺជា សម រង្ស៊ី” និងការប្រើភាសាបំផុសប្រជាពលរដ្ឋឲ្យមានស្មារតីជាតិនិយម ជាពិសេសគឺភាសាប្រឆាំងវៀតណាមដែលលោកចូលចិត្តប្រើរាល់ពេលឃោសនាម្ដងៗ។ ប៉ុន្តែ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងវ័យ៦៤ឆ្នាំរូបនេះ ក៏បានបញ្ចូលបញ្ហាសង្គម និងបរិស្ថានគួរឲ្យព្រួយបារម្ភជាច្រើនទៀតទៅក្នុងសុន្ទរកថារបស់ខ្លួនផងដែរ។
ជំនួសឲ្យការនិយាយពីការកាត់ដីនៅតាមបណ្ដោយព្រំដែនវៀតណាមឲ្យទៅប្រទេសវៀតណាមដោយរដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាលទ្ធផលបានធ្វើឲ្យមានការផ្ដន្ទាទោសរូបលោក ក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១០នោះ លោក សម រង្ស៊ី បាននិងកំពុងរិះគន់ការផ្ដល់សម្បទានដីសេដ្ឋកិច្ចទ្រង់ទ្រាយធំពីសំណាក់រដ្ឋាភិបាល និងការកាប់បំផ្លាញព្រៃឈើដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង។
លោកបានថ្លែងទៅកាន់អ្នកចូលរួមស្ដាប់រាប់រយនាក់នៅក្រុងកំពង់ធំ កាលពីម្សិលមិញថា “ ប្រជាជនកំពុងបាត់បង់ដីធ្លី និងផ្ទះសម្បែង ហើយប្រសិនបើយើងក្រឡេកមើលទៅព្រៃឈើវិញ ឃើញថា ពួកគេបានកាប់បំផ្លាញអស់ហើយ”។ អ្នកចូលរួមស្ដាប់បានហ៊ោជាការសម្ដែងការគាំទ្រចំពោះការលើកឡើងនេះ។ លោក សម រង្ស៊ី បានថ្លែងបន្តថា “ យើងមិនយល់ស្របនឹងទង្វើនេះទេ។ យើងត្រូវបណ្ដេញវៀតណាមចេញ ហើយយើងនឹងប្រមែប្រមូលទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់យើងមកវិញ”។
ហើយដើម្បីលួងចិត្តអ្នកបោះឆ្នោតវ័យក្មេងដែលកំពុងកើនឡើងច្រើន និងដែលបាននាំគ្នាមកចូលរួមដង្ហែក្បួនឃោសនាតាមទោចក្រក្រយានយន្តជាមួយលោក សម រង្ស៊ី ការបង្កើតការងារក៏ត្រូវបានលើកឡើងក្នុងសុន្ទរកថារបស់លោកដែរ។
លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រុងបាត់ដំបងនៅថ្ងៃអង្គារថា “ ខ្ញុំមើលឃើញថា សេដ្ឋកិច្ចរបស់លោក ហ៊ុន សែន កំពុងស្ថិតនៅក្នុងផ្លូវខុសហើយ។ ប្រជាជនកម្ពុជាគ្មានការងារធ្វើទេ ហើយបាននាំគ្នាធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ។ ខ្ញុំបានធ្វើការទំនាក់ទំនងជាមួយ[ធុរជន] អន្តរជាតិជាន់ខ្ពស់រួចហើយ ហើយខ្ញុំធានាថា ខ្ញុំនឹងនាំក្រុមហ៊ុនអន្តរជាតិធំៗដែលមានដើមទុន បច្ចេកវិទ្យា និងជំនាញខ្ពស់មកបើករោងចក្រដើម្បីបង្កើតការងារសម្រាប់យុវជនខ្មែរនៅក្នុងប្រទេសកម្ពុជា”។
លោក សម រង្ស៊ី ដែលមានសម្បុរខ្មៅជាងពេលលោកមកដល់កម្ពុជាកាលពីប្រាំមួយថ្ងៃមុន នឹងធ្វើយុទ្ធនាការរយៈពេលពីរថ្ងៃទៀតនៅតាមបណ្ដាខេត្តឲ្យបានមុនថ្ងៃសៅរ៍ ពេលយុទ្ធនាការឃោសនាបញ្ចប់រយៈពេលមួយថ្ងៃមុនថ្ងៃបោះឆ្នោត។ ថ្ងៃនេះ លោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងឈប់សំចតនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយនឹងបន្តនៅថ្ងៃសុក្រក្នុងខេត្តកំពង់ចាម មុនពេលវិលត្រឡប់មកចូលរួមក្នុងការប្រមូលផ្ដុំគ្នាលើកចុងក្រោយនៅរាជធានីភ្នំពេញក្នុងថ្ងៃដដែលនោះ៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ