26 C
Phnom Penh

​យុទ្ធនាការ​ឃោសនា​បោះឆ្នោតប្រព្រឹត្តទៅដោយរលូន​ តែមាន​ភាពមិនប្រក្រតី​និង​ការលម្អៀង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ដើម្បីការបោះឆ្នោត​ដោយ​​ សេរី​ និង​យុត្តិធម៌​នៅកម្ពុជា​ ហៅកាត់​ថា ខុម​ហ្វ្រែល​ បានលើកឡើង​កាល​ពីថ្ងៃសុក្រ​ថា ​​ ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតក្នុង​ឆ្នាំនេះ​មាន​ការចូលរួមយ៉ាង​ច្រើន​​ពីសាធារណៈជន​ ជាពិសេ​សពីក្រុម​យុវជន​ បើធៀប​នឹង​​ការ​បោះឆ្នោត​លើ​ក​មុន​។ ការ​វិវត្តនេះ​គឺដោយ​សារតែ​ការ​ព្រះ​រាជទាន​លើក​លែងទោស​ក្នុង​ពេល​ថ្មីៗ​ និង​ការ​វិល​ត្រឡប់​មកវិញ​ពីការ​និរទេស​ខ្លួននៅ​ក្រៅ​ប្រទេស​របស់​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

ដោយវាយតម្លៃលើ​ស្ថានភាព​ឃោសនា​បោះឆ្នោ​ត​តាំង​ពីចាប់​ផ្តើម​រហូត​ដល់​ថ្ងៃចុង​ក្រោយ​ អង្គការ ខុមហ្វ្រែល​ បាន​កត់​សម្គាល់​ថា ការប្រើ​អំពើហិង្សាពាក់ព័ន្ធ​​ទៅ​នឹងការ​បោះ​ឆ្នោត​​មាន​ការ​ធ្លាក​់ចុះ​យ៉ាងច្រើន​ ហើយ​​សាធារណៈ​ជ​ន​​ទូទៅ​ក៏​អាច​ពិភាក្សា​​គ្នា​ពីរឿង​នយោបាយ​ដោយ​បើក​ចំហ​បាន បើ​ប្រៀប​ធៀប​ទៅនឹង​ការបោះឆ្នោត​មុនៗ​។

ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា  ភាពមិនប្រក្រតី នៅ​​តែ​កើតមានច្រើន​ ដូចជា ​ភាពមិនច្បាស់​លាស់​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ ដែ​ល​​​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវី​លមួយចំនួន​សង្ស័​យ​​ថា ​មានការ​រៀបចំ​ទុកជាមុន​​ក្នុង​ដំណើរ​កា​រ​​ចុះ​ឈ្មោះបោះឆ្នោត​។ ​​កងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រីរាជការ​ និង​មន្ត្រីរដ្ឋាភិបា​ល​​បាន​ប្រើ​ប្រាស់​ធន​ធានរដ្ឋ​ ដើម្បីបម្រើ​ប្រយោជ​ន៍​​គណបក្ស​នយោបាយរបស់ខ្លួន​ រីឯ​អាជ្ញាធរ​បាន​ប្រើ​ប្រាស់​អំណាចរបស់ខ្លួនដើម្បី​​រារាំង​ ​គ​ណបក្ស​នយោបាយ​ផ្សេង​ៗ​ទៀត​មិន​ឲ្យ​ចូល​ទៅ​កាន់​ទីសាធារណៈ​សម្រាប់​​ការ​ធ្វើ​យុទ្ធនាការ​យោសនា​បោះឆ្នោត​ និង​ការ​ដង្ហែ​ក្បួន​​ឃោសនា​រក​សំឡេង​ឆ្នោត​។

អង្គការ ខុមហ្វ្រែល​ បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍ស្តីពីការ​​វាយ​តម្លៃ​របស់​ខ្លួនថា “​គណបក្ស​កាន​់អំណាច​​បាន​គ្រប​ដណ្តប់​ពេញ​៣០ថ្ងៃ​នៅ​ទីកន្លែង​សាធារណៈ​មួយ​ចំ​នួនដោយ​​​ផ្តាច់មុខ​ អំឡុង​​យុទ្ធនាការ​ឃោសនារបស់​ខ្លួ​ន​ រីឯគណបក្សប្រឆាំង​វិញ​ត្រូវបាន​អាជ្ញាធរ​ហាមឃា​ត់​មិន​ឲ្យចូល​ទៅ​កន្លែងមួយចំនួន ដើម្បី​បិទ​ស្លាកសញ្ញា​គណ​បក្ស​របស់ខ្លួន​ទេ​​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយគឺ​​មាន​ភាពលម្អៀង​ទៅរក​គណបក្ស​កា​ន់​អំណាច”។

អង្គការ​ ខុមហ្វ្រែល​ បានលើកឡើង​បន្ត​ទៀត​ថា “សកម្មភាព​បែប​នេះ​​បានធ្វើ​ឲ្យប៉ះ​ពាល់​យ៉ាង​ខ្លាំង​​ដល់​​សេរី​ភាព​និង​ភាព​​យុត្តិធម៌​ ​ក្នុង​ការបោះឆ្នោត​”។ ហើយ​នៅ​ពេ​ល​​ការ​បោះឆ្នោត​ជាតិ​ចាប់​ផ្តើម​នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ អង្គការ ខុមហ្វ្រែល​ ក៏បានអំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​ ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នេះ និង​​ត្រៀមខ្លួន​ធ្វើ​អន្តរាគមន៍​ ប្រ​សិន​បើ​មាន​វិវាទ​អ្វី​កើតឡើង​។ ចំណែក​ឯមេដឹ ក​នាំគណបក្ស​នយោបាយ​វិញ​គួរ​តែ​មានភាព​​អត់ធ្មត់​ និង​រក្សា​ភាព​ស្ងប់ស្ងៀម​កុំឲ្យមានជម្លោះក្រោយ​ការ​ប្រកាស​លទ្ធផល​​នៃ​ការ​បោះឆ្នោត​​​​​​។

អង្គការ ខុមហ្វ្រែ​ល ក៏បាន​អំពាវ​​នាវ​ដោយ​ផ្ទាល់​ដល់កងកម្លាំង​ប្រដាប់​អាវុធ​ ឲ្យ​ធានា​អ​ព្យាក្រិតភាព​ អំឡុង​ដំណើរការ​បោះឆ្នោត​ ហើយ​ចេញ​សេចក្តីថ្លែងការ​ណ៍​ជាសាធារណៈ​ដើម្បីធានា​ចំពោះ​សាធារណ​ៈ​​ជន​ថា ខ្លួន​មិន​គាំទ្រ​​ឬ​ក៏​ឈរ​ខាង​គណបក្ស​ណាមួយ​ឡើយ​។

លោក គល់ បញ្ញា នាយក​ប្រតិ​បត្តិ​អង្គការ​ខុមហ្វ្រែល ​មានប្រសាសន៍ថា “ស្ថាន​ភាព​នៃ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយ​ៈ៣០ថ្ងៃ​នេះ​ ​គឺ​ប្រសើរ​​ជាង​មុន​ច្រើន​ ប្រសិន​បើ​ប្រៀបធៀប​ទៅនឹង​ការ​បោះ​ឆ្នោត​​​ឆ្នាំ​២០០៨ ដែល​មានករណីឃាត​កម្ម​ច្រើន​​កើនឡើង​លើ​សកម្មជនរបស់​គណបក្ស​​នយោបាយ​នានា​​”។

លើសពី​នេះ​ទៅ​​ទៀត​ អាជ្ញាធរ​បាន​ប្រើ​ប្រាស់​តួ​នាទី​ និងធន​ធាន​របស់ខ្លួន​ដើម្បី​គាំទ្រ​គណ​ប ក្ស​នយោបាយ​ និយាយ​ឲ្យចំ​គឺ​គណ​បក្ស​​កាន់អំ​ណាច​​។ ​

លោក គល់ បញ្ញា បាន​​មាន​ប្រសាសន៍​ថា “​មា​ន​ករណី​ជាច្រើន​កើតឡើង​ ពាក់ព័ន្ធនឹង​អាជ្ញា​ធរ​ដែល​បាន​ចូលរួម​​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ ករណីទាំង​នេះ​មាន​ចំនួន​កើន​ឡើង​​​ច្រើន​​ជាង​​ពេល​ឃោសនា​លើកមុនៗ​”៕

ប្រែ​សម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស