28 C
Phnom Penh

សន្លឹក​​​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ជា​ការ​កំណត់​ជោគ​វាសនា​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​អាទិត្យ ប្រទេស​ទាំង​មូល​នឹងមាន​ទស្សន​ពីរ​ផ្សេង​គ្នា៖ អ្នក ដែល​គិត​ថា រយៈ​ពេល​២០​ឆ្នាំ​មុន​បាន​នាំ​មក​នូវ​ស្ថេរភាព​សេដ្ឋ​កិច្ច និង​នយោបាយ  ហេដ្ឋារចនា​សម្ព័ន្ធ​​និង​ឱកាស​ពាណិជ្ជកម្ម​ថ្មីៗ​យ៉ាង​ឆាប់​រហ័ស​ ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ និង​ភាព​ចម្រុង​ចម្រើន។

ថ្វី​បើ​មាន​ការ​រីក​ចម្រើន​បែប​នេះ​ក្តី ក៏​មាន​​អ្នក​​មើល​ឃើញ​ដែរ​ថា រយៈ​ពេល​ទសវត្សរ៍​កន្លង​​​​មក​នេះ​មាន​តែ​​អំពើ​ពុក​រលួយ ដែល​មិន​អាច​គ្រប់​គ្រង​បាន ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ចប់​យក​ដី​ធ្លី​ និង​ការ​ប្រមូល​អំណាច និង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​គ្រួសារ​នយោបាយ​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន។​

គេ​រំពឹង​ថា ការ​បោះ​ឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​តាម​គន្លង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្តល់​ឲ្យ​លោក ហ៊ុន សែន នូវ​រយៈ​ពេល​កាន់​អំណាច​ប្រាំ​ឆ្នាំ​ទៀត ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ឯករាជ្យ​នៅ​តែ​ជឿ​ថា រឿង​អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ។

អ្នក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ ​ក្នុង​ចំណោម​អ្នក​តាម​ដាន​សភាព​ការណ៍​កម្ពុជា ​មួយ​ចំនួន​ជា​អ្នក​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ និង​មួយ​ចំនួន​ទៀត​​ជា​អ្នក​អង្កេត​សភាពការណ៍​គ្មាន​បទ​ពិសោធន៍។​ អ្នក​ខ្លះ​និយាយ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​ឈ្នះ​ប៉ុន្តែ​គ្រាន់​​តែ​សម្លេង​គាំទ្រ​​ថយ​ចុះ​ជាង​មុន ចំណែកឯ​អ្នក​ខ្លះ​ទៀត​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​មាន​សម្លេង​ឆ្នោត​គាំទ្រ​ស្មើ​គ្នា”។

លោក ឡៅ ម៉ុងហៃ និង​ក្រុម​អ្នក​តាម​ដាន​​​ស្ថានការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អាច​មាន​លទ្ធផល​បី​ពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ខាង​មុខ​ ដោយ​ក្នុង​នោះ​ទី១​គឺ គណបក្ស​ប្រជា​​ជន​កម្ពុជា​ទទួល​បាន​សម្លេង​ឆ្នោត​​លើស​លប់​ ហើយ​​កើន​អសនៈ​សភា​​លើស​ពី​៩០​អសនៈ​បច្ចុប្បន្ន​ ទី២ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ចំនួន​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​នៅ​តែ​អាច​ឈ្នះ​ល្មម​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​តែ​ម្នាក់​ឯង​បាន ឬ​ក៏​មហាជន​ម្ចាស់​ឆ្នោត​​ធ្វើ​ឲ្យ​មាន​​រឿង​ភ្ញាក់​ផ្អើល​កើត​ឡើង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​សន្លឹក​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ។​

សេណារីយ៉ូ​ទី១៖ គណបក្ស​ប្រជាជន​កម្ពុជា​កើន​អសនៈ​លើស​ពី​៩០​អសនៈ។ ក្រុម​អ្នក​អង្កេត​ស្ថានការណ៍​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សម្លេង​ឆ្នោត​លើស​លប់​សារ​ជា​ថ្មី​ម្តង​ទៀត​​​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ក៏​ដោយ​ ក​៏​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​ផ្តល់​ឲ្យ​លោក​ ហ៊ុន សែន និង​គណ​បក្ស​កាន់​អំណាច​​​​ជា​យូរ​មក​ហើយ​របស់​លោក​នូវ​​​បញ្ហា​ឈឺ​ក្បាល​ ដែល​ត្រូវ​គិត​ដែរ ហើយ​មាន​ឱកាស​ ដែល​ពួក​គេ​ផ្លាស់​ប្តូរ​បន្តិច​នូវ​គោល​នយោ​បាយ​របស់​ខ្លួន ដើម្បី​បំពេញ​​តម្រូវ​ការ​យុវជន​​ម្ចាស់​​ឆ្នោត​ ដែល​បាន​ចូល​រួម​ជាមួយ​គណ​បក្ស​ប្រឆាំង។
ខណៈ ដែល​​ភាគ​ច្រើន​នៃ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ឈាន​ចូល​វ័យ​ជរា គួរ​តែ​មាន​ការ​គិត​អំពី​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​​​ ជា​ពិសេស​ក្នុង​ចំណោម​រដ្ឋ​​មន្ត្រី​​វ័យ​​ចាស់​ជរា។

លោក ឡៅ ម៉ុងហៃ បាន​ឲ្យ​ដឹង​ថា លោក ចាន់ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​ស្ថិត​នៅ​ក្នុង​​មុខ​តំណែង​ដ៏​ខ្សោយ​​​បំផុត​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ធ្វើ​កំណែ​ទម្រង់ ព្រោះ​គាត់​មិន​បាន​បង្កើន​គុណភាព​ផលិត​កម្ម​ ឬ​អនុវត្ត​គោលនយោបាយ​ ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​ប្រកួត​ប្រជែង​ក្នុង​សហគមន៍​អាស៊ាន​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ខណៈ ដែល​​​តំបន់​សេដ្ឋកិច្ច​សេរី​អាស៊ាន​គ្រោង​នឹង​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​​ក៏​ស្ថិត​ក្នុង​គោលជំហរ​ខ្សោយ​ដែរ ក្រោយ​ពី​កម្ពុជា​​បរាជ័យ​មិន​ទទួល​បាន​អាសនៈ​មិន​អចិន្ត្រៃយ៍​​នៃ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អ​ង្គការ​សហប្រជាជាតិកាល​ពី​ឆ្នាំ​មុន​។ កំណត់​ត្រា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ពិសេស​អំពើ​ធ្វើ​លើ​ជន​ភៀ​ស​ខ្លួន​ ត្រូវ​បាន​គេ​​លើក​ឡើង​ថា ជា​ហេតុផល​មួយ​ ដែល​គេ​មិន​មើល​ឃើញ​ថា កម្ពុជា​ជា​បេក្ខភាព​​មាន​សក្តានុពល​សម្រាប់​​អាសនៈ​​របស់​ក្រុម​​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​នេះ។

លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ ការ​ទូត​ក្រៅ​ប្រទេស​នេះ​មិន​ជោគជ័យ​ទាល់​តែ​សោះ នយោបាយ​របស់​យើង​អន់​ណាស់” ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ​ក្រៅ​ពី​កំណែ​ទម្រង់​ ដែល​អាច​កើត​មាន​ក្នុង​រង្វង់​ផ្ទៃ​​​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​​​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណបក្ស​លោក ហ៊ុន សែន ក៏​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​យ៉ាង​សម្បើម​ក្នុង​ចំណោម​ម្ចា​ស់​សម្លេង​ឆ្នោត​គាំទ្រ​​គណបក្ស​ប្រឆាំង​រាប់​លាន​នាក់ ជា​ពិសេស​យុវវ័យ​ ដែល​ទៅ​បោះ​ឆ្នោត​ជា​លើក​ទី១​នៅ​​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ហើយ​ ដែល​ជឿ​ជាក់​ថា ពួក​គេ​អាច​ធ្វើ​ឲ្យ​មាន​ការ “ ផ្លាស់​ប្តូរ” នោះ។

អ្នក​វិភាគនយោបាយ​​ឯករាជ្យ​លោក កឹម ឡី ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្តី​សង្ឃឹម​​​​របស់​ពួក​គេ​ត្រូវ​រលាយ​បាត់​ដោយ​សារ​ជ័យ​ជម្នះ​លើស​លប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ប្រសិន​បើ​ពួក​គេ​មាន​អារម្មណ៍​ថា សន្លឹក​ឆ្នោត​របស់​ពួក​គេ​ត្រូវ​បាន​កេង​បន្លំ​ដោយ​សារ​ការ​បោះ​ឆ្នោត​មិន​ប្រក្រតី អំពើ​ហឹង្សា​អាច​ផ្ទុះ​ឡើង​នៅ​តាម​ដង​ផ្លូវ​នានា។

លោក​ កឹម ឡី ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​ឈ្នះ​ដាច់ សហ​​​គមន៍​ទាំង​មូល​នឹង​និយាយ​ថា លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បាន​រៀប​ចំ​ទុក​ជា​មុន ហើយ​​មាន​ការ​កេង​ចំណេញ​លើ​បញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត​។ ​​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​យុវជន​នឹង​ធ្វើ​អ្វី​មួយ​ប្រឆាំង​នឹង​លទ្ធផល​ការ​បោះ​ឆ្នោត ហើយ​រដ្ឋាភិបាល​នឹង​ចេញ​ការ​ទប់​ស្កាត់​គ្រប់​យ៉ាង ដែល​ពួក​គេ​អាច​ធ្វើ​បាន​លើ​យុវជន​កម្ពុជា។ នឹង​មាន​អំពើ​ហឹង្សា ហើយ​នឹង​មាន​ការ​បង្ហូរ​ឈាម”​។

ជា​យថាហេតុ ការ​តវ៉ា​នេះ​នឹង​ថយ​ចុះ​​បន្តិច​​​​ម្តងៗ ហើយ​អណត្តិ​ប្រាំ​ឆ្នាំ​ក្រោម​អំណាច​របស់​គណបក្ស​ប្រជាជាតិ​កម្ពុជា​នឹង​ចូល​មក​ដល់​ជា​បន្ត​ទៀត។ លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ ជាក់​ស្តែង​ អ្វីៗ​នឹង​ដូច​ពី​​មុន” គឺ​មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ប៉ុណ្ណោះ។

សេណារីយ៉ូ​ទី២៖ គណបក្ស​ប្រជាជន​កម្ពុជា​ថយ​ចំនួន​អាសនៈ ប៉ុន្តែ​នៅ​តែ​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​បាត់​បង់​ចំនួន​អាសនៈ​ដ៏ច្រើន​នៅ​រដ្ឋ​សភា អាច​ជា​ការ​ដាស់​តឿន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ដល់​មុខ​តំណែង​របស់​លោក ហ៊ុន សែន​ក្នុង​ឋានៈ​ជា​តំណែង​នាយក​រដ្ឋ​មន្ត្រី​ដ៏​យូរ​យារ​មក​ហើយ​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​របស់​លោក។ ជា​យូរ​យារ​ណាស់​មក​ហើយ លោក ហ៊ុន សែន បាន​ដាក់​ខ្លួនឯង​ជា​បេក្ខ​ជន​​តំណែង​នាយក​រដ្ឋ​មន្ត្រី​តែ​មួយ​គត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ ហើយ​សម្លេង​ឆ្នោត​ដ៏​ខ្លាំង​ក្លា​របស់​គណបក្ស​ប្រឆាំង​​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា គំរូ​បរាជ័យ​សម្រាប់​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​បេក្ខ​ជន​របស់​គណបក្ស​កំពុង​កាន់​អំណាច​នេះ។​

លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា ខណៈ ដែល​ផ្ទាំង​ឃោសនា​រក​សម្លេង​ឆ្នោត​​​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ថ្នាក់​ដឹក​នាំ​បី​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួម​មាន លោក ហ៊ុន សែន លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក ជា សុីម ប្រធាន​ព្រឹទ្ធសភា​​នោះ យុទ្ធនាការ​ឆ្នាំ​នេះ​ផ្តោត​​លើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ច្រើន​ជាង​គេ។ លោកបាន​ថ្លែង​ថា “ មាន​ការ​ប្រាស​ចាក​​ឆ្ងាយ​ពី​ការ​ដឹក​នាំ​រួម។​ឥឡូវ​ សារ​នោះ​គឺ​ថា លោក ហ៊ុន សែន ជា​ថ្នាក់​ដឹក​នាំ​ប្រកប​ដោយ​សមត្ថភាព។ គាត់​មាន​អំណាច អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ដៃ​គាត់​”។

ជាមួយ​នឹង​ប្រជាប្រិយភាព ដែល​លោក ហ៊ុន សែន បាន​ទាក់​ទាញ​ដោយ​សារ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន ហានិភ័យ​ខ្ពស់​ណាស់​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។

លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​គាត់​ចាញ់​ឆ្នោត មុខ​តំណែង​របស់​លោក​នៅ​ក្នុង​គណបក្ស​​ស្ថិត​ក្នុង​សភាព​មិន​ប្រាកដ​ប្រជា។​គាត់​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​នឹង​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ីលោក ណាហ្សុីប រ៉ាហ្សាក (Najib Razak)” ដែល​ចាញ់​ឆ្នោត​នៅ​ក្នុង​ខែ​ឧសភា ហើយ​នឹង​ទំនង​ជា​ត្រូវ​ផ្លាស់​ប្តូរ​ពី​ថ្នាក់​ដឹក​នាំ​ក្នុង​គណបក្ស​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ។​

លោ​ក​​ថ្លែង​ថា នៅ​ពេល​នេះ មុខ​តំណែង​​​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន មិន​មាន​នរណា​ប្រជែង​បាន​ទេ ព្រោះ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ ជា​ពិសេស​កូនៗ​របស់​លោក​បាន​កាន់​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ស្ថាប័ន​សំខាន់ៗ​ផ្សេង​ទៀត​ ដើម្បី​ជួយ​រក្សា​មុខ​តំណែង​​​ឪពុក​របស់​ពួក​គេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បាត់​បង់​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​ន័យ​ថា ជា​ការ​ផ្លាស់​ប្តូរ​នៃ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ពួក​គេ​នឹង​ត្រូវ​គោរព​មតិ​យោបល់​របស់​គណបក្ស​ប្រឆាំង​ខ្លះ​ៗ​ដែរ ដោយ​សារ​ការ​កើន​ឡើង​នៃ​តួនាទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រដ្ឋសភា​។ តាម​ការ​សន្យា គេ​រំពឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អនុវត្ត​​តឹង​រុឹង​លើ​​​ច្បាប់​អន្តោប្រវេសន៍ ជា​ពិសេស​ចំពោះ​ប្រជាជន​វៀត​ណាម និង​កំណែ​ទម្រង់​ការ​ងារ។

លោក កឹម ឡី ​មាន​ប្រសាសន៍​ថា ប្រសិន​​បើ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​ជាង​២០​អាសនៈ ទំនង​ជា​មាន​កំណែ​ទម្រង់​ធំ​ៗ​នៅ​ក្នុង​​គណបក្ស​​ ដើម្បី​ធ្វើ​ឲ្យ​យុវជន​ម្ចាស់​ឆ្នោត​ស្ងប់​ចិត្ត។ លោក​ថ្លែង​ថា “ ​នឹង​មាន​ការ​កែ​ប្រែ​ពី​នយោ​​បាយ​គាំទ្រ​អ្នក​មាន​មក​គាំទ្រ​អ្នក​ក្រ​វិញ”។ លោក​​ថ្លែង​ថា ការ​ទទួល​បាន​អាសនៈ ប៉ុន្តែ​មិន​បាន​​ទទួល​សម្លេង​ឈ្នះ​លើស​លប់​ ក៏​នឹង​ជួយ​រក្សា​សន្តិភាព​បាន​ដែរ។​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង នឹង​ពេញ​ចិត្ត​ជាមួយ​នឹង​លទ្ធផល ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ចាំ​បាច់​ខ្លាច​​បាត់​បង់​អំណាច​ជា​ប្រពៃ​ណី​ទាំង​ស្រុង​របស់​ខ្លួន​ឡើយ។​

លោក កឹម ឡី បាន​មាន​ប្រសាសន៍​ថា “ ​គ្រប់​​គ្នា​នឹង​ទទួល​យក​លទ្ធផល​នេះ ជា​ពិសេស​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥០ ឬ​៦០​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​នោះ ពួក​គេ​នឹង​ពេញ​ចិត្ត”។

សេណារីយ៉ូ​ទី៣៖ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ។ ជាមួយ​លទ្ធផល​​មិន​ប្រាកដ​ប្រជា​បច្ចុប្បន្ន​នេះ ជ័យ​ជម្នះ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ខាង​មុខ​នេះ ​ក៏​ជា​រឿង​ព្រួយ​បារម្ភ​ណាស់​ដែរ។ កាល​ពី​ខែ​មុន លោក ហ៊ុន សែន បាន​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សារ​ថា ជ័យ​ជម្នះ​របស់​គណបក្ស​ប្រឆាំង​នឹង​បង្ករ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិលឡើ​ង​វិញ​ ប៉ុន្តែ​​លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ថា ​នរណា​នឹង​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នេះ​ទេ។

ខណៈ​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា ពួក​គេ​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នោះ ក្រុម​អ្នក​វិភាគ​នយោ​​​​​​​​បាយ​ ដែល​ត្រូវ​បាន​សម្ភាស​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​នេះ​មាន​ការ​យល់​ឃើញ​ផ្សេង​​​​គ្នា​ទៅ​លើ​អ្វី ដែល​នឹង​កើត​ឡើង​ប្រសិន​​​​​​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត។

លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​រដ្ឋា​ភិបាល​ ប៉ុន្តែ​មិន​អាច​ដឹក​នាំ​បាន​ទេ ដោយ​សារ​​ការ​លូក​ដៃ និង​ការ​ធ្វើ​ពហិកា​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា។​លោក​បាន​ថ្លែង​ថា  “ ​មន្ត្រី​រាជការ​សុីវិល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ពួក​គេ​នឹង​ទាម​ទារ​ប្រាក់​បៀវត្សរ៍​ខ្ពស់ លក្ខខណ្ឌ​ការ​ងារ​កាន់​តែ​​ប្រសើរ​ ឬ​និយាយ​ថា ពួក​គេ​ខ្វះ​ធន​ធាន​មិន​អាច​អនុវត្ត​តាម​គោលនយោបាយ​បាន”  ដែល​ជា​យថាហេតុ អាច​ឈាន​ទៅ​រក​ការ​ដួល​រលំ​រដ្ឋាភិបាល​ថ្មី​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កឹម ឡី បាន​យល់​ឃើញ​ធ្ងន់​ជាង​នេះ ដោយ​មាន​ប្រសាសន៍​ថា ជ័យ​ជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ធ្វើ​ឲ្យ​ “ រឿង​ដ៏​អាក្រក់​បំផុត​កើត​ឡើង”។ លោក​បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ព្យាយាម​តោង​ចាប់​យក​អំណាច​ដោយ​ការ​ប្រើ​កម្លាំង​នគរបាល និង​យោធា ដែល​សុទ្ធ​តែ​មាន​ភក្តីភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា  និង​អង្គភាព​អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​បើ​តាម​ការ​ព្យាករណ៍​​​មក​ថា បច្ចុប្បន្ន​មាន​ចំនួន​ប្រហែល​១០.០០០​នាក់ និង​បំពាក់​ដោយ​អាវុធ​យុទ្ធភ័ណ្ឌ​ដ៏​ទំនើប​​​ជាង​អង្គភាព​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​នោះ។​ លោក​បាន​មាន​ប្រសាសន៍​ថា“ ពួក​គេ​នឹង​ការ​ពារ​គាត់ (លោក ហ៊ុន សែន)។ គាត់​អាច​ប្រើ​ពួក​គេ​បាន​គ្រប់​ពេល”។​

លោក​បាន​ព្យា​ករណ៍​ថា“ ​នឹង​មាន​ភាព​វឹកវរ រដ្ឋាភិបាល​គណ​​បក្ស​ប្រជាជន​កម្ពុជា​នឹង​រក្សា​ក្តាប់​អំណាច​របស់​ខ្លួន ហើយ​កម្ពុជា​នឹង​ស្ថិត​ក្នុង​ស្ថាន​ភាព​​​​​ដូច​គ្នា​នឹង​ប្រទេស​ភូមា​នា​ឆ្នាំ​១៩៩០​​​ ដែល​នៅ​​​ពេល​នោះ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជា​ធិប​តេយ្យ​​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​យោធា​នោះ​បាន​ចាប់​ខ្លួន​អ្នក​នយោបាយ​ស្ទើរ​​​តែ​ទាំង​អស់”។

មិន​ថា​លទ្ធផល​យ៉ាង​ម៉េច​ទេ ថ្ងៃ​អាទិត្យ​នេះ​នឹង​កំណត់​ពី​វាសនា​នៅ​រយៈ​ពេល​ប្រាំ​ឆ្នាំ​​ខាង​មុខ ហើយ​នេះ​នឹង​ជា​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ។ នេះ​ជា​លើក​ទី១​ហើយ ដែល​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​បញ្ចេញ​មតិ​យោបល់​ជា​ចំហរ និង​ពាក់​មួក និង​អាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ទីសាធារណៈ​​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ដូច​រដូវ​កាល​បោះ​ឆ្នោត​មុនៗ​។

លោក ឡៅ ម៉ុង​ហៃ បាន​មាន​ប្រសាសន៍​ថា “ យុវជន​ម្ចាស់​ឆ្នោត និង​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ ដែល​មាន​ការ​អប់​រំ និង​ជីវភាព​មធ្យម ដែល​ចែក​ចាយ និង​ផ្លាស់​ប្តូរ​ព័ត៌មាន​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ កាន់​​តែ​ចូល​ជ្រៅ​ក្នុង​នយោបាយ​ ហើយ​រំពឹង​ចង់​បាន​អ្វី​លើស​ពី​ស្ថេរភាព និង​សន្តិភាព​​ទៅ​ទៀត។

លោក​បាន​ថ្លែង​ថា “ ប្រជាប្រិយភាព​របស់​ថ្នាក់​ដឹក​នាំ​ចាស់​ទុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មក​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ប៉ុន្តែ​មាន​សង្គម​ថ្មី​មួយ​ ដែល​ប្រជា​ជន​កាន់​តែ​ច្រើន​ទទួល​បាន​ព័ត៌មាន និង​មាន​បណ្តាញ​ទំនាក់​ទំនង​សង្គម។ ពួក​គេ​មាន​ការ​យល់​ដឹង និង​ការ​អប់​រំ​កាន់​តែ​ច្រើន​ ហើយ​មាន​ការ​រំពឹង​ទុក​ខុស​ៗ​គ្នា”។ លោក​បាន​ថ្លែង​បន្ថែម​ថា នៅ​ការ​តស៊ូ​យូរៗ​ទៅ អំណាច​លែង​​នៅ​ក្នុង​កណ្តាប់​ដៃ​គណបក្ស​តែ​មួយ​ទៀត​ហើយ៕

ប្រែសម្រួល​ដោយ ឌឿង សាវតា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស