31 C
Phnom Penh

លោក​ សម រង្ស៊ី ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​ធម្ម​នុញ្ញ​ផ្តល់​សិទ្ធិ​​ឲ្យ​លោក​​បាន​បោះឆ្នោត​និង​ឈរ​ឈ្មោះ​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ លោក សម រង្ស៊ី មេដឹក​នាំ​​គណបក្ស​ប្រឆាំង​បាន​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​​​​ផ្ដល់​សិទ្ធិ​ឲ្យ​​លោក​​បាន​​បោះឆ្នោត​ និង​ឈរ​ឈ្មោះ​​ជា​បេក្ខជន​សម្រាប់​​ការ​បោះឆ្នោត​នៅ​​​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​វិញ​ ជា​សិទ្ធិ​ដែល​លោក​​បាន​បាត់​បង់​ ដោយ​សារ​តែ​ការ​ផ្ដន្ទា​ទោស​ព្រហ្មទណ្ឌ​ ដែល​​ព្រះ​មហាក្សត្រ​នរោត្តម​ សីហ​មុនី បាន​ព្រះ​រាជ​ទាន​លើក​លែង​ទោស​កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក​ សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ ឯក​ សំអុល​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ កាលពី​ម្សិលមិញ​ថា “ ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ចេញ​សេចក្ដី​សម្រេច​​ឲ្យ​ខ្ញុំបាន​ចុះឈ្មោះ​​បោះឆ្នោត​ និង​ផ្ដល់​សិទ្ធិ​ឲ្យ​ខ្ញុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​វិញ​”។

ចាប់​តាំង​ពី​​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហ​​មុនី​ បាន​ព្រះរាជ​ទាន​លើក​លែង​ទោស​ជាប់​ពន្ធនាការ​រយៈ​ពេល​១១​ឆ្នាំ​របស់​លោក​ សម រង្ស៊ី កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​វិល​ត្រឡប់​ពី​ការ​និរទេស​ខ្លួន​ឯង​មក​ប្រទេស​កម្ពុជា​វិញ​ ហើយ​បាន​សុំ​ឲ្យ​បន្ថែម​ឈ្មោះរបស់​លោក​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជីឈ្មោះ​បេក្ខជន​។

នៅ​ក្នុង​លិខិត​របស់​លោក​ លោក សម រង្ស៊ី បាន​សរសេរ​ថា ដោយសារ​ទោស​ជាប់​ពន្ធនាគារ​របស់​លោក​ត្រូវ​បាន​លើក​លែង​ហើយ​នោះ​ សេចក្ដី​សម្រេច​កាលពី​ខែ​វិច្ឆិកា របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) លុប​ឈ្មោះ​របស់​លោក​ចេញ​​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ ឥឡូវ​នេះ​លែង​​​មាន​សុពលភាព​ទៀត​ហើយ​។

លោក​ សម រង្ស៊ី ​បន្ថែម​ថា ព្រះ​មហា​ក្សត្រ​ ​នរោត្តម​ សីហ​មុនី បាន​ធ្វើ​តាម​សំណើ​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​​មាន​ប្រសាសន៍​ថា លោក​បារម្ភ​ខ្លាច​មាន​​ចលា​ចល​ក្នុង​ប្រទេស​ ប្រសិន​បើ​លោក ​សម រង្ស៊ី ត្រឡប់​​មក​វិញ​ដោយ​គ្មាន​ព្រះរាជ​ទាន​លើក​​លែង​ទោស​ ​​និង​ត្រូវ​ជាប់​ពន្ធ​នា​គារ​ទៀត​នោះ​។

យោង​តាម​លិខិត​ផ្ញើ​ជូន​លោក​ ឯក សំអុល​ ​ ​លោក​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ​លោក​ ​ហ៊ុន សែន​ មាន​គោល​បំណង​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​ ធ្វើ​ឡើង​ “ ស្រប​តាម​គោល​ការណ៍​​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​គណបក្ស​ទាំង​អស់​”។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ សម រង្ស៊ី ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ផង​ដែរ​ ស្នើ​សុំ​ឲ្យ​ផ្ដល់​តួនាទី​ដល់​លោក​ជា​សមាជិក​សភា​វិញ ហើយ​បាន​ផ្ញើ​លិខិត​ទី២​មួយ​ច្បាប់​ទៀតទៅ​គ.ជ.ប. ដែល​បាន​ច្រាន​ចោល​សំណើ​លើក​ដំបូង​របស់​​លោក​ សម រង្ស៊ី កាល​ពី​ថ្ងៃ​ច័ន្ទ។

គេ​មិន​អាច​ទាក់​ទង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ​ ប៉ុន្តែ​លោក សឺន ស៊ូប៊ែរ្តិ៍ អតីត​​សមា​ជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​មាន​ប្រសាសន៍​ថា​ ដោយ​សារ​តែ​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​លើក​​​​លែង​ទោស​ហើយ​ ដូច្នេះ​លោក​ សម រង្ស៊ី មាន​សិទ្ធិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដូច​ជា​ប្រជា​ពល​រដ្ឋ​ដទៃ​ទៀត​ដែរ​ ​ហេតុ​ដូច្នោះ​ហើយ​ លោក​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រកួត​ប្រជែង​ និង​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​ខាង​មុខ​នេះ។ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា លោក​ សម រង្ស៊ី ​ហួស​​​ពេលចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ។

លោក សឺន ស៊ូប៊ែរ្តិ៍ បាន​មាន​ប្រសា​សន៍​ថា “ ខ្ញុំ​គិត​ថា ការ​លើកឡើងពី​ការ​ហួស​ពេល​​ក្នុង​ការ​​ចុះ​ឈ្មោះ​នោះ​ មិន​អាច​យក​ជា​ការ​បាន​ទេ។​ដោយ​សារ​ការ​ផ្តន្ទា​ទោសពី​​តុលា​ការ​ត្រូវ​បាន​លើក​លែង​ហើយ​នោះ​ ​គេ​ត្រូវ​តែ​ផ្ដល់​សិទ្ធិ​ដល់​លោក​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​” រួម​ទាំង​សិទ្ធិ​បោះឆ្នោត​ផង។

លោក​បាន​បន្ថែម​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​សម្រេច​គាំទ្រ​លោក សម រង្ស៊ី​ ឬ​មិន​គ្រាំ​ទ្រ​​នោះ​ អាស្រ័យ​លើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​​សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ សឺន ស៊ូប៊ែរ្តិ៍​ បាន​មាន​ប្រសា​សន៍​ថា “ បញ្ហា​នៅ​ត្រង់​ថា សមា​ជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ភាគ​ច្រើន​គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ ប្រសិន​បើ​ពួក​គេ​សម្រេច​មិន​ផ្ដល់​សិទ្ធិ​ដល់​លោក​ក្នុង​នាម​ជា​ពល​រដ្ឋ​នោះ​វា​ជា​សេចក្ដី​សម្រេច​ផ្នែក​ន​យោ​បាយ​​… ប្រសិន​បើ​វា​ពិត​ជា​សេចក្ដី​សម្រេច​តាម​ច្បាប់​ និង​មាន​ហេតុផល​មែន​នោះ លោក​ សម រង្ស៊ី អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​បាន​”។

លោក ទេព​ នីថា អគ្គលេខាធិការ​គណៈ​កម្មា​​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា គ.ជ.ប. ក៏​បាន​ច្រាន​ចោល​សំណើ​ទី​២ របស់​លោក​ សម រង្ស៊ី ​ដែល​​បាន​ផ្ញើ​ជូន​កាលពី​ថ្ងៃ​អង្គារ​ផង​ដែរ​។ លោក ទេព នីថា បាន​មាន​ប្រសា​សន៍​ថា “ទី១ គ.ជ.ប. បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច​លើកដំបូង​​របស់​ខ្លួន។​​ទី២ យើង​បាន​បញ្ជាក់​ប្រាប់​លោក សម រង្ស៊ី​ ​ថា ការ​អនុវត្ត​របស់​គ.ជ.ប.​ គឺ​ធ្វើ​​តាម​ច្បាប់​ ហើយ​មិន​មាន​នីតិវិធី​​​​បញ្ចូល​​ឈ្មោះ​របស់​លោក [ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​ឈ្មោះ​បេក្ខជន​ឡើយ​]”៕

ប្រែ​សម្រួល​ដោយ​ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស