សាកសពស្ត្រីវ័យក្មេងពីរនាក់ដែលបានបាត់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទ ត្រូវបានគេប្រទះឃើញដោយចងភ្ជាប់គ្នា និងត្រូវគេទម្លាក់ចោលនៅដីឡូទំនេរមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកម្សិលមិញ ហើយគឺជាហេតុការណ៍មួយដែលនគរបាលជឿជាក់ថា ជាអំពើប្លន់។
អ្នកដំណើរឆ្លងកាត់បានប្រទះឃើញសាកសពដ៏គួរឲ្យរន្ធត់ទាំងពីរនៅម៉ោង ៧ និង៤៥នាទីព្រឹកចម្ងាយប្រហែល១.៥០០ម៉ែត្រពីប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់ ហើយបន្ទាប់មកបាននាំនគរបាលទៅត្រួតពិនិត្យសាកសពទាំងពីរ ម្នាក់ឈ្មោះ វ៉ន លក្ខិណា អាយុ២១ឆ្នាំ និងម្នាក់ទៀតត្រូវជាប្អូនជីដូនមួយឈ្មោះ ជួប ស្រីលក្ខណ៍ អាយុ១៩ឆ្នាំ ដែលត្រូវគេវាយដំ និងចងភ្ជាប់គ្នា។
លោក ម៉ក់ មីុ នាយប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់ បានលើកឡើងថា “ សាកសពទាំងពីរត្រូវគេចងភ្ជាប់គ្នា ហើយកប់ក្រោមមែកឈើ និងស្លឹកឈើ ព្រមទាំងមានស្នាមរឹតកទៀតផង។ យើងជឿជាក់ថា ជនរងគ្រោះទាំងពីរត្រូវគេដឹកយកទៅទម្លាក់ចោលនៅទីនោះ បន្ទាប់ពីសម្លាប់នៅកន្លែងផ្សេងរួច”។ លោកបានបន្ថែមទៀតថា សាកសពទាំងពីរហើម ហើយមានក្លិនស្អុយ បញ្ជាក់ថាជនរងគ្រោះបានស្លាប់ជាច្រើនថ្ងៃមកហើយ។
លោក ស្រី រស់ ចៅសង្កាត់ក្រាំងធ្នង់បានមានប្រសាសន៍ថា “ យើងជឿជាក់ថា វាគឺជាករណីប្លន់ ពីព្រោះម៉ូតូរបស់ជនរងគ្រោះត្រូវគេលួចយកទៅបាត់ ហើយយើងបានដឹងថា ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងពីរមានលុយជាប់នឹងខ្លួនចំនួន១.៣០០ដុល្លារសម្រាប់បង់ថ្លៃសាលា”។ លោកបានបន្ថែមថា ជនរងគ្រោះទាំងពីរ គឺជាសិស្សនៅសាលាឯកជនមួយក្នុងខណ្ឌពោធិ៍សែនជ័យ។
លោក កែវ សន្ធោតន៍ នាយប៉ុស្ដិ៍សង្កាត់ភ្នំពេញថ្មី ជាកន្លែងដែលជនរងគ្រោះរស់នៅ បានលើកឡើងថា អាជ្ញាធរសង្ស័យថា ជនរងគ្រោះប្រហែលជាស្គាល់ឃាតករ ហើយឃាតករទាំងនោះប្រហែលជារៀបចំផែនការ ដើម្បីមកជួបជនរងគ្រោះទាំងពីរ ពីព្រោះពួកគេបានដឹងថា ជនរងគ្រោះ ជួប ស្រីលក្ខណ៍ មានលុយជាប់នឹងខ្លួនយ៉ាងច្រើន។
ម្តាយរបស់ ជួប ស្រីលក្ខណ៍ អាយុ៤១ឆ្នាំបាននិយាយថា កូនស្រីរបស់គាត់បានស្នាក់នៅជាមួយបងប្អូនជីដូនមួយរបស់នាងកាលពីខែមុន ហើយបានបញ្ជាក់ថា ពួកគេបានជិះម៉ូតូចេញក្រៅជាមួយគ្នា ដោយបានយកលុយទៅបង់ថ្លៃសាលា និងថ្លៃប្រឡង។
ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងពីរដែលសុទ្ធតែរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី បានប្រាប់នគរបាលថា ជនរងគ្រោះទាំងពីរបានបាត់ខ្លួនចាប់តាំងពីពេលចាកចេញពីផ្ទះកាលពីថ្ងៃច័ន្ទមកម៉េ្លះ ប៉ុន្តែ គ្នានក្រុមគ្រួសារណាមួយបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរឡើយ។ លោក កែវ សន្ធោតន៍ បានថ្លែងថា “ នគរបាលមិនបានទទួលពាក្យបណ្តឹង ដើម្បីផ្តល់ដំណឹងឲ្យយើងដឹងថា ជនរងគ្រោះទំាងពីរបានបាត់ខ្លួននោះទេ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង