កាលពីម្សិលមិញក្រុមហ៊ុនស្ករសអង់គ្លេស Tate & Lyle បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ថ្មីៗនេះ អំពីការប្រើកម្លាំងពលកម្មកុមារនៅចម្ការអំពៅចំនួនពីរក្នុងខេត្តកោះកុង ដែលជាកន្លែងខ្លួនបាននិងកំពុងទិញស្ករស ចាប់តាំងពីឆ្នាំ២០១០មក ហើយបានបន្ទោសអង្គការក្រៅរដ្ឋាភិបាលដែលមិនបានជូនដំណឹងដល់ខ្លួនអំពីរឿងនេះឲ្យបានឆាប់បន្តិច។
ការចោទប្រកាន់អំពីការប្រើកម្លាំងពលកម្មកុមារ បានបែកធ្លាយជាសាធារណៈដោយសារអត្ថបទចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា របស់កាសែត ឌឹ ហ្គាឌៀន។ បន្ទាប់ពីក្រុមហ៊ុន Tate & Lyle បានគំរាមប្ដឹងការសែតនេះពាក់ព័ន្ធនឹងរូបភាពវីដេអូអមជាមួយនឹងអត្ថបទដែលបង្ហាញឲ្យឃើញកុមារធ្វើការនៅក្នុងចម្ការរបស់ថៃទាំងនោះរួច អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាដើម្បីការពារអ្នកថតរូបភាពវីដេអូនោះផង និងដើម្បីសម្ដែងការគាំទ្រចំពោះការចេញផ្សាយអត្ថបទរបស់កាសែតនោះផង។ ក្រុមហ៊ុន Tate & Lyle បានបន្ទោសថា អង្គការក្រៅរដ្ឋាភិបាលទាំងនោះគួរតែបង្ហាញភ័ស្តុតាងឲ្យក្រុមហ៊ុនបានឃើញឆាប់ជាងនេះ។
អ្នកនាំពាក្យក្រុមហ៊ុន Tate & Lyle បាននិយាយថា “ យើងពិតជាសោកស្ដាយណាស់ដែលអង្គការក្រៅរដ្ឋាភិបាលទាំងនេះមិនបានឲ្យយើងដឹងអំពីរឿងដូចបានចោទប្រកាន់នោះក្នុងខែមករា ដែលជាពេលពួកគេអះអាងថា ខ្លួនបានទទួលភ័ស្ដុតាងនេះ ផ្ទុយទៅវិញបែរជារង់ចាំអស់រយៈពេលប្រាំខែមុនពេលទម្លាយរឿងនេះជាសាធារណៈ។ អង្គការដែលពិតជាទុកកុមារនៅក្នុងចិត្តគឺប្រាកដជាលើកឡើងពីកង្វល់របស់ខ្លួនភ្លាមៗមិនខាន”។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះផ្ទាល់អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ យើងកំពុងស៊ើបរឿងនេះឲ្យបានលឿន និងសមស្រប ប៉ុន្តែនឹងមិនធ្វើការតក់ក្រហល់ដោយសារេសចក្ដីប្រកាសព័ត៌មានរបស់អង្គការដែលបានទុកភ័ស្តុតាងចោលអស់រយៈពេលរាប់ខែនោះទេ”។
លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមភាពកម្ពុជា ដែលស្ថិតនៅក្នុងចំណោមអង្គការដែលបានចេញមុខនិយាយការពារកាសែត ឌឹ ហ្គាឌៀន បានឲ្យដឹងថា ដំបូងលោកបានទទួលដំណឹងអំពីការប្រើកម្លាំងពលកម្មកុមារនៅលើចម្ការទាំងនោះពីប្រជាជននៅក្នុងមូលដ្ឋានកាលពីឆ្នាំមុន។ លោកបានឲ្យដឹងថា ការប្រមែប្រមូលភ័ស្ដុតាង និងការផ្ញើវាទៅក្រុមហ៊ុន និងស្ថាប័ននានា ដូចជា សហភាពអឺរ៉ុបដែលអនុគ្រោះឲ្យមានការនាំស្ករសចូលប្រទេសអង់គ្លេសដោយរួចពន្ធជាដើម គឺជាដំណើរការដែលត្រូវការពេលវេលា។
លោក វុទ្ធី បានបន្ដថា ក្រុមហ៊ុន Tate & Lyle គួរតែយកចិត្តទុកដាក់ចំពោះការឃ្លាំមើលអ្នកផ្គត់ផ្គង់ស្ករសដល់ខ្លួនជាជាងរិះគន់អង្គការក្រៅរដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា “ ពួកគេគួរតែឃ្លាំមើលអ្នកផ្គត់ផ្គង់របស់ខ្លួនឲ្យបានជាប់ជាប្រចាំ។ អ្នកមិនអាចរំពឹងថា អ្នកផ្គត់ផ្គង់ទាំងអស់នោះអនុវត្តតាមគោលការណ៍គ្រប់ពេលនោះទេ”។
លោក វុទ្ធី បានស្វាគមន៍ព័ត៌មានដែលថា ក្រុមហ៊ុននេះកំពុងស៊ើបអង្កេតពីការប្រើកម្លាំងពលកម្មកុមារ ប៉ុន្តែក៏បានលើកឡើងផងដែរថា ក្រុមហ៊ុននេះគួរតែប្រគល់ការងារស៊ើបអង្កេតនេះទៅស្ថាប័នឯករាជ្យវិញព្រោះឥឡូវ ក្រុមហ៊ុន Tate & Lyle ខ្លួនឯងកំពុងរងការប្ដឹងផ្ដល់ពីសំណាក់ប្រជាជននៅខេត្តកោះកុង ដែលមានកូនៗធ្វើការនៅក្នុងចម្ការទាំងនោះដែរ។
ប្រជាជនទាំង២០០គ្រួសារនៅក្នុងខេត្តកោះកុងនេះកំពុងប្ដឹងក្រុមហ៊ុន Tate & Lyle ពីបទទទួលយកផលប្រយោជន៍យ៉ាងអយុត្តិធម៌ពីដីដែលពួកគេអះអាងថា ត្រូវបានចាប់យកពីខ្លួននៅក្នុងឆ្នាំ២០០៦ ដើម្បីយកធ្វើចម្ការអំពៅ។ ក្រុមហ៊ុននេះបានអះអាងថា ខ្លួនមិនបានធ្វើអ្វីខុសទេ៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ