27.5 C
Phnom Penh

ក្រុមហ៊ុន​​​ស្ករស​​​អង់គ្លេស​​​ស៊ើប​​​អង្កេត​​​ពី​​​ការ​​​ប្រើ​​​កម្លាំង​​​ពល​​​កម្ម​​​កុមារ​​​នៅ​​​​​​ចម្ការ​​​ក្នុង​​​ខេត្ត​​​កោះកុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ក្រុមហ៊ុន​​​ស្ករស​​​អង់គ្លេស​​​​​​​​​ Tate & Lyle បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​កំពុង​​​ស៊ើប​​​អង្កេត​​​ការ​​​ចោទ​​​ប្រកាន់​​​ថ្មីៗ​​​នេះ​​​ អំពី​​​ការ​​​ប្រើ​​​កម្លាំង​​​ពលកម្ម​​​កុមារ​​​នៅ​​​ចម្ការ​​​អំពៅចំនួន​​​ពីរ​​​ក្នុង​​​ខេត្ត​​​កោះកុង​​​ ដែល​​​ជា​​​កន្លែង​​​ខ្លួន​​​បាន​​​និង​​​កំពុង​​​ទិញ​​​ស្ករស​​​ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០​​​មក​​​ ហើយ​​​បាន​​​បន្ទោស​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដែល​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​ខ្លួន​​​អំពី​​​រឿង​​​នេះ​​​ឲ្យ​​​បាន​​​ឆាប​​​់​​​បន្តិច​​​។

ការ​​​ចោទ​​​ប្រកាន់​​​អំពី​​​ការ​​​ប្រើ​​​កម្លាំង​​​ពល​​​កម្ម​​​កុមារ​​​ បាន​​​បែក​​​ធ្លាយ​​​ជា​​​សាធារណៈ​​​ដោយ​​​សារ​​​អត្ថបទ​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៩​​​ ខែ​​​កក្កដា របស់​​​កាសែត​​​ ឌឹ ហ្គាឌៀន។ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​ Tate & Lyle បាន​​​​​​គំរាម​​​ប្ដឹង​​​ការសែត​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រូប​​​ភាព​​​វីដេអូ​​​អម​​​ជាមួយ​​​នឹង​​អត្ថបទ​​​​​​ដែល​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​កុមារ​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ចម្ការ​​​​​​របស់​​​ថៃ​​​ទាំង​​​នោះ​​​រួច​​​ អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ក្នុង​​​ស្រុក​​​ បាន​​​ចេញ​​​សេចក្ដី​​​ថ្លែងការណ៍​​​រួ​​​ម​​​គ្នា​​​​​​​​​ដើម្បី​​​ការ​​​ពារ​​​អ្នក​​​ថត​​​រូប​​​ភាព​​​វីដេអូ​​​នោះ​​​ផង​​​ និង​​​ដើម្បី​​​សម្ដែង​​​ការ​​​គាំ​​​ទ្រ​​​ចំពោះ​​ការ​​​ចេញ​​​ផ្សាយ​​​អត្ថបទ​​​របស់​​​កាសែត​​​នោះ​​​ផង​​​។ ក្រុមហ៊ុន Tate & Lyle  បាន​​​បន្ទោស​​​ថា អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ទាំង​​​នោះ​​​គួរ​​​តែ​​​បង្ហាញ​​​ភ័ស្តុតាង​​​ឲ្យ​​​ក្រុមហ៊ុន​​​បាន​​​ឃើញ​​​ឆាប់​​​ជាង​​​នេះ​​​។

អ្នក​​​នាំ​​​ពាក្យ​​​ក្រុមហ៊ុន Tate & Lyle ​​​ បាន​​​និយាយ​​​ថា “ យើង​​​ពិត​​​ជា​​​សោក​​​ស្ដាយ​​​ណាស់​​​ដែល​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ទាំង​​​នេះ​​​មិន​​​បាន​​​ឲ្យ​​​យើង​​​ដឹង​​​អំពី​​​រឿង​​​ដូច​​​បាន​​​ចោទ​​​ប្រកាន់​​​នោះ​​​​​​ក្នុង​​​ខែ​​​មករា​​​ ដែល​​​ជា​​​ពេល​​​ពួក​​​គេ​​​អះអាង​​​ថា ខ្លួន​​​បាន​​​ទទួល​​​ភ័ស្ដុតាង​​​នេះ​​​ ផ្ទុយ​​​ទៅ​​​វិញ​​​បែរ​​​ជា​​​រង់​​​ចាំ​​​អស់​​​រយៈ​​​ពេល​​​ប្រាំ​​​ខែ​​​មុន​​​ពេល​​​ទម្លាយ​​​រឿង​​​នេះ​​​ជា​​​សាធារណៈ​​​។ អង្គការ​​​ដែល​​​ពិត​​​ជា​​​ទុក​​​កុមារ​​​នៅ​​​ក្នុង​​​ចិត្ត​​​គឺ​​​ប្រាកដ​​​​​​ជា​​​លើក​​​ឡើង​​​ពី​​​កង្វល់​​​របស់​​​ខ្លួន​​​ភ្លាម​​​ៗ​​​មិន​​​ខាន”។

ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់នេះ​​​​​​ផ្ទាល់​​​អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា “ យើង​​​កំពុង​​​ស៊ើប​​​រឿង​​​នេះ​​​ឲ្យ​​​បាន​​​លឿន​​​ និង​​​សម​​​ស្រប​​​ ប៉ុន្តែ​​​នឹង​​​មិន​​​ធ្វើ​​​ការ​​​តក់​​​ក្រហល់​​​​​​ដោយ​​​សារ​​​េសចក្ដី​​​ប្រកាស​​​ព័ត៌មាន​​​របស់​​​អង្គការ​​​ដែល​​​បាន​​​ទុក​​​ភ័ស្តុតាង​​​ចោល​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​នោះ​​​ទេ”។

លោក អ៊ាង វុទ្ធី នាយក​​​ប្រតិបត្តិ​​​នៃ​​​អង្គការ​​​សមភាព​​​កម្ពុជា ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​អង្គការ​​​ដែល​​​បាន​​​ចេញ​​​មុខ​​​និយាយ​​​ការ​​​ពារ​​​កាសែត​​​ ឌឹ ហ្គាឌៀន បាន​​​ឲ្យ​​​ដឹង​​​ថា ដំបូង​​​លោក​​​​​​បានទទួល​​​ដំណឹង​​​​​​អំពី​​​ការ​​​ប្រើ​​​​​​កម្លាំង​​​ពលកម្ម​​​កុមារ​​​​​​​​​​​​នៅលើ​​​ចម្ការ​​​​​​ទាំង​​​នោះ​​ពី​​​ប្រជា​​​ជន​​​នៅ​​​ក្នុង​​​មូល​​​ដ្ឋាន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​​​ថា ការ​​​ប្រមែ​​​ប្រមូល​​​ភ័ស្ដុតាង​​​ និងការ​​​​​​ផ្ញើ​​​វា​​​ទៅ​​​ក្រុមហ៊ុន និងស្ថាប័ន​​​នានា​​​ ដូច​​​ជា​​​ សហ​​​ភាព​​​អឺរ៉ុប​​​ដែល​​​អនុគ្រោះ​​​ឲ្យ​​​មាន​​​ការ​​​នាំស្ករ​​​​​​ស​​​​​​​​​​​​ចូល​​​ប្រទេស​​​អង់គ្លេស​​​​​​​ដោយ​​​រួច​​​ពន្ធ​​​ជា​​​ដើម​​​ គឺ​​​ជា​​​ដំណើរ​​​ការ​​​ដែល​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​។

លោក វុទ្ធី បាន​​​បន្ដ​​ថា ក្រុមហ៊ុន Tate & Lyle ​​​ គួរ​​​តែ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​ការ​​​ឃ្លាំ​​​មើល​​​អ្នក​​​ផ្គត់​​​ផ្គង​​​់​​​ស្ករស​​​ដល់​​​ខ្លួន​​​ជា​​​ជាង​​​រិះ​​​គន់​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពួក​​​គេ​​​គួរ​​​តែ​​​​​ឃ្លាំ​​​មើល​​​អ្នក​​​ផ្គត​​់​​​ផ្គង់​​​របស់​​​ខ្លួន​​​ឲ្យ​​​បាន​​​ជាប់​​​ជា​​​ប្រចាំ​​​។ អ្ន​​​ក​​​មិន​​​អាច​​​រំពឹង​​​ថា អ្នក​​​ផ្គត់​​​ផ្គង់​​​ទាំង​​​អស់​​​នោះ​​​អនុវត្ត​​​តាម​​​គោល​​​ការ​​​ណ៍​​​គ្រប់​​​ពេល​​​នោះ​ទេ”។

លោក​​​ វុទ្ធី បាន​​​ស្វាគមន៍​​​ព័ត៌មាន​​​ដែល​​​ថា ក្រុមហ៊ុន​​​នេះ​​​កំពុង​​​ស៊ើប​​​អង្កេត​​​ពី​​​ការ​​​ប្រើ​​​កម្លាំ​​​ង​​​ពលកម្ម​​​កុមារ​​​ ប៉ុន្តែ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ​​​ក្រុម​​​ហ៊ុន​​​នេះ​​​គួរ​​​តែ​​​ប្រគល់​​​ការ​​​ងារ​​​ស៊ើប​​​អង្កេត​​​នេះ​​​ទៅ​​​ស្ថាប័ន​​​ឯករាជ្យ​​​វិញ​​​​​​ព្រោះ​​​ឥឡូវ​​​ ក្រុមហ៊ុន Tate & Lyle ​​​ ខ្លួន​​​ឯង​​​កំពុង​​​រង​​​ការប្ដឹង​​​​​​ផ្ដល់​​​ពី​​​សំណាក់​​​ប្រជា​​​ជន​​​​​​នៅ​​​ខេត្ត​​​កោះកុង​​​ ដែល​​​មាន​​​កូនៗ​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ចម្ការ​​​ទាំង​​​នោះ​​​ដែរ​​​។

ប្រជា​​​ជន​​​ទាំង​​​២០០​​​គ្រួសារ​​​​​​នៅក្នុង​​​​​​ខេត្ត​​​កោះកុង​​​នេះ​​​​​​​​​កំពុង​​​ប្ដឹ​​ង​​​ក្រុមហ៊ុន​​​ Tate & Lyle ​​​ ពី​​​បទ​​​ទទួល​​​យក​​​ផល​​​ប្រយោជន៍​​​យ៉ាង​​​អយុត្តិ​​​ធម៌​​​ពី​​​ដី​​​ដែល​​​ពួក​​​គេ​​​អះអាង​​​ថា ត្រូវ​​​បាន​​​ចាប់​​​យក​​​ពី​​​ខ្លួន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៦ ដើម្បីយក​​​ធ្វើ​​​ចម្ការ​​​​​​អំពៅ​​​។ ក្រុមហ៊ុន​​​​​​នេះ​​​បាន​​​អះអាង​​​ថា ខ្លួន​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​៕

ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស