ក្រុងស្វាយរៀង/ក្រុងព្រៃវែង-រយៈពេលបួនឆ្នាំ បន្ទាប់ពីលោកត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទដកបង្គោលតម្រុយព្រំដែនជាមួយប្រទេសវៀតណាមនៅក្នុងខេត្តស្វាយរៀង កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានត្រឡប់ទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងខេត្តនេះដែលពីដំបូងមានមនុស្សតែ៤០នាក់ ហើយបានកើនឡើងជាបន្តបន្ទាប់រហូតដល់ប្រហែល៦.០០០នាក់។
នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងខេត្តដែលគេធ្លាប់ចាត់ទុកថា ជាទឹកដីរបស់គណបក្សប្រជាជនកម្ពុជានោះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបាននិយាយពីទោសព្រហ្មទណ្ឌរបស់លោកកាលពីឆ្នាំ២០០៩ ដែលតុលាការបានផ្ដន្ទាទោសលោកកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទដកបង្គោលតម្រុយព្រំដែនចំនួនប្រាំមួយបង្គោល ហើយក្នុងនោះបើទោះជាមានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រក៏ដោយ ក៏នៅតែរារាំងរូបលោកមិនឲ្យឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យបានឡើយ។
លោក សម រង្ស៊ី បាននិយាយទៅកាន់ក្រុមអ្នកគំាទ្រថា “ ខ្ញុំដឹងថា សាលាដំបូងខេត្តស្វាយរៀងមិនយុត្តិធម៌ទេ”។លោកក៏បានទទួលស្គាល់ដែរថា កសិករពីរនាក់ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំបួនខែ ពីបទល្មើសដូចគ្នានេះ។
លោកបានមានប្រសាសន៍ថា “ ប្រជាជនជាទីស្រលាញ់ សូមក្រឡេកមើលកសិករពីរនាក់ គឺអ្នកស្រី មាស ស្រី និងលោក ព្រំ ជា គឺពួកគាត់គ្មានកំហុសសោះ។ ពួកគាត់គ្រាន់តែការពារដីរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែតុលាការបានផ្តន្ទាពួកគាត់ឲ្យជាប់ពន្ធនាគារ”។
ពេលនោះលោក សម រង្ស៊ី បានធ្វើការប្រៀបធៀបជាមួយរឿងក្ដីមួយទៀត ដែលលោកបានចាត់ទុកថា អយុត្តិធម៌ ប៉ុន្តែសម្រាប់ហេតុផលផ្សេង គឺករណីរបស់លោក ឈូក បណ្ឌិត។ ថ្មីៗនេះអតីតអភិបាលក្រុងបាវិតរូបនេះត្រូវបានផ្ដន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែពីបទបាញ់កម្មការិនីរោងចក្រ ដែលធ្វើការតវ៉ាបីនាក់ឲ្យរងរបួសកាលពីឆ្នាំមុន ប៉ុន្តែនគរបាលនិយាយថា ពួកគេមិនអាចស្វែងរកចាប់ខ្លួនគាត់ដាក់ពន្ធនាគារបានឡើយ។
មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា“ ប៉ុន្តែ ចុះលោក ឈូក បណ្ឌិត វិញឬមិនថា គាត់ជានរណាឡើយ ដែលបានបាញ់កម្មករនោះ តែគាត់នៅមានសេរីភាព។ វាអយុត្តិធម៌បែបនេះ”។
លោក សម រង្ស៊ី ក៏បាននិយាយដូចមិនសូវមានជំនឿក្នុងចិត្តអំពីប្រធានបទមួយក្នុងចំណោមប្រធានបទដែលលោកពេញចិត្ត និងជាប្រធានបទមួយដែលនិយាយអំពីការផ្តន្ទាទោសលោកពីដំបូងនៅសាលាដំបូងខេត្តស្វាយរៀងនោះ គឺការទន្ទ្រានយកទឹកដីកម្ពុជាពីសំណាក់ប្រទេសវៀតណាម។
ដោយប្រើពាក្យប្រមាថចំពោះជនជាតិវៀតណាម លោកមានប្រសាសន៍ថា “ នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតហើយ… ខ្ញុំនឹងប្រមូលយកទ្រព្យសម្បត្តិកម្ពុជា ហើយប្រគល់ឲ្យប្រទេសកម្ពុជាវិញ។ គេបាននិយាយថា យួនមកច្រើនណាស់ ហើយដកបង្គោលព្រំដែននៅក្នុងទឹកដីរបស់យើង”។
លោកបានមានប្រសាសន៍ថា“ បងប្អូនដឹងថា យួនបោះឆ្នោតឲ្យ ហ៊ុន សែន ដូច្នេះសូមកុំធ្វើតាមយួនបើសិនបងប្អូនបោះឆ្នោតឲ្យ ហ៊ុន សែន”។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ ពេលនោះលោកបានណែនាំកសិករម្នាក់ក្នុងចំណោមកសិករពីរនាក់ គឺអ្នកស្រី មាស ស្រី ដល់អ្នកចូលរួម។ ពេលកាន់ដៃលោកយ៉ាងណែន អ្នកស្រីបានអះអាងថា តុលាការដែលបានផ្ដន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគារនោះគឺជាអំពើពុករលួយ ហើយថា អ្នកស្រីគ្រាន់តែការពារដីរបស់ខ្លួនប៉ុណ្ណោះនៅពេលដែលអ្នកស្រីដកបង្គោលតម្រុយព្រំដែននោះ។
គណបក្សសង្គ្រោះជាតិកំពុងប្រឹងប្រែងដណ្ដើមអាសនៈចំនួនប្រាំក្នុងខេត្តស្វាយរៀងពីគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះអាសនៈទាំងអស់ក្នុងការបោះឆ្នោតអាណត្តិមុន ហើយបើទោះជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគំាទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ ដើម្បីបំបាត់សំឡេងគណបក្សប្រឆាំងនៅពេលដែលក្បួនរបស់ពួកគេបានឆ្លងកាត់យ៉ាងណាក៏ដោយ ក៏កាលពីម្សិលមិញ ប្រជាពលរដ្ឋនៅមានទឹកចិត្ត រឹងមាំ គ្រាន់តែមិនសូវឮសំឡេងប៉ុណ្ណោះ។
នៅក្នុងខេត្តព្រៃវែងក្បែរនោះវិញ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈប្រាំពីរក្នុងចំណោម១១ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨ ប៉ុន្តែប្រជាប្រិយភាពរបស់លោក សម រង្ស៊ី នៅមាននៅទីនោះដែរ ដោយប្រជាពលរដ្ឋរាប់ពាន់នាក់បានរង់ចាំការមកដល់របស់លោកយ៉ាងអន្ទះសា។
អ្នកស្រី ខេង គា អាយុ៤៩ឆ្នាំជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលគ្មានដីធ្លី និងការងារជឿជាក់យ៉ាងមុតមាំថា លោក សម រង្ស៊ី អាចផ្ដល់ឲ្យនូវអ្វី ដែលគណបក្សប្រជាជនកម្ពុជាមិនអាចធ្វើបានថា “ យើងធុញទ្រាន់ណាស់”។ អ្នកស្រីបាននិយាយថា លោក សម រង្ស៊ី អាចនាំមកនូវវិបុលភាពដល់ពួកយើង។ យើងបានឃើញហើយថា ដីធ្លីបានបាត់បង់ និងរងការបំផ្លិចបំផ្លាញ”។
អ្នកស្រី ខេង គា ក៏ដូចជាអ្នកគាំទ្រដទៃទៀតដែរ កាលពីម្សិលមិញមិនបានដឹងអំពីមូលនិធិសប្បុរសធម៌ ដែលបានបង្កើតឡើងនៅសប្ដាហ៍នេះ ដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង មកពីគណបក្សប្រជាជនកម្ពុជា ដែលបានសន្យាផ្ដល់ប្រាក់រាប់សែនដុល្លារដល់មនុស្សចាស់ អ្នកជំងឺ ស្ត្រីទើបសម្រាលកូននៅក្នុងខេត្តនេះទេ។ អង្គការឃ្លាំមើលការបោះឆ្នោតបានហៅមូលនិធិសប្បុរសធម៌ដោយការផ្តល់ប្រាក់នៅនាទីចុងក្រោយនេះថា ស្រដៀងទៅនឹងការទិញសន្លឹកឆ្នោត។
ប៉ុន្តែអ្នកស្រី គា មិនបារម្ភទេ។អ្នកស្រីបាននិយាយពីឱកាសនៃការធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតក្នុងខេត្តនេះតាមរយៈមូលនិធិសប្បុរសធម៌នេះថា “ ខ្ញុំមិនគិតថា គណបក្សនេះឈ្នះទេ”។
អង្គុយនៅលើម៉ូតូស្គុបពីពណ៌ផ្កាឈូកក្នុងចំណោមប្រជាជនរាប់ពាន់នាក់ ដែលរង់ចាំការមកដល់របស់លោក សម រង្ស៊ី នោះ ហ៊ុំ សុខហៀង អាយុ២២ឆ្នាំជាកម្មការិនីរោងចក្រកាត់ដេរ ដែលនាងនឹងបោះឆ្នោតលើកដំបូងក្នុងការបោះឆ្នោតជាតិនេះ និយាយថា គណបក្សសង្គ្រោះជាតិគឺជាជម្រើសច្បាស់លាស់។
កម្មការិនីរូបនេះបាននិយាយថា“ ខ្ញុំចង់ប្ដូរមេដឹកនាំបច្ចុប្បន្ន។ បណ្តាប្រទេសផ្សេងៗទៀតបានអភិវឌ្ឍអស់ហើយ ប៉ុន្តែប្រទេសកម្ពុជាខុសប្លែកពីគេ ហើយថា វាជាកំហុសរបស់គណបក្សប្រជាជនកម្ពុជា។
លោក ឈឹម ប៊ុនថុន អាយុ៥៨ឆ្នាំ ដែលមើលឃើញច្បាស់នៅក្នុងសម្លៀកបំពាក់ស៊ីវិលក្នុងចំណោមអាវនិងមួកគណបក្សសង្គ្រោះជាតិពណ៌សលាយទឹកសមុទ្របាននិយាយថា លោកមិនទាន់សម្រេចចិត្តនៅឡើយទេ។
លោកបាននិយាយដល់ការបោះឆ្នោតជាតិឆ្នាំ២០០៨ថា“ ខ្ញុំបានបោះឆ្នោតឲ្យអ្នកឈ្នះកាលពីពេលមុន”។ លោកបានបន្ថែមថា “ ប៉ុន្តែខ្ញុំចង់ស្ដាប់អ្វីដែល [លោក សម រង្ស៊ី] និយាយ ខ្ញុំគ្រាន់តែចង់បានអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ ខ្ញុំចង់បានយុត្តិធម៌”។
លោក សម រង្ស៊ី ថ្លែងសុន្ទរកថាមួយទៀតទៅកាន់ក្រុមមនុស្ស ដែលមានចិត្តសប្បាយរីករាយនៅក្នុងសួនស្ថិតនៅចំកណ្ដាលទីប្រជុំជនដែលបន្ទាប់មកលោក កឹម សុខា ជាអនុប្រធានគណបក្ស បានថ្លែងសុន្ទរកថាដោយមានការទះដៃអបអរយ៉ាងកងរំពង។ លោក សម រង្ស៊ី នឹងចំណាយពេលថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការនៅក្នុងខេត្តកំពង់ចាមមុនពេលវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ៕
ប្រែសម្រួលដោយ សោម សារុន