28 C
Phnom Penh

គ្មាន​នរណា​ម្នាក់​បារម្ភ​អំពី​ការ​ព្រមាន​ពី​សង្គ្រាម ​ប្រសិន​បើ​គណបក្ស​ប្រជាជនកម្ពុជា​​ចាញ់​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​មាន​ការ​គំរាម​​កាន់​តែខ្លាំង​​ពី​​អំពើ​​​ហិង្សា​តាម​រយៈ​រដ្ឋ​ប្រហារ​ឬ​សង្គ្រាម​ស៊ីវិល​នោះ​ ប្រជាពល​រដ្ឋ​នៅ​ក្នុងរាជធានី​​ភ្នំពេញ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ពួក​​គាត់​មិន​បារម្ភ​​អំពី​ហេតុការណ៍​បែប​នេះ​ទេ​ ហើយ​និយាយ​ថា ​កម្ពុជា​បាន​វិវឌ្ឍ​ហួស​សម័យ​កាល​សង្គ្រាម​ និង​​​​​​ភាព​ចលាចល​ផ្នែក​នយោបាយ​ទៅ​ហើយ​។

លោក ជា ពន្លឺ អាយុ​២៣​ឆ្នាំ​ជា​អ្នក​គាំទ្រ​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ទិញ​អីវ៉ាន់​នៅ​ផ្សារ​កណ្ដាល​កាលពី​ម្សិលមិញ​​និយាយ​ថា “ ខ្ញុំ​មិន​បារម្ភ​ពី​រឿង​នេះ​ទេ។ ខ្ញុំ​គិត​ថា ប្រទេស​​​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ច្បាប់​ ហើយ​ប្រសិន​បើ​គណបក្ស​ណា​មួយ​ចង់​ធ្វើ​អ្វី​​នោះ​ ច្បាប់​មាន​ស្រាប់​ហើយ​”។

អ្នក​ស្រី ង៉ោ គឹមលី អាយុ​២៩​ឆ្នាំ​​នៅ​ផ្សារ​អូរ​ប្ញស្សី​ ដែល​មាន​មនុស្ស​ច្រើន​ ប៉ុន្តែ​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​គណបក្ស​ដែល​គាត់​គំា​ទ្រ​នោះ ​បាន​​គំាទ្រ​គំនិត​បែប​នេះ​ ដោយ​​​និយាយ​ថា បរិយាកាស​នៅ​ក្នុង​ប្រទេស​មិន​អាច​កើត​មាន​សង្គ្រាម​បាន​​ទេ​ ថ្វីបើ​មាន​ការ​គំរាម​បែប​នេះ​ក្ដី​។

អ្នក​ស្រី​បាន​និយាយ​ថា“ ខ្ញុំ​មិន​ព្រួយ​បារម្ភ​ពី​រឿង​នេះ​​ទេ ព្រោះ​ប្រទេស​របស់​យើង​មាន​សន្ដិភាព​ហើយ​”។ ទស្សន​ទាំង​នោះ​ផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​វោ​ហា​រសាស្ត្រ​ ដែល​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ លើក​ឡើង​កាល​ពី​​ខែ​មុន និង​​មន្ត្រី​ផ្សេងៗ​ទៀត​នៅ​មុន​ការ​បោះឆ្នោត​​ថ្ងៃ​អាទិត្យ​នេះ។

មុន​ពេល​ស្ថិត​នៅ​ស្ងៀមស្ងាត់​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ជា​ថ្ងៃ​ទី​១ នៃ​ការ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ផ្លូវការ​នោះ​ លោក​ ហ៊ុន​ សែន​ បាន​គំរាម​ជា​ច្រើន​ដង​ថា សង្គ្រាម​សីុវិល​នឹង​កើត​ឡើង​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​។ អំឡុង​​​ពេល​ថ្លែង​សុន្ទរកថា​កាលពី​ចុង​ខែ​មេសា ​លោក ហ៊ុន សែន​ បាន​លើក​ឡើង​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ សង្គ្រាម​ប្រដាប់​អាវុធ​នឹង​​កើត​ឡើង ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក្នុង​ប្រទេស​នឹង​ត្រូវ​ផ្អាក ​ហើយ​​ការ​រ​​​ស់​នៅ​នឹង​ដូចជា​សម័យ​ខ្មែរ​ក្រហម​អ៊ីចឹង​។

លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​របស់​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​មណ្ឌល​កំពង់​ស្ពឺ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​ក៏​បាន​ព្រមាន​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោស​នា​​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ដែរ​ថា សណ្ដាប់​ធ្នាប់​សង្គម​បច្ចុប្បន្ន​នឹង​បាត់​បង់​ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​បាត់​បង់​អំណាច។

ដោយ​ជំរុញ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​កាន់តែ​ខ្លាំ​ង​អំពី​គំនិត​នេះ​ ម្ចាស់​វិទ្យុ​អេប៊ី​សីុ បាន​ព្យាករ​​​កាល​ពី​ថ្ងៃ​អង្គារ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​​យោធា​បណ្ដេញ​ចេញ​ ប្រសិន​បើ​ពួក​គេ​បាន​ឡើង​កាន់​អំណាច​នោះ​។

អ្នក​រិះគន់​វោហា​រសាស្ត្រ​បែប​នេះ​​និយាយ​​​​ថា វា​គ្រាន់​តែ​ជា​ការ​ប្រឌិត​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​អ្នក​ ដែល​ពិចារណា​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ​ ព្រម​ទាំង​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ថា ពួក​គេ​អាច​នឹង​បាត់​បង់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​។

ថ្វីបើ​មាន​វោហារសាស្ត្រ​បែប​នេះ​ក្ដី​ នៅ​ក្នុង​រាជធានី​ភ្នំពេញ គ្មាន​នរណា​ម្នាក់​គិត​ពី​​ការ​ទិញ​អាហារ​ស្ដុក​ទុក​ ការ​លក់​មាស​យក​លុយ​ដុល្លារ​ និង​ការ​ដក​ប្រាក់​ពី​ធនាគារ​​នោះ​ទេ។ នៅ​ឯផ្សារ​ចំនួន​ប្រាំ​ក្នុង​រាជធានីភ្នំពេញ​កាល​ពី​ម្សិលមិញ អាជីវករ​ និង​អ្នក​លក់​មាស​បាន​និយាយ​ថា មិន​មាន​មនុស្ស​​ទិញ​ស្បៀង​អាហារ​ ឬ​លក់​ទ្រព្យ​សម្បត្តិ​យក​ប្រាក់​នោះ​ទេ​រហូត​មក​ទល់​សប្ដាហ៍​នេះ​។

អ្នក​ស្រី លឹម យុត​ អាយុ​៥៧​ឆ្នាំ​ជា​អ្នក​លក់​​​គ្រឿង​សមុទ្រ​ក្រៀម បន្លែ និង​គ្រឿង​ទេស​នៅ​ផ្សារ​រុស្ស៊ី (ផ្សារ​ទួលទំពូង) បាន​និយាយ​ថា “ អតិថិជន​របស់​ខ្ញុំ​ជា​ច្រើន​នាក់​​មិន​បាន​និយាយ​អំពី​ការ​បោះឆ្នោត​នេះ​ទេ​ ហើយ​សូម្បី​តែ​និយាយ​គ្នា​បន្ដិច​បន្ដួច​អំពី​ចលាចល​ក្រោយ​ការ​បោះឆ្នោត​​នេះ​ក៏​គ្មាន​ដែរ​”។

នៅ​ទូទាំង​រាជធានី​ជាពិសេស​នៅ​ផ្សារ​ថ្មី​ ដែល​ស្ទើ​រគ្រប់​ហាង​លក់​មាស​ទាំង​អស់​សុទ្ធ​តែ​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ អាជីវករ​បាន​និយាយ​ថា មាន​ការ​លក់​ដូរ​ជា​ធម្មតា​។ ចាន់ សុឃេង​ អាយុ​៤១​ឆ្នាំ​​បាន​និយាយ​ថា “ ទាំង​ការ​ទិញ​និង​ការ​លក់​ស្ងាត់​ណាស់​”។
នៅ​ឯ​ផ្សារ​អូរ​ប្ញស្សី​ឯណោះ​វិញ​ ភឹម ផាន អាយុ២៨​ឆ្នាំ​ ជា​អាជីវករ​លក់​ម្ហូប​អាហារ​​​បាន​និយាយ​ថា អ្នក​ស្រី​លក់​អង្ករ​បាន​ច្រើន​បាវ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មក​នេះ​ គឺ​ច្រើន​ជាង​ថ្ងៃ​ធម្មតា​។

អ្នក​ស្រី​បាន​និយាយ​ថា “ ជា​ធម្មតា​មនុស្ស​មក​ទិញ​អង្ករ​មួយ​បាវ​​ទម្ងន់​៥០​គីឡូក្រាម​ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​ ខ្ញុំ​លក់​បាន​ពី​ប្រាំ​ទៅ​ប្រាំ​មួយ​បាវ​ក្នុង​មួយ​ថ្ងៃ​”។ ប៉ុន្តែ​ហាង​របស់​អ្នក​ស្រី​ ផាន​ ហាក់​ដូច​ជា​​ចម្លែក​ ព្រោះ​អាជីវករ​លក់ស្បៀង​អាហារ​ផ្សេង​ទៀត​បាន​និយាយ​ថា​ មិន​មាន​មនុស្ស​មក​ទិញ​ស្បៀង​អាហារ​ស្ដុក​ទុក​នោះ​ទេ​។

អាជីវករ​ឈ្មោះ​ ចាន់ ធូរ អាយុ​៥៤​ឆ្នាំ​ ដែល​ជា​អ្នក​លក់​ត្រី​ងៀត​បាន​និយាយ​ថា​   “ មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​មុន​ លក់​ដាច់​ណាស់​ ប៉ុន្តែ​មុន​ពេល​បោះ​ឆ្នោត​​​​នៅ​ឆ្នាំ​នេះស្ងាត់​ណាស់​​”។

លោក នង វណ្ណារិទ្ធ​ អាយុ​៣៣​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​ផ្សារ​អូរ​ប្ញស្សី​បាន​និយាយ​ថា “ មិន​មាន​ចលាចល​កើតឡើង​ទេ​។ ខ្ញុំ​គ្មាន​គម្រោង​ធ្វើ​អ្វី​ឡើយ​។ នរណា​ឈ្មះ​ ក៏​ដូច​នរណា​ដែរ”៕

ប្រែសម្រួល​ដោយ មូល​ គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស