31 C
Phnom Penh

មនុស្ស​​​រាប់​​​ម៉ឺន​​​នាក់​​​​​​ជួប​​​ជុំ​​​គ្នា​​​អំឡុង​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ថ្ងៃ​​​ចុង​​​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុទ្ធនាការ​​​ឃោនា​​​បោះ​​​ឆ្នោត​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជ​​​ន​​​កម្ពុជា​​​រាប់​​​ពាន់​​​នាក់​​​ បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​លើ​​​មហាវិថី​​​សុរាម្រិត​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ដើម្បី​​​ទន្ទឹង​​​រង់​​​ចាំលោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ ដែល​​​តាម​​​ពាក្យ​​​ចរចាម​​​អារ៉ាម​​​ថា នឹង​​​បង្ហាញ​​​ខ្លួន​​​នៅនៅ​​​ក្រៅ​​​ភូមិគ្រឹះ​​​របស់​​​លោក​​​ ខណៈ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​ធ្វើ​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​សួន​​​សេរីភាព​​​​​​។

ក្រោយមាន​​​​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នាពេល​​​ព្រឹក​​​​​​​​​ព្រលឹម​​​​​​នៅ​​​លើ​​​កោះ​​​ពេជ្រ​​​​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​​​​ដង្ហែ​​​ក្បួន​​​​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​បង្ហាញ​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​នូវ​​​ការ​​​គាំ​​​ទ្រ​​​របស់​​​ខ្លួន​​​ចំពោះ​​​គណបក្ស​​​​​​កំពុត​​​កាន់​​​អំណាច​​​មុន​​​ការ​​​បោះ​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​នេះ​​​បាន​​ត្រូវ​​​បាន​​​ស្នើ​​​ឲ្យ​​​តម្រង់​​​ជួរ​​​គ្នា​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​មុខ​​​ភូមិគ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ និង​​​ឲ្យ​​​រង់​​​ចាំ​​​ភ្ញៀវ​​​កិត្តិយស​​​មួយ​​​រូប​​​។ ពួក​​​គេ​​​រំពឹង​​​ថា ភ្ញៀវ​​​កិត្តិយស​​​រូប​​​នោះ​​​គឺ​​​​​​ប្រាកដ​​​ជា​​​លោក ហ៊ុន សែន ប៉ុន្តែ​​​​​​ផ្ទុយ​​​ទៅ​​​វិញ​​​គឺ​​​លោក​​​ស្រី ប៊ុនរ៉ានី ដែល​​​ជា​​​ភរិយា​​​របស់​​​លោក​​​ទេ​​​។

ធ្វើ​​​ដំណើរ​​​ចេញ​​​ពី​​​ភូមិគ្រឹះ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ លោក​​​ស្រី ប៊ុន រ៉ានី បាន​​​ស្វាគមន៍​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ដោយ​​​ស្នាម​​​ញញឹម​​​ និង​​​ការ​​​គ្រវី​​​ដៃ​​​មុន​​​ពេល​​​​​​ក្បួន​​​ដង្ហែ​​​រយៈ​​​ពេល​​​មួយ​​​ម៉ោង​​​របស់​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ដែលត្រូវ​​​បានតម្រូវ​​​ឲ្យ​​​ហែ​​​​​​​​​ជា​​​ក្រុម​​​តាម​​​ខណ្ឌរៀងៗ​​​ខ្លួន ឆ្លង​​​​​​កាត់​​​ភូមិគ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​។

កញ្ញា លី ហ្គិចហ័ង អាយុ​​​២២​​​ឆ្នាំ​​​ដែល​​​ឈរ​​​នៅ​​​ចម្ងាយ​​​ប៉ុន្មាន​​​ម៉ែត្រ​​​​​​​​​ពី​​​លោក​​​ស្រី​​​ ប៊ុន ​​​រ៉ានី​​​ នោះ បាន​​​និយាយ​​​ថា “ខ្ញុំ​​​មាន​​​ក្ដី​​​រំភើប​​​ខ្លាំង​​​ណាស់​​​​​​ឥឡូវ​​​នេះ​​​​​​ ព្រោះថា ​​​ថ្នាក់​​​ដឹក​​​នាំ​​​របស់​​​យើង​​​​​​បាន​​​ចេញ​​​មក​​​ជួប​​​យើង​​​ដោយ​​​ផ្ទាល់​​​​​​”។

លោក​​​ស្រី ប៊ុន រ៉ានី បានប៉ះ​​​ដៃ​​​អ្នក​​​​​​ទាំង​​​ឡាយ​​​ដែលដើរ​​​កាត់​​​​​​​​​​​​លោក​​​ស្រី​​​ ដោយ​​​អង្អែល​​​​​​ក្បាល​​​របស់​​​​​​ពួក​​​គេ​​​ និង​​​ដក​​​ឃ្លា​​​បន្តិច​​​​​​​​​​​​ពី​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ដែល​​​ដើរ​​​កាត់​​​ម្ដង​​​ម្នាក់​​​ៗ​​​​​​​​ ពេល​​​ស្ត្រី​​​វ័យ​​​កណ្ដាល​​​មួយ​​​ក្រុម​​​ធំ​​​​​​មកចោម​​​រោម​​​​​​លោក​​​ស្រី​​​ ហើយ​​​ចាប់​​​ផ្ដើម​​​ឱប​​​ និង​​​ថើប​​​លោក​​​ស្រី​​​។

យុវជន​​​ សុខ សុភារ៉ា ជា​​​និស្សិត​​​អាយុ​​​២៣​​​ឆ្នាំ​​​មក​​​ពី​​​សាកល​​​វិទ្យាល័យ​​​ភ្នំពេញ​​​អន្តរជាតិ​​​ បាន​​​ឲ្យ​​​ដឹង​​​​​​ថា មុន​​​នោះ​​​ ខ្លួន​​​សង្ឃឹម​​​ថា​​​នឹង​​​បាន​​​ឃើញ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ ប៉ុន្តែ​​​ក៏​​​​​​រីក​​​រាយ​​​ដែរ​​​​​​ដែល​​​បាន​​​ឃើញ​​​លោក​​​ស្រី ប៊ុន រ៉ានី ។ សុភារ៉ា និយាយ​​​ថា “ ខ្ញុំ​​​បាន​​​ឃើញ​​​គាត់ ហើយ​​​ឥឡូវ​​​នេះ​​​ ខ្ញុំ​​​មាន​​​អារម្ភ​​​ថា មាន​​​ទំនុក​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​។ ខ្ញុំ​​​ចង់​​​ឃើញ​​​ [លោក​​​ ហ៊ុន សែន]។ ខ្ញុំ​​​រំពឹង​​​ថា ​​​ពេល​​​ភរិយា​​​របស់​​​គាត់​​​ចេញ​​​មក​​​ គាត់​​​នឹង​​​ចេញ​​​មកដែរ​​​។ ប៉ុន្តែ​​​ពេល​​​ដែ​​ល​​​គាត់​​​មិន​​​ចេញ​​​មក​​​ដូច​​​ការ​​​រំពឹង​​​ទុក​​​ ខ្ញុំ​​​​​​មិន​​​បាន​​​អស់​​​សង្ឃឹម​​​ទេ​​។ ខ្ញុំ​​​នៅ​​​តែ​​​គាំទ្រ​​​គាត់ ព្រោះ​​​ខ្ញុំ​​​ស្រឡាញ់​​​គាត់​​​”។

នៅ​​​សួន​​​សេរី​​​ភាព​​​ឯណោះវិញ​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​រាប់​​​ម៉ឺន​​​នាក់​​​បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ម្សិលមិញ​​​​​​នេះ​​​​​​ដោយ​​​​​​ពួក​​​គេ​​​មាន​​​​​​ទឹក​​​ចិត្ត​​​​​​ដោយសារ​​​ការ​​​វិល​​​ត្រឡប់​​​​​​របស់​​​លោក សម រង្ស៊ី ដែល​​​បាន​​​ទទួល​​​ការ​​​ព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​ស្ទើរ​​​មិន​​​គួរ​​​​​​ឲ្យ​​​ជឿ​​​​​​កាល​​​ពីពីរ​​​សប្ដាហ៍​​​មុន​​​​​​។

លោក សម រង្ស៊ី បាន​​​ប្រឹ​​​ង​​​ប្រែង​​​ធ្វើ​​​យុទ្ធ​​​នា​​​ការ​​​​​​ខ្លាំង​​​​​​បំផុតអំឡុង​​​​​​រយៈ​​​ពេល​​​ប្រាំពីរ​​​ថ្ងៃ​​​​​​​​​ចុង​​​ក្រោយ​​​នេះ​​​ គឺ​​​គិត​​​ចាប់​​​តាំង​​​ពី​​​ពេល​​​លោក​​​វិល​​​​​​​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​​​​ ដោយ​​​បាន​​​ពាំនាំ​​​សារ​​​ឆ្ពោះ​​​ទៅ​​​តំបន់​​​ជន​​​បទ​​​នានា​​​ថា ប្រទេស​​​​​​នេះ​​​ត្រូវ​​​ការ​​​ការ​​​ផ្លាស់​​​ប្ដូរ​ជា​​​ចាំ​​​បាច់​​​ដើម្បី​​​ទប់​​​ស្កាត់​​​អំពើ​​​ពុក​​​រលួយ និង​​​ការ​​​ឈ្លាន​​​ពាន​​​ចូល​​​ទឹក​​​ដី​​​កម្ពុជា​​​ ហើយ​​​ថា រូប​​​លោក​​​ និង​លោក​​​ កឹម សុខា នឹង​​​សម្រេច​​​បំណង​​​នេះ​​​។

ការ​​​ថ្លែង​​​របស់​​​លោក សម រង្ស៊ី នៅ​​​សួន​​​សេរីភាព​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ គឺ​​​ជា​​​ឱកាស​​​មួយ​​​ក្នុង​​​ចំណោម​​​ឱកាស​​​ចុង​​​ក្រោយ​​​របស់​​​លោក​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​ជឿថា ខ្លួន​​​គួរ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​ ទោះ​​​បី​​​ជា​​​វា​​​ទំនង​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​នេះ​​​នឹង​​​រក្សា​​​បាន​​​ការ​​​ក្ដោប​​​ក្ដាប់​​​របស់​​​ខ្លួន​​​លើ​​​រដ្ឋសភា​​​ក៏ដោយ។

លោក សម រង្ស៊ី បាន​​​ថ្លែង​​​ថា “ បង​​​ប្អូន​​​ជន​​​រួម​​​ជាតិ​​​ទាំង​​​ឡាយ​​​ ​​​ថ្ងៃ​​​នេះ​​​វត្ត​​​មាន​​​របស់​​​បង​​​ប្អូន​​​នៅ​​​ទូទាំង​​​ប្រទេស​​​​​​ជា​​​ពិសេស​​​គឺ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ស្ដែង​​​ឲ្យ​​​ឃើញ​​​យ៉ាង​​​ច្បាស់​​​ថា ប្រជា​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​។ វត្ត​​​មាន​​​របស់​​​បង​​​ប្អូន​​​នៅ​​​ទីនេះ​​​ គឺ​​​ជា​​​ការ​​​ផ្ញើ​​​សារ​​​ទៅ​​​ថ្នាក់​​​ដឹក​​​នាំ​​​បច្ចុប្បន្ន​​​ថា ពួក​​​គេ​​​គួរ​​​តែ​​​ចាក​​​ចេញ​​​ពី​​​​​​មុខ​​​តំណែង​​​របស់​​​ខ្លួន​​​ហើយ​​​។ វា​​​ជា​​​រឿង​​​គួរ​​​ឲ្យ​​​អាម៉ាស់​​​មួយ​​​សម្រាប់​​​​​ថ្នាក់​​​ដឹក​​​នាំ បច្ចុប្បន្ន​​​។ ប្រជា​​​ជន​​​ជា​​​ច្រើន​​​កំពុង​​​រួប​​​រួម​​​គ្នា​​​ ហើយ​​​ទទូច​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​។ សូម​​​ចាក​​​ចេញ​​​ទៅ​​​ កុំ​​​ចាំ​​​ទាល់​​​តែ​​​យើង​​​ដេញ​​​។ សូម​​​ចាក​​​ចេញ​​​

ឥឡូវ​​​ហ្នឹង​​​តែ​​​ម្ដង​​​ទៅ​​​”។ លោក សម រង្ស៊ី បាន​​​បន្ត​​​ថា “ ជន​​​រួម​​​ជាតិ​​​ជា​​​​​​ទី​​​ស្នេហា ការ​​​ផ្លាស់​​​ប្ដូរ​​​ដែល​​​បង​​​ប្អូន​​​ចង់​​​បាន​​​​​​នឹង​​​កើត​​​មាន​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ទៀត​​​”។
លោក កឹម សុខា ដែល​​​បាន​​​ពុះ​​​ពារ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់មុខ​​​វេទិកា​​បន្ទាប​​​់​​​ពី​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ដើរ​​​ទៅ​​​ជិត​​​លោក សម រង្ស៊ី នោះ បាន​​​ធ្វើ​​​ការ​​​អំពាវ​​​នាវ​​​ស្រដៀង​​​គ្នា​​​នេះ​​​​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ ត្រូវ​​​ផ្លាស់​​​ប្ដូរ​​​ដើម្បី​​​​​​សង្គ្រោះ​​​ជាតិ​​​របស់​​​យើង​​​។ គណបក្ស​​​កាន់​​​អំណាច​​​បាន​​​គ្រប់​​​គ្រង​​​ប្រទេស​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៣០​​​ឆ្នាំ​​​មក​​​ហើយ​​​ ហើយ​​​យើង​​​ដែល​​​ជា​​​ប្រជា​​​ពល​​​រដ្ឋ​ខ្មែរ​​​ បាន​​​រង​​​ទុក្ខ​​​ច្រើន​​​ណាស់​​​។ យើង​​​មិន​​​អាច​​​ទ្រាំទៀត​​​បាន​​​ទេ​​​”។

ក្នុង​​​ដំណើរ​​​ឆ្ពោះ​​​ទៅ​​​កាន់​​​សួន​​​សេរីភាព​​​ពី​​​​​​ខេត្ត​​​កំពង់​​​ចាម​​​ដែល​​​ជា​​​កន្លែង​​​លោក​​​បាន​​​ធ្វើ​​​យុទ្ធនាការ​​​នៅ​​​ក្នុង​​​ថ្ងៃ​​​ដដែល​​​នោះ​​​ លោក សម រង្ស៊ី បាន​​​ឈប់​​​នៅឯ​​​ស្ថានទូត​​​អាមេរិក​​​ ដើម្បី​​​ជួប​​​ជាមួយ​​​លោក វីលៀម ថដ (William Todd) ​​​ដើម្បី​​​​​​ជួប​​​ពិភាក្សា​​​​​​គ្នា​​​ក្នុង​​​ជំនួប​​​​​​មិន​​​បើក​​​ចំហមួយ​​​​​​។

លោក ស៊ីន ម៉ឹកអ៊ីនតូស​​​ (Sean McIntosh) អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេស​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​អាច​​​បញ្ជាក់​​​បាន​​​ថា លោក​​​ឯកអគ្គរដ្ឋ​​​ទូត​​​ពិត​​​ជា​​​បាន​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​លោក សម រង្ស៊ី មែន​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​​​​ប្រាប់​​​ថា តើ​​​អ្នក​​​ទាំង​​​ពី​​​រ​​​បាន​​​ពិភាក្សា​​​ពី​​​អ្វី​​​ខ្លះ​​​នោះ​​​ទេ​​​ ព្រោះ​​​វា​​​ជា​​​ជំនួប​​​ឯកជន​​”។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ចាប់​​​ផ្ដើម​​​យុទ្ធនាការ​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​របស់​​​ខ្លួន​​​ នៅ​​​វេលា​​​ម៉ោង​​​ប្រាំបី​​​ព្រឹក​​​ នៅ​​​លើ​​​កោះ​​​ពេជ្រ​​​ ខណៈ​​​រថយន្ត​​​មាន​​​ផ្ទុក​​​ក្រុម​​​មន្ត្រី​​​បើក​​​ចូល​​​តាម​​​កន្លែង​​​រៀង​​​ៗ​​​ខ្លួន​​​នៅ​​​ជុំ​​​វិញ​​​កោះ​​​ពេជ្រ​​​ ខណៈ​​​ក្រុម​​​អ្នក​​​​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​វ័យ​​​ក្មេង​​​ពីរបី​​​ពាន់​​​នាក់​​​បាន​​​ទទួល​​​ទាន​​​អាហារ​​​ពេល​​​ព្រឹក​​​ និង​​​រាំ​​​កម្សាន្ត​​​។

យុវជន​​​​​​ ពៅ ពន្លក អាយុ​​​១៨​​​ឆ្នាំ​​​ បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ចូល​​​រួម​​​ដោយ​​​សារ​​​ខ្លួន​​​គាំទ្រ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ យុវជន​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ព្រោះ​​​គណបក្ស​​​នេះ​​​​​​កំពុង​​​អភិវឌ្ឍ​​​ប្រទេស​​​របស់​​​យើង​​​។ ខ្ញុំ​​​មកចូល​​​​​​រួម​​​ធ្វើ​​​យុទ្ធនាការ​​​រាល់​​​ថ្ងៃ​​​​​​ ខ្ញុំ​​​គិត​​​ថា វា​​​សប្បាយ​​​នាស់​​​។ ខ្ញុំមាន​​​អារម្មណ៍​​​រីក​​​រាយ​​​ខ្លាំង​​​ណាស់​​​នៅថ្ងៃ​​​ចុង​​​ក្រោយ​​​នេះ​​​។ ថ្ងៃ​​​នេះ​ខ្ញុំ​​​នឹង​​​សប្បាយ​​​ឲ្យ​​​អស់​​​ដៃ​​”។ យុវជន​​​រូប​​​នេះ​​​បានបន្ត​​​ថា “​​​ ឈ្នះ​​​ ឬចាញ់​​​​​​គឺ​​​មិន​​​សំខាន់​​​ទេ​​​ ព្រោះ​​​យើង​​​ដឹង​​​ថា ​​​យើង​​​នឹង​​​ឈ្នះ​​​” ដោយ​​​បន្ថែម​​​ថា គណបក្ស​​​ប្រជា​​​ជន​​​បាន​​​ផ្ដល់​​​សាំង​​​ អាហារ​​​ថ្ងៃ​​​ត្រង់ និ​​​ង​​​ប្រាក់​​​ចំនួន​​​៥.០០០​​​រៀល​​​សម្រាប់​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នេះ​​​។

លោក ជា ដារ៉ា អាយុ​​​៣៣​​​ឆ្នាំ បាន​​​និយាយ​​​ថា ​​​ខ្លួន​​​មាន​​​ចិត្ត​​​រីក​​​រាយ​​​ខ្លាំង​​​ណាស់​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​​​​ធ្វើ​​​យុទ្ធនាការ​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​​​​​​​​ទោះ​​​ជា​​​តាម​​​ពិត​​​លោក​​​ត្រូវ​​​បាន​​​គេ​​​តម្រូវ​​​ឲ្យ​​​​​មក​​​ចូល​​​រួម​​​ក៏ដោយ​​​។ លោក​​​បាន​​​ពន្យល់​​​ថា “ ខ្ញុំ​​​មកទីនេះ​​​​​​ថ្ងៃ​​​នេះ​​​ដោយ​​​សារ​​​សាលាខណ្ឌ​​​បាន​​​ចាត់​​​តាំង​​​ខ្ញុំ​​​ឲ្យ​​​មក​​​​​​ សាលាខណ្ឌ​​​បាន​​​ប្រាប់​​​សាលាសង្កាត់​​​ ហើយ​​​សាលាសង្កាត់​​​បាន​​​ប្រាប់​​​ប្រធាន​​​ភូមិ​​​ ហើយ​​​ប្រធាន​​​ភូមិ​​​ក៏​​​ប្រាប់​​​ប្រជាជន​​​​​​ឲ្យ​​​មក​​​ចូល​​​រួម​​​”។​​​

មុន​​​ពេល​​​ក្រុម​​​អ្នក​​​ធ្វើ​​​យុទ្ធនាការ​​​ចាក​​​ចេញ​​​​​​ពី​​​កោះ​​​ពេជ្រ​​​បន្តិច​​​ លោក កែប ជុតិមា អតីត​​​អភិបាល​​​រាជ​​​ធានី​​​និង​​​ជា​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​ថ្លែង​​​សុន្ទរកថា​​​ជំរុញ​​​ឲ្យ​​​ក្រុម​​​អ្នក​​​ចូល​​​រួម​​​ចង​​​ចាំ​​​ទុក​​​ពី​​​ជោគ​​​ជ័យ​​​របស់​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្នុង​​​ការ​​​អភិវឌ្ឍ​​​ប្រទេស​​​ជាតិ​​​​​​ នៅ​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​​​​នេះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ គឺ​​​គណបក្ស​​​នេះ​​​ហើយ​​​ដែល​​​ហ៊ានគិត​​​ ហ៊ាន​​​ធ្វើ​​​ និង​​​ហ៊ាន​​​ទទួល​​​ខុស​​​ត្រូវ​​​ មិន​​​មែន​​​ជា​​​គណបក្ស​​​ដែល​​​គ្រាន់​​​តែ​​​ភូត​​​កុហក់​​​ បោក​​​ប្រាស់​​​ និង​​​សន្យា​​​ខ្យល់​​​ទេ​​​”។ ក្រោយ​​​សុន្ទរកថា​​​នេះ លោក កែប ជុតិមា បាន​​​លើក​​​ឡើង​​​ថា ការ​​​ធ្វើ​​​យុទ្ធនាការ​​​របស់​​​គណបក្ស​​​​​​ធំៗ​​​ទាំង​​​ពីរ​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នេះ ស្ដែង​​​ឲ្យ​​​ឃើញ​​​ថា ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ នឹង​​​មាន​​​លក្ខណៈ​​​សេរី​​​ និង​​​យុត្តិធម៌។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​គិ​​​ត​​​ថា គ្មាន​​​ប្រទេស​​​ណាមួយ​​​ដែល​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​យុត្តិធម៌​​​ជាង​​​កម្ពុជា​​​ទេ​​។ ​ មាន​​​ការ​​​ធ្វើ​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​ដល់​​​ទៅ​​​មួយ​​​ខែ​​​​​​​​​​​​​​​​​​​​​​​​ ហើយ​​​គ្រប់​​​គ្នា​​​​​​​​​សុទ្ធ​​​តែ​​អាច​​​ចូល​​​រួម​​​បាន​​​”។ ប៉ុន្តែ​​ អ្វី​​​ដែល​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​បំផុត​​​នៅ​​​ព្រឹក​​​នោះ​​​ គឺ​​​ពេល​​​លោក ជា ស៊ីម ប្រធាន​​​ព្រឹទ្ធសភា និង​​​ជា​​​ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បង្ហាញ​​​ខ្លួន​​​ក្នុង​​​រថយន្ត​​​១២​​​កៅអី​​​ពណ៌​​​ខ្មៅ​​​មួយ​​​គ្រឿង​​​។

រថយន្ត​​​នេះ​​​បាន​​​ចត​​​មួយ​​​ភ្លែត​​​នៅ​​​ខាង​​​មុខ​​​សាល​​​មហោស្រពកោះ​​​ពេជ្រ​​​​​​​​​ ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ផ្ដិត​​​យក​​​រូប​​​ភាព​​​របស់​​​លោក​​​​​​ ជា ស៊ីម មុន​​​ពេល​​​បើក​​​​​​ជុំ​​​វិញ​​​កោះ​​​ពេជ្រ​​​បី​​​ជុំ​​​ ហើយ​​​ចាក​​​ចេញ​​​ទៅ​​​។

លោក ជា ស៊ីម ដែល​​​បាន​​​គ្រវី​​​ដៃ​​​ជាប់​​​នោះ​​​​​​ ត្រូវ​​​បាន​​​គ្រវី​​​ដៃ​​​តប​​​វិញ​​​ពី​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ដែល​​​តម្រង់​​​ជួរ​​​គ្នា​​​តាម​​​ផ្លូវ​​​នៅ​​​កោះ​​​ពេជ្រ​​​​​​ ទោះ​​​បី​​​ជា​​​ពួក​​​គេ​​​មួយ​​​ចំនួន​​​ហាក់​​​ដូចជា​​​មាន​​​ការ​​​ងឿង​​​ឆ្ងល់​​​ចំពោះ​​​វត្ត​​​មាន​​​របស់​​​លោក​​​ក៏ដោយ​​​។

កញ្ញា ឡេង មួយគីម អាយុ​​​២៣​​​ឆ្នាំ​​​​​​ បា​​​ន​​​​​និយាយ​​​ថា “ [ ខ្ញុំ​​​បាន​​​ឃើញ​​​] សម្ដេច​​​ ជា ស៊ីម។ ខ្ញុំ​​​ភ្ញាក់​​​ផ្អើល​​​ខ្លាំង​​​ណាស់​​​ព្រោះ​​​មាន​​​ការ​​​​​អះអាង​​​​​​នៅ​​​​​​លើ​​​ហ្វេស​​​ប៊ុក​​​​​​ថា គាត់​​​បាន​​​ទទួល​​​មរណ​​​ភាព​​​ទៅ​​​ហើយ​​​”។ កញ្ញា​​​បាន​​​បន្ថែម​​​ថា កញ្ញា​​​មិន​​​ខក​​​ចិត្ត​​​ទេ​​​ដែល​​​​​​លោក ជា សុីម មិន​​​បាន​​​ចុះ​​​ពី​​​រថយន្ត​​​នោះ​​​។ កញ្ញា​​​បាន​​​និយាយ​​​ថា “ គាត់​​​ប្រហែល​​​ជា​​​គ្មាន​​​កម្លាំង​​​និយាយ​​​ទេ​​​។ ខ្ញុំ​​​ចង់​​​ឮ​​​គាត់​​​និយាយ​​​ ប៉ុន្តែ​​​គាត់​​​មាន​​​ជំងឺ​​​”។

ប៉ុន្តែ អ្នក​​​ចូល​​​រួម​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​កន្លែង​​​ជួប​​​ជុំ​​​គ្នា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ មិន​​​សូវ​​​ប្រាកដ​​​ថា តើ​​​អ្នក​​​ណា​​​ដែល​​​ខ្លួន​​​ទើប​​​នឹង​​​បាន​​​ឃើញ​​​​​​ជិះ​​​រថយន្ត​​​កាត់​​​ទេ​​​​​​។ យុវជន​​​ ជុំ វឌ្ឍនៈ​​​បញ្ញា អាយុ​​​២២​​​ឆ្នាំ ដែល​​​ច្រឡំ​​​លោក ជា ស៊ីម ជាមួយ​​​លោក ហេង សំរិន​​​ នោះ​​​ បាន​​​និយាយ​​​ថា “ បាទ ខ្ញុំ​​​បាន​​​ឃើញ​​​សម្ដេច ហេង សំរិន។​​​ខ្ញុំ​​​​​​រំភើប​​​​​​ណាស់​​​ដែល​​​បាន​​​ឃើញ​​​គាត់​​​។ ខ្ញុំ​​​រីក​​​រាយ​​​ដែល​​​បាន​​​ឃើញ​​​គាត់​​​៕

(រាយការណ៍​​​ព័ត៌មាន​​​ដោយ កាំង ម៉េងហ៊ុន Alex Willemyns ​ ផន បុប្ផា និង Lauren Crothers)
ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស