ទាំងរដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសកម្ពុជា គឺជាស្ថាប័នច្បាប់កំពូលក្នុងប្រទេសបានកោះប្រជុំសម្ងាត់កាលពីម្សិលមិញ ដែលអំឡុងពេលប្រជុំនោះពួកគេបានសម្រេចមិនផ្តល់សិទ្ធិដល់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យបានបោះឆ្នោតនិងជាបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះទេ។
យោងតាមអត្ថបទថតចម្លងនៃលិខិតដែលទទួលបានកាលពីម្សិលមិញ ជូនលោក សម រង្ស៊ី ដែលចុះហត្ថលេខាដោយលោក ហេង សំរិន ប្រធានរដ្ឋសភានោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាសំណើរបស់លោក សម រង្ស៊ី កាលពីថ្ងៃអង្គារ សុំឲ្យផ្តល់សុពលភាពសមាជិកសភាដល់លោកវិញឲ្យបានមុនការបោះឆ្នោតនេះ។
លិខិតនោះលើកឡើងថា “ គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចជាឯកច្ឆន្ទថា ដោយហេតុឯកឧត្តមបានក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ ជាគណបក្សដែលពុំមានអាសនៈក្នុងរដ្ឋសភា នីតិកាលទី៤នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាពុំអាចផ្តល់សុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិជូនឯកឧត្តមវិញបានទេ”។
តំណែងសមាជិកសភារបស់លោក សម រង្ស៊ី សម្រាប់គណបក្ស សម រង្ស៊ី នៅទំនេរ បន្ទាប់ពីលោកបានភៀសខ្លួនចេញពីប្រទេសដើម្បីគេចវេះពីទោសជាប់ពន្ធនាគារ១១ឆ្នាំកាលពីឆ្នាំ២០០៩តាមបទចោទប្រកាន់ ដែលអ្នករិះគន់និយាយថា ជារឿងនយោបាយ។
ចាប់តាំងពីពេលនោះមក គណបក្ស សម រង្ស៊ី បានរួមបញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ដែលជាហេតុនាំឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន២៧រូបចេញពីរដ្ឋសភាកាលពីដើមឆ្នាំនេះ។
អ្នកជំនាញច្បាប់និយាយថា ឥឡូវនេះសេចក្តីសម្រេចនេះមានន័យថា មិនមានសមាជិកសភាគណបក្សប្រឆាំងណាម្នាក់មានតំណែងនៅក្នុងរដ្ឋសភាទេ ដូច្នេះហើយដើម្បីឲ្យលោក សម រង្ស៊ី ទទួលបានតួនាទី របស់លោកវិញ មានន័យថា លោកត្រូវលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ និងចូលរួមជាមួយគណបក្ស សម រង្ស៊ី វិញ។
លិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនលោក ហេង សំរិន ដើម្បីស្នើសុំឲ្យផ្តល់តួនាទីជាសមាជិកសភាដល់លោកវិញនោះ គឺជាកិច្ចខំប្រឹងប្រែងចុងក្រោយ ដើម្បីឲ្យលោកបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។
កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានបើកកិច្ចប្រជុំពេញអង្គមួយដែរ ដើម្បីពិភាក្សាពីសំណើរបស់លោក សម រង្ស៊ី ដែលបានដាក់ជូនក្រុមប្រឹក្សាធម្មនុញ្ញសុំឲ្យលោកមានឈ្មោះបោះឆ្នោត និងអនុញ្ញាតឲ្យលោកបានឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតនេះវិញ។
លោក អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងវិសោធនកម្មនៃច្បាប់នេះ ហើយមិនអាចរកឃើញមាត្រាណាមួយដែលអាចអនុញ្ញាតឲ្យលោក សម រង្ស៊ី បានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតនេះបានទេ។
លោកបានមានប្រសាសន៍ថា “ ផ្នែក៣នៃជំពូក២របស់ច្បាប់នេះ គឺមានសារៈសំខាន់បំផុត ពីព្រោះវានិយាយអំពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នៅព្រឹកនេះសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានត្រួតពិនិត្យគ្រប់មាត្រាទាំងអស់នៅក្នុងច្បាប់នេះ ប៉ុន្តែ មិនមានចែងពី [ មាត្រាបែបនេះ] ទាល់តែសោះ ដូច្នេះយើងបានសម្រេចថា ករណីនេះមិនស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ”។
លោក អ៊ុត ឈន បានថ្លែងថា សេចក្តីសម្រេចនេះមិនមែនជារឿងនយោបាយទេ ហើយក្រុមប្រឹក្សាធម្មនុញ្ញគឺជា“ ស្ថាប័នឯករាជ្យ និងអព្យាក្រឹត” ដោយគ្រាន់តែបំពេញតួនាទីរបស់ខ្លួនទៅតាមការស្នើសុំប៉ុណ្ណោះ។
បន្ទាប់ពីបានដឹងពីសេចក្តីសម្រេចនេះកាលពីម្សិលមិញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា នេះគឺជាការបង្ហាញពីការភ័យខ្លាចរបស់គណបក្សកាន់អំណាច។ លោកបានមានប្រសាសន៍ថា “ កាលពីឆ្នាំ២០០៦ នៅពេលខ្ញុំត្រូវបានលើកលែងទោស ខ្ញុំបានទទួលបុព្វសិទ្ធិរបស់ខ្ញុំទាំងអស់មកវិញ ប៉ុន្តែ ពេលនេះពួកគេបានធ្វើផ្សេងទៅវិញ ដូច្នេះខ្ញុំគិតថា នេះបង្ហាញថា ពួកគេខ្លាចគណបក្សសង្គ្រោះជាតិ។ ធ្វើឲ្យគេមានការសង្ស័យលើភាពស្របច្បាប់ក្នុងការបោះឆ្នោតនេះទៅហើយ។ ខ្ញុំគិតថា ឥឡូវនេះគឺជាបញ្ហាចុងក្រោយ”។ លោកបានមានប្រសាសន៍ថា “ តើការបោះឆ្នោតនេះមានន័យអី ដែលនាយករដ្ឋមន្ត្រី មិនមានគូប្រកួតប្រជែងនោះ? ខ្ញុំគិតថា ពិភពលោកទាំងមូលនឹងសើចនៅពេលគាត់និយាយថា គាត់គឺជាអ្នកឈ្នះក្នុងការបោះឆ្នោតនេះ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិក៏បានអះអាងកាលពីម្សិលមិញដែរថា សេចក្តីសម្រេចទាំងពីរក្នុងការបដិសេធសំណើរបស់លោក សម រង្ស៊ី នឹងធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃលទ្ធផលការបោះឆ្នោតនៅថ្ងៃអាទិត្យ។ លោកបានមានប្រសាសន៍ថា ការបោះឆ្នោតនេះនឹងមិនសេរី និងយុត្តិធម៌ទាល់តែសោះ។ ក្នុងចំណោមអនុសាសន៍ទាំង១៨ចំណុចរបស់លោក សុរិយា ស៊ូបេឌី [ ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ] មិនត្រូវបានអនុវត្តមួយចំណុចណាឡើយ”។
លោក យឹម សុវណ្ណ លើកឡើងពីរបាយការណ៍មួយដែលលោក ស៊ូបេឌី បានចេញកាលពីខែកក្កដាឆ្នាំមុន ដែលបានស្នើឲ្យមានការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងឲ្យមានការវិលត្រឡប់របស់លោក សម រង្ស៊ី ដើម្បីធានាឲ្យមាន “ ការចូលរួមប្រកួតប្រជែងដោយស្មើភាពពីគ្រប់គណបក្សនយោបាយទាំងអស់”។
លោកបានមានប្រសាសន៍ថា “ មានតែពាក់កណ្តាលនៃចំណុចមួយប៉ណ្ណោះត្រូវបានអនុវត្ត ពីព្រោះលោក សម រង្ស៊ី គ្រាន់តែត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញតែប៉ុណ្ណោះ ប៉ុន្តែ មិនអនុញ្ញាតឲ្យឈរឈ្មោះក្នុងការបោះឆ្នោតនេះទេ។ ខ្ញុំនឹងសួររដ្ឋាភិបាលថា តើពួកគេចង់ឲ្យការបោះឆ្នោតនេះសេរី និងយុត្តិធម៌ទេ? តើពួកគេចង់ឲ្យរដ្ឋាភិបាលក្រោយនេះស្របច្បាប់ដែរ ឬទេ?”
លោក ផៃ សីុផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយការពារសេចក្តីសម្រេចទាំងនេះថា សេចក្តីសម្រេចទាំងនេះធ្វើតាមនីតិវិធីត្រឹមត្រូវ។
លោក ផៃ សីុផាន បានមានប្រសាសន៍ថា “ មនុស្សជាច្រើនត្អូញត្អែរថា ការបោះឆ្នោតនេះមិនសេរី ឬត្រឹមត្រូវ ដោយសារតែមនុស្សម្នាក់។មានមនុស្សជាង១៤លាននាក់នៅក្នុងប្រទេសកម្ពុជា ហើយមនុស្សគ្រប់គ្នាមានសិទ្ធិស្មើគ្នានៅក្រោមច្បាប់។សម រង្ស៊ី គ្រាន់តែជាបុគ្គលម្នាក់តែប៉ុណ្ណោះ។ គាត់គឺជាមនុស្សធម្មតាម្នាក់៕
ប្រែសម្រួលដោយ មូល គឹមហឿន