កាលពីម្សិលមិញ តុលាការកំពូលបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីតឧត្តមសេនីយ៍ឯកកងយោធពលខេមរភូមិន្ទ ឈឿន ចាន់ថន អតីតប្រធានកងអង្គរក្សរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែលកំពុងតែជាប់ពន្ធនាគាររយៈពេលជាច្រើនឆ្នាំ ពីបទលក់និងបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ក្លែងបន្លំឯកសារនិងប្រើអាវុធខុសច្បាប់។
ក្នុងខែកុម្ភៈឆ្នាំ២០១២ លោក ចាន់ថន ត្រូវបានតុលាការយោធាផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២៦ឆ្នាំពីបទរំលោភលើសេចក្តីទុក្ខចិត្ត និងបទលក់និងបំផ្លាញទ្រព្យសម្បត្តិយោធាដោយខុសច្បាប់។ ក្នុងខែនោះ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគាររៈពេល១០ឆ្នាំថែមទៀត ពីបទកាន់កាប់អាវុធខុសច្បាប់ បញ្ជាឲ្យប្រើអាវុធដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ក្លែងបន្លំឯកសារ និងប្រើឯកសារក្លែងបន្លំ។
ទោសទាំងពីរនេះត្រូវបានសាលាឧទ្ធរណ៍តម្កល់កាលពីក្នុងខែកុម្ភៈ ដោយចៅក្រមបានច្រានចោលការអះអាងរបស់លោក ចាន់ថន ដែលថា លោកមានសិទ្ធិប្រើអាវុធទាំងនោះព្រោះវាជាកម្មសិទ្ធិរបស់អង្គភាពកងអង្គរក្សរបស់លោក ជា ស៊ីម និងថា កេសលាក់អាវុធ និងគ្រាប់រំសេវដែលត្រូវបានរកឃើញក្នុងការឆ្មក់ចូលក្នុងផ្ទះរបស់លោកត្រូវបានរក្សាទុកនៅទីនោះតាមការបញ្ជារបស់លោក ជា ស៊ីម ប៉ុណ្ណោះ។
នៅក្នុងតុលាការ កាលពីម្សិលមិញ អតីតឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន បានបដិសេធការចោទប្រកាន់ទាំងអស់ម្តងទៀត ហើយថា លោកមានឯកសារបញ្ជាក់ថាលោកមិនបានធ្វើអ្វីខុស។ លោកបាននិយាយថា “ ខ្ញុំមិនបានប្រព្រឹត្តបទល្មើសដូចដែលតុលាការចោទប្រកាន់ខ្ញុំទេ។ខ្ញុំមិនបានលក់អាវុធទេ វាមិនមែនជារឿងពិតឡើយ”។
លោក ចាន់ថន បានលើកឡើងពីការចោទប្រកាន់ពីបទក្លែងបន្លំឯកសារនេះ ដោយបានអះអាងថា លោក អ៊ុក ឈឿន ដែលជាអតីតថ្នាក់លើរបស់លោកនិងដែលជាអតីតប្រធានកងអង្គរក្សរបស់លោក ជា ស៊ីម បានប្រើលេខអត្តសញ្ញាណទាហាន “ ខ្មោច” របស់សពទាហានម្នាក់ ដើម្បីដំឡើងឋានន្តរស័ក្តិរបស់លោក ចាន់ថន ពីវរសេនីយ៍ត្រី ទៅជាវរសេនីយ៍ទោ។ លោកបាននិយាយថា“ ខ្ញុំមិនបានដឹងអំពីរឿងនេះទេ ព្រោះមេរបស់ខ្ញុំជាអ្នកធ្វើ។ ខ្ញុំ មិនដឹងថាគាត់ធ្វើដោយរបៀបណាទេ”។
លោក ណាច ទី មេធាវីតំណាងឲ្យក្រសួងការពារជាតិ និងលោក ជា ស៊ីម មានប្រសាសន៍ថា តំណាងអយ្យការមានភ័ស្តុតាងជាច្រើនសម្រាប់ដាក់បន្ទុកភ្ជាប់លោក ចាន់ថន ទៅនឹងបទល្មើសទាំងនោះ”។ លោកបានមានប្រសាសន៍ថា “ សូមតុលាការតម្កល់សាលក្រមរបស់តុលាការយោធានិងសាលក្រមរបស់សាលាដំបូងរាជធានី ភ្នំពេញ”។
ការផ្តន្ទាទោសលោក ចាន់ថន បានធ្វើឡើងភ្លាមៗ បន្ទាប់ពីរឿងក្តីដាច់ដោយឡែកមួយពាក់ព័ន្ធនឹងមន្ត្រីជំនិតៗរបស់លោក ជា ស៊ីម នៅដើមឆ្នាំ២០១២ ពេលមន្ត្រីចំនួនបួននាក់ផ្សេងទៀតរបស់ប្រធានព្រឹទ្ធសភារូបនេះត្រូវបានដាក់ពន្ធនាគារដូចគ្នា ពីបទបោកប្រាស់ប្រធានព្រឹទ្ធសភាដែលកំពុងមានជំងឺនេះឲ្យចុះហត្ថលេខាលើកិច្ចសន្យាក្លែងក្លាយរបស់រដ្ឋាភិបាលដែលមានទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ចេវ ប៊ុននី