27 C
Phnom Penh

អ្នក​​​បាត់​​​ឈ្មោះ​​​អស់​​​សង្ឃឹម​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​ខិត​​​ជិត​​​មក​​​ដល់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យឹម វីវត្តី​​​ ​​​តែង​​​តែ​​​បោះ​​​ឆ្នោត​​​នៅ​​​ការិ​​​យា​​​ល័យ​​​បោះ​​​ឆ្នោត​​​​​​ដដែល​​​ក្នុង​​​ខណ្ឌ​​​៧​​​មករា​​​ រាជ​​​ធានី​​​ភ្នំពេញ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៣​​​មក​​​។ លោក​​​មិន​​​ដែល​​​ផ្លាស់​​​ទី​​​លំនៅ​​​ទេ​​​ ហើយ​​​មាន​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​​​នៅ​​​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ដដែល​​​នេះ​​​រាល់​​​លើក​​​ គឺ​​​នៅ​​​ការិ​​​យា​​​ល័យ​​​លេខ​​​៣៥១​​​។

ប៉ុន្តែ​​ នៅ​​​ពេល​​​បុរស​​​​​​វ័យ​​​៣៥​​​ឆ្នាំ​​រូប​​​នេះ​​​ស្វែង​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​ច្បាប់​​​ចម្លង​​​នៃ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ដែល​​​កឹប​​​ជាប់​​​នឹង​​​ក្ដា​​​របិទ​​​ប្រកាស​​​មួយ​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​សង្កាត់​​​វាល​​​វង់​​​ កាល​​​ពី​​​ពីរ​​​ថ្ងៃ​​​មុន​​​ លោក​​​​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​មិន​​​ឃើញ​​​ទេ​​​។

លោក​​​បាន​​​និយាយ​​​បន្ទាប់​​​ពី​​​ពិនិត្យ​​​រក​​​ឈ្មោះ​​​របស់​​​លោក​​​​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​អស់​​​កន្លះ​​​ម៉ោង​​​ថា “ ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​មិន​​​អាច​​​បោះ​​​ឆ្នោតាន​​​។ នៅ​​​ពេល​​​ខ្ញុំ​​​ប្រាប់​​​ពួក​​​គេ​​​ [មន្ត្រី​​​សង្កាត់​​​] ពួក​​​គេ​​​គ្រាន់​​​តែ​​​ប្រាប់​​​ខ្ញុំ​​​ឲ្យ​​​រក​​​មើល​​​ម្ដង​​​ទៀត​​​។ ប៉ុន្តែ​​​ ខ្ញុំបាន​​​រក​​​មើល​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ ហើយ​​​ខ្ញុំ​​​នៅ​​​តែ​​​រក​​​មិន​​​ឃើញ​​​​​”។ បញ្ហា​​​នេះ​​​​​​មិន​​​មែន​​​កើត​​​មាន​​​ឡើង​​​តែ​​​ចំពោះ​​​លោក​​​ យឹម វីវត្តី ម្នាក់​​​ឯង​​​នោះ​​​ទេ​​​។

យោង​​​តាម​​​សវនកម្ម​​​ឯករាជ្យមួយ​​​​​​លើ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​របស់​​​រដ្ឋាភិបាល​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​បង្ហាញ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ចំនួន​​​១០,៨​​​ភាគរយ​​​ដែល​​​គិត​​​ថា​​​ ខ្លួន​​​​​​មាន​​​ឈ្មោះ​​​ក្នុង​​​បញ្ជី​​​​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​​​នោះ​​​ តាម​​​ពិត​​​អត់​​​មាន​​​​​​ទេ ៧,៨ភាគរយ​​​នៃ​​​អ្នក​​​ដែលធ្លាប់​​​​​​បាន​​​បោះ​​​ឆ្នោត​​​ នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ គ្មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ទៀត​​​ទេ ហើយ​​​​​​៩,៤​​​ភាគរយ​​​នៃ​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ឈ្មោះ​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​នេះ​​​ ត្រូវ​​​បាន​​​លុប​​​ចេញ​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​។ សវនកម្ម​​​នេះ​​​បាន​​​បង្ហាញ​​​ថា ​​​ឈ្មោះ​​​មួយ​​​ក្នុង​​​ចំណោម​​​ឈ្មោះ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ចំនួន​​​​​​១០​​នាក់ប្រហែល​​​ជា​​​មិន​​​មាន​​​មនុស្ស​​​ពិត​​​ប្រាកដ​​​ផងទេ ជា​​​ហេតុ​​​​​​បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពីចំនួន​​​យ៉ាង​​​ច្រើន​​​នៃ​​​ “​​​អ្នក​​​បោះ​​​ឆ្នោត​​​ខ្មោច”​​​។

សវនកម្ម​​​ឯករាជ​​​្យ​​​មួយ​​​ទៀត​​​​​​បាន​​​សន្និដ្ឋាន​​​ថា ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​​​​​​​រហូត​​​ដល់​​​ទៅ​​​១,២៥​​​លាន​​​នាក់​​​អាច​​​នឹង​​​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ ហើយ​​​បាន​​​ព្រមាន​​​ថា នេះ​​​អាច​​​ជា​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ភាព​​​យុត្តិធម៌​​​តិច​​​តួច​​​បំផុត​​​ក្នុង​​​ប្រទេស​​​កម្ពុជា ក្នុង​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​មក​​​នេះ​​​។

គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​​​​ហៅ​​​កាត់​​​ថា គ.ជ.ប. បាន​​​ច្រាន​​​ចោល​​​សវន​​​កម្ម​​​ទាំង​​​នេះ​​​ ទោះ​​​បី​​​ជា​​​សវនកម្ម​​​ផ្ទាល់​​​របស់​​​ខ្លួន​​​​​​ស្រដៀង​​គ្នា​​​ច្រើន​​​​​​ទៅ​​​នឹង​​​លទ្ធផល​​​​​​ដដែល​​​នេះ​​​ក៏​​​ដោយ​​​។ ប៉ុន្តែ​​​ នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នា​​​សប្ដាហ៍​​​នេះ​​​ អ្នក​​​បោះ​​​ឆ្នោត​​​​​​មួយ​​​ចំនួន​​​ដែល​​​ពោរពេញ​​​ដោយ​​​ក្ដី​​​​​​សង្ឃឹម​​​ដែលបាន​​​​​​ពិនិត្យ​​​មើល​​​បញ្ជី​​​​​​ឈ្មោះ​​​នៅ​​​តាម​​​សង្កាត់​​​របស់​​​ខ្លួន​​​នៅ​​​នាទី​​​​​​ចុង​​​ក្រោយ​​​ នៅតែ​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​មិន​​​ឃើញ​​​។

លោក​​​ យឹម វីវត្តី បាន​​​និយាយ​​​​​​មុននៅ​​​​​​ពេល​​​​​​បោះ​​​បង់​​​ការ​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​នៅ​​​ទី​​​បំផុត​​​ថា “ កត្តានេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ ពីព្រោះ​​​វា​​​ធ្វើ​​​ឲ្យ​​​បាត់​​​សន្លឹក​​​ឆ្នោត​​​”។

នៅ​​​ផ្នែក​​​ម្ខាង​​ទៀត​​​នៃ​​​ក្ដារ​​​បិទ​​​ប្រកាស​​​ដដែល​​​នេះ​​​ ស្ត្រី​​​ម្នាក់​​​ឈ្មោះ​​​ ស្រី​​​ បញ្ញា​​​ ក៏​​​ជួប​​​រឿង​​​ដូច​​​គ្នា​​​នេះ​​​ដែរ​​​។ ស្ត្រី​​​រូប​​​នេះ​​​និយាយ​​​ថា “ ខ្ញុំ​​​បាន​​​រង់​​​ចាំ​​​ពិនិត្យ​​​មើល​​​បញ្ជី​​​ឈ្មោះ​​​ជា​​​យូរ​​​មក​​​ហើយ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ដែល​​​មាន​​​បញ្ហា​​​ពី​​​មុន​​​មក​​​ទេ។ ខ្ញុំ​​​តែ​​​ង​​​តែ​​​​​​​​​បោះ​​​ឆ្នោត​​​នៅ​​​ការិ​​​យា​​​ល័យ​​​បោះ​​​ឆ្នោត​​​លេខ​​​៣៦៨​​​ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៨​​​មក​​​” ។បន្ទាប់​​​ពី​​​ពិនិត្យ​​​មើល​​​បញ្ជី​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​​​ទាំង​​​អស់នៅ​​​សាលា​​​សង្កាត់​​​នេះ​​​​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ ស្ត្រី​​​រូប​​​នេះ​​​ក៏​​​បាន​​​ដើរ​​​ចេញ​​​ដោយ​​​រក​​​ឈ្មោះ​​​របស់ខ្លួន​​​មិន​​​ឃើញ​​​ដូច​​​គ្នា​​​ដែរ​​​។

នៅ​​​ខាង​​​ក្នុង​​​ការិយាល័យ​​​ដ៏​​​តូច​​​ចង្អៀត​​​​​​របស់​​​ខ្លួន​​​ លោក​​​  ជុំ  យឿន ស្មៀន​​​សង្កាត់​​​បាន​​​អះអាង​​​ថា រហូត​​​មក​​​ទល់​​​ពេលនេះ​​​មិន​​​ទាន់​​​មាន​​​​​​នរណា​​​ម្នាក់​​​ដែល​​​ថា ​​​រក​​ឈ្មោះ​​​របស់​​​ខ្លួន​​​មិន​​​ឃើញ​​​នោះ​​​ទេ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មិន​​​ទាន់​​​មាន​​​អ្នក​​​ដែល​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​មិន​​​ឃើញ​​​នៅ​​​ឡើយ​​​ទេ។ ប្រសិន​​​បើ​​​ពួក​​​គាត់​​​មិន​​​បាន​​​ផ្លាស់​​​ទី​​​លំនៅ​​​ទេនោះ​​​​​​ យើង​​​អាច​​​រក​​​ឈ្មោះ​​​របស់​​​ពួក​​​គាត់​​​ឃើញ​​​រហូត​​​។ ប្រសិន​​​បើ​​​ពួក​​​គាត់​​​រក​​​មិន​​ឃើញ យើង​​​នឹង​​​ជួយ​​​ពួក​​​គាត់​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ថា សម្រាប់​​​អ្នក​​​ដែល​​​មាន​​​បញ្ហា​​​ ពួក​​​គាត់​​​ត្រឡប់​​​មក​​​វិញ​​​ជា​​​មួយ​​​នឹង​​​ឯកសារ​​​សម្គាល់​​​អត្ត​​​សញ្ញាណ​​​ទាំង​​​អស់​​​របស់​​​ខ្លួន​​​ ហើយឲ្យ​​​​​​កូន​​​ប្រុស​​​ឬកូន​​​ស្រី​​​​​​​​​ជួយ​​​ពិនិត្យ​​​មើល​​​បញ្ជី​​​ឈ្មោះ​​​ឲ្យ​​​ពួក​​​គាត់​​​។​​​

នៅ​​​ឯសាលា​​​បឋមសិក្សា​​​ភ្នំពេញ​​​ថ្មី​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​  ដែល​​​ជា​​​ខណ្ឌ​​​ថ្មី​​បំផុត​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក ជា ផាត​​​ គ្មាន​​​បញ្ហា​​​អ្វី​​​​​​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួនក្នុង​​​បញ្ជី​​​​​​ឈ្មោះ​​​បោះឆ្នោត​​​​​​ដែល​ត្រូវ​​​បាន​​​បិទ​​​ភ្ជាប់​​​ទៅ​​​នឹង​​​ទ្វារ​​​បង្អួច​​​នៃ​​​​​​ថ្នាក់​​​រៀន​​​ទំនេរ​​​មួយ​​​ឡើយ​​​។

លោក ជា ផាត បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​រក​​​ឈ្នោះ​​​របស់​​​ខ្ញុំ​​​ឃើញ​​​ហើយ  ប៉ុន្តែ​​​ឈ្មោះ​​​របស់​​​​​​ប្អូន​​​ថ្លៃ​​​ខ្ញុំ​​​​​​ គឺ​​​រក​​​មិន​​​ឃើញ​​​ទេ​​​​​​។ គាត់​​​​​​បោះ​​​ឆ្នោ​​​ត​​​នៅ​​​ទី​​​នេះ​​​ជា​​​យូរ​​​ឆ្នាំ​​​មក​​​ហើយ​​​។ ប្រសិន​​​​​​បើ​​​ខ្ញុំ​​​មិន​​​អាច​​​រក​​​ឈ្មោះ​​​របស់​​​ប្អូន​​​ថ្លៃ​​​ខ្ញុំ​​​ឃើញ​​​ទេ​​​ គាត់​​​មិន​​​អាច​​​បោះឆ្នោត​​​បាន​​​ឡើយ”។

​​​នៅ​​​ពេល​​​ពឹង​​​សង្កាត់​​​ ​​​​​​មន្ត្រី​​​ទាំងនោះ​​​​​​​​​បាន​​​ត្រឹម​​​​​​​​​​​​ជួយ​​​​​​​​រក​​​ឈ្មោះ​​​ឲ្យ​​​​អ្នក​​​បោះឆ្នោត​​​​​ ​​​ប្រាប់​​​ពួក​​​គេ​​​​​​ឲ្យ​​​ទូរស័ព្ទ​​​ទៅសួរ​​​​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ ​​​ឬ​​​បើ​​​មិន​​​ដូច្នោះ​​​​​​​​​ទេ​​​ គឺ​​​និយាយ​​​ថា វា​​​យឺត​​​ពេល​​​​​​ហើយ​​​ មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​តែ​​​ម្តង​​​។

លោក គល់​​​ បញ្ញា នាយក​​​ប្រតិបត្តិ​​​គណៈ​​​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា ខុមហ្វ្រែល ដែល​​​ធ្លាប់​​​បាន​​​​​​ព្រមាន​​​​​​​​​​​​ថា​​​ ​​​ប្រជា​​​ពល​​​រដ្ឋ​​​១,២៥​​​​​​លាន​​​នាក់​​​​​​​​​អាច​​​​​​បាត់​​​បង់​​​សិទ្ធិ​​​បោះឆ្នោត​​​នោះ​​​​​​​​​លើក​​​ឡើង​​​ថា គ.ជ.ប. ​​​​​​បាន​​​ព្យាយាម​​​​​​ទប់ស្កាត់​​​​​​​​​មិន​​​ឲ្យ​​​ឈ្មោះ​​​របស់​​​​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះឆ្នោត​​​បាត់​​​​​​​​ពី​​​បញ្ជី​​​​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប៉ុន្តែ​​​ខ្ញុំ​​​នៅ​​​តែ​​​ព្រួយ​​​បារម្ភ​​​ថា ប្រជាពលរដ្ឋ​​​ជាច្រើន​​​នឹង​​​ជួប​​​ប្រទះ​​​បញ្ហា​​​នេះ​​​ ជា​​​ពិសេស​​​នៅ​​​តាម​​​តំបន់​​​​​​ក្រុង​​​ ដែល​​​​​​គណបក្ស​​​ប្រឆាំ​​​ង​​​​​​មាន​​​អ្នក​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​នោះ​​​”។ អង្គ​​​ការ​​​ខុមហ្វ្រែល​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ នៅ​​​ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះឆ្នោត​​​ចំនួន​​​៤៦០​​​នាក់​​​ដែល​​​មិន​​​អាច​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​​​​​​​ឃើញ​​​​​​នៅ​​​ថ្ងៃ​​​​​​បោះឆ្នោត​​​​​​ក្នុង​​​​​​​​​​​​​​​​​​ឆ្នាំ​​​២០០៨  ​​​មាន​​​​​ពាក់​​​​​​កណ្ដាល​​​​​​ស្ថិត​​​​​​​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​  នេះ​​​គ្រាន់​​​​​​តែ​​​នៅ​​​​​​​​​រាជធានី​​​​​​​​​ភ្នំពេញ​​​មួយ​​​​​​ប៉ុណ្ណោះ​​​។

ឈ្មោះ​​​​​​​​​​​​​​អ្នក​​​ដែល​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​ដែល​​​បាន​​​បាត់​​​ឈ្មោះ​​​ពី​​​​​​ក្នុង​​​បញ្ជី​​​​​បោះឆ្នោតនៅ​​​​​​ក្នុង​​​ឆ្នាំ​​​នេះ​​​​​​​​​ត្រូវ​​​​​​អង្គការ​​​ខុម​​​ហ្វ្រែល​​​ ​​​​​​បញ្ជូន​​​ទៅ​​គណៈកម្មាធិការ​​​ជាតិ​​​​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​បីបួន​​​សប្ដាហ៍​​​​​​មុន​​​ ប៉ុន្តែ​​​​​​មិន​​​បាន​​​ទទួល​​​​​​ការ​​​ឆ្លើយ​​​តប​​វិញ​​​ឡើយ​​​។

ប៉ុន្តែ​​​លោក​​​ គល់ បញ្ញា បាន​​​លើក​​​ឡើង​​​ថា មាន​​​អ្នក​​​បោះឆ្នោត​​​មួយ​​​ចំនួន​​​ហាក់​​​បី​​​ដូចជា​​​​​​​​​​មិនខ្វល់​​​ពី​​​​​​ការ​​​ស្វែងរក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​ក្នុង​​​បញ្ជី​​​ផង​​​ទេ​​​ គឺ​​​​​​ទាំង​​​​​​​ការ​​​​រក​​​ឈ្មោះ​​​ដោយ​​​ផ្ទាល់​​​ ឬ​​​ស្វែង​​​រក​​​តាម​​​អ៊ីនធើណិត​​​។

លោក​​​បាន​​​ថ្លែង​​​ថា “សូម្បី​​​តែ​​​នៅ​​​​​​​​​ក្នុង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ មាន​​​មនុស្ស​​​ជា​​​ច្រើន​​​ដែល​​​​​​មិន​​​អាច​​​ស្វែង​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​ឃើញ​​​នៅ​​​តាម​​​អ៊ីនធើណិត​​​ គឺ​​​មាន​​​តែ​​​យុវជន​​​តែ​​​ប៉ុណ្ណោះ​​​​​​”។

ទោះ​​​បី​​​ជា​​​ដូច្នេះ​​​ក្ដី​​​  អង្គការ​​​ខុមហ្វ្រែល​​​​​​និង​​​សមាគម​​​​​​យុវជន​​​មួយ​​​ចំនួន​​​បាន​​​ផ្ញើ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ទៅ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​ ដោយ​​​ជំរុញ​​​ឲ្យ​​​គណៈ​​​កម្មា​​​ធិ​​​ការ​​​នេះ​​​​​​លុប​​​ចោល​​​ផែន​​​ការ​​​ដក​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​ចេញ​​​ពី​​​គេហទំព័រ​​​របស់​​​ខ្លួន​​​​​​មួយ​​​ថ្ងៃ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ ដើម្បី​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាពិសេសគឺ​​​​​​យុវជន​​​ ដែល​​​នៅ​​​តែ​​​ព្យាយាម​​​ស្វែង​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​ ឈ្មោះ​​​របស់​​​ក្រុម​​​គ្រួសារ​​​របស់​​​ខ្លួន​​​ និង​​​​​​ឈ្មោះ​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះឆ្នោត​​​ផ្សេងៗ​​​ទៀត​​​”។

លោក ទេព នីថា អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត ​​​បាន​​​និយាយ​​​ការពារ​​​ការ​​​សម្រេច​​​ចិត្ត​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​បិទ​​​គេហទំព័រ​​​នេះ​​​ ពីព្រោះ​​​យើង​​​មិ​​​ន​​​ចង់​​​ឲ្យ​​​នរណា​​​ម្នាក់​​​ប្រើ​​​វា​​​ ដើម្បី​​​ឃោសនា​​​អំឡុង​​​​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃមុន​​​ការ​​​បោះ​​​ឆ្នោតទេ​​​​​​​​​ ពីព្រោះ​​​វា​​​ផ្ទុយ​​​ទៅ​​​នឹង​​​បទប្បញ្ញត្តិ​​​​​​របស់​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​”។

លោក ទេព នីថា មិ​​​ន​​​បាន​​​រៀប​​​រាប់​​​ពី​​​បទ​​​​ប្បញ្ញត្តិ​​​​​​ទាំង​​​នោះ​​ថា ជា​​​បទ​​​ប្បញ្ញត្តិ​​​​​​​​​​​​អ្វី​​​​​​​​​​ ឬ​​​​​​ថាតើ​​​​​​បញ្ជី​​​​​​ឈ្មោះ​​​បោះឆ្នោត​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ដើម្បី​​​ឃោ​​​សនា​​​ដោយ​​​​​​របៀប​​​ណា​​​ទេ​​​។ ប៉ុន្តែ​​​លោក​​​​​បាន​​​​​​និយាយ​​​ការពារ​​​​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត ​​​ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ឈ្មោះ​​​ ដែល​​​ត្រូវ​​​បាន​​​លុប​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះឆ្នោត​​​​​​គឺជា​​​ឈ្មោះ​​​អ្នកបោះឆ្នោត​​​ណា​​​ ដែល​​​បាន​​​ចាកចេញ​​​ពី​​​ស្រុក​​​ភូមិ​​​របស់​​​ខ្លួន​​​​​​ជា​​​អចិន្ត្រៃយ៍​​​ ឬ​​​​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​។

លោក​​​ក៏​​​បាន​​​ណែ​​​នាំ​​​ឲ្យ​​​អ្នក​​​ដែល​​​មាន​​​បញ្ហា​​​​​​​​​​​​ក្នុង​​​ការ​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​បោះឆ្នោត​​​ឲ្យ​​​ទូរស័ព្ទ​​​ទៅ​​​កាន់​​​លេខ​​​ពិសេស​​​មួយ​​​ក្នុង​​​ចំណោម​​​លេខ​​​ពិសេស​​​ទាំង​​​ប្រាំ​​​ខ្សែ​​​ដែល​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បើក​​​ឲ្យ​​​ប្រើប្រាស់​​​។ ប៉ុន្តែ​​​លោក​​​ គល់ បញ្ញា​​​ មាន​​​ប្រសាសន៍​​​ថា លេខ​​​​​​ពិសេស​​​​​​ទាំង​​​នោះ​​​​​​វា​​​ហាក់​​​ដូច​​​ជា​​​​​​យឺត​​​​​​ពេល​​​​​​ទៅ​​​ហើយ​​​ ហើយ​​​មក​​​ដល់​​​ដំណាក់​​​កាល​​​នេះ​​​ លេខ​​​ទាំង​​​នេះ​​​ គឺ​​​គ្រាន់​​​​​​តែ​​​អាច​​​រាប់​​​ចំនួន​​​អ្នក​​​ដែល​​​មាន​​​បញ្ហា​​​ ក្នុង​​​ការ​​​ស្វែង​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​តែ​​​ប៉ុណ្ណោះ​​​។រីឯ​​​ការ​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​វិញ​​​ គឺ​​​ប្រហែល​​​​​​ជា​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ៕

(រាយការណ៍​​​បន្ថែម​​​ដោយ អូន ភាព​​​)
ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស