31.8 C
Phnom Penh

អាជ្ញាធរ​ព​ង្រឹង​​​​សន្តិសុខ​​​សម្រាប់​​​ការ​ធ្វើ​យុទ្ធនាការ​​​ឃោសនា​​​​បោះ​ឆ្នោតថ្ងៃ​​ចុង​ក្រោយ​​​​ក្នុងរាជធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​រាជធានី បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ត្រូវ​បង្កើន​​​​វិធានការ​​​សន្តិសុខ​​​​ដើម្បី​​​ធានា​​​ថា ការ​​​ធ្វើយុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​​ឆ្នោត​​​នៅដំណាក់កាល​​​ចុង​​​ក្រោយ នៅ​​​ថ្ងៃ​​​នេះ នឹង​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សន្តិវិធី និង​​​​កុំ​ឲ្យ​មាន​​បញ្ហា​ធ្ងន់​ធ្ងរ​​​​នៅ​​​ក្នុង​​​រាជធានី​​​នេះ​ហើយ​ថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ថ្ងៃ​​​អាទិត្យ នឹង​​​ដំណើការ​​​​​​ដោយ​​​គ្មាន​​​ឧប្បទវហេតុ  ។

លោក ហេង ចាន់ធារី នាយការិយាល័យ​នគរបាល​ចរាចរ​​​រាជធានី បាន​​​មាន​​​ប្រសាសន៍​​​ថា  នគរបាល កង​​​រាជ​​​អា​​​វុធ​ហត្ថ ​និងនគរ​បាល​​​​​​ចរាចរនឹង​​​ត្រូវ ដាក់​ពង្រាយ​នៅថ្ងៃ​​​នេះ នៅ​​​ក្នុងកិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​រួមគ្នា ដើម្បី​​​ថែរក្សា​​​សន្តិសុខ និង​សម្រួល​ចរាចរណ៍ ខណៈ​​​ពេល ​គណបក្សនយោបាយ​​​នានា ធ្វើ​​​ការ​​​ដង្ហែក្បួន​​​អ្នក​​​គាំ​​​ទ្រ​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ចុង​​​ក្រោយ នៃការ​​​ធ្វើយុទ្ធនាការ​​​ឃោស​​​នា​​​រក​​​សំឡេង​​​ឆ្នោត​​​នេះ។

លោកបាន​​​មាន​​​ប្រសាសន៍ថា “ នគរ​បាល​នឹង​​​ធ្វើការ​​​យ៉ាង​​​សកម្ម​​​ដើម្បី​ការ​ពារ​សន្តិ​សុខ ​ហើយ​​​ប្រសិន​​​បើ​​​ការ​​​ដង្ហែក្បួន​​​ទាំង​​​នេះ ​គោរព​​​​​​​ច្បាប់​​​នោះ នគរបាល នឹង​​​មិន​​​បិទ​​​ផ្លូវ​​​នោះ​​​ទេ”។លោកមាន​​​ប្រសា​​​ស​​​ន៍​​​បន្ថែម​ថា ​នគរបាល​​​ចរាចរណ៍ ជាង​​​៥០០​​​នាក់ នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ដើម្បី​​​ទប់​ស្កាត់​កុំឲ្យ​​​កកស្ទះ​ចរា​ចរណ៍ និង​​​កំណត់​​​កន្លែង​ជួប​ជុំ​គ្នា។

នគរបាល បាន​​​ដាក់​​​ពង្រាយ​​​ដែក​​​របាំង​​​ផ្លូវ​​​ជា​​​ច្រើន​​​ផ្ទាំងនៅ​​​តាម​​ចិញ្ចើម​​ផ្លូវ​​​​​​ក្នុងសង្កាត់​​​​​​​​បឹង​​​កេងកង១ កាល​​​ពី​​​ម្សិល​​​ ប៉ុន្តែ ​លោក ​គង់ ​​សុផាត នាយប៉ុស្ដិ៍​​​​​​​​​នគរបាល​​​សង្កាត់បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​រនាំង​ដែក​​​​សម្រាប់​បិទ​​​​ផ្លូវ​​​ទាំង​​​នេះ គឺ​​​ជា​​​ការ​​​​​​ត្រៀមទុក​​​ជា​​​មុន​​​តែ ប៉ុណ្ណោះ។

លោក គង់ សុផាត បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ដែករបាំងផ្លូវ​​​ទាំង​​​នេះ គឺ​​​គ្រាន់​​​តែ​​​ដើម្បី​​​បញ្ជៀស​​​កុំឲ្យ​​​មាន​​​ការ​​​​​​កក​​​ស្ទះ​​​ចរាចរណ៍​​​ប៉ុណ្ណោះ ប្រសិន​​​បើ​​​អ្នក​​​បើក​​​បរ​​​មិន​​​គោរព​​​នគរ​បាល​​​ចរាចរណ៍​​​ អំឡុង​​​ពេល​​​​​ដង្ហែក្បួន​​​​​​តាម​​​បណ្ដោយ​​​មហា​​​វិថី​​​ព្រះសីហនុ​​​ នៅកែង​​​ផ្លូវ​​​នានា​​​ទេនោះ”។

​ទោះ​ជា​មាន​​​អំពើហិង្សា​​ធ្ងន់​ធ្ងរ​តិច​តួច​អំឡុង​​​​​ពេល ធ្វើយុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​​​ឆ្នោត​​​នេះ បើប្រៀបធៀប​​​ទៅ​​​នឹង​​​​​​ការ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោសនាបោះ​​​ឆ្នោត​​​លើក​​​មុនក៏​ដោយ ក៏ការ​​​ប៉ះ​​​ទង្គិច​​​គ្នា បាន​​​កើត​​​មាន​​​ឡើង កាល​​​ពី​​​សប្ដាហ៍​​​​​​​​​មុនដែរ រវាង​​​យុវជន គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា ​និង​​​យុវជន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ ។

កាល​​​ពីថ្ងៃ​​​ពុធ អ្នក​​​គាំទ្រមក​​​ពី​​​គណ​​​បក្ស​​​ទាំង​​​ពីរនេះបាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​ខណ្ឌ​​​ឬស្សី​កែវ ដោយ​​​បណ្ដាល​​​ឲ្យ​​​មន្ត្រី​​​នគរបាល​​​សង្កាត់​​​មួយ​​​រូប​​​រង​​​របួស​​​ក្បាល បន្ទាប់​​​ពី​​​លោក ត្រូវ​​​បានគេគប់​ដុំថ្ម​​​ត្រូវ​​​ចំថ្ងាស។ហើយ​​​យុវជន​​​ម្នាក់ ដែល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះជាតិ បាន​​​សម្រាក​​​​​​ព្យាបាល​​​រយៈពេល​​​មួយ​​​យប់​​​ថ្ងៃ​​​អង្គារ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បន្ទាប់​​​ពីយុវជន​​​នេះ ត្រូវ​​​គេ​​​គប់ដុំ​ឥដ្ឋ​​​មួយ​​​ដុំ​​​ពី​​​ក្រោយ​​​ត្រូវ​​​ចំ​​​ក្បាល អំឡុង​​​ពេល​​​​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ស្រដៀង​គ្នា​​​នេះ។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរ​បាល​​​ជាតិ បាន​​​មាន​​​ប្រសាសន​​​៍​​​ថា “ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នេះ គឺជាការគួឲ្យ​​​សោក​​​ស្ដាយ​​​វាបង្ក​​​ឲ្យ​​​មានគ្រោះ​​​ថ្នាក់​​​ដល់​​​អ្នក​​​ដែល​​​ទៅ​​​គាំទ្រ​​​ដោយ​​​សេរី ចំពោះ​​​គណបក្ស​​​ណា​​​មួយ ដែល​​​ខ្លួន​​​ជ្រើសរើស​​​នោះ ដោយ​​​ហេតុ​​​នេះហើយ ​​​​យើងរៀប​​​ចំ​​​ឲ្យ​​​មាន​​​ការ​​សហការគ្នា​​​រវាង​​​កងកម្លាំង​​​ន​​​គរបាល​​​យើង​​​ទាំង​​​អស់ ដែល​​​រួម​​​មាន កង​​​រាជ​​​អាវុធ​​​ហត្ថ ដើម្បីធានា​​​មិន​​​​​​ឲ្យ​​​មាន​​​ឧប្បត្តិ​ហេតុ​​​នេះ​​​កើត​​​មាន​​​ឡើង​​​​​​ជាថ្មី​ទៀត”។

លោក ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​មន្ត្រី​​​កងរាជអាវុធហត្ថ​​​ប្រហែល​​​៥០០​​​​​​នាក់ ​នឹង​​​ជួយ​​​​​​​​​ការ​ពារ​​​សន្តិសុខ​​​នៅ​​​ថ្ងៃ​​​នេះ ។

សាលារាជធានី បាន​​​ជូន​ដំណឹង​មួយ ​កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​ហាម​​​រថយន្ដ​​​ដឹក​​​ទំនិញ និង​​​រថ​យន្ដ​​ធុនធ្ងន់​​​​​មិន​​​ឲ្យធ្វើ​​​ដំណើរ​​​លើ​​​ផ្លូវ​​​នានា​​​នៅ​​​ក្នុង​​​រាជធានី​​​នៅ​​​ចន្លោះ​​​​ពី​ម៉ោង​​​៥​​​ទៀប​​​ភ្លឺ ដល់​ពេល​​​​​​​​ថ្ងៃ​​​ត្រង់​​​ដើម្បី​​​ជៀសវាង​​​ការកក​​​ស្ទះ​​​ចរា​ចរណ៍​​​​រីឯ​កាល​​​ពី​​​ដើម​​​ខែនេះ បំរាម​​​មិន​​​ឲ្យ​​​លក់​​​ស្រា​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​សម្រាប់​​​ថ្ងៃ​​​សៅរិ៍ និង​​​ថ្ងៃ​​​អាទិត្យ ដើម្បី​​​បង្កា​​​​​​កុំឲ្យ​​​មាន​​​​​​ភាព​ចលាចល​អំឡុង​​​ពេល​​បោះ​​​ឆ្នោត​​​នេះ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស